រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

ក្នុងអំឡុងពេលថ្មីៗនេះ រូបភាព​មិន​ពិត ដែល​ត្រូវបាន​គេ​ជឿថា បង្កើតឡើង​ដោយ​បច្ចេកវិទ្យា AI (បញ្ញា​សិប្បនិម្មិត) បង្ហាញ​ពី​ផ្សែងខ្មៅ​បាញ់​ឡើង​ពី​ចំហៀង​ខាងឆ្វេង​របស់​មន្ទីរ​ប​ញ្ច​កោណ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែក​ពេញ​អ៊ី​ន​ធើ​ណិ​ត។

រូបភាព​នេះ​បាន​លេចឡើង​នៅលើ Facebook កាលពី​ថ្ងៃទី 22 ឧសភា 2023 អម​នឹង​ការបញ្ជាក់ «ករណី​ផ្ទុះ​ធំ​នៅក្បែរ​តំបន់​ចម្រុះ​មន្ទីរ​បញ្ច​កោណ នៅ​វ៉ា​ស៊ី​ង​តោន DC»។ ក្រោយមក រូបភាព​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​នៅលើ​បណ្ដា​ទំព័រ​បណ្ដាញ​សង្គម Twitter ដែលមាន​អ្នកតាមដាន​រាប់លាន​នាក់ និង​ត្រូវបាន​ចែករំលែក​បន្តបន្ទាប់។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

CNN និង NBC News បានឱ្យដឹងថា ក្រោយពី​រូបភាព​ក្លែងក្លាយ​បង្កឱ្យមាន​ការ​មន្ទិល​លើ​បណ្ដាញ​សង្គម ទីផ្សារ​មូល​ប​ត្រ​អាម៉េរិក​ក៏​រង​ផលប៉ះពាល់​ក្នុង​រយៈពេល​ខ្លី។ ស​ន្ទ​ស្សន៍ Dow Jones ថយចុះ 80 ពិន្ទុ​ក្នុង​បួន​នាទី ប៉ុន្តែ​ក្រោយមក​ក៏បាន​ងើបឡើង​វិញ ខណៈ​ដែល​ស​ន្ទ​ស្សន៍ S&P 500 ធ្លាក់ចុះ 0.3% ហើយក៏​ងើបឡើង​វិញ​ដូចដើម បន្ទាប់​ពី​​រូបភាព​នេះ​ត្រូវបាន​បញ្ជាក់ថា «​មិន​ពិត»។

​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក)

រូបភាព​ក្លែងក្លាយ​ខាងលើ​ក៏​ធ្វើឱ្យ​បុគ្គលិក​នៅ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក) ​ត្រូវ​មមាញឹក​នឹង​ការឆ្លើយតប​សំណួរ​ផងដែរ នៅពេល​មាន​ការហៅ​ទូរស័ព្ទ​មក​សួរនាំ​​ជា​ច្រើន​ពី​ប្រជាជន។

រូបភាព​ក្លែងក្លាយ

អ្នកជំនាញ​វាយតម្លៃថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​គឺជា​ឧបករណ៍​ដែល​ជួយ​សម្រួល​ដល់​ការងារ​ជាច្រើន​នា​បច្ចុប្បន្ន​​។ ក៏ប៉ុន្តែ ពួកគេ​យល់ថា AI ក៏​ផ្ដល់​ផលប្រយោជន៍​ដល់​ជន​ទុច្ចរិត​ផងដែរ នៅពេល​មិនទាន់មាន​ការគ្រប់គ្រង​ឱ្យបាន​សមស្រប៕

Advertisement