មហាសេដ្ឋី Elon Musk ព្រម​ហាត់​គុន​ជាមួយ​គ្រូល្បីៗ មុន​ការ​ប្រកួត​ជា​មួយ​ Zuckerberg

លោក Musk បាន​យល់ព្រម​ហាត់​ក្បាច់គុន​ជាមួយនឹង Gerges St-Pierre ដែលជា​កំពូល​អ្នក​គុន​និយម​ម្នាក់​របស់​ពិភពលោក ដើម្បី​ត្រៀមខ្លួន​ឡើង​សង្វៀន​ប្រកួត​​ប្រដាល់​ជា​មួយ​នឹង​មហាសេដ្ឋី Zuckergerg។

«លោក Musk ខ្ញុំ​គឺជា​អ្នក​គាំ​ទ្រ​របស់លោក។ នឹង​ជា​កិត្តិយស​បំផុត​បើសិន​ខ្ញុំ​អាចជួយ​ក្នុងការ​ប្រកួត​ជាមួយ Zuckerberg។ សូម​ទុកឱ្យ​ខ្ញុំ​ធ្វើជា​គ្រូបង្វឹក​របស់លោក» Georges St-Pierre (GSP) បង្ហោះ​សារ​លើ Twitter កាលពី​ថ្ងៃទី 25 មិថុនា​ដូច្នេះ។

កាលពី​ថ្ងៃទី 27 មិថុនា 2023 មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បាន​ឆ្លើយ​តប​លើ Twitter ថា «បាន តោះ​យើង​ចាប់ផ្ដើម»។ សារ​របស់លោក Musk ទាក់ទាញ​អ្នកអាន​បាន​ជាង​កន្លះ​លាន​នាក់ និង​ការ​ចុច​ចូលចិត្ត​ជាង 14.4 k ក្រោយ​ការ​បង្ហោះ​មិន​ដល់​មួយថ្ងៃ។ អ្នក​ចូល​មើល​ស្ទើរតែ​ទាំងអស់​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់លោក Musk ដោយ​ពួកគេ​សរសេរ​ប្រហាក់់ប្រហែល​គ្នា​ថា ទន្ទឹងរង់ចាំ​ការប្រកួត​នេះ។

ឆ្លើយតប​នឹង​ការពេញចិត្ត​របស់​អ្នកលេង​បណ្ដាញ​សង្គម លោក Musk ក៏បាន​ឱ្យដឹងថា លោក​ក៏​ទើបតែ «លេង​មួយ​ទឹក» ជាមួយនឹង Lex Fridman អ្នកស្រាវជ្រាវ​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) និង​ជា​ម្ចាស់​ឆា​នែ​ល podcast ដ៏​ល្បីឈ្មោះ ដែល​ជំនាញ​ខាង​ស​ម្ពា​ស​ក្រុម​មេដឹកនាំ​បច្ចេកវិទ្យា។

Gerges St-Pierre គឺជា​អ្នក​គុន​និយម​ជនជាតិ​កាណាដា​ដើមកំណើត​បារាំង។ បុរស​នេះ​ធ្លាប់​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់ MMA ពីរ​ទម្ងន់​ផ្សេងគ្នា។

កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។

មហាសេដ្ឋី Elon Musk (ស្ដាំ) និង​មហាសេដ្ឋី Mark Zuckerberg

បើ​និយាយ​អំពី​ន័យចំ Zuckerberg អាយុ 39 ឆ្នាំ ប្រាកដជា​មានប្រៀប​ជាង ដោយសារតែ​នៅ​ក្មេង ជា​អ្នក​គុន​និយម MMA និង​ធ្លាប់​ឈ្នះ​ក្នុង​ការប្រកួត​គុន​ជឺ​ជិត​ស៊ូ​ប្រេង​ស៊ី​ល។ ចំណែក​លោក Musk អាយុ 51 ឆ្នាំ មានប្រៀប​ជាង​ខាង​កម្ពស់ និង​ទម្ងន់ ហើយ​ធ្លាប់​និយាយថា បាន​ចូលរួម​វាយ​គ្នា​នៅតាម​ដងផ្លូវ​ពេល​ធំ​ឡើង​នៅ​អាហ្វ្រិក​ខាងត្បូង។

ចំណែក​ឪពុកម្ដាយ​របស់លោក Musk សុទ្ធតែ​មានការ​បារម្ភ​ចំពោះ​កូនប្រុស និង​ណែនាំ​ថា មិនគួរ​ប្រកួត​ឡើយ។ លោក Errol Musk ដែលជា​ឪពុក​របស់លោក Elon Musk និយាយថា ទោះជា​ឈ្នះ ឬ​ចាញ់ កូន​របស់គាត់​នៅតែ​ត្រូវ​ទទួល​ការខាតបង់។

លោក Dana White ប្រធាន UFC

រីឯ​អ្នក​គាំ​ទ្រ​វិញ កំពុងតែ​ទន្ទឹងរង់ចាំ និង​នាំគ្នា​ភ្នាល់ ចែកជា​ក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករ​ថា គូប្រកួត Musk – Zuckerberg អាចក្លាយ​ជា​ការ​ប្រកួត​ក្បាច់គុន​មួយ​ទល់នឹង​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បំបែក​រាល់​កំណត់ត្រា​ស្ដីពី​ការលក់​សំបុត្រ​ចូល​ទស្សនា។ លោក​និយាយថា គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រហែល 100 ដុល្លារ សម្រាប់​ការ​ទស្សនា​មួយ​លើក​នៅតាម​ទូរទស្សន៍៕

Advertisement