Elon Musk ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ដើម្បី​ឡើង​ប្រដល់​នឹង Zuckerberg

មហាសេដ្ឋី Elon Musk ដែល​ជា​ម្ចាស់ SpaceX បាន​ចាប់ផ្ដើម​ហាត់​ក្បាច់គុន​ចម្រុះ MMA ជាមួយនឹង Lex Fridman ម្ចាស់​ខ្សែក្រវាត់​ខ្មៅ Jujutsu (ជូ​ជិត​ស៊ូ) ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការឡើង​សង្វៀន​ប្រកួត​ជាមួយ​ម្ចាស់ Facebook គឺ​មហាសេដ្ឋី Mark Zuckerberg។

«ខ្ញុំ​បានចាប់ផ្ដើម​ការហ្វឹកហាត់​ប្រកបដោយ​ការរីករាយ​តាម​ធម្មតា​ជាមួយ Elon Musk ក្នុង​រយៈពេល​ច្រើន​ម៉ោង​កាលពី​ម្សិលមិញ» Lex Fridman ម្ចាស់​ឆា​នែ​ល Lex Fridman Podcast និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​គុន​ជូ​ជិត​ស៊ូ បាន​សរសេរ​លើ Twitter កាលពី​ថ្ងៃទី 28 មិថុនា​ដូច្នេះ។

លោក Fridman បន្តថា «ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​កម្លាំង និង​សមត្ថភាព​របស់គាត់ ទាំង​នៅលើ​ជើង​ទាំងពីរ ទាំង​នៅលើ​ដី»។

Fridman ក៏បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ដែល​ថត​បាន​ទិដ្ឋភាព Musk ក្រៀក​ជាប់​ក និង​សង្កត់​ដៃរបស់ Fridman ហើយ​​ផ្ដួល​គូប្រកួត​បាន​យ៉ាង​ស្រួល។

«ពិតជា​ចាប់អារម្មណ៍​នៅពេល​ឃើញ Elon និង Mark ហាត់​ក្បាច់គុន។ ប៉ុន្តែ​ខ្ញុំ​គិតថា ពិភពលោក​នឹង​ទទួលបាន​ការបម្រើ​ច្រើនជាង​នេះ​នៅពេល​ពួកគេ​ហាត់គុន ដោយ​មិន​វាយ​គ្នា​ក្នុង​ទ្រុង​ដែក។ ទោះជា​មានរឿង​អ្វី​កើតឡើង ខ្ញុំ​នៅតែ​គាំទ្រ​ពួកគេ» Fridman និយាយ​ដូច្នេះ។

Lex Fridman

កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

អ្នក​គាំទ្រ​កំពុងតែ​ទន្ទឹងរង់ចាំ និង​នាំគ្នា​ភ្នាល់ ដោយ​មាន​ការ​ចែកជា​ក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករ​ថា គូប្រកួត Musk –  Zuckerberg អាចក្លាយជាការប្រកួតក្បា​ច់​គុន​មួយ​ទល់នឹង​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បំបែក​រាល់​កំណត់ត្រា​ស្ដីពី​ការលក់​សំបុត្រ​ចូល​ទស្សនា។ លោក​និយាយថា គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រហែល 100 ដុល្លារ សម្រាប់​ការ​ទស្សនា​មួយ​លើក​នៅតាម​ទូរទស្សន៍៕

Advertisement