ក្រោយពី​ម្ចាស់ Twitter និង Facebook ណាត់គ្នា​ប្រដាល់​ក្នុង​ទ្រុង អ្នកលេង​អ៊ី​ន​ធើ​ណិ​ត​ក៏​ចាប់ផ្ដើម​ភ្នាល់

មហាសេដ្ឋី Mark Zuckerberg និង មហាសេដ្ឋី Elon Musk

ពាក្យ​គន្លឹះ «Team Musk» និង «Team Zuck» កំពុង​ពេញនិយម​លើ​បណ្ដាញ​សង្គម Twitter ខណៈដែល​អ្នកនាំពាក្យរ​បស់​ក្រុមហ៊ុន Meta ឱ្យដឹងថា Mark Zuckerberg ពិតជា​ទន្ទឹងរង់ចាំ​ការប្រកួត​ជាមួយ Elon Musk នៅលើ​សង្វៀន។

កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

សំណួរ​ដែល​សួរថា «អ្នក​ជ្រើសរើស Team Musk ឬ Team Zuck?» បាន​ក្លាយជា​ពាក្យ​ពេញនិយម​នៅលើ​បណ្ដាញ​សង្គម Twitter និង Reddit។

«ខ្ញុំ​នឹង​ទស្សនា​ការប្រកួត​ឱ្យខាងតែបាន សូម្បីតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន។ ខ្ញុំ​ភ្នាល់​ថា Zuckerberg នឹង​ឈ្នះ។ គាត់​ចេះ​ក្បាច់គុន ចំណែក Musk គ្រាន់​តែមាន​មាឌធំ​ប៉ុណ្ណោះ» គណនី​ឈ្មោះ Stefan សរសេរ​ដូច្នេះ។

គណនី​ឈ្មោះ lkHouVanWiskunde សរសេរថា «មិនមែន Zuckerberg ទើបតែ​ក្លាយជា​ជើងឯក​គុន​ជឺ​ជិត​ស៊ូ​ប្រេ​ស៊ី​ល (Jiu-jitsu) ទេ​អី? គាត់​នៅ​ក្មេង។ នេះ​នឹង​ជាការ​ប្រកួត​តែ​ម្ខាង»។

Zuckerberg ជា​អ្នក​គុននិយម

អ្នកខ្លះ​ថា លោក Musk ត្រូវ​ប្រើប្រាស់​មនុស្ស​យន្ត​ទើប​ឈ្នោះ Zuckerberg។ ក៏ប៉ុន្តែ ក៏​នៅមាន​អ្នកខ្លះ​ជ្រើសរើស​ខាង Team Musk។ «ប្រាក់​របស់ខ្ញុំ​ទុក​សម្រាប់​អ្នក​តែ​អង្គុយ​ដោយ​មិនចាំបាច់​កល់​កៅអី​ប៉ុណ្ណោះ» អ្នកលេង Twitter ម្នាក់​សរសេរ​ដូច្នេះ និង​បង្ហោះ​រូបថត Zuckerberg ត្រូវ​បន្ថែម​ពូក​កៅអី​នៅក្នុង​សវនាការ​នៅ​សភា​អាម៉េរិក។

បើ​និយាយ​អំពី​ន័យចំ Zuckerberg អាយុ 39 ឆ្នាំ ប្រាកដជា​មានប្រៀប​ជាង ដោយសារតែ​នៅ​ក្មេង ជា​អ្នក​គុន​និយម MMA និង​ធ្លាប់​ឈ្នះ​ក្នុង​ការប្រកួត​គុន​ជឺ​ជិត​ស៊ូ​ប្រេង​ស៊ី​ល។ ចំណែក​លោក Musk អាយុ 51 ឆ្នាំ មានប្រៀប​ជាង​ខាង​កម្ពស់ និង​ទម្ងន់ ហើយ​ធ្លាប់​និយាយថា បាន​ចូលរួម​វាយ​គ្នា​នៅតាម​ដងផ្លូវ​ពេល​ធំ​ឡើង​នៅ​អាហ្វ្រិក​ខាងត្បូង។

Business Insider បាន​វាយតម្លៃថា Zuckerberg នឹង​ឈ្នះ ដោយសារតែ​ក្បាច់គុន​ជឺ​ជិត​ស៊ូ ដែល​ប្រើ​ក្បាច់​ចាប់​កាច់​ដៃជើង​ដើម្បី​គ្រប់គ្រង​គូប្រកួត។

ក៏ប៉ុន្តែ លោក Musk បាន​បង្ហើប​ឱ្យដឹងថា «ខ្ញុំ​មាន​ក្បាច់​ពិសេស​ដែល​ហៅថា «The Walrus» ក្នុងនោះ ខ្ញុំ​គ្រាន់តែ​ស្ថិតនៅ​ពីលើ​គូប្រកួត និង​មិនបាច់​ធ្វើ​អ្វី​ទាំងអស់»។

ចំណែក​ទំព័រ Guardian វិញ ចុះផ្សាយ​ថា ក្នុងចំណោម​មិត្ត​របស់លោក Musk ក៏មាន Lex Fridman ដែលជា​អ្នក​គុន​និយម​ជឺ​ជិត​ស៊ូ។ «គាត់​អាច​រៀន​ក្បាច់គុន​ការពារ​ខ្លួន​ពី​មិត្ត​របស់គាត់ បើសិន​ការប្រកួត​កើតឡើង» ទំព័រ​នេះ​សរសេរ​ដូច្នេះ។

លោក​ Musk ក៏​ធ្លាប់​ជា​អ្នក​លេង​ម្នាក់​កាល​ធំឡើង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

Elena Cresci អតីត​អ្នកសារព័ត៌មាន និង​ជា​ជើងឯក​ក្បាច់គុន​បុរាណ​ខ្មែរ (នៅ​ថៃ គេ​ហៅ​មួយ​ថៃ) យល់ថា បើសិន​មាន​យុទ្ធសាស្ត្រ​គេច លោក Musk ពិតជា​អាច​ផ្ដួល​គូប្រកួត។

ដោយឡែក ទំព័រ The Verge អះអាងថា ទោះជា​អ្នកណា​ឈ្នះ​ក៏ដោយ ការប្រកួត​រវាង​ម្ចាស់ Twitter និង CEO របស់ Meta នឹង​ជាការ​ប្រកួត​មួយ​ដ៏​អស្ចារ្យ​បំផុត។

ក៏ប៉ុន្តែ បើ​ទោះ​នេះ​គឺជា​ការ​ភ្នាល់​ពិតប្រាកដ​ក៏ដោយ ការប្រកួត​រវាង​មហាសេដ្ឋី​ពីររូប​នេះ ទំនងជា​ពិបាក​នឹង​រៀង​ចំការ​ប្រកួត​លើស​ង្វៀន​ជាក់ស្ដែង៕

Advertisement