ប្រតិកម្ម​ដំបូងរបស់​ប្រធានាធិបតី​នី​ហ្សេ បន្ទាប់ពី​ត្រូវ​កងទ័ព​ធ្វើ​រដ្ឋប្រហារ

ប្រធានាធិបតី​នី​ហ្សេ លោក Mohamed Bazoum សរសេរ​លើ​បណ្ដាញ​សង្គម​អំពាវនាវ​សូមឱ្យ​ប្រជាជន​ជួយ​ការពារ​សមិទ្ធ​ផលរប​ស់​ប្រទេសជាតិ ក្រោយពី​កងទ័ព​ប្រទេស​នេះ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល។

«បណ្ដា​សមិទ្ធផល​ដែ​ល​យើង​បាន​ចំណាយ​អស់កម្លាំង​ជាច្រើន​ទើប​ដណ្ដើមបាននេះ នឹងត្រូវ​បានការ​ពារ។ ជនជាតិ​នី​ហ្សេ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ និង​សេរីភាព ​ប្រាកដជា​នឹងធ្វើ​ដូច្នេះ» លោក Bazoum បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម X (ឈ្មោះ​ថ្មី​របស់ Twitter) នៅថ្ងៃនេះ​ដូច្នេះ។

រដ្ឋមន្ត្រីការបរទេស Hassoumi Massoudou ក៏បាន​បង្ហោះ​សារ​អំពាវនាវ​សូមឱ្យ​ប្រជាជន​គ្រប់រូប​ដែល​គាំទ្រ​ប្រជាធិបតេយ្យ នាំ​គ្នា​ចេញ​ធ្វើ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​អំពើ​រដ្ឋប្រហារ​ត្រូវ​បរាជ័យ។ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ដែល​ជ្រើសរើស​ដោយ​​ប្រជាពលរដ្ឋ​​គឺជា​រដ្ឋាភិបាល​ស្របច្បាប់។

លោក​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​នី​ហ្សេ​ក៏​បញ្ជាក់ថា ប្រធានាធិបតី និង​គ្រួសារ​បច្ចុប្បន្ន «មាន​សុខ​ភាពល្អ» និង​កំពុង​ត្រូវបាន​កងទ័ព​ឃុំខ្លួន​នៅឡើយ។

មុននោះ វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ថា «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum»។

ប្រធានាធិបតី​នី​ហ្សេ លោក Mohamed Bazoum

លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។ កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​ប្រកាស​ថ្មី។ កងកម្លាំង​នេះ​ក៏បាន​ព្រមាន​ថា នឹងធ្វើ​ការ​​ប្រឆាំង បើ​សិន​មាន​​ការ​​អន្តរាគមន៍​ពី​បរទេស។

អង្គការសហប្រជាជាតិ​ក៏បាន​ថ្កោលទោស​ចំពោះ​ការផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​អំពើ​ខុសច្បាប់​នៅ​ប្រទេស​នី​ហ្សេ។ «អគ្គលេខាធិការ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​នី​ហ្សេ» អ្នកនាំពាក្យ​របស់​អគ្គ​លេខាធិការ​នៃ​អង្គការសហប្រជាជាតិ ឱ្យដឹង​ដូច្នេះ។

ទន្ទឹមនឹងនេះ សហរដ្ឋ​អាម៉េរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ធនាគារពិភពលោក (WB) ជាដើម ក៏បាន​ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​រដ្ឋប្រហារ​ខាងលើ​ផងដែរ។

Advertisement