អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​ក្នុងករណី​បាញ់រះ​សម្លាប់​មនុស្ស​រាប់សិប​នាក់​នៅ​សាលារៀន​អាម៉េរិក

Salvador Ramos អាយុ ១៨ ឆ្នាំ

Salvador Ramos ត្រូវបាន​កំណត់ថា​ជា​ជនសង្ស័យ​នៅក្នុង​ករណី​បាញ់រះ​នៅឯ​សាលាបឋមសិក្សា Robb ក្នុង​រដ្ឋ Texas ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ២១ នាក់។

អភិបាលរដ្ឋ Texas លោក Greg Abbott ប្រកាសថា Salvador Ramos អាយុ ១៨ ឆ្នាំ គឺជា​ជនសង្ស័យ​នៅក្នុង​ករណី​បាញ់រះ​នៅក្នុង​សាលារៀន Robb ក្នុង​ទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ២៤ ឧសភា ២០២២។ Ramos ត្រូវបាន​សមត្ថកិច្ច​បា​ញ់​សម្លាប់​នៅ​កន្លែងកើតហេតុ។

យោងតាម​លោក Abbott ជនសង្ស័យ​ទំនងជា​បាន​បាញ់សម្លាប់​ជីដូន​របស់ខ្លួន មុនពេល​កាន់​កាំភ្លើងខ្លី និង​កាំភ្លើង​វែង ចូលមក​សាលារៀន។

BBC បាន​ឱ្យ​ដឹង​ថា ក្មេង​ចំនួន ១៤ នាក់ រួម​នឹង​គ្រូ​បង្រៀន​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់​រះ​នេះ​ ខណៈ​ដែល​តំណាងរាស្ត្រ​ស​នៅ​សភា Texas បានឱ្យដឹងថា ក្មេង​ចំនួន ១៨ នាក់ និង​មនុស្សពេញវ័យ ៣ នាក់ បាន​ស្លាប់។

បន្ទាប់ពី​អភិបាលរដ្ឋ Texas បានប្រកាស​អំពី​អត្តសញ្ញាណ​របស់​ជនដៃដល់ គេ​ឃើញ​គណនី Instagram ដែលមាន​ឈ្មោះថា salv8dor_ ដែល​ត្រូវបាន​គេ​ជឿថា​ជា​របស់ Ramos ត្រូវបាន​លុបចោល។ គណនី​នេះ​បាន​បង្ហោះ​រូបថត​ស្ដីពី​កាំភ្លើង និង​បង់​គ្រាប់កាំភ្លើង។

មនុស្ស​ម្នាក់​ដែលមាន​គណនី​បណ្ដាញ​សង្គម​ឈ្មោះថា epnupues ឱ្យដឹងថា មិនបាន​ស្គាល់ Ramos ប៉ុន្តែ ធ្លាប់​ត្រូវ​ជននេះ Tag ទៅលើ​រូបថត​កាំភ្លើង អម​ជាមួយនឹង​សារ «មាន​អាថ៌កំបាំង​តូច​មួយ»។ ម្ចាស់​គណនី​ឈ្មោះ epnupues បន្ថែមថា នាង​ភ័យខ្លាច​ណាស់ និង​បាន​សួរ​ទៅកាន់​គណនី​ឈ្មោះ sal8dor_ អំពី​មូល​ហេតុដែល​គាត់​ធ្វើបែបនេះ។ «នាង​នឹងត្រូវ​បង្ហោះ​ឡើងវិញ​នូវ​រូបថត​ស្ដីពី​កាំភ្លើង​របស់ខ្ញុំ» គណនី salv8dor_ ផ្ញើ​សារ​ឱ្យ គណនី epnupues កាលពី​ថ្ងៃទី ១២ ឧសភា។

សាលាបឋមសិក្សា Robb មាន​សិស្ស​ជាង ៥០០ នាក់ ដែល​ភាគច្រើន​គឺជា​ពលរដ្ឋ​ដើមកំណើត​អេ​ស្ប៉ា​ញ និង​មាន​ស្ថានភាព​លំបាក។

នេះ​គឺជា​ករណី​បាញ់រះ​ក្នុង​សាលារៀន​ដ៏​អាក្រក់​បំផុត​នៅ សហរដ្ឋ​អាម៉េរិក រាប់​ចាប់ពី​ករណី​វាយប្រហារ​នៅ​សាលារៀន Sandy Hook រដ្ឋ Connecticut កាលពី​ឆ្នាំ ២០១២ បណ្ដាលឱ្យ​ក្មេង ២០ នាក់ និង​បុគ្គលិក​សិក្សា ៦ នាក់​បាន​បាត់​បង់ជីវិត។

Advertisement