ក្រសួងពាណិជ្ជកម្មរបស់ វៀតណាម ផ្ទល់ប្រាក់ជំនួយថ្លៃសាំងដល់ប្រជានេសាទ

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ទើបតែ​បានដាក់​សំណើ​ទៅកាន់​នាយករដ្ឋមន្ត្រី ស្ដីពី​ការផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ ក្នុងនោះ​ក៏មាន​គោលដៅ​ជា​ប្រជា​នេសាទ​ផងដែរ។

យោងតាម ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ប្រជា​នេសាទ​បាន និង​កំពុង​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដោយ​សារ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់ និង​ត្រូវ​កាត់បន្ថយ​សកម្មភាព​នេសាទ និង​ការចំណាយ​ប្រចាំថ្ងៃ។

ដោយ​មូលហេតុ​ខាងលើ ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ស្នើសុំ​នាយករដ្ឋមន្ត្រី ណែនាំ​ឱ្យ ក្រសួង​ការងារ យុទ្ធជន​ពិការ និង​សង្គមកិច្ច ដឹកនាំ សហការ​ជាមួយ ក្រសួង​ហិរញ្ញវត្ថុ រួម​នឹង​បណ្ដា​ក្រសួង​ដែល​ពាក់ព័ន្ធ ក៏ដូចជា​តំបន់​ដែលមាន​សកម្មភាព​នេសាទ ដើម្បី​ចាត់ចែង​ថវិកា ជួយ​សម្រួល​តម្លៃ​ប្រេងសាំង​ដល់​ប្រជា​នេសាទ នេះ​បើតាម​សារព័ត៌មាន​វៀតណាម VOV។

ការឧបត្ថម្ភ​ប្រាក់​សម្រាប់​ថ្លៃ​ប្រេងសាំង​ខាងលើ​នឹង​ជួយ​ឱ្យ​ប្រជា​នេសាទ​មានលទ្ធភាព​ចេញទៅ​នេសាទ​នៅលើ​ផ្ទៃសមុទ្រ​ដូច​ធម្មតា។ គិត​មកដល់​បច្ចុប្បន្ន កប៉ាល់ និង​ទូក​នេសាទ​ប្រមាណ​ពី ៤០ ទៅ ៥០% បាន​ផ្អាក​សកម្មភាព ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​នេសាទ។ បញ្ហា​នេះ​ក៏បាន​ជះឥទ្ធិពល​ដល់​ប្រភព​ផ្គត់ផ្គង់​ជលផល​ក្នុងប្រទេស និង​ការនាំចេញ​ផងដែរ៕

Advertisement