យន្តហោះ​ដឹក​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner ដែល​បាន​ធ្លាក់ «មិន​ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​»

ប្រភេទ​យន្តហោះ Legacy 600 ដែល​ត្រូវ​បាន​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ប្រើប្រាស់​ជា​ញឹក​ញាប់​ក្នុង​ការ​ធ្វើ​ដំណើរ​ មិន​ធ្លាប់​កើត​មាន​គ្រោះ​ថ្នាក់​ស្លាប់​មនុស្ស​ឡើយ នៅ​មុន​ករណី​ធ្លាក់​នៅ​រុស្ស៊ី​។

សារព័ត៌មាន​រុស្ស៊ី TASS កាល​ពី​ថ្ងៃទី 23 សីហា បាន​រាយការណ៍​ថា មេក្រុម​ទាហាន​ស៊ី​ឈ្នួល​ Wagner លោក Yevgeny Prigozhin មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះឯកជន​ Embraer Legacy 600 ដែល​បាន​​ធ្លាក់​នៅ​ក្នុង​ខេត្ត​ Tver។ ក្រសួង​ស្ថានការណ៍​បន្ទាន់​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា មនុស្ស​ទាំង​ 10 នាក់​លើ​យន្តហោះ​នេះ​បាន​បាត់​បង់​ជីវិត​។

ទិន្នន័យ​ពី​ទំព័រ​តាម​ដាន​​ជើង​ហោះ​ហើរ Flightradar24 បង្ហាញ​ថា យន្តហោះ Embraer Legacy 600 ដែល​មាន​លេខ​សម្គាល់ RA-02795 បាន​បាត់​ខ្លួន​ពី​រ៉ាដា​វេលា​ម៉ោង 18 និង 11 នាទី ថ្ងៃ​ទី 23 សីហា (ម៉ោង​ 22 និង 11 នាទី នៅ​កម្ពុជា)​។ វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​បង្ហាញ​ថា​ យន្តហោះ​នេះ​បាក់​ស្លាប​ម្ខាង​ និង​ធ្លាក់​បុក​ដី​។

លោក Prigozhin (ស្ដាំ) និង​លោក Putin

Grey Zone ដែល​ជា​ទំព័រ​ Telegram ផ្សារ​ភ្ជាប់​នឹង Wagner ប្រកាស​ថា លោក Prigozhin បាន​បាត់​បង់​ជីវិត​។ មេបញ្ជាការ​ជាន់​ខ្ពស់​របស់ Wagner លោក Dmitry Utkin ដែល​ជា​ដៃស្ដាំ​របស់​លោក Prigozhin ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះ​នេះ​ផងដែរ​។ គណៈកម្មការ​ស៊ើប​អង្កេត​រុស្ស៊ី​ប្រកាស​ថា បាន​បើក​ការ​ស្រាវ​ជ្រាវ​លើ​ករណី​ធ្លាក់​យន្តហោះ​នេះ​ហើយ។

យោង​តាម​ទំព័រ​ International Aviation HQ យន្តហោះ Legacy 600 ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ចាប់​ពី​ឆ្នាំ 2002 ក្នុង​នោះ​ជិត 300 គ្រឿង​ត្រូវ​បាន​លក់​ រហូត​ដល់​ឈប់​ផលិតនៅ​ឆ្នាំ 2020​។ ក្នុង​រយៈ​ពេល​ជាង 20 ឆ្នាំ ក្នុង​ចំណោម​យន្តហោះ Legacy 600 មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ​ដែល​បាន​ជួប​គ្រោះ​ថ្នាក់​៕

Advertisement