យន្តហោះដំណើរការដោយអ៊ីដ្រូសែនរាវ-អគ្គិសនីដំបូងគេលើពិភពលោក
ក្រុមហ៊ុនអាកាសចរណ៍មួយនៅ Stuttgart នៃប្រទេសអាល្លឺម៉ង់ ប្រកាសថា យន្តហោះអគ្គិសនី H&4 ដំណើរការដោយអគ្គិសនីពីថ្មផ្ទុកឥន្ធនៈអ៊ីដ្រូសែនរាវរបស់ខ្លួន បានទទួលជោគជ័យក្នុងការហោះហើរសាកល្បងដែលមានមនុស្សបើកបរ។ នេះគឺជាជំហានថ្មីបំផុតនៃបច្ចេកវិទ្យារបស់វិស័យអាកាសចរណ៍ ក្នុងការប្រឹងប្រឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាឧស្ម័នដែលធ្វើឱ្យផែនដីឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមហ៊ុនអាល្លឺម៉ង់ H2Fly ឱ្យដឹងថា HY4 គឺជាយន្តហោះ 4 កៅអី ដំណើរការដោយថ្មផ្ទុកថាមពលអ៊ីដ្រូសែនរាវ ក្នុងនោះអ៊ីដ្រូសែនប្រតិកម្មជាមួយនឹងអុកស៊ីសែន ហើយត្រូវបានបំប្លែងទៅជាអគ្គិសនី និងទឹក។ ដូច្នេះសំណល់តែមួយគត់ដែលវាបំភាយ នោះគឺទឹក ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន មិនដូចឧស្ម័នកាបូននៅក្នុងវិស័យអាកាសចរណ៍ដែលកំពុងពេញនិយមនាបច្ចុប្បន្ន។ ការប្រើប្រាស់ឥន្ធនៈអ៊ីដ្រូសែនរាវជំនួសអ៊ីដ្រូសែនទម្រង់ឧស្ម័ន បានជួយឱ្យរយៈចម្ងាយអតិបរមានៃការហោះហើររបស់យន្តហោះ HY4 កើនពី 750 គីឡូម៉ែត្រ ឡើងដល់ 1,500 គីឡូម៉ែត្រ។ ក្រុមហ៊ុនខាងលើឱ្យដឹងថា មានគម្រោងស្ថាបនាមជ្ឈមណ្ឌលអាកាសចរណ៍អ៊ីដ្រូសែននៅឯព្រលានយន្តហោះ Stuttgart ក្នុងឆ្នាំ 2024 ដើម្បីអភិវឌ្ឍយន្តហោះទេសចរណ៍ 40 កៅអី ដែលដំណើរការដោយអ៊ីដ្រូសែន-អគ្គិសនី ចាប់ពីឆ្នាំ 2025៕