Tag: ev

  • បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

    បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

    (សហរដ្ឋ​អាម៉េរិក) – អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ California Santa Barbara អភិវឌ្ឍ​វិធី​សាស្ត្រ​ថ្មី​ដែល​អាច​បង្ហាញ​ត្រាប់​តាម​រូប​ភាព​នឹង​ ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi។

    ការធ្វើ​តេស្ត​ «ឆ្លុះ​មើល​» ​វត្ថុ​កំពុង​ផ្លាស់​ទី​​ខាង​ក្រោយ​ជញ្ជាំង​ដោយ​ការ​ប្រើ​ប្រាស់​រលក​សញ្ញា​ WiFi ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​សក្ដានុពល ប៉ុន្តែ​វា​ជួប​ឧបសគ្គ​នៅ​ពេល​ប្រើ​ប្រាស់​ចំពោះ​​វត្ថុ​ដែល​នៅ​នឹង​មួយ​កន្លែង​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្រុម​ស្រាវ​ជ្រាវ​ប្រើ​ប្រាស់​តួអក្សរ​អង់គ្លេស​ធ្វើ​ជា​វត្ថុ​នឹង​។ វិធីសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា Wiffract របស់​ពួក​គេ​ ប្រើ​ប្រាស់​រលក​សញ្ញា​របស់​ម៉ាស៊ីន​ផ្សាយ​ និង​ទទួល​ WiFi ដើម្បី​ធ្វើ​ការ​ពិសោធ​។

    Wiffract ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​ទ្រឹស្ដី​ GTD (Geometrical Theory of Diffraction) របស់ Joseph Keller។ វិធី​សាស្ត្រ​របស់​ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​អនុញ្ញាត​ឱ្យ​បង្ហាញ​រូប​ភាព​ WiFi របស់​តួអក្សរ​អង់គ្លេស​ដែល​ដាក់​​នៅ​ខាង​ក្រោយ​ជញ្ជាំង​។

    ក្នុងការ​ធ្វើ​តេស្ត ពួក​គេ​ដាក់​តួអក្សរ​ «BELIEVE» នៅ​ខាង​ក្រោយ​ជញ្ជាំង​ដើម្បី​អាន​ដោយ​ WiFi។ លទ្ធផល​ចុង​ក្រោយបាន​​បង្ហាញអក្សរ​នេះ​​យ៉ាង​ច្បាស់​។ «…Wiffract ជួយ​ឱ្យ​អាន​​ធ្លុះ​ជញ្ជាំង​ដោយប្រើ​ប្រាស់​​ WiFi ដំបូង​គេ​បង្អស់​» ក្រុម​ស្រាវជ្រាវ​សន្មត​ដូច្នេះ​។

    ក្រោយ​ពី​ទទួល​បាន​រូប​ថត ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​រូប​ថត​នេះ​ដោយប្រើ​ប្រាស់​​ឧបករណ៍ចុង​ក្រោយ​។ Wiffract អាច​នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម និង​ប្រើប្រាស់​ក្នុង​ការ​វិភាគ​ក្រុម​មនុស្ស​ កំណត់​អត្តសញ្ញាណ​របស់​មនុស្ស សុខភាព និង​បរិយាកាស​វៃ​ឆ្លាត​៕

  • ដីមួយ​ក្ដាប់​​​ដែល​​មាន​តម្លៃ​រហូតដល់រាប់​​ពាន់​លាន​ដុល្លារ​អាម៉េរិក

    ដីមួយ​ក្ដាប់​​​ដែល​​មាន​តម្លៃ​រហូតដល់រាប់​​ពាន់​លាន​ដុល្លារ​អាម៉េរិក

    គ្រាន់​តែ​មួយ​ក្ដាប់​សោះ ដី​នេះ​មាន​តម្លៃ​ឡើងដល់​ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​ សូម្បី​តែ​កំពូល​មហា​សេដ្ឋី​ពិភព​លោក​ក៏​ពិបាក​រក​ទិញ ព្រោះ​តែ​ភាព​កម្រ​របស់​វា​។ ដូច្នេះ​តើ​នេះ​គឺជា​ដី​អ្វី?

    ដី ឬ​ធូលី​​មួយ​ក្ដាប់ដែល​ត្រូវ​បាន​ចាត់ទុក​​ថា​មាន​តម្លៃ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ គឺ​ធូលី​របស់​ភព​អង្គារ​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ធូលី​ភព​អង្គារ​តែ​មួយ​ក្ដាប់​ក៏​អាច​ត្រូវ​បាន​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​រហូត​ដល់ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ នេះ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ធូលី​ថ្លៃ​បំផុត​ក្នុង​កាឡាក់ស៊ី​មីលគីវ៉េ​។

    មូលហេតុ​ដែល​ធ្វើ​ឱ្យ​ធូលី​ភព​អង្គារ​មាន​តម្លៃ​ខ្ពស់បែប​នេះ​គឺ​ដោយ​សារ​គេ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​មួយ​ទសវត្សរ៍​ ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក និង​បេសកកម្ម​អវកាស​ជា​ច្រើន​​ ទើប​អាច​នាំ​យក​ដី ឬ​ធូលី​មួយ​ក្ដាប់​​មក​ដល់​ផែនដី​។

    យាន​ Perseverance លើផ្ទៃភពអង្គារ

    ជាក់​ស្ដែង បេសកកម្ម​ដែល​នាំ​ទៅ​រក​ការ​យក​បាន​ដី​មួយ​ក្ដាប់​ពី​ភព​អង្គារ​មក​កាន់​ផែនដី​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី 30 កក្កដា 2020​ ដោយ​ប្រើ​ប្រាស់​រ៉ុក្កែត​ Atlas V ដែល​មាន​តម្លៃ​សរុបប្រហែល 109 លាន​ដុល្លារ​អាម៉េរិក​។ Atlas V នាំ​យក​យាន​ Perseverance និង​កូន​ឧទ្ធម្ភាគ​ចក្រ​ Ingenuity ទៅ​ជា​មួយ​។ ជើង​ហោះ​ហើរ​នេះ​អូស​បន្លាយ​ពេល​ប្រហែល​ 7 ខែ​។

    រហូត​ដល់​ថ្ងៃទី 18 កុម្ភៈ 2021 រ៉ុក្កែត​ Atlas V ក៏​បាន​ហោះ​ដល់​គោល​ដៅ​។ ក្រោយ​ពី​បាន​ចុះ​ចតដោយ​ជោគ​ជ័យ​លើ​ផ្ទៃ​ភព​អង្គារ យាន​ Perseverance ក៏​ចាប់​ផ្ដើម​ដំណើរ​ប្រមូល​យក​សំណាក​ដី​ និង​អនុវត្ត​បេសកកម្ម​នាំ​យក​ដី​​ ធូលី​​របស់​ភព​ក្រហម​នេះ​មក​កាន់​ផែនដី​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា អាច​រក​ឃើញ​ដាន​នៃ​ភាវៈរស់​ក្នុង​សំណាក​ដី​ភពអង្គារ​នេះ​។

    កូន​ឧទ្ធម្ភាគ​ចក្រ​ Ingenuity លើ​ផ្ទៃភព​អង្គារ

    បេសកកម្មរបស់​យាន​ Perseverance របស់​ណាសា ក៏​មាន​គោលដៅ​មួយ​ផ្សេងទៀត​ នោះ​គឺ​ការ​ពិសោធ​បច្ចេកវិទ្យា​ផលិត​អុកស៊ីសែន​លើ​ភព​អង្គារ​ ដោយ​ប្រើ​ប្រាស់​ធនធាន​នៅ​លើ​ភព​នេះ​។ ដើម្បី​ធ្វើ​បាន​បែប​នេះ យាន​របស់​ណាសា​ដែល​មាន​តម្លៃ 2.7 ពាន់​លាន​ដុល្លារ​ នឹង​ប្រមូល​សំណាក​ដី​រហូត​ដល់​ឆ្នាំ 2023​។ ប៉ុន្តែ​យាន​នេះ​នឹង​ទុក​បំពង់​ផ្ទុក​សំណាក​ដី​លើ​ផ្ទៃ​ភព​អង្គារ​។

    ជិត​មួយ​ទសវត្សរ៍​ក្រោយ សំណាក​ដី​នេះ​នឹង​ត្រូវ​បាន​យក​មក​កាន់​ផែនដី​ដោយ​យាន​មួយ​ផ្សេងទៀត​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ និង​ចំណាយ​ពេល​ 7​ ខែ​ដើម្បី​ហោះ​ទៅ​ដល់​ភព​អង្គារ។ បេសកកម្ម​ថ្មី​នា​ពេល​អនាគត​នោះ​នឹង​ចំណាយ​ពេល​សរុប​ប្រហែល​ 5 ឆ្នាំ​​ទៀត​។ សំណាក​ដី​ភព​អង្គារ​ដែល​នឹង​ត្រូវ​បាន​នាំ​មក​ដល់​ផែនដី នឹង​ត្រូវ​បាន​មនុស្ស​ពិនិត្យ​ដើម្បី​ឱ្យ​ដឹងថា តើ​ភព​អង្គារ​មាន​ភាវៈរស់​ ឬ​អត់​?

    ផ្ទៃភពអង្គារ

    ជាង​នេះ ការ​សិក្សា​ស្រាវជ្រាវ​សំណាក​ដី​ ធូលី​ភព​អង្គារ​ក៏​អាច​ជួយ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ ឬ​បកស្រាយ​អំពី​អាថ៌កំបាំង​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ភព​ក្រហម​នេះ​ផងដែរ​។ នេះ​ក៏​ជា​មូលហេតុ​ដែល​រួម​ចំណែក​ជួយ​ឱ្យ​ដី ឬ​ធូលីភព​អង្គារ​​មួយ​ក្ដាប់​​មាន​តម្លៃ​រហូត​ដល់ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

  • យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​សង្គ្រោះ​បន្ទាន់ ​ល្បឿន​ 460 គីឡូម៉ែត្រ​/ម៉ោង

    យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​សង្គ្រោះ​បន្ទាន់ ​ល្បឿន​ 460 គីឡូម៉ែត្រ​/ម៉ោង

    យាន​ជំនិះ​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់​ JA1 Pulse បំពាក់​ស្លាប​ចក្រ​អគ្គិសនី​ 8 គ្រឿង អាច​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​ទីតាំង​មាន​ជន​រង​គ្រោះ​បាន​យ៉ាង​ឆាប់​រហ័ស​។

    ក្រុម​ហ៊ុន​អាម៉េរិក Jump Aero ឱ្យ​ដឹង​ថា រូប​រាង​របស់ JA1 Pulse ដែល​ជា​យាន​ជំនិះ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​គោលដៅ​បាន​លឿនបំផុត​​។ JA1 Pulse ទទួលបាន​ការ​បញ្ជា​ទិញ​ជា​មុន​ ប៉ុន្តែ Jump Aero មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ពេល​វេលា​ដំណើរ​ការ​របស់​យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​អគ្គិសនី​​នេះ​នៅ​ឡើយ​។

    JA1 Pulse មាន​រូប​រាង​បែប tail-sitter ដែល​មាន​ន័យ​ថា ពេល​ចត​លើ​ដី វា​នឹង​ «អង្គុយ» ដោយកន្ទុយ ចំណែក​ក្បាល និង​ស្លាប​ចក្រ​បែរ​ទៅ​លើ​។ វា​ហោះ​ឡើង​ដូច​ឧទ្ធម្ភាគ​ចក្រ​ ប៉ុន្តែ​នៅ​ពេល​ហោះ​ឡើង​ដល់​កម្ពស់​សម​ល្មម វា​នឹង​ហោះ​ទៅ​មុខ​ដូច​យន្តហោះ​ធម្មតា។

    ប្រព័ន្ធ​បញ្ជា​នៅ​លើ​យាន​ជំនិះ​នេះ​​មាន​លក្ខណៈ​សាមញ្ញ មិន​ត្រូវ​ការ​ការ​ហ្វឹក​ហាត់​បើកបរ​ស៊ីជម្រៅ​។ ទន្ទឹម​នឹង​នេះ JA1 Pulse នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ បើ​សិន​វា​ជួប​បញ្ហា​។ បើ​យាន​ជំនិះ​នេះ​មិន​អាច​បន្ត​ដំណើរ​ពេល​កំពុង​ហោះ​ហើរ ពីឡុត​នឹង​ប្រើ​ប្រាស់​ឆត្រ​យោង​។

    តាម​គម្រោង JA1 Pulse នឹង​អាច​ហោះ​ក្នុង​ល្បឿន 463 គីឡូម៉ែត្រ​/ម៉ោង​ អាច​ដឹក​ឧបករណ៍ ឬ​អ្នក​បើក​បរ​ដែល​មាន​ទម្ងន់​ 150 គីឡូក្រាម​ និង​អាច​ហោះ​ដល់​គ្រប់​គោល​ដៅ​ដែល​ស្ថិត​ក្នុង​រង្វង់ 50 គីឡូម៉ែត្រ​ ដោយ​ប្រើ​ពេល​ 8​ នាទី​។

    ម៉ូទ័រ​របស់​ស្លាប​ចក្រ​នីមួយៗ​ទទួល​ថាមពល​ពី​ថ្ម​ផ្ទុក​អគ្គិសនីកម្លាំង​ 11 គីឡូវ៉ាត​ម៉ោង​ អាច​បញ្ចូល​ថាមពល​ដំណាល​គ្នា​តាម​រយៈ​ឌុយ​តែ​មួយ​។

    ដោយ​សារ​តែមិន​​ប្រើ​ប្រាស់​សម្រាប់​ការ​ដឹក​អ្នក​ជំងឺ ដូច្នេះ JA1 Pulse មិន​មែន​ជា​យាន​ដែល​នឹង​ចូល​មក​ជំនួស​ឡាន​សង្គ្រោះ​បន្ទាន់​ឡើយ​។ នៅ​ពេល​មាន​ហេតុការណ៍​បន្ទាន់ ទាំង​យាន​​នេះ ទាំង​រថយន្ត​សង្គ្រោះ​បន្ទាន់ ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដំណាល​គ្នា​ ហើយ​ JA1 Pulse នឹងទៅ​ដល់​មុន​។ ពេល​នោះ ពីឡុតជា​បុគ្គលិក​សង្គ្រោះ​បន្ទាន់​នឹង​ជួយ​ដោះ​ស្រាយ​មុន​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​វេជ្ជសាស្ត្រ​នៅ​លើ​យាន​នេះ​។ ពេល​ឡាន​ពេទ្យ​ទៅ​ដល់ បុគ្គលិក​លើ​ឡាន​នឹង​ទទួល​ចាត់​ចែង​ការ​ងារ​បន្ត​ ហើយ JA1 Pulse អាច​ងាក​ទៅ​បំពេញ​ភារកិច្ច​ថ្មី​៕

  • ម៉ាស៊ីន​ផលិត​អុកស៊ីសែន​លើ​ភព​អង្គារ​របស់​ណាសាផ្ដល់​ក្ដី​សង្ឃឹមខ្ពស់​ដល់​មនុស្ស​ជាតិ

    ម៉ាស៊ីន​ផលិត​អុកស៊ីសែន​លើ​ភព​អង្គារ​របស់​ណាសាផ្ដល់​ក្ដី​សង្ឃឹមខ្ពស់​ដល់​មនុស្ស​ជាតិ

    ឧបករណ៍​ធ្វើតេស្ត​ការ​ផលិត​អុកស៊ីសែន​ពី​កាបូន​ឌីអុកស៊ីតនៅ​លើ​ភព​អង្គារ​ដំណើរ​ការ​បាន​ល្អជាង​ការ​រំពឹង​ទុក​ និង​បញ្ជាក់​អំពី​សមត្ថភាព​ដែល​អាច​ជួយ​ឱ្យ​ក្រុម​អ្នកអវកាស​ផ្សង​ព្រេង​ ស្រាវជ្រាវ​លើ​ភព​ពណ៌​ក្រហម​មួយ​នេះ​នៅ​ថ្ងៃ​អនាគត។

    ឧបករណ៍ MOXIE (Mars Oxygen In-Situ Resource Utilization Experiment) មាន​ទំហំ​ប៉ុន​ចង្ក្រាន​ម៉ៃក្រូវ៉េវ ស្ថិត​លើ​រ៉ូបូត​ស្វ័យ​ប្រវត្ត Perseverance។ ការ​ពិសោធលើ​ការ​ផលិត​អុកស៊ីសែន​​របស់​ MOXIE ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីជាង​ពីរ​ឆ្នាំ​មុន បន្ទាប់​ពី​រ៉ូបូត​នេះ​បាន​ចុះ​ចត​លើ​ភព​អង្គារ​។ តាំង​ពី​ពេល​នោះ​មក MOXIE ផលិត​អុកស៊ីសែន​បាន​ 122 ក្រាម​ គ្រប់​គ្រាន់​សម្រាប់​ឱ្យ​កូន​សុនក​មួយ​ក្បាល​ដក​ដង្ហើម​បាន​ 10 ម៉ោង​។ ឧបករណ៍​នេះ​បំប្លែង​មួយ​ផ្នែក​នៃ​កាបូន​ឌីអុកស៊ីត​ដែល​សម្បូរ​នៅ​លើ​ភព​អង្គារ​ ឱ្យ​ទៅ​ជា​អុកស៊ីសែន​។ មាន​ពេល​ខ្លះ​ MOXIE ផលិត​អុកស៊ីសែន​បាន 12 ក្រាម​ក្នុង​មួយ​ម៉ោង​។ កាល​ពី​ថ្ងៃទី 07 សីហា MOXIE ដំណើរ​ការ​ជា​លើក​ទី 16 ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ដែល​វា​បាន​សម្រេច​រាល់​ភារកិច្ច​។

    បរិយាកាស​ដ៏​ស្ដើង​របស់​ភព​អង្គារ​មាន​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ចំនួន 96%​។ កំណែ​ធំ​ជាង និង​ល្អ​ជាង​របស់ MOXIE អាច​ផ្គត់​ផ្គង់ និង​រក្សា​ទុក​​អុកស៊ីសែន​ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​ទ្រទ្រង់​ជីវិត និង​ធ្វើ​ជា​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត​របស់​យាន​អវកាស​។

    ឧបករណ៍ MOXIE (Mars Oxygen In-Situ Resource Utilization Experiment)

    បច្ចេក​វិទ្យា​ដូច MOXIE អាច​ជួយ​ដល់​ក្រុម​អ្នក​អវកាស​ រស់​នៅ​ ធ្វើ​ការ និង​ប្រើប្រាស់​ធនធាន​នៅ​លើ​ភព​អង្គារ​។ បន្ទាប់​ពី​ជោគ​ជ័យ​របស់ MOXIE ណាសា​គ្រោង​នឹង​អនុវត្ត​ជំហាន​បន្ទាប់​ នោះ​គឺ​ការ​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ដទៃ​នៅលើ​ភព​ក្រហម​នេះ​ ក្នុង​នោះ​មាន​ជាអាទិ៍ ឧបករណ៍ និង​វត្ថុ​ធាតុ​សម្រាប់​បង្កើត​បរិស្ថាន​រស់​នៅ​ជា​ដើម​៕

  • យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

    យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

    យាន Dragon បាន​ចុះចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​សមុទ្រ​ Jacksonville រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​ កាល​ពី​ព្រឹក​ម្សិលមិញ​។

    យាន​អវកាស Dragon ដឹក​ក្រុម​​អវកាស​ចរ​ Crew-6 ដែល​រួម​មាន​ Stephen Bowen និង​ Warren “Woody” Hoburg (អាម៉េរិក), Sultan AlNeyadi (អេមីរ៉ាត​អារ៉ាប់រួម), Andrey Fedyaev (រុស្ស៊ី) បាន​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក នៅ​វេលា​ម៉ោង​ 11 និង 17 នាទី ថ្ងៃទី 04 កញ្ញា (ពេលវេលា​នៅ​កម្ពុជា​)​។

    «យើង​បាន​ចេញ​ដើរ​ក្នុង​អវកាស​បី​លើក ជួយ​យាន​ដឹក​ទំនិញ​ Cygnus មួយ​គ្រឿង​ចូល​ចត​នៅ​ស្ថានីយអវកាស​អន្តរជាតិ (ISS)។ យើង​ក៏​ធ្វើ​កិច្ច​ការ​ថែ​ទាំ​ជា​ច្រើន​ទៀត ហើយ​សង្ឃឹម​ថា ពេលយើង​ចាក​ចេញ ស្ថានីយ​នឹង​ប្រសើរ​ឡើង​​មុន​បន្តិច​ធៀប​នឹង​កាល​ពី​ពេល​ទើប​មក​» Warren ថ្លែង​ដូច្នេះ​។

    យាន Dragon បាន​ផ្ដាច់​ចេញ​ពី ISS កាល​ពី​វេលា​ម៉ោង 16 និង 05 នាទី ថ្ងៃទី 03 កញ្ញា​។ ការ​វិល​ត្រលប់​របស់​ក្រុម​ Crew-6 នេះ ក៏​បាន​បញ្ចប់​បេសកកម្ម​អវកាស 186 ថ្ងៃ​របស់​ពួក​គេ​។ កប៉ាល់​របស់​ SpaceX ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីតាំង​ចុះចត បាន​នាំ​យក​យាន​អវកាស​ រួម​នឹង​អវកាសចរ​ឡើង​គោក​ដោយ​សុវត្ថិភាព​។

    ក្រោយ​ពី​ក្រុម​ Crew-6 ត្រលប់​មក​កាន់​ផែនដី ​លើ​ ISS ​នៅ​សល់​អវកាសចរ​ 7 នាក់​ រួម​មាន​ អ្នក​អវកាស​របស់​អាម៉េរិក អឺរ៉ុប ជប៉ុន និង​រុស្ស៊ី​។ យាន​ Soyuz MS-23 របស់​រុស្ស៊ី​គ្រោង​នឹង​ដឹក​អ្នក​អវកាស​ 3 រូប​ ត្រលប់មក​កាន់​ផែនដី​នៅ​ចុង​ខែ​កញ្ញា​ 2023​៕

  • រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

    រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​ ល្បឿន​ 240 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុនបច្ចេកវិទ្យា Aska នៅ​កាលីហ្វរញ៉ា​ខាងជើង អភិវឌ្ឍ​រថយន្ត​កាត់​ឧទ្ធម្ភាគចក្រ​អាច​រត់លើ​ផ្លូវ​គោក​ ហើយ​បន្ទាប់​មក​ហោះឡើង​ដោយ​គ្រាន់​តែ​ចុចគន្លឹះ។

    Aska A5 គឺជា​រថយន្ត​កាត់​ឧទ្ធម្ភាគ​ចក្រ​គំរូ​ដែល​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​អំពី​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត​។ ក្រុម​ហ៊ុន Aska បាន​ចាប់​ផ្ដើម​អភិវឌ្ឍ​ឡាន​ហោះ​នេះ​តាំង​ពី​ឆ្នាំ 2018​។ ថ្មី​ៗ​នេះ ពួក​គេ​សម្រេច​បាន​គំរូ​ដំបូង​ និង​បាន​សាកល្បង​ដំណើរ​ការ​រយៈ​ពេល ​10 ​នាទី។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 28 សីហា​។

    Aska A5 ទទួល​បាន​លិខិត​អនុញ្ញាត​សម្រាប់​ការ​ហោះ​ហើរ​សាកល្បង​​ពី​ស្ថាប័ន​គ្រប់​គ្រង​អាកាសចរណ៍​អាម៉េរិក (FAA)។ Aska គឺជា​ក្រុម​ហ៊ុន​អភិវឌ្ឍ​ឡានហោះ​ទីពីរ​ដែលត្រូវ​បាន​ FAA ផ្ដល់​លិខិត​អនុញ្ញាត​ក្នុង​ឆ្នាំ​នេះ​ បន្ទាប់​ពី​ក្រុម​ហ៊ុន Alef Aeronautics។

    សម្រាប់​ A5 ក្រុម​ហ៊ុន Aska ចង់​ធ្វើ​បដិវត្តលើ​វិស័យ​គមនាគមន៍​ និង​ជួយ​ឱ្យ​អ្នក​ដំណើរ​ដែល​រស់​នៅ​ឆ្ងាយពី​ការិយាល័យ ទទួល​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​។ ឡាន​ហោះ​នេះ​អាច​ហោះ​ក្នុង​ល្បឿន 240 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ផ្លាស់​ទី​បាន 400 គីឡូម៉ែត្រ​។ Aska A5 ​ដំណើរ​ការ​ដោយ​ម៉ូទ័រអគ្គិសនី រួម​នឹង​ម៉ាស៊ីន​ឧស្ម័ន​។

    A5 អាច​ហោះ​ឡើង និង​ចុះចត​ត្រង់​ដូច​ទៅ​នឹង​ដ្រូន ឬ​ឧទ្ធម្ភាគ​ចក្រ​។ ក្រុម​ហ៊ុន​ដទៃ​អភិវឌ្ឍ​មធ្យោបាយ​ហោះ​ឡើង និង​ចុះ​ចត​ត្រង់ ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ប៉ុន្តែ ពួកវា​សុទ្ធ​តែ​មិន​អាច​រត់​លើ​ផ្លូវ​គោក។ ចំណែក A5 អាច​បត់​ស្លាប​របស់​វា​ បង្កើត​បាន​ជា​រាង​រថយន្ត​ អាច​ធ្វើដំណើរ​លើ​ផ្លូវ​គោក​។

    ក្រុម​ហ៊ុន Aska កំពុង​បន្តការ​​អភិវឌ្ឍ​ឡាន​ហោះ​នេះ​។ គំរូ​ចុង​ក្រោយ​នឹង​ល្អ​ជាង​បច្ចុប្បន្ន ហើយ​​អាច​ដឹក​មនុស្ស​បាន​ 6 នាក់​។ Aska គ្រោង​នឹង​ប្រគល់​ A5 ដល់​ដៃ​អតិថិជន​ចាប់​ពី​ឆ្នាំ 2026​។ ពួក​គេ​ក៏មាន​គម្រោង​ផ្ដល់​សេវា​​ដឹក​ជញ្ជូន​ដែល​មាន​តម្លៃ​សម​ស្រប​ផងដែរ៕

  • យន្តហោះ​ដឹក​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner ដែល​បាន​ធ្លាក់ «មិន​ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​»

    យន្តហោះ​ដឹក​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner ដែល​បាន​ធ្លាក់ «មិន​ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​»

    ប្រភេទ​យន្តហោះ Legacy 600 ដែល​ត្រូវ​បាន​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ប្រើប្រាស់​ជា​ញឹក​ញាប់​ក្នុង​ការ​ធ្វើ​ដំណើរ​ មិន​ធ្លាប់​កើត​មាន​គ្រោះ​ថ្នាក់​ស្លាប់​មនុស្ស​ឡើយ នៅ​មុន​ករណី​ធ្លាក់​នៅ​រុស្ស៊ី​។

    សារព័ត៌មាន​រុស្ស៊ី TASS កាល​ពី​ថ្ងៃទី 23 សីហា បាន​រាយការណ៍​ថា មេក្រុម​ទាហាន​ស៊ី​ឈ្នួល​ Wagner លោក Yevgeny Prigozhin មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះឯកជន​ Embraer Legacy 600 ដែល​បាន​​ធ្លាក់​នៅ​ក្នុង​ខេត្ត​ Tver។ ក្រសួង​ស្ថានការណ៍​បន្ទាន់​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា មនុស្ស​ទាំង​ 10 នាក់​លើ​យន្តហោះ​នេះ​បាន​បាត់​បង់​ជីវិត​។

    ទិន្នន័យ​ពី​ទំព័រ​តាម​ដាន​​ជើង​ហោះ​ហើរ Flightradar24 បង្ហាញ​ថា យន្តហោះ Embraer Legacy 600 ដែល​មាន​លេខ​សម្គាល់ RA-02795 បាន​បាត់​ខ្លួន​ពី​រ៉ាដា​វេលា​ម៉ោង 18 និង 11 នាទី ថ្ងៃ​ទី 23 សីហា (ម៉ោង​ 22 និង 11 នាទី នៅ​កម្ពុជា)​។ វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​បង្ហាញ​ថា​ យន្តហោះ​នេះ​បាក់​ស្លាប​ម្ខាង​ និង​ធ្លាក់​បុក​ដី​។

    លោក Prigozhin (ស្ដាំ) និង​លោក Putin

    Grey Zone ដែល​ជា​ទំព័រ​ Telegram ផ្សារ​ភ្ជាប់​នឹង Wagner ប្រកាស​ថា លោក Prigozhin បាន​បាត់​បង់​ជីវិត​។ មេបញ្ជាការ​ជាន់​ខ្ពស់​របស់ Wagner លោក Dmitry Utkin ដែល​ជា​ដៃស្ដាំ​របស់​លោក Prigozhin ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះ​នេះ​ផងដែរ​។ គណៈកម្មការ​ស៊ើប​អង្កេត​រុស្ស៊ី​ប្រកាស​ថា បាន​បើក​ការ​ស្រាវ​ជ្រាវ​លើ​ករណី​ធ្លាក់​យន្តហោះ​នេះ​ហើយ។

    យោង​តាម​ទំព័រ​ International Aviation HQ យន្តហោះ Legacy 600 ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ចាប់​ពី​ឆ្នាំ 2002 ក្នុង​នោះ​ជិត 300 គ្រឿង​ត្រូវ​បាន​លក់​ រហូត​ដល់​ឈប់​ផលិតនៅ​ឆ្នាំ 2020​។ ក្នុង​រយៈ​ពេល​ជាង 20 ឆ្នាំ ក្នុង​ចំណោម​យន្តហោះ Legacy 600 មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ​ដែល​បាន​ជួប​គ្រោះ​ថ្នាក់​៕

  • បច្ចេកវិទ្យា​របស់​ណាសា ​អាច​ធ្វើ​ឱ្យ​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត

    បច្ចេកវិទ្យា​របស់​ណាសា ​អាច​ធ្វើ​ឱ្យ​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត

    (សហរដ្ឋ​អាម៉េរិក) – ការ​បំពាក់​​ស្លាប​កង្ហារ​នៅ​សងខាង និង​ខាង​ក្រោយ​​ ជួយ​ឱ្យ​យានជំនិះ​​នេះ​អាច​ហោះ​ឡើង​ត្រង់ទៅ​លើ​ និង​ឆ្ពោះ​ទៅ​មុខ​ដោយ​កម្លាំង​រុញ​ច្រាន​។

    ក្រុម​ហ៊ុន Applied eVTOL Concepts បង្ហាញ​គម្រោង​អភិវឌ្ឍ​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ត្រង់​ (eVTOL) ដែល​មាន​ឈ្មោះ​ថា Epiphany Transporter។ យាន​ជំនិះ​នេះ​អាច​ហោះ​ក្នុ​ងល្បៀន​ 258 គីឡូម៉ែត្រ​/ម៉ោង ប៉ុន្តែ​មាន​សំឡេង​រំខាន​​មិន​ដល់​កម្រិត​ 55 decibel (dB) នៅ​លើ​កម្ពស់ 15 ម៉ែត្រ​។ សំឡេង​រំខាន​នេះ​ស្ថិត​ក្នុង​ចន្លោះ​សំឡេង​ទឹក​ភ្លៀង​ធ្លាក់​ស្មើ (50 dB) និង​សំឡេង​មនុស្ស​និយាយ​គ្នា​ធម្មតា​ (60 dB)។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 សីហា​។

    គន្លឹះ​សំខាន់​គឺ​ស្ថិត​នៅ​លើ​ស្លាប​កង្ហារ​រុញ​ច្រាន​ដែល​បំពាក់​នៅ​​សង​ខាង​ និង​ផ្នែក​ខាង​ក្រោយ​របស់ Epiphany Transporter។​ នេះ​គឺជា​រចនា​ដែល​ដូច​ទៅ​នឹង​រូប​រាង​របស់​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​​​ត្រូវ​បាន​ណាសា​​អភិវឌ្ឍ​​កាល​ពី​ឆ្នាំ​ 2002​ ប៉ុន្តែ​បាន​ឆ្លង​កាត់​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប្រហែល​ពីរ​ទសវត្សរ៍​កន្លង​។

    Epiphany Transporter ត្រូវ​បាន​រចនាឡើង​ដើម្បី​អាច​ដឹក​អ្នក​ដំណើរ​បាន​ពីរ​នាក់ រួម​នឹង​អីវ៉ាន់​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា យាន​ជំនិះ​នេះ​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ Tesla Model S និង​អាច​ចត​ក្នុង​ចំណត​ធម្មតា​បាន​៕

  • យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

    យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

    ក្រុមហ៊ុន Virgin Galactic អនុវត្ត​ជើងហោះហើរ​ដែលមាន​ឈ្មោះថា «Galactic 02» កាលពី​ថ្ងៃទី 10 សីហា 2023 នាំ​មនុស្ស 6 នាក់​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់មក​ផែនដី​ដោយ​សុវត្ថិភាព។

    Virgin Galactic ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ដែល​រួមមាន យន្តហោះ​អវកាស VSS Unity 6 កៅអី និង​យន្តហោះ​ដឹកជញ្ជូន​ដែលមាន​ដងខ្លួន​ពីរ VMS Eve។ VMS Eve នាំ VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ រួច​ទម្លាក់​ចុះ​ដើម្បីឱ្យ VSS Unity បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ទៅ​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី។

    VMS Eve ហោះ​ឡើង​ពី​ព្រលាន​យានអវកាស Spaceport America នៅ New Mexico នា​ម៉ោង 10 និង 30 នាទី ថ្ងៃទី 10 សីហា (ម៉ោង​ក្នុងស្រុក) ប្រហែល​ម៉ោង 21 កន្លះ​នៅ​កម្ពុជា។ បន្ទាប់ពី​ហោះ​ឡើង​បាន​ប្រហែល 45 នាទី យន្តហោះ​នេះ​ក៏​ទម្លាក់ VSS Unity។ VSS Unity ហោះ​ក្នុង​ល្បឿន Mach 3 (3,705 គីឡូម៉ែត្រ/ម៉ោង) និង​ឡើងដល់​កម្ពស់ 88.5 គីឡូម៉ែត្រ មុនពេល​ត្រលប់​មកកាន់​ផែនដី។ VSS Unity ចុះចត​លើ​ព្រលាន Spaceport America នៅ​ម៉ោង 11 កន្លះ ថ្ងៃទី 10 សីហា (ម៉ោង 22 កន្លះ​នៅ​កម្ពុជា)។

    ភ្ញៀវ​លើ VSS Unity បាន​ឆ្លងកាត់​បទពិសោធន៍​គ្មាន​ទំនាញផែនដី និង​ទស្សនា​ភាព​កោង​របស់​ផែនដី​នៅ​កណ្ដាល​ផ្ទៃមេឃ​ងងឹត ក្នុង​រយៈពេល​ច្រើន​នាទី។

    Galactic 2 គឺជា​ជើងហោះហើរ​ទៅកាន់​ទី​អវកាស​លើក​ទី 7 របស់ Virgin Galactic និង VSS Unity ក្នុងនោះ 5 ជើង​ដំបូង​គឺជា​ការហោះហើរ​សាកល្បង។ ថ្លៃ​សំបុត្រ​សម្រាប់​ហោះហើរ​ជាមួយ VSS Unity បច្ចុប្បន្ន​គឺ 450,000 ដុល្លារ។

  • ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។

    អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។

    មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។

    រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕