បាតុកម្ម​ផ្ទុះឡើង​នៅ​ប្រទេស​ក្រិ​ក បន្ទាប់ពី​មាន​ហេតុការណ៍​រថភ្លើង​ពីរខ្សែ​​បុក​គ្នា

ពលរដ្ឋ​ក្រិ​ក​រាប់ពាន់នាក់​ដែល​កំពុង​ខឹង​ខ្លាំង នាំគ្នា​ចេញ​ធ្វើបាតុកម្ម​ពីរ​ថ្ងៃ​បន្តបន្ទាប់ ក្រោយពី​មាន​ករណី​រថភ្លើង​ពីរ​ខ្សែ​បុក​គ្នា​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 57 នាក់។

ទោះបី​មេឃ​ភ្លៀង​ធំ​កាលពី​ថ្ងៃទី 02 មីនា ក្រុមបាតុករ​នៅតែ​នាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​អាថែន ដោយ​ដង្ហែ​ក្បួន​ពី​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ផ្លូវដែក Hellenic Train ទៅកាន់​វិមាន​សភា ក្នុងនោះ បាតុករ​ជាច្រើន​ស្រែកថា «អំពើ​ឧក្រិដ្ឋ​នេះ​នឹងមិន​ត្រូវបាន​បំភ្លេចចោល»។ នេះ​គឺជា​ថ្ងៃទី​ពីរ​ហើយ​ដែល​បាតុកម្ម​បានកើត​ឡើង។

ក្នុង​ថ្ងៃ​ដដែល បាតុករ​រាប់ពាន់នាក់​ក៏​បានចេញ​សម្ដែង​មតិ​នៅក្នុង​ទីក្រុងធំៗចំនួន​ពីរ គឺ Thessaloniki និង Patras។ បាតុករ​ខ្លះ​គប់​ដុំថ្ម និង​គ្រាប់បែក​សាំង ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ច្របូកច្របល់។ ប៉ុន្តែ ប៉ូលិស​ឱ្យដឹងថា ស្ថានភាព​ប្រែជា​ស្ងប់ស្ងាត់​នៅវេលា​យប់។

បាតុកម្មនៅ​ប្រទេស​ក្រិក

នៅឯ​តំបន់ Tempe ភាគ​កណ្ដាល​ប្រទេស​ក្រិ​ក ហ្វូង​បាតុករ​នាំគ្នា​គប់​ដុំថ្ម​លើ​ការិយាល័យ​ក្រុមហ៊ុន​ផ្លូវដែក Athens កាលពី​ព្រលប់​ថ្ងៃទី 01 មីនា បណ្ដាលឱ្យ​ប៉ូលិស​ចេញ​​​បង្ក្រាប។

បាតុកម្ម​នៅ​ប្រទេស​ក្រិ​កបាន​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​រប​ស់​នាយករដ្ឋមន្ត្រី Kyriakos Mitsotakis ទទួលស្គាល់ថា ការប្រឹងប្រែង​ស្ដារ​គម្រោង​ផ្លូវដែក​នានា​ក្នុងប្រទេស​នេះ​បាន​បរាជ័យ។

កម្មករ​ផ្លូវដែក និង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ក៏បាន​ប្រកាស​ធ្វើ​កូដកម្ម​រហូតដល់​ថ្ងៃទី 04 មីនា ដើម្បី​ប្រឆាំងនឹង​ការមិន​គោរព​ដែល​អាជ្ញាធរ​ធ្វើឡើង​ចំពោះ​បណ្ដាល​ផ្លូវដែក​នៅ​ប្រទេស​ក្រិ​ក» ដែលបាន​បណ្ដាល​ឱ្យ​​កើតមាន​សោកនាដកម្ម​រថភ្លើង​បុក​គ្នា​កាលពីពេលថ្មីៗនេះ។

រថភ្លើង​ពីរ​ខ្សែបុកគ្នា​នៅ​ប្រទេស​ក្រិកកាល​ពី​ថ្ងៃទី 28 កុម្ភៈ 2023

កាលពី​ព្រលប់​ថ្ងៃទី 28 មីនា ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ 350 នាក់ រត់​ពី​អាថែន ទៅកាន់​ទីក្រុង Thessaloniki ភាគ​ខាងជើង​ប្រទេស​ក្រិ​ក បាន​បុក​គ្នា​ជាមួយនឹង​រថភ្លើង​ដឹកទំនិញ​នៅ Larissa ភាគ​ខាងកើត​ប្រទេសនេះ​។ ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 57 នាក់ ដែល​ភាគច្រើន​គឺជា​និស្សិត។ មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​នេះ​ត្រូវបាន​មេដឹកនាំ​ប្រទេស​ក្រិ​ក​និយាយថា ដោយសារ​កត្តា​មនុស្ស ចំណែក​អតីត​បុគ្គលិក​ម្នា​ក់រប​ស់​ក្រុមហ៊ុន​ផ្លូវដែក​ខាងលើ​និយាយថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បានចាប់ផ្ដើម​ពី​ឆ្នាំ 2016 មក​ដល់​បច្ចុប្បន្ន​ នៅតែ​មិនទាន់​រួចរាល់ ហើយ​ល្បឿន 200 គីឡូម៉ែត្រ/ម៉ោង​គឺជា​រឿង​គ្រោះថ្នាក់៕

Advertisement