ក្រសួង​ការបទេស កែសម្រួល​​គោល​ការណ៍​ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ពី​បរទេស

(ភ្នំពេញ)-ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​កែសម្រួល​គោលការណ៍ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី ដើម្បី​បន្ថែម​លទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​អ្នកវិនិយោគ​បរទេស ចូលមក កម្ពុជា ឱ្យ​កាន់តែច្រើន។

ការកែសម្រួល​ឡើងវិញ​នូវ គោលការណ៍ នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​គឺ យោង​លើ​ស្ថានភាព​ប្រសើរឡើង​នៃ​វិបត្តិ COVID-19 នៅ កម្ពុជា។

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បើក​ប្រទេស​ឡើងវិញ​ជាបណ្តើរៗ និង​តាម​ដំណាក់កាល ជាមួយនឹង​ការប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ​ខ្ពស់​ទៅតាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយបាន​សម្រួល​លក្ខខណ្ឌ​គោលការណ៍​នៃ​ការផ្តល់​ទិដ្ឋាការ និង​របប​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ដែល​ចូលមក កម្ពុជា ក្នុងនោះ​រួមមាន ការបើក​ឱ្យមាន​ការផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ឡើងវិញ ក្រោយ​វិបត្តិ​សុខភាព ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវ​ទេសចរណ៍​ទូទៅ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ (Visa Exemption) ផងដែរ។

ទន្ទឹមនឹងនេះ ការស្នើសុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (e-Visa) ក៏ត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ឡើងវិញ ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ដែ​ល​មានបំណង​ចូលមក​កាន់ កម្ពុជា ក៏ប៉ុន្តែ​នៅ​បន្ត​ផ្អាក​ការផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់ (Visa on Arrival)។ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ បាន​កែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ កម្ពុជា សម្រាប់​អ្នកដំណើរ​ពី​បរទេស។

ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដី​ជំរាបជូន​របស់ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដូចខាងក្រោម៖

Advertisement