មន្ត្រី​យោធា​អាម៉េរិក​ថា អ៊ុយក្រែន​រំដោះ​​ទឹក​ដី​​​បាន​ជាង​ពាក់​កណ្ដាល​ ពី​កងទ័ព​​រុស្ស៊ី

ឧត្តមសេនីយ៍ Mark Milley នាយអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក និងទាហានអ៊ុយក្រែន

ឧត្តម​សេនីយ៍ Milley អះអា​ង​ថា អ៊ុយក្រែន​បាន​វាយ​បក និង​ដណ្ដើម​មក​វិញ​បាន​ជាង 54% នៃ​ទឹក​ដី​ដែល​កងទ័ព​រុស្ស៊ី​បាន​វាយ​យក​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង។

ក្នុងសន្និសីទ​សារព័ត៌មាន​នៅប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី 19 កញ្ញា ឧត្តមសេនីយ៍ Mark Milley នាយ​​អគ្គសេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​បន្ត​សម្រេច​បាន​គោលដៅក្នុងល្បឿន​យឺត​​ ប៉ុន្តែ​មាន​ស្ថិរភាព នៅ​ពេល​រុញ​ច្រាន​កងកម្លាំង​រុស្ស៊ីចេញ​ពី​តំបន់​កំពុង​គ្រប់​គ្រង​។

«មក​ដល់​ពេល​នេះ អ៊ុយក្រែន​រំដោះ​​បាន​ជាង 54% នៃ​ទឹក​ដី​របស់​ខ្លួន​​ដែល​រុស្ស៊ី​​គ្រប់​គ្រង​ និង​បន្ត​រក្សា​ភាព​ម្ចាស់​ការ​ក្នុង​យុទ្ធ​សាស្ត្រ» ឧត្ដម​សេនីយ៍ Milley ឱ្យ​ដឹង​ដូច្នេះ​។

Dave Butler អ្នក​នាំ​ពាក្យ​របស់​លោក Milley ក្រោយ​មក​បាន​បក​ស្រាយ​ថា តួលេខ​ 54% គឺ​ទាក់ទង​​នឹង​តំបន់​នានា​ដែល​អ៊ុយក្រែន​រំដោះ​បាន​ រាប់​ចាប់​តាំង​ពី​រុស្ស៊ី​បាន​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ 2022​។

ការ​អះអាង​របស់​លោក Milley ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​​តំណាង​យោធា​ជាង 50 ប្រទេស​ ដែល​ស្ថិត​ក្នុង​ក្រុម​ទំនាក់​ទំនង​ការ​ពារ​ជាតិ​អ៊ុយក្រែន​ ជួបប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​អំពី​ការ​ជួយ​គាំទ្រ​ដល់​ទី​ក្រុង​កៀវ​។

សហរដ្ឋ​អាម៉េរិក​គឺជា​ភាគី​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន​​ច្រើន​ជាង​គេ​ ដោយ​បាន​សន្យា​ថា ការ​ផ្ដល់​ជំនួយ​នេះ​នឹង​មាន​រហូត​ដល់ 43.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ដំបូង​ឡើយ អាម៉េរិក​ផ្ដល់​អាវុធ​ធុន​ស្រាល ហើយ​បន្ទាប់​មក​ក៏​ផ្ដល់​កាំជ្រួច​ហ្វូង​ HIMARS, ប្រព័ន្ធ​មីស៊ីល​ការ​ពារ​ដែន​អាកាស Patriot, រថក្រោះ​​ធុន​ធ្ងន់ M2 Bradley, រថក្រោះ M1 Abrams ហើយ​ថ្មី​ៗ​នេះ​ក៏​បាន​សន្យា​ថា នឹង​បណ្ដុះ​បណ្ដាល​ពីឡុត​ F-16 ដល់​អ៊ុយក្រែន​​ទៀត​ផង៕

Advertisement