លោក Gianni Infantino ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ត្រូវបានគេរំពឹងទុកថា នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃសុក្រស្អែកនេះ ក្នុងនាមជាផ្នែកមួយនៃការចូលរួមក្នុងកិច្ចប្រជុំប្រធានប្រតិបត្តិរបស់ FIFA ដែលនឹងត្រូវរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ នេះបើយោងទៅតាមការបញ្ជាក់របស់មន្ត្រីម្នាក់ក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក Infantino ដែលត្រូវបានបោះឆ្នោតឱ្យជាប់ជាប្រធាន FIFA ជំនួសលោក Sepp Blatter កាលពីឆ្នាំ2016នោះ នឹងត្រូវចូលរួមដោយប្រធានរបស់សហព័ន្ធជាសមាជិករបស់ FIFA ចំនួន 20រូបផ្សេងទៀត។ តែទោះបីជាយ៉ាងណា សេចក្តីលម្អិតនៃកិច្ចប្រជុំនេះ មិនត្រូវបានប្រាប់ឱ្យដឹងដោយ FIFA ឡើយ ហើយប្រសិនបើលោកពិតជាបង្ហាញខ្លួនមែននោះ វានឹងក្លាយជាលើកទី1ហើយដែលប្រធានម្នាក់របស់ FIFA មកទស្សនកិច្ចនៅកម្ពុជានោះ។
បើយោងតាមកម្មវិធីនៃកិច្ចប្រជុំនៅថ្ងៃសុក្រស្អែកនេះ ការប្រជុំនឹងត្រូវចាប់ផ្តើមនៅចន្លោះម៉ោង 9ព្រឹក រហូតដល់5:30ល្ងាច ហើយបន្ទាប់ពីនោះមកនឹងមានការសម្ភាសជាមួយនឹងក្រុមអ្នកកាសែតកីឡារបស់កម្ពុជា៕