Tag: Facebook

  • Elon Musk ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ដើម្បី​ឡើង​ប្រដល់​នឹង Zuckerberg

    Elon Musk ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ដើម្បី​ឡើង​ប្រដល់​នឹង Zuckerberg

    មហាសេដ្ឋី Elon Musk ដែល​ជា​ម្ចាស់ SpaceX បាន​ចាប់ផ្ដើម​ហាត់​ក្បាច់គុន​ចម្រុះ MMA ជាមួយនឹង Lex Fridman ម្ចាស់​ខ្សែក្រវាត់​ខ្មៅ Jujutsu (ជូ​ជិត​ស៊ូ) ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការឡើង​សង្វៀន​ប្រកួត​ជាមួយ​ម្ចាស់ Facebook គឺ​មហាសេដ្ឋី Mark Zuckerberg។

    «ខ្ញុំ​បានចាប់ផ្ដើម​ការហ្វឹកហាត់​ប្រកបដោយ​ការរីករាយ​តាម​ធម្មតា​ជាមួយ Elon Musk ក្នុង​រយៈពេល​ច្រើន​ម៉ោង​កាលពី​ម្សិលមិញ» Lex Fridman ម្ចាស់​ឆា​នែ​ល Lex Fridman Podcast និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​គុន​ជូ​ជិត​ស៊ូ បាន​សរសេរ​លើ Twitter កាលពី​ថ្ងៃទី 28 មិថុនា​ដូច្នេះ។

    លោក Fridman បន្តថា «ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​កម្លាំង និង​សមត្ថភាព​របស់គាត់ ទាំង​នៅលើ​ជើង​ទាំងពីរ ទាំង​នៅលើ​ដី»។

    Fridman ក៏បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ដែល​ថត​បាន​ទិដ្ឋភាព Musk ក្រៀក​ជាប់​ក និង​សង្កត់​ដៃរបស់ Fridman ហើយ​​ផ្ដួល​គូប្រកួត​បាន​យ៉ាង​ស្រួល។

    «ពិតជា​ចាប់អារម្មណ៍​នៅពេល​ឃើញ Elon និង Mark ហាត់​ក្បាច់គុន។ ប៉ុន្តែ​ខ្ញុំ​គិតថា ពិភពលោក​នឹង​ទទួលបាន​ការបម្រើ​ច្រើនជាង​នេះ​នៅពេល​ពួកគេ​ហាត់គុន ដោយ​មិន​វាយ​គ្នា​ក្នុង​ទ្រុង​ដែក។ ទោះជា​មានរឿង​អ្វី​កើតឡើង ខ្ញុំ​នៅតែ​គាំទ្រ​ពួកគេ» Fridman និយាយ​ដូច្នេះ។

    Lex Fridman

    កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

    អ្នក​គាំទ្រ​កំពុងតែ​ទន្ទឹងរង់ចាំ និង​នាំគ្នា​ភ្នាល់ ដោយ​មាន​ការ​ចែកជា​ក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករ​ថា គូប្រកួត Musk –  Zuckerberg អាចក្លាយជាការប្រកួតក្បា​ច់​គុន​មួយ​ទល់នឹង​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បំបែក​រាល់​កំណត់ត្រា​ស្ដីពី​ការលក់​សំបុត្រ​ចូល​ទស្សនា។ លោក​និយាយថា គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រហែល 100 ដុល្លារ សម្រាប់​ការ​ទស្សនា​មួយ​លើក​នៅតាម​ទូរទស្សន៍៕

  • មហាសេដ្ឋី Elon Musk ព្រម​ហាត់​គុន​ជាមួយ​គ្រូល្បីៗ មុន​ការ​ប្រកួត​ជា​មួយ​ Zuckerberg

    មហាសេដ្ឋី Elon Musk ព្រម​ហាត់​គុន​ជាមួយ​គ្រូល្បីៗ មុន​ការ​ប្រកួត​ជា​មួយ​ Zuckerberg

    លោក Musk បាន​យល់ព្រម​ហាត់​ក្បាច់គុន​ជាមួយនឹង Gerges St-Pierre ដែលជា​កំពូល​អ្នក​គុន​និយម​ម្នាក់​របស់​ពិភពលោក ដើម្បី​ត្រៀមខ្លួន​ឡើង​សង្វៀន​ប្រកួត​​ប្រដាល់​ជា​មួយ​នឹង​មហាសេដ្ឋី Zuckergerg។

    «លោក Musk ខ្ញុំ​គឺជា​អ្នក​គាំ​ទ្រ​របស់លោក។ នឹង​ជា​កិត្តិយស​បំផុត​បើសិន​ខ្ញុំ​អាចជួយ​ក្នុងការ​ប្រកួត​ជាមួយ Zuckerberg។ សូម​ទុកឱ្យ​ខ្ញុំ​ធ្វើជា​គ្រូបង្វឹក​របស់លោក» Georges St-Pierre (GSP) បង្ហោះ​សារ​លើ Twitter កាលពី​ថ្ងៃទី 25 មិថុនា​ដូច្នេះ។

    កាលពី​ថ្ងៃទី 27 មិថុនា 2023 មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បាន​ឆ្លើយ​តប​លើ Twitter ថា «បាន តោះ​យើង​ចាប់ផ្ដើម»។ សារ​របស់លោក Musk ទាក់ទាញ​អ្នកអាន​បាន​ជាង​កន្លះ​លាន​នាក់ និង​ការ​ចុច​ចូលចិត្ត​ជាង 14.4 k ក្រោយ​ការ​បង្ហោះ​មិន​ដល់​មួយថ្ងៃ។ អ្នក​ចូល​មើល​ស្ទើរតែ​ទាំងអស់​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់លោក Musk ដោយ​ពួកគេ​សរសេរ​ប្រហាក់់ប្រហែល​គ្នា​ថា ទន្ទឹងរង់ចាំ​ការប្រកួត​នេះ។

    ឆ្លើយតប​នឹង​ការពេញចិត្ត​របស់​អ្នកលេង​បណ្ដាញ​សង្គម លោក Musk ក៏បាន​ឱ្យដឹងថា លោក​ក៏​ទើបតែ «លេង​មួយ​ទឹក» ជាមួយនឹង Lex Fridman អ្នកស្រាវជ្រាវ​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) និង​ជា​ម្ចាស់​ឆា​នែ​ល podcast ដ៏​ល្បីឈ្មោះ ដែល​ជំនាញ​ខាង​ស​ម្ពា​ស​ក្រុម​មេដឹកនាំ​បច្ចេកវិទ្យា។

    Gerges St-Pierre គឺជា​អ្នក​គុន​និយម​ជនជាតិ​កាណាដា​ដើមកំណើត​បារាំង។ បុរស​នេះ​ធ្លាប់​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់ MMA ពីរ​ទម្ងន់​ផ្សេងគ្នា។

    កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

    សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។

    មហាសេដ្ឋី Elon Musk (ស្ដាំ) និង​មហាសេដ្ឋី Mark Zuckerberg

    បើ​និយាយ​អំពី​ន័យចំ Zuckerberg អាយុ 39 ឆ្នាំ ប្រាកដជា​មានប្រៀប​ជាង ដោយសារតែ​នៅ​ក្មេង ជា​អ្នក​គុន​និយម MMA និង​ធ្លាប់​ឈ្នះ​ក្នុង​ការប្រកួត​គុន​ជឺ​ជិត​ស៊ូ​ប្រេង​ស៊ី​ល។ ចំណែក​លោក Musk អាយុ 51 ឆ្នាំ មានប្រៀប​ជាង​ខាង​កម្ពស់ និង​ទម្ងន់ ហើយ​ធ្លាប់​និយាយថា បាន​ចូលរួម​វាយ​គ្នា​នៅតាម​ដងផ្លូវ​ពេល​ធំ​ឡើង​នៅ​អាហ្វ្រិក​ខាងត្បូង។

    ចំណែក​ឪពុកម្ដាយ​របស់លោក Musk សុទ្ធតែ​មានការ​បារម្ភ​ចំពោះ​កូនប្រុស និង​ណែនាំ​ថា មិនគួរ​ប្រកួត​ឡើយ។ លោក Errol Musk ដែលជា​ឪពុក​របស់លោក Elon Musk និយាយថា ទោះជា​ឈ្នះ ឬ​ចាញ់ កូន​របស់គាត់​នៅតែ​ត្រូវ​ទទួល​ការខាតបង់។

    លោក Dana White ប្រធាន UFC

    រីឯ​អ្នក​គាំ​ទ្រ​វិញ កំពុងតែ​ទន្ទឹងរង់ចាំ និង​នាំគ្នា​ភ្នាល់ ចែកជា​ក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករ​ថា គូប្រកួត Musk – Zuckerberg អាចក្លាយ​ជា​ការ​ប្រកួត​ក្បាច់គុន​មួយ​ទល់នឹង​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បំបែក​រាល់​កំណត់ត្រា​ស្ដីពី​ការលក់​សំបុត្រ​ចូល​ទស្សនា។ លោក​និយាយថា គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រហែល 100 ដុល្លារ សម្រាប់​ការ​ទស្សនា​មួយ​លើក​នៅតាម​ទូរទស្សន៍៕

  • ក្រោយពី​ម្ចាស់ Twitter និង Facebook ណាត់គ្នា​ប្រដាល់​ក្នុង​ទ្រុង អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ក៏​ចាប់ផ្ដើម​ភ្នាល់

    ក្រោយពី​ម្ចាស់ Twitter និង Facebook ណាត់គ្នា​ប្រដាល់​ក្នុង​ទ្រុង អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ក៏​ចាប់ផ្ដើម​ភ្នាល់

    ពាក្យ​គន្លឹះ «Team Musk» និង «Team Zuck» កំពុង​ពេញនិយម​លើ​បណ្ដាញ​សង្គម Twitter ខណៈដែល​អ្នកនាំពាក្យរ​បស់​ក្រុមហ៊ុន Meta ឱ្យដឹងថា Mark Zuckerberg ពិតជា​ទន្ទឹងរង់ចាំ​ការប្រកួត​ជាមួយ Elon Musk នៅលើ​សង្វៀន។

    កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

    សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។

    «ខ្ញុំ​នឹង​ទស្សនា​ការប្រកួត​ឱ្យខាងតែបាន សូម្បីតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ ខ្ញុំ​ភ្នាល់​ថា Zuckerberg នឹង​ឈ្នះ។ គាត់​ចេះ​ក្បាច់គុន ចំណែក Musk គ្រាន់​តែមាន​មាឌធំ​ប៉ុណ្ណោះ» គណនី​ឈ្មោះ Stefan សរសេរ​ដូច្នេះ។

    គណនី​ឈ្មោះ lkHouVanWiskunde សរសេរថា «មិនមែន Zuckerberg ទើបតែ​ក្លាយជា​ជើងឯក​គុន​ជឺ​ជិត​ស៊ូ​ប្រេ​ស៊ី​ល (Jiu-jitsu) ទេ​អី? គាត់​នៅ​ក្មេង។ នេះ​នឹង​ជាការ​ប្រកួត​តែ​ម្ខាង»។

    Zuckerberg ជា​អ្នក​គុននិយម

    អ្នកខ្លះ​ថា លោក Musk ត្រូវ​ប្រើប្រាស់​មនុស្ស​យន្ត​ទើប​ឈ្នោះ Zuckerberg។ ក៏ប៉ុន្តែ ក៏​នៅមាន​អ្នកខ្លះ​ជ្រើសរើស​ខាង Team Musk។ «ប្រាក់​របស់ខ្ញុំ​ទុក​សម្រាប់​អ្នក​តែ​អង្គុយ​ដោយ​មិនចាំបាច់​កល់​កៅអី​ប៉ុណ្ណោះ» អ្នកលេង Twitter ម្នាក់​សរសេរ​ដូច្នេះ និង​បង្ហោះ​រូបថត Zuckerberg ត្រូវ​បន្ថែម​ពូក​កៅអី​នៅក្នុង​សវនាការ​នៅ​សភា​អាម៉េរិក។

    បើ​និយាយ​អំពី​ន័យចំ Zuckerberg អាយុ 39 ឆ្នាំ ប្រាកដជា​មានប្រៀប​ជាង ដោយសារតែ​នៅ​ក្មេង ជា​អ្នក​គុន​និយម MMA និង​ធ្លាប់​ឈ្នះ​ក្នុង​ការប្រកួត​គុន​ជឺ​ជិត​ស៊ូ​ប្រេង​ស៊ី​ល។ ចំណែក​លោក Musk អាយុ 51 ឆ្នាំ មានប្រៀប​ជាង​ខាង​កម្ពស់ និង​ទម្ងន់ ហើយ​ធ្លាប់​និយាយថា បាន​ចូលរួម​វាយ​គ្នា​នៅតាម​ដងផ្លូវ​ពេល​ធំ​ឡើង​នៅ​អាហ្វ្រិក​ខាងត្បូង។

    Business Insider បាន​វាយតម្លៃថា Zuckerberg នឹង​ឈ្នះ ដោយសារតែ​ក្បាច់គុន​ជឺ​ជិត​ស៊ូ ដែល​ប្រើ​ក្បាច់​ចាប់​កាច់​ដៃជើង​ដើម្បី​គ្រប់គ្រង​គូប្រកួត។

    ក៏ប៉ុន្តែ លោក Musk បាន​បង្ហើប​ឱ្យដឹងថា «ខ្ញុំ​មាន​ក្បាច់​ពិសេស​ដែល​ហៅថា «The Walrus» ក្នុងនោះ ខ្ញុំ​គ្រាន់តែ​ស្ថិតនៅ​ពីលើ​គូប្រកួត និង​មិនបាច់​ធ្វើ​អ្វី​ទាំងអស់»។

    ចំណែក​ទំព័រ Guardian វិញ ចុះផ្សាយ​ថា ក្នុងចំណោម​មិត្ត​របស់លោក Musk ក៏មាន Lex Fridman ដែលជា​អ្នក​គុន​និយម​ជឺ​ជិត​ស៊ូ។ «គាត់​អាច​រៀន​ក្បាច់គុន​ការពារ​ខ្លួន​ពី​មិត្ត​របស់គាត់ បើសិន​ការប្រកួត​កើតឡើង» ទំព័រ​នេះ​សរសេរ​ដូច្នេះ។

    លោក​ Musk ក៏​ធ្លាប់​ជា​អ្នក​លេង​ម្នាក់​កាល​ធំឡើង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

    Elena Cresci អតីត​អ្នកសារព័ត៌មាន និង​ជា​ជើងឯក​ក្បាច់គុន​បុរាណ​ខ្មែរ (នៅ​ថៃ គេ​ហៅ​មួយ​ថៃ) យល់ថា បើសិន​មាន​យុទ្ធសាស្ត្រ​គេច លោក Musk ពិតជា​អាច​ផ្ដួល​គូប្រកួត។

    ដោយឡែក ទំព័រ The Verge អះអាងថា ទោះជា​អ្នកណា​ឈ្នះ​ក៏ដោយ ការប្រកួត​រវាង​ម្ចាស់ Twitter និង CEO របស់ Meta នឹង​ជាការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ​បំផុត។

    ក៏ប៉ុន្តែ បើ​ទោះ​នេះ​គឺជា​ការ​ភ្នាល់​ពិតប្រាកដ​ក៏ដោយ ការប្រកួត​រវាង​មហាសេដ្ឋី​ពីររូប​នេះ ទំនងជា​ពិបាក​នឹង​រៀង​ចំការ​ប្រកួត​លើស​ង្វៀន​ជាក់ស្ដែង៕

  • ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

    ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

    គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…!

    (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖

    *Galaxy A34 | A54 5G

    – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛

    – កៅអីបត់ពិចនិក

    – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត

    *Galaxy A24

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់

    – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W

    *Galaxy A14 | A14 5G

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W

    *ចំណែក Galaxy A04s

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    អ៊ែមណាស់…! ឡូយណាស់…! នៅចាំអីទៀត…ប្រញាប់រួសរាន់ឡើងណាហ្វេនៗ! ទិញទូរស័ព្ទបាន ទាំងរង្វាន់…បានទាំងប្រាក់ត្រលប់មកវិញ…រកឯណាទៀត! មានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ…!

    សូមបញ្ជាក់ផងដែរថាក្នុងចំណោមស្មាតហ្វូនស៊េរី A ខាងលើដែលក្រុមហ៊ុន សាមសុង ផ្តល់ប្រូម៉ូសិនជូន អតិថិជននាពេលនេះគឺសុទ្ធសឹងជាស្មាតហ្វូនដែលអាចឆក់យកបេះដូងអ្នកប្រើប្រាស់លើទីផ្សារទាំងអស់ដែលមានតម្លៃប្រហាក់ប្រហែលគ្នា…និងទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងនឹកស្មានមិនដល់! តើមានអ្វីដែលពិសេសសម្រាប់ជោគជ័យដ៏អស្ចារ្យនេះ? ព្រោះថាស្មាតហ្វូន A34 5G, A54 5G, A24 , A14, A14 5G, ឬ A04s ត្រូវបានផលិតឡើងជាមួយនឹងគុណភាពខ្ពស់…បំពាក់បច្ចេកវិទ្យាចុងក្រោយនិងមានតម្លៃ សមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…!

    សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាង មុខផងដែរ។

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាច ចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

    *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

  • រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

    រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

    ក្នុងអំឡុងពេលថ្មីៗនេះ រូបភាព​មិន​ពិត ដែល​ត្រូវបាន​គេ​ជឿថា បង្កើតឡើង​ដោយ​បច្ចេកវិទ្យា AI (បញ្ញា​សិប្បនិម្មិត) បង្ហាញ​ពី​ផ្សែងខ្មៅ​បាញ់​ឡើង​ពី​ចំហៀង​ខាងឆ្វេង​របស់​មន្ទីរ​ប​ញ្ច​កោណ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែក​ពេញ​អ៊ី​ន​ធើ​ណិ​ត។

    រូបភាព​នេះ​បាន​លេចឡើង​នៅលើ Facebook កាលពី​ថ្ងៃទី 22 ឧសភា 2023 អម​នឹង​ការបញ្ជាក់ «ករណី​ផ្ទុះ​ធំ​នៅក្បែរ​តំបន់​ចម្រុះ​មន្ទីរ​បញ្ច​កោណ នៅ​វ៉ា​ស៊ី​ង​តោន DC»។ ក្រោយមក រូបភាព​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​នៅលើ​បណ្ដា​ទំព័រ​បណ្ដាញ​សង្គម Twitter ដែលមាន​អ្នកតាមដាន​រាប់លាន​នាក់ និង​ត្រូវបាន​ចែករំលែក​បន្តបន្ទាប់។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

    CNN និង NBC News បានឱ្យដឹងថា ក្រោយពី​រូបភាព​ក្លែងក្លាយ​បង្កឱ្យមាន​ការ​មន្ទិល​លើ​បណ្ដាញ​សង្គម ទីផ្សារ​មូល​ប​ត្រ​អាម៉េរិក​ក៏​រង​ផលប៉ះពាល់​ក្នុង​រយៈពេល​ខ្លី។ ស​ន្ទ​ស្សន៍ Dow Jones ថយចុះ 80 ពិន្ទុ​ក្នុង​បួន​នាទី ប៉ុន្តែ​ក្រោយមក​ក៏បាន​ងើបឡើង​វិញ ខណៈ​ដែល​ស​ន្ទ​ស្សន៍ S&P 500 ធ្លាក់ចុះ 0.3% ហើយក៏​ងើបឡើង​វិញ​ដូចដើម បន្ទាប់​ពី​​រូបភាព​នេះ​ត្រូវបាន​បញ្ជាក់ថា «​មិន​ពិត»។

    ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក)

    រូបភាព​ក្លែងក្លាយ​ខាងលើ​ក៏​ធ្វើឱ្យ​បុគ្គលិក​នៅ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក) ​ត្រូវ​មមាញឹក​នឹង​ការឆ្លើយតប​សំណួរ​ផងដែរ នៅពេល​មាន​ការហៅ​ទូរស័ព្ទ​មក​សួរនាំ​​ជា​ច្រើន​ពី​ប្រជាជន។

    រូបភាព​ក្លែងក្លាយ

    អ្នកជំនាញ​វាយតម្លៃថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​គឺជា​ឧបករណ៍​ដែល​ជួយ​សម្រួល​ដល់​ការងារ​ជាច្រើន​នា​បច្ចុប្បន្ន​​។ ក៏ប៉ុន្តែ ពួកគេ​យល់ថា AI ក៏​ផ្ដល់​ផលប្រយោជន៍​ដល់​ជន​ទុច្ចរិត​ផងដែរ នៅពេល​មិនទាន់មាន​ការគ្រប់គ្រង​ឱ្យបាន​សមស្រប៕

  • Facebook ទើបតែ​បញ្ចេញ «អាវុធ» ថ្មី ដើម្បី «ប្រល័យ» TikTok

    Facebook ទើបតែ​បញ្ចេញ «អាវុធ» ថ្មី ដើម្បី «ប្រល័យ» TikTok

    បណ្ដាញ​សង្គម Facebook របស់​ក្រុមហ៊ុន Meta ទើបតែ​បាន​បញ្ចេញ​មុខងារ​វីដេអូ​ខ្លី Reels នៅ​ទូទាំង​សកលលោក និង​កំពុង​ត្រូវបាន​គេ​រំពឹងថា នឹង​រកឃើញ​ជោគជ័យ​ដូច​ទៅនឹង​មុខងារ Story។

    សារព័ត៌មាន WSJ បាន​រាយការណ៍​ថា Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook បាន​បង្កើន​ការ «វាយបក» ប្រឆាំងនឹង TikTok ដោយ​ការបញ្ចេញ​មុខងារ​វីដេអូ​ខ្លី Reels សម្រាប់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក (ជាង​ ១៦០ ប្រទេស​) កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។ ពួកគេ​ក៏បាន​ណែនាំ​មុខងារ​ថ្មី​ជាច្រើន​ផ្សេងទៀត​ដល់​អ្នក​ផ្សាយពាណិជ្ជកម្ម​ផងដែរ។

    បច្ចុប្បន្ន Facebook កំពុងមាន «សង្គ្រាម» ជាមួយ TikTok ដែលជា​បណ្ដាញ​សង្គម​វីដេអូ​ខ្លី​ត្រូវបាន​អ្នកប្រើប្រាស់​ទាញយក​មក​ប្រើ​ច្រើនជាងគេ​កាលពី​ឆ្នាំ ២០២១ និង​បាន​យកឈ្នះ​លើ Instagram ដោយ​ក្លាយជា​បណ្ដាញ​សង្គម​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​ពី​សំណាក់​យុវវ័យ។

    Meta ក៏​រង​ផលប៉ះពាល់​ពីមុខ​ងារ​សុវត្ថិភាព​មួយ​ដែល​ត្រូវបាន Apple លាតត្រដាង​កាលពី​ឆ្នាំ ២០២១។ រាប់​ចាប់ពី​បាន​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី ២ កុម្ភៈ តម្លៃ​មូលធន​ទីផ្សារ​របស់ Meta ក៏បាន​ថយចុះ​ជាង ៣០០ ពាន់​លាន​ដុល្លារ។

    ជាមួយនឹង​មុខងារ​ថ្មី Reels ម្ចាស់ Facebook លោក Mark Zuckerberg ថ្លែងថា៖ «យើង​ចង់ឱ្យ Facebook Reels ក្លាយជា​កន្លែង​ល្អ​បំផុត​សម្រាប់​អ្នកបង្កើត​ខ្លឹមសារ​ជា​វីដេអូ ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ហគ​មន៍​របស់​ពួកគេ និង​រកប្រាក់»។

    Meta បាន​ណែនាំ​កម្មវិធី Reels កាលពី​ខែសីហា ឆ្នាំ ២០២០ សម្រាប់​អ្នកប្រើប្រាស់ Instagram របស់ខ្លួន​នៅ សហរដ្ឋ​អាម៉េរិក ដើម្បី​ជាការ «វាយបក» មួយ ប្រឆាំងនឹង TikTok ដែលជា​កម្មសិទ្ធិ​របស់ ក្រុមហ៊ុន​ចិន ByteDance៕

  • មេ Facebook​ ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែម​ទៀត​ ដល់​ការ​​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក

    មេ Facebook​ ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែម​ទៀត​ ដល់​ការ​​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក

    ម្ចាស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg និងភរិយា Priscilla Chan ប្រកាសផ្ដល់ជំនួយបន្ថែម​100​លាន​ដុល្លារអាមេរិក ដើម្បីជួយដល់ក្រុមមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់គាំទ្រដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2020នេះ។

    “យើងខ្ញុំបានទទួលការឆ្លើយតបច្រើនជាងការរំពឹងទុកអំពីប្រការដែលក្រុមមន្ត្រីរៀបចំការបោះឆ្នោត ត្រូវ​ការជំនួយ​សម្រាប់​សាង​សង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ការបោះឆ្នោត។ ហេតុនេះហើយ យើងខ្ញុំសន្យាថា នឹង​ផ្ដល់​ជំនួយ​100​លាន​ដុល្លារ​បន្ថែមទៀតទៅឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យានិងជីវភាពពលរដ្ឋ (CTCL) ដើម្បីធានាឱ្យបានប្រាកដថា តំបន់ដែលត្រូវការជំនួយ នឹងទទួលបានជំនួយ” លោក Zuckerberg បង្ហោះសារយ៉ាងដូច្នេះនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី13តុលា។

    លោក Zuckerberg បន្ថែមថា តំបន់ជាង2,100 នៅមូលដ្ឋានដែលមានករិយាល័យបោះឆ្នោត បានផ្ញើលិខិតឡើងទៅកាន់ CTCL ដើម្បីស្នើសុំជំនួយ។ CTCL គឺជាអង្គការមិនស្វែងរកកម្រៃមួយនៅទីក្រុង Chicago។ គោលដៅរបស់អង្គការនេះ គឺ “ជំរុញការរីកចម្រើនផ្នែកប្រជាធិបតេយ្យ និងជួយធ្វើទំនើបកម្មលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក”។

    ម្ចាស់ Facebook និងភរិយា កន្លងមក ធ្លាប់បានផ្ដល់ជំនួយ300លានដុល្លារអាមេរិក ដើម្បីជួយដល់សកម្មភាពទាក់ទងនឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលកំពុងប្រឈមនឹងការលំបាកដោយសារ COVID-19។ អ្នកទាំងពីរបានផ្ដល់ជំនួយជាសម្ភារសម្រាប់ការបោះឆ្នោត និងឈុតការពារការឆ្លងវីរុសទៅឱ្យក្រុមបុគ្គលិកដែលធ្វើការខាងស្ទង់មតិ។

    លោក Zuckerberg ក៏កំពុងតែធ្វើសកម្មភាពប្រឆាំងតបតទៅនឹងករណីប្ដឹងនានាដែលត្រូវបានធ្វើឡើងក្នុងបំណងទប់ស្កាត់ការប្រើប្រាស់ខ្ទង់ប្រាក់ជំនួយរបស់លោកផងដែរ។

    មហាសេដ្ឋីជនជាតិអាមេរិកាំងដើមកំណើតជ្វីហ្វ (Jews) រូបនេះ អះអាងថា៖ “ចាប់តាំងពីយើងខ្ញុំបានផ្ដល់ជំនួយលើកដំបូង មានករណីប្ដឹងជាច្រើនត្រូវគេធ្វើឡើងដើម្បីរារាំងការប្រើប្រាស់ខ្ទង់ជំនួយនោះ ដោយចោទថា អង្គការនេះ (CTCL) ទទួលជំនួយដោយប្រកាន់បក្សពួក។ ការចោទប្រកាន់នេះគឺពិតជាខុសស្រឡះ”។

    ខ្ទង់ថវិកាជំនួយរបស់លោក Zuckerberg ត្រូវបានលើកឡើងនៅពេលដែល Facebook កំពុងប្រឈមនឹងការតាមដានពីទីក្រុងវ៉ាស៊ីងតោន រួមនឹងសម្ពាធពីក្រុមអ្នកបង្កើតច្បាប់ ទាក់ទងនឹងបញ្ហាព័ត៌មានមិនពិតស្ដីអំពីការបោះឆ្នោត​ដែល​ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នេះ៕

    ប្រភព៖ Reuters

  • Facebook សាង​សង់​បណ្ដាញ​​ខ្សែ​កាប​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

    Facebook សាង​សង់​បណ្ដាញ​​ខ្សែ​កាប​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

    Facebook ត្រៀម​កសាង​បណ្ដា​ខ្សែកាប់​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ដែល​មាន​ប្រវែង​សរុប​37,000​គីឡូម៉ែត្រ​ តភ្ជាប់​ប្រទេស​ចំនួន​23នៅ​ទ្វីប​អាហ្វ្រិក​ ជាមួយ​នឹង​ទ្វីប​អឺរ៉ុប​ និង​មជ្ឈិម​បូពា៌​។

    តំណាង​របស់​ក្រុមហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា​ គម្រោង​ខាងលើ​នេះ​មាន​ឈ្មោះ​ថា 2Africa (ឈ្មោះ​ដំបូង​គឺ Simba)។ គម្រោង​នេះ​មាន​ការ​សហការគ្នា​ជាមួយ​ក្រុម​ហ៊ុន​អ៊ីនធើណិត​ជា​ច្រើន​ រួម​មាន​ China Mobile របស់​ចិន MTN របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ Orange និង​ Vodafone របស់​បារាំង​ ក៏ដូច​ជា​បណ្ដា​ក្រុម​ហ៊ុន​រក​ស៊ី​​ក្នុង​វិស័យ​ទូរគមនាគមន៍​ជា​ច្រើន​ទៀត​នៅ​ពាស​ពេញ​ទ្វីប​អាហ្វ្រិក​ ជា​កន្លែង​ដែល​ខ្សែ​កាប​អ៊ីនធើណិត​ទៅ​ដល់​។ ប្រព័ន្ធ​ខ្សែ​កាប​អ៊ីនធើណិត​​ក្រោម​សមុទ្រ​នេះ​នឹង​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​ក្រុម​ហ៊ុន​ Nokia ហើយ​ក្រុម​ហ៊ុន​ Alcatel នឹង​ជា​អ្នក​សាង​សង់​។

    ជាមួយ​នឹង​ប្រវែង​37,000​គីឡូម៉ែត្រ​នេះ​ Facebook ប្រកាស​ថា វា​គឺជា​បណ្ដាញ​ខ្សែ​កាប់​អ៊ីនធើណិត​​ក្រោម​សមុទ្រ​ដែល​វែង​ជាង​គេបង្អស់​​មួយ​នៅ​ក្នុង​ពិភពលោក​ ពោល​គឺ​វា​ “ជិត​ស្មើ​នឹង​1ជុំ​ផែន​ដី​”។

    2Africa នឹង​ប្រើ​ប្រាស់​ខ្សែ​កាប​ដែល​សរសៃ​​ខាងក្នុង​របស់​វា​ធ្វើអំពី​អាលុយ​មីញ៉ូម​ ជំនួស​ឱ្យ​សរសៃ​​ធ្វើ​អំពី​ស្ពាន់​ ក្នុង​បំណង​ដើម្បី​បង្កើន​សមត្ថ​ភាព​នៃ​ការ​បញ្ជូន​អ៊ីនធើណិត​។ បន្ទាប់​ពី​កសាង​រួច​រាល់ បណ្ដាញ​ខ្សែ​កាប​នេះ​នឹង​អាច​ផ្គត់​ផ្គង់​អ៊ីនធើណិត​ល្បឿន​150​Terabit/វិនាទី (1Terabit=1,000Gigabit)​។ សមត្ថ​ភាព​នេះ​ខ្លាំង​ជាង​3​ដង​បើ​ធៀប​ជាមួយ​នឹង​បណ្ដាញ​ខ្សែកាប់​ទាំង​អស់​​ដែល​មាន​នៅទ្វីប​​អាហ្វ្រិក​នាបច្ចុប្បន្ន​ បូក​ចូល​គ្នា។

    Kevin Salvadori ដែល​ជា​នាយក​ផ្នែក​វិនិយោគ​លើ​អ៊ីនធើណិត​របស់​ Facebook បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ពិភាក្សា​ជាមួយ​ដៃ​គូ​នានា​អំពី​គម្រោង​ 2Africa ចាប់​តាំង​ពីឆ្នាំ​2018។ គម្រោង​នេះ​នឹង​​ត្រូវ​​សាង​សង់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​2023​ ឬ​ដើម​ឆ្នាំ​2024​ ហើយ​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ភ្លាម​ៗ​ ក្រោយ​ពី​កសាង​រួច​រាល់​​។

    Facebook សាង​សង់​បណ្ដាញ​ខ្សែកាប​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដីតំណាង​របស់​ Facebook បានបដិសេធ​មិន​ប្រាប់​អំពី​ខ្ទង់​ប្រាក់​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​គម្រោង​នេះ​ទេ​។ ប៉ុន្តែ Michael Ruddy ដែលជា​នាយក​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ​អន្តរ​ជាតិ​នៃ​ក្រុម​ហ៊ុន​​វិភាគ​ទី​ផ្សារ​ Terabit Consulting Inc បាន​គន់​គូរ​ឃើញ​ថា បណ្ដាញ​ខ្សែ​កាបអ៊ីនធើណិត​​ខាងលើ​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​តិច​ 800​លាន​ដុល្លារ​អាមេរិក​។

    កន្លង​មក ក្រុម​ហ៊ុន​ Facebook ក៏ធ្លាប់​មាន​បំណង​ផ្គត់​ផ្គង់​ Wifi ទៅកាន់​តំបន់​ដាច់​ស្រយាល​​នានា​នៅ​ទូទាំង​ពិភពលោក​ ដែល​ក្នុង​នោះ​ក៏​មាន​តំបន់​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​ផងដែរ ដោយ​ប្រើ​ Aquila (គម្រោង​បាញ់​រលក​សញ្ញា​ Wifi តាម​រយៈ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​ដំណើរ​ការ​ដោយ​ថាម​ពល​ព្រះអាទិត្យ​) ប៉ុន្តែ​គម្រោង​នេះ​​ត្រូវ​បាន​ផ្អាក​ចាប់​ពីឆ្នាំ​2018។

    ក្រៅ​ពី​ Facebook ក្រុម​ហ៊ុន​ Google ក៏កំពុង​ដំណើរ​ការ​គម្រោង​​សាង​សង់​ខ្សែ​កាប​អុប​ទិក​មួយ​​ទៀត​ដែ​ល​មាន​ឈ្មោះថា Equino ដែល​នឹង​តភ្ជាប់​ទ្វីប​អាហ្វ្រិក​ជាមួយ​នឹង​អឺរ៉ុប​។ Google ក៏​កំពុង​មាន​មហិច្ឆតា​ក្នុងការ​​បាញ់​រលក​សញ្ញា​អ៊ីនធើណិត​ 4G ទៅកាន់​តំបន់​ដាច់​ស្រយាល​នៅ​ទូទាំង​ពិភពលោក​ ដោយ​គម្រោង Project Loon ដែល​ប្រើ​ប្រាស់​បាឡុង​ហោះ​​។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ធ្វើ​ការ​សាក​ល្បង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​ ក្នុង​នោះ​​ក៏មាន​ប្រទេស​ Mozambique ផងដែរ​។

    សារ​ព័ត៌មាន​ផ្នែក​បច្ចេក​វិទ្យា​ WSJ បាន​ឱ្យ​ដឹង​ថា នា​បច្ចុប្បន្ន​ ទ្វីប​អាហ្វ្រិក​មាន​ប្រជាជន​សរុប​ជាង​ 1.2​ពាន់​លាន​នាក់​កំពុង​រស់​នៅ​។​ ក៏ប៉ុន្តែ ពួក​គេ​ភាគ​ច្រើន​មិន​បាន​ប្រើ​ប្រាស់​អ៊ីនធើណិត​ ឬ​បាន​ប្រើ​ដែរ​ តែ​តាម​រយៈ​ឧបករណ៍​ 2G ប៉ុណ្ណោះ​៕

    ប្រភព​៖ សារ​ព័ត៌​បរទេស

  • វៀត​ណាម​ថា Facebook លុប​ប្រជុំ​កោះ​ Spratly និង Paracel ចេញ​ពី​ផែន​ទី​វៀតណាម

    វៀត​ណាម​ថា Facebook លុប​ប្រជុំ​កោះ​ Spratly និង Paracel ចេញ​ពី​ផែន​ទី​វៀតណាម

    នៅ​ក្នុង​ផ្នែក​នៃ​កម្មវិធី​ដំណើរ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ Facebook ប្រជុំ​កោះ​ចំនួន​2​ គឺ​ Spratly និង Paracel ត្រូវ​បាន​លុប​ចេញ​ពី​ផែន​ទី​វៀតណាម ហើយ​ប្រមូល​វា​ទៅ​ភ្ជាប់​ជាមួយ​នឹង​​ប្រទេស​ចិន​។

    កាល​ពី​យប់​​ថ្ងៃទី​15​មេសា អ្នកលេង​បណ្ដាញ​សង្គម​បាន​ប្រទះ​ឃើញ​ Facebook បាន​ប្រើប្រាស់​ផែន​ទី​មិន​ត្រឹម​ត្រូវ​ស្ដីអំពី​កម្ម​សិទ្ធិ​របស់​ប្រជុំ​កោះ​ Truong Sa, Hoang Sa (Spratly និង Paracel)។ ជាក់​ស្ដែង​ ក្នុង​ផ្នែក​បង្កើត​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ នៅ​ពេល​​គេ​ចុច​កំណត់​យក​តំបន់​វៀត​ណាម គេ​នឹង​មិន​បាន​ឃើញ​ប្រជុំ​កោះ​ទាំង​2​ខាង​លើ​នេះ​ទេ​​នៅ​លើ​ផែន​ទី​។ ប៉ុន្តែ នៅ​ពេល​គេ​កំណត់​យក​តំបន់​ប្រទេស​ចិន គេ​ឃើញ​មាន​ប្រជុំ​កោះ​ទាំង​2​នេះ​។ នេះ​បើ​តាម​សារ​ព័ត៌មាន​វៀតណាម VNexpress ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ​។

    Facebook លុប​ប្រជុំ​កោះ​ Spratly និង Paracel ចេញ​ពី​ផែន​ទី​វៀតណាម
    វៀត​ណាម​អះអាង​ថា Facebook លុប​ប្រជុំ​កោះ​ Spratly និង Paracel ចេញ​ពី​ផែន​ទី​វៀតណាម

    លោក​ Le Quang Tu Do អនុប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​និង​ព័ត៌មាន​អេឡិច​ត្រូនិក​នៃ​ក្រសួង​ព័ត៌មាន​វៀត​ណាម បាន​ឱ្យ​ដឹង​ថា នាយក​ដ្ឋាន​នេះ​បាន​ស្នើ​ឱ្យ​ Facebook កែ​ប្រែ​ឡើង​វិញ​។ លោក​ថ្លែង​ថា “ពួកគេ​ (Facebook) បាន​ត្រួត​ពិនិត្យ​ និង​បាន​រាយការណ៍​ថា នេះ​គឺជា​កំហុស​នៅ​ពេល​ធ្វើ​បច្ចុប្បន្ន​ភាព​ផែន​ទី​”។

    អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​វៀត​ណាម កំពុង​តែ​អំពាវ​នាវ​ឱ្យ​ Facebook កែ​ប្រែ​កំហុស​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ អ្នក​លេង​អ៊ីនធើណិត​ខ្លះ បាន​ចូល​ទៅ​កាន់​ App Store និង​ CH Play ដើម្បី​បញ្ចេញ​មតិ​ត្រឡប់​ (Feedback) លើ​បញ្ហា​នេះ​។ សាធារណៈ​មតិ​នៅ​ប្រទេស​វៀតណាម​កំពុង​តែ​អំពាវ​នាវ​គ្នា​ ឱ្យ​ចូល​ទៅ​ដាក់​ចំណាត់​ថ្នាក់​ (vote) ផ្កាយ​1ឱ្យ​ Facebook​ ផងដែរ។

    វៀតណាម​ក៏បាន​អះអាង​ពី​ភាព​ជា​ម្ចាស់​នៃ​ប្រជុំ​កោះ Spratly និង Paracel នេះ​ផងដែរ​
    វៀតណាម​ក៏បាន​អះអាង​ពី​ភាព​ជា​ម្ចាស់​នៃ​ប្រជុំ​កោះ Spratly និង Paracel នេះ​ផងដែរ​

    “Facebook កំពុង​តែ​ប្រើ​ប្រាស់​ផែន​ទី Openstreetmap ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ទី​3។ នេះ​គឺជា​ផែន​ទី​ប្រភេទ​បើក ចំហ (Open source) ដែល​គេ​អាច​កែ​ប្រែ​ទិន្នន័យ​បាន​។ ផែន​ទី​ខាង​លើ​នេះ ត្រូវ​បាន​កែ​ប្រែ​កាល​ពី​4​ថ្ងៃ​មុន ដោយ​គណនី​ឈ្មោះ Kalc” នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​លេង​បណ្ដាញ​សង្គម ឈ្មោះ​ Cuong Nguyen។

    ក្រោយ​មក​បន្តិច អ្នក​លេង​ Facebook ម្នាក់​ទៀត បាន​ចូល​ទៅ​កាន់​ផែន​ទី​ និង​បាន​ “យក​” Spratly និង Paracel ត្រឡប់​មក​ជា​កម្ម​សិទ្ធិ​របស់​វៀតណាម​វិញ។ ប៉ុន្តែ មក​ដល់​ព្រឹក​ថ្ងៃទី​16​មេសា​នេះ ម្ចាស់​កម្មសិទ្ធិ​លើ​ Spratly និង Paracel លែង​ជា​របស់​វៀត​ណាម​ម្ដង​ទៀត​ នៅ​ពេល​គេ​កំណត់​តំបន់​វៀត​ណាម​ ដោយ​សារ​តែ​មាន​មនុស្ស​ម្នាក់​បាន​ចូល​ទៅ​កែ​ប្រែ​ចំណុច​នេះ​។​

    បច្ចុប្បន្ន តំណាង​ Facebook ប្រចាំ​នៅ​ប្រទេស​វៀត​ណាម មិន​ទាន់​​បាន​បញ្ចេញ​មតិ​ជុំ​វិញ​បញ្ហា​នេះ​នៅ​ឡើយ​។ កា​ល​ពី​ឆ្នាំ​2018​ អ្នក​លេង​ Facebook​ នៅ​វៀតណាម​ក៏​បាន​រក​ឃើញ​ករណី​ដូច​គ្នា​នេះ​ដែរ​ ប៉ុន្តែ តំណាង​ Facebook បាន​និយាយ​ថា នេះ​ជា​កំហុស​បច្ចេក​ទេស​ ហើយ​ក៏​បាន​កែ​ឡើង​វិញ​។

    Facebook លុប​ប្រជុំ​កោះ​ Spratly និង Paracel ចេញ​ពី​ផែន​ទី​វៀតណាម
    ប្រទេស​ចិន​ក៏ទាម​ទារ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រជុំ​កោះ​ Spratly និង Paracel

    នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក​ Nguyen Xuan Phuc ធ្លាប់​បាន​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​ប្រទេស​នេះ​ គ្រប់​គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ​លើ​បញ្ហា​ខាងលើ​​របស់​ Facebook។

    សូម​បញ្ជាក់​ថា បច្ចុប្បន្ន ប្រជុំ​កោះ​ Spratly និង Paracel កំពុង​ត្រូវ​បាន​ទាម​ទារ​ជា​កម្មសិទ្ធិ​ដោយ​​បណ្ដា​ប្រទេស​ដែល​នៅ​ជុំ​វិញ​ប្រជុំ​កោះ​ទាំង​នេះ​ មាន​ដូច​ជា​ប្រទេស​ចិន វៀត​ណាម ហ្វីលីពីន និង​ប៊្រុយណេ ជា​ដើម​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

    Facebook ចំណាយ​23.4​លាន​ដុល្លារ​សម្រាប់​ការ​ពារសន្តិសុខ​ជូន​ Mark Zuckerberg

    ក្រុម​ហ៊ុន​ Facebook បាន​ចំណាយ​ប្រាក់​សរុប​23.4​លាន​ដុល្លារ​អាមេរិក​សម្រាប់​សេវា​កម្ម​សន្តិ​សុខ​ និង​សេវា​កម្ម​យន្ត​ហោះ​ឯក​ជន​របស់​​ CEO Mark Zuckerberg ក្នុង​ឆ្នាំ​2019។

    យោង​តាម​ CNBC ការ​ចំណាយ​សម្រាប់​ការ​ពារ​សន្តិ​សុខ​ជូន​លោក Zuckerberg កាល​ពី​ឆ្នាំ​ទៅ​ បាន​កើន​3​លាន​ដុល្លារ​ បើ​ធៀប​នឹង​20​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​2018 និង​ច្រើន​ជាង​ទ្វេ​ដងបើ​ធៀប​នឹង​ឆ្នាំ​2017​ ដែល​មាន​ត្រឹម​តែ​ 9.1លាន​ដុល្លារ​។ ខ្ទង់​ចំណាយ​នេះ រួម​មាន​​10.4​លាន​ដុល្លារ​សម្រាប់​សេវាកម្ម​ការ​ពារ​សន្តិ​សុខ​ឯកជន​របស់​ម្ចាស់​ Facebook នៅ​ឯផ្ទះ​របស់​គាត់ និង​ដំណើរ​បំពេញ​បេសកកម្ម​ រួម​នឹង​ជិត​10​លាន​ដុល្លារ​សម្រាប់​ការ​ពារ​សន្តិ​សុខ​គ្រួសារ​ទាំង​មូល​របស់​ Zuckerberg។

    របាយការណ៍​ហិរញ្ញ​វត្ថុ​របស់​ Facebook កាល​ពី​ថ្ងៃ​ទី​10​មេសា បាន​បង្ហាញ​ថា អគ្គនាយក​ប្រតិបត្តិ​(CEO) Zuckerberg បាន​ស្នើ​ខ្ទង់​ប្រាក់​2.95​លាន​ដុល្លារ​ដើម្បី​​ជួល​យន្ត​ហោះ​សម្រាប់​បំពេញ​ការ​ងារ​។ តួលេខ​នេះ​ក្នុង​ឆ្នាំ​2018គឺ​ត្រឹម​តែ​2.59​លាន​ដុល្លារ​ និង​ឆ្នាំ​2017​គឺ​​ត្រឹម​1.52​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​របស់​ Zuckerberg ត្រូវ​បាន​រក្សា​នៅ​ត្រឹម​1ដុល្លារ​។

    ឆ្នាំ​2016 ក្រុម​ហ៊ុន​ Facebook បាន​បក​ស្រាយ​ថា ខ្ទង់​ចំណាយ​សម្រាប់​ជួល​យន្តហោះ​មក​ប្រើ​តែ​ឯង​សម្រាប់​ Zuckerberg គឺជា​រឿង​ចាំបាច់​ ដោយ​សារ​ការ​គំរាម​កំហែង​នានា​មក​លើ​សុវត្ថិ​ភាព​របស់​លោក​។

    អ្នក​ស្រី​ Sheryl Sandberg ​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook
    អ្នក​ស្រី​ Sheryl Sandberg ​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook

    ដោយ​ឡែក​ ប្រាក់​បៀវត្ស​គោល​​ប្រចាំ​ឆ្នាំ​របស់​ Sheryl Sandberg ដែល​ជា​នាយក​ប្រតិបត្តិ​ (Chief​ Operating ​Officer) របស់​ Facebook គឺ​875,000​ដុល្លារ​សម្រាប់​ឆ្នាំ​2019 (ខណៈ​ឆ្នាំ​2018​គឺ ​843,000​ដុល្លារ​)។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ 902,740​ដុល្លារ​ក្នុង​ឆ្នាំ​2019​ (​ឆ្នាំ​2018​គឺ ​638,000​ដុល្លារ​) ជាមួយ​នឹងរង្វាន់​ជា​​​មូលបត្រ​ដែល​មាន​តម្លៃ​ដល់​ទៅ​19.67​លាន​ដុល្លារ​ឯណោះ​។

    Sandberg ក៏​មាន​កញ្ចប់​ថវិកា​សន្តិសុខ​ឯកជន​ប្រមាណ​ជា​ 4.37​លាន​ដុល្លារ។ ចំណែក​សេវា​យន្ត​ហោះ​ឯកជន​របស់​អ្នក​ស្រី​ ក៏​ចំណាយ​ប្រាក់​របស់​ក្រុម​ហ៊ុន​ Facebook អស់​1.3​លាន​ដុល្លារ​បន្ថែម​ទៀត​ផងដែរ​សម្រាប់​ឆ្នាំ2019​។

    ឆ្នាំ​​2019​ ត្រូវ​បាន​វាយ​តម្លៃ​ថាជា​ឆ្នាំ​ជោគ​ជ័យ​របស់​ក្រុមហ៊ុន Facebook ដោយ​មាន​កំណើន​30​%។ មូលបត្រ​របស់​ក្រុម​ហ៊ុន​នេះ​ មាន​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មានពី​មុន​មក​​ ពោល​គឺឡើង​ដល់​224.2​ដុល្លារ​​/ហ៊ុន កាល​ពី​ថ្ងៃទី​29​មករា​ ឆ្នាំ​2020 មុន​ពេល​វា​ធ្លាក់​មក​នៅ​ត្រឹម​137.1​ដុល្លារ​​កាល​ពី​ខែ​មុន​ ដែលជា​តម្លៃ​ទាប​បំផុត​ក្នុង​អំឡុង​ជាង​1ឆ្នាំ​មក​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស