នៅកម្ពុជា កុមារដែលធ្វើការលើសម៉ោងអាចបោះបង់ការសិក្សាចោល

កុមារជាទំពាំងស្នងឫស្សី ហើយក៏ជាអ្នកបន្តវេនសម្រាប់សង្គមដែរ។ នៅពេលដែលកុមារទទួលបានការអប់រំល្អ នោះអនាគតរបស់សង្គមជាតិក៏នឹងស្ថិតក្នុងស្ថានភាពល្អដូចគ្នា តែនៅកម្ពុជាកុមារមួយចំនួន ជាពិសេសនៅតាមតំបន់ជនបទកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អ ព្រោះពួកគេមានអត្រាបោះបង់ចោលការសិក្សាច្រើន។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញរបាយការណ៍ ក៏ដូចជាសូចនាករអប់រំសម្រាប់ថ្នាក់បឋមសិក្សាមួយដែលបង្ហាញថា អត្រានៃការបោះបង់ចោលការសិក្សារបស់កុមារមានការថយចុះ តែទោះជាយ៉ាងណាសញ្ញាអវិជ្ជមានមួយចំនួនក៏កំពុងកើតមានផងដែរនៅកម្ពុជា។

ការបោះបង់ចោលការសិក្សារបស់កុមារភាគច្រើនកើតចេញមកពីកត្តាជីវភាព និងការបណ្តោយ ឬបង្ខំឱ្យកុមារធ្វើការងារច្រើន លើសម៉ោងដើម្បីរកប្រាក់ចំណូលមកជួយចិញ្ចឹមគ្រួសារ។

ថ្មីៗនេះ អង្គការ UNICEF នៅកម្ពុជា បានបង្ហាញថា កុមារដែលធ្វើការងារច្រើនជាង 23ម៉ោងក្នុងមួយសប្តាហ៍ អាចនឹងបោះបង់ចោលការសិក្សាច្រើនជាងកុមារដែលមិនបានធ្វើការ។ ទន្ទឹមនឹងនេះ ស្ថាប័នខាងលើក៏បានបង្ហាញផងដែរថា កុមារគួរតែទៅសាលារៀនដើម្បីទទួលបានចំណេះដឹង មិនមែនទៅធ្វើការងាររកប្រាក់ទេ។ ការអប់រំកុមារ មានឥទ្ធិពលក្នុងការបញ្ចប់វិសមភាពឆ្លងជំនាន់ និងជួយលើកកម្ពស់ជីវិតកុមារនាពេលអនាគត៕

Advertisement