Tag: អភិវឌ្ឍ

  • Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

    Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

    xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។

    យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។

    លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។

    តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។

    គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម Twitter, ទីភ្នាក់ងារ​អវកាស SpaceX, ក្រុមហ៊ុន​សាងសង់​ផ្លូវ​ក្រោម​ដី និង​ហេដ្ឋារចនាសម្ព័ន្ធ រួម​នឹង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink៕

  • តាក់ស៊ី​ហោះ​លើទឹក​ដំណើរ​ការ​ដោយ​អគ្គិសនី ចាប់ផ្ដើម​ដឹក​ភ្ញៀវជា​ផ្លូវការ​

    តាក់ស៊ី​ហោះ​លើទឹក​ដំណើរ​ការ​ដោយ​អគ្គិសនី ចាប់ផ្ដើម​ដឹក​ភ្ញៀវជា​ផ្លូវការ​

    តាក់ស៊ី​ហោះ​លើទឹក​ដែល​ដំណើរការ​ដោយ​អគ្គិសនី មាន​កៅអី​ចំនួន​ប្រាំ បំពាក់​ស្លាប​ក្រោម​ទឹក​របស់ SeaBubbles ចាប់ផ្ដើម​ដំណើរ​ការដឹក​ភ្ញៀវ​នៅឯ​បឹង Annecy ប្រទេស​បារាំង។

    Bubble គឺជា​ទូក​បំពាក់​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​ដែល​ទទួលបាន​សិទ្ធិ​ដឹកជញ្ជូន​ភ្ញៀវ​នៅ​ប្រទេស​បារាំង។ Bubble បានបង្ហាញ​ខ្លួន​កាលពី​ឆ្នាំ 2017 ក្នុង​ទម្រង់​តាក់ស៊ី​ហោះ​មាន​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី ដែល​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​នៅ​ទីក្រុង​ប៉ារីស និង​ដឹក​ភ្ញៀវ​សាកល្បង​នៅ​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន​បានចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ក្នុង​ទម្រង់​ពាណិជ្ជកម្ម។ នេះ​បើតាម Design Boom។

    តាក់ស៊ី​ហោះ​លើទឹក​អគ្គិសនី​នេះ ​ទទួលភ្ញៀវ​ដំបូង​នៅឯ​កំពង់ផែ​ក្នុង​តំបន់ Veyrier-du-Lac និង​ធ្វើដំណើរ​ទៅកាន់ Annecy les Marquisats ចាប់ពី​ដើមខែ​កក្កដា 2023។ ចាប់ពី​ថ្ងៃទី 01 កក្កដា ដល់ 31 សីហា 2023 សមាគម Grand Annecy និង SeaBubbles Mobility Solutions ​សហការគ្នា​ដំណើរការ​ទូក​អគ្គិសនី​នេះ​ដូច​ទៅនឹង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​នៅក្នុង​ទីក្រុង។

    ទូក​ហោះ​លើទឹក​ Bubbles ​នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនបាន 100 តោន នៅលើ​បឹង Annecy ព្រមទាំង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវ​ក្បែរ​មាត់បឹង​នេះ​​ផងដែរ។

    SeaBubbles មិនបាន​បង្ហើប​ឱ្យដឹង​ច្រើន​អំពី​ទូក​ហោះ​នេះ ប៉ុន្តែ​គេ​ដឹងថា វា​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 22 គីឡូម៉ែត្រ/ម៉ោង។ ដោយសារតែ​ប្រើប្រាស់​ស្លាប​ក្រោម​ទឹក ទូក​អគ្គិសនី​នេះ​ដែលមាន​ទំហំ 5 x 2.5 ម៉ែត្រ​នេះ កាត់បន្ថយ​កម្លាំង​កកិត​នឹង​ផ្ទៃ​ទឹកបាន​យ៉ាងច្រើន និង​មាន​ល្បើ​ន​លឿន​ ព្រម​ទាំង​មាន​សំឡេង​ស្ងាត់​​ផងដែរ​។

    បន្ទាប់ពី​បានបង្ហាញ Bubbles ក្រុមហ៊ុន SeaBubbles កំពុងតែ​អភិវឌ្ឍ SmartBubbles ដែលជា​កំណែ​ធំ​ជាង​មុន អាចដាក់​មនុស្ស​បាន​ពី 8 ទៅ 12 នាក់។ កំណែ​ទី​ពីរ​ដែល​អាច​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ​ចំណាយពេល​តែ 4 នាទីនេះ​ ក៏​កំពុង​ត្រូវបាន​ធ្វើតេស្ត និង​វាយតម្លៃ​នៅលើ​បឹង Annecy៕

  • គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

    គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

    ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាម៉េរិក គ្រោង​ចំណាយ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ដងទង់​ដែល​ខ្ពស់ជាង​អគារ Empire State ក្នុង​បំណង​លើកកម្ពស់​ស្មារតី​មោទកភាព និង​សាមគ្គីភាព​ជាតិ។

    Morrill Worcester ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Worcester Wreath ដែលជា​ស្ថាប័ន​អភិវឌ្ឍ​គម្រោង​ដងទង់​ខាងលើ​បានឱ្យដឹងថា សំណង់​ដែលមាន​ឈ្មោះថា ដងទង់​ឧទ្យាន​សេរីភាព (Flagpole of Freedom Park) នេះ នឹង​​ត្រូវ​សាងសង់​នៅក្នុង​រដ្ឋ Maine ក្នុង​បំណង «ផ្សារភ្ជាប់​ប្រជាជន​អាម៉េរិក រម្លឹក​ពួកគេ​អំពី​ប្រវត្តិសាស្ត្រ​ការពារ​សេរីភាព និង​ផ្សារភ្ជាប់​ប្រទេសជាតិ​ដែល​ត្រូវ​ប្រេះឆា»។

    Worcester គ្រោង​នឹង​សាងសង់​ដងទង់​ដែល​កម្ពស់ 445 ម៉ែត្រ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ ហើយ​វា​នឹង​ក្លាយជា​ដងទង់​ដែល​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក។ ដងទង់​នេះ​ក៏​នឹងត្រូវ​ដំឡើង​ទង់ជាតិ​សហរដ្ឋ​អាម៉េរិក​ដែលមាន​ទំហំ​ធំ​ជាង​ទីលាន​បេ​ស្ប​ល។ ភ្ញៀវ​នឹងត្រូវ​ប្រើប្រាស់​ជណ្ដើរយោង​ដើម្បី​ឡើង​ទៅដល់​ស្ថានីយ​គយគន់​ទេសភាព​នៅ​កំពូល​ដងទង់​ ដែល​ខ្ពស់ជាង​អគារ State Empire ទៅ​ទៀត។ នៅលើ​កម្ពស់​នេះ ភ្ញៀវ​អាច​មើលទៅ​ឆ្ងាយ​រហូតដល់​ទឹកដី​កាណាដា។

    លោក Morrill ក៏​គ្រោង​នឹង​បង្កើត​ភូមិ​មួយ​ដែលមាន «សារមន្ទីរ​រស់» ជាទី​ដែល​អតីត​ទាហាន​បរិយាយ​អំពី​ប្រវត្តិសាស្ត្រ រួម​នឹង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផ្ទៃដី​ជាង 4,000 ហិកតា។

  • យាន Caravan កូន​កាត់​ អាច​បរបាន​ទាំង​នៅលើ​គោក ទាំង​នៅលើ​ផ្ទៃ​ទឹក

    យាន Caravan កូន​កាត់​ អាច​បរបាន​ទាំង​នៅលើ​គោក ទាំង​នៅលើ​ផ្ទៃ​ទឹក

    (តួ​ក​គី) – ក្រុមហ៊ុន​ធុរកិច្ច​ថ្មី SealVans បង្ហាញ​យាន​គំរូ caravan ពីរ​ម៉ូ​ដែល​ដ៏​ទំនើប ដែលជា «កូនកាត់» រវាង​រថយន្ត និង​កូន​នាវា អាច​បើក​បរបាន​នៅលើ​គោក និង​លើទឹក។

    ក្រោយពី​​អភិវឌ្ឍ​បាន​ជោគជ័យ​កាលពី​ឆ្នាំ​កន្លង ក្រុមហ៊ុន SealVans កំពុង​នាំយក​យាន caravan កូនកាត់​ចូលក្នុង​ទីផ្សារ​អឺរ៉ុប។ កំណែ​​ដែល​​រួមមាន Seal 4.2 ម៉ែត្រ និង Seal 7.5 ម៉ែត្រ នេះ ផ្ដល់ជូន​អតិថិជន​ទាំងឡាយណា​ដែល​ចង់​ទទួលបាន​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ទាំង​នៅលើ​ដីគោក ទាំង​នៅលើ​ផ្ទៃ​ទឹក ដោយ​មិនបាច់​ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 04 កក្កដា។

    Seal 4.2 ម៉ែត្រ គឺជា​កំណែ​តូច​ល្មម មាន​ទម្ងន់​មិន​ដល់ 750 គីឡូក្រាម សម្រាប់​ដំណើរ​ផ្លូវ​ជិត។ ចំណែក Seal 7.5 ម៉ែត្រ អាចដាក់​បាន​មនុស្ស​ពី 3 ទៅ 4 នាក់ និង​សម្រាប់​ដំណើរ​ផ្លូវ​ឆ្ងាយ។

    Seal 7.5 ម៉ែត្រ ដំណើរការ​ដោយ​ម៉ូ​ទ័​រ​របស់ Honda កម្លាំង 50 សេះ និង​ប្រព័ន្ធ​​កម្លាំង​រុញច្រាន​ប្រើ​ថាមពល​​អគ្គិសនី អាចឱ្យ​បរ​ក្នុង​ល្បឿន 24 គីឡូម៉ែត្រ/ម៉ោង៕

  • យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    (ហូ​ឡង់) – យានជំនិះ​អ៊ីដ្រូសែន Eco-Runner XIII របស់​សាកលវិទ្យាល័យ TU Delft បរបាន​ចម្ងាយ 2,488 គីឡូម៉ែត្រ ស៊ី​ឥន្ធនៈ​អស់មិន​ដល់​មួយ​លីត្រ។

    ក្រុមនិស្សិត​មកពី​សាក​ល​វិទ្យាល័យ TU Delft បង្ហាញ​យានជំនិះ​គំរូ​ថ្មី​បំផុត​ដែលមាន​ឈ្មោះថា Eco-Runner XIII ដែល​អភិវឌ្ឍ​ពី​​យាន​គំរូ​ខ្នាតតូច​ដែល​ដំណើរការ​ដោយ​​អ៊ីដ្រូសែន Eco-Runner កាលពី​ខែឧសភា 2023។ យានជំនិះ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្ដីពី​ចម្ងាយ​ផ្លូវ ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​កំណត់​ត្រា​ចាស់​បាន​បង្កើត​ឡើង​។

    Eco-Runner ត្រូវបាន​រចនា​ឡើង​ដើម្បី​សន្សំសំចៃ​ឥន្ធនៈ​ឱ្យ​បាន​ខ្ពស់ជាង 100 ដង ធៀប​នឹង​រថយន្ត​ប្រើប្រាស់​ប្រេងសាំង។ នេះ​បើ​យោងតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

    ការ​បំបែក​កំណត់ត្រា​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី 22 មិថុនា 2023។ ថ្ងៃ​បន្ទាប់ ចាប់ពី​ម៉ោង 04 ទៀត​ភ្លឺ យាន Eco-Runner XIII ចាប់ផ្ដើម​បរ​ជុំវិញ​ទីតាំង​ធ្វើតេស្ត ក្នុង​ល្បឿន 45 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ជិត​ទ្វេដង បើ​ធៀប​នឹង​យាន Eco-Runner។

    កំណត់ត្រា​មុន​នោះ​គឺ​ល្បឿន 2,056 គីឡូម៉ែត្រ/ម៉ោង ​ត្រូវបាន​បំបែក​កាលពី​ថ្ងៃទី 25 មិថុនា ប៉ុន្តែ​នៅសល់​ឥន្ធនៈ។ ដូច្នេះ Eco-Runner XIII ក៏​បន្ត​រត់។ យាន​នេះ​បាន​ឈប់​នៅ​ម៉ោង 08 និង 26 នាទី ថ្ងៃទី 26 មិថុនា (ម៉ោង​ក្នុង​តំបន់) ដោយ​រត់​បាន​ចម្ងាយ 2,488.48 គីឡូម៉ែត្រ ប្រើប្រាស់​អ៊ីដ្រូសែន​អស់ 950 ក្រាម ហើយ​ក៏​បង្កើតបាន​កំណត់ត្រា​ថ្មី៕

  • យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Virgin Galactic បានទទួល​ជោគជ័យ​នូវ​ភារកិច្ច​ពាណិជ្ជកម្ម​ដំបូង​កាលពី​ថ្ងៃទី 29 មិថុនា 2023 ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់​មកកាន់​ផែនដី។

    ជើងហោះហើរ​ថ្មី​នេះ​បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​អវកាស Spaceport America ក្នុង​រដ្ឋ​ New Mexico នៅវេលា​ម៉ោង 21 និង 30 នាទី ថ្ងៃទី 29 មិថុនា (ពេលវេលា​នៅ​កម្ពុជា) និង​ហោះ​ឡើង​ដល់ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ក្រោយ​ការ​ធ្វើដំណើរ​បាន 58 នាទី។ ក្រោយ​ការ​អណ្ដែត​នៅលើ​កម្ពស់ 85.1 គីឡូម៉ែត្រ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែនដី​ យន្តហោះ​អវកាស VSS Unity ​ក៏បាន​ត្រលប់មក​ចុះចត​នៅ SpacePort America នា​​ម៉ោង 22 និង 42 នាទី ​ក្នុង​ថ្ងៃ​ដដែល។

    ក្រុមហ៊ុន Virgin Galactic ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស Richard Branson កាលពី​ឆ្នាំ 2014។

    Angelo Landolfi, Walter Villadei និង Pantaleone Carlucci កាន់ទង់ជាតិអ៊ីតាលី ខណៈ Colin Bennett សម្លឹងមើល អំឡុងពេលហោះហើររបស់ពួកគេនៅក្នុងយន្តហោះរ៉ុក្កែត VSS Unity របស់ Virgin Galactic

    Virgin Galactic កំពុង​អភិវឌ្ឍ​ក្រុម​យន្តហោះ​អវកាស និង​យន្តហោះ​ដឹកជញ្ជូន។ យានអវកាស​ថ្នាក់ Delta ថ្មី​របស់​ពួក​គេ​ ​អាច​ហោះ​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍។ ក្រោយពី Delta ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ 2026 Virgin Galactic អាច​នាំ​ភ្ញៀវ​ឡើងទៅ​កាន់​ទី​អវកាស​ជា​រៀងរាល់ថ្ងៃ ពី​ទីតាំង​ជាច្រើន​នៅលើ​ពិភពលោក៕

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

  • ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី និង​បារាំង ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។

    យោងតាម​ព័ត៌មាន​ពី​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​នៅ​ហ្សា​ការ​តា បាន​បញ្ជា​ទិញ​ប្រព័ន្ធ​រ៉ា​ដា​បញ្ជា​បាញ់​ស្កាត់​ពី​ដី (GCI) GM-403 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Thales របស់​បារាំង​ ចំនួន 13 គ្រឿង ក្នុងតម្លៃ 354 លាន​អឺរ៉ូ (ប្រហែល​នឹង 386.23 លាន​ដុល្លារ​អាម៉េរិក)។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 លោក Edwin Adrian Sumantha ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រព័ន្ធ​រ៉ា​ដា GCI មានតម្លៃ​ប្រហែល 30 លាន​ដុល្លារ​អាម៉េរិក​/គ្រឿង។

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ Thales និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ PT Len Industri Indonesia ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។​

    ការប្រគល់ និង​ទទួល​ទំនិញ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ក្នុងអំឡុង 48 ខែ រាប់​ចាប់ពីពេល​​កិច្ចព្រមព្រៀង​មាន​សុពលភាព។

    ប្រព័ន្ធ​រ៉ា​ដា GCI GM-403 ដែល​មាន​រង្វង់​ប្រតិបត្តិកា​រ 450 គីឡូម៉ែត្រ នឹង​ដើរតួនាទី​ជា​អ្នក​នាំ​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ស្ទាក់​វាយ និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក​របស់​កង​ទ័ព​ឥណ្ឌូណេស៊ី ក្នុងការ​ប្រយុទ្ធ។

    កិច្ចព្រមព្រៀង​ខាងលើ​ក៏​រាប់បញ្ចូល​ទាំង​ផែនការ​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រព័ន្ធ​រ៉ា​ដា​យោធា និង​ស៊ីវិល ការថែទាំ ក៏ដូចជាការ​​អភិវឌ្ឍ​សម្រាប់​ការធ្វើ​សម​កាល​កម្ម​ប្រព័ន្ធ​រ៉ា​ដា​ជាតិ​របស់​ឥណ្ឌូណេស៊ី​ផងដែរ៕

  • អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    ក្រសួង​ការ​បរទេស​អាម៉េរិក​ យល់​ព្រម​ឱ្យ​លក់​យន្ត​ហោះ​ចម្បាំង​ F-35 រួម​នឹង​ឧបករណ៍​យោធា គ្រាប់​រំសេវ​ដែល​ពាក់​ព័ន្ធ​ ឱ្យ​សាធារណរដ្ឋ​ឆែក ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​លើក​កម្ពស់​សមត្ថភាព​ការ​ពារ​ជាតិ​។

    ដោយ​ចំណាយ​ប្រាក់​ 5.62 ពាន់​លាន​ដុល្លារ​ ឆែក​នឹង​ទទួល​បាន​បណ្ដា​យន្តហោះចម្បាំង​ទំនើប F-35 រួម​នឹង​ម៉ាស៊ីន​បម្រុង,​ មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ AIM-120C-8 AMRAAM ចំនួន​ 70 ដើម, រួម​នឹង​គ្រាប់​បែក​ ឧបករណ៍​ទំនាក់​ទំនង​ និង​ជំនួយ​ផ្នែក​បច្ចេកទេស​។ នេះ​បើ​តាម​មន្ទីរ​បញ្ចកោណ​ ប្រកាស​កាល​ពី​ថ្ងៃទី 29 មិថុនា​។ ក្រុម​ហ៊ុន​សំខាន់​ៗ​ដែល​ត្រូវ​ផ្គត់​ផ្គង់​សព្វាវុធ​ទាំង​នេះ​រួម​មាន​ Lockheed Martin, Raytheon និង Boeing។

    មន្ទីរ​បញ្ចោណ​បាន​ឱ្យ​ដឹង​ថា ការ​លក់​ដូរ​សព្វាវុធ​នេះ​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​ការបរទេស​អាម៉េរិក​រួច​ហើយ និង​កំពុង​រង់​ចាំ​ការ​អនុម័ត​ពី​សភា​។

    យោង​តាម​ក្រសួង​ការបរទេស​អាម៉េរិក សព្វាវុធ​ខាងលើ​នឹង​ជួយ​បង្កើន​កម្លាំង​ការ​ពារ​ជាតិ​របស់​ប្រទេស​ឆែក ក៏ដូច​ជា​ការ​ចូល​រួម​គាំទ្រ​យុទ្ធនាការ​នានា​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ។

    កាល​ពី​ឆ្នាំ 2022 ឆែក​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចង់​ទិញ F-35 របស់​អាម៉េរិក ចំនួន 24 គ្រឿង​ ដើម្បី​ប្រើ​ប្រាស់​ជំនួស​ក្រុម​ហោះ​ហើរ JAS 39 Gripen ដែល​ជួលពី​ក្រុម​ហ៊ុន Saab AB របស់​ស៊ុយអែត​។ ឆែក​មាន​បំណង​ទិញ​ F-35A ដែល​ហោះ​ឡើង និង​ចុះ​ចត​តាម​ធម្មតា (CTOL)។

    F-35A គឺជា​កំណែ​បំបាំង​កាយ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ទ័ព​អាកាស​អាម៉េរិក​ និង​សម្ព័ន្ធ​មិត្ត​។ នេះ​គឺជា​កំណែ​​​តូច​ជាង​គេ និង​ស្រាល​ជាង​គេ​​របស់​យន្តហោះ​ចម្បាំង​​ត្រកូល F-35៕

  • ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បង្កើត​រ៉ូ​បូត​មាន​ដៃ​ច្រើន​អាច​ពាក់​លើ​ខ្នង និង​ជួយ​ធ្វើ​កិច្ច​ការ​របស់​មនុស្ស​។

    ថ្មីៗនេះ ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Masahiko Inami ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អភិវឌ្ឍ​រ៉ូ​បូត​មួយ​ប្រភេទ​ដែលមាន​ដៃ​ច្រើន អាច​បំពាក់​លើ​ខ្នងមនុស្ស។ ដៃ Jizai របស់​រ៉ូ​បូត​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ដែល​អាចឱ្យ​វា​ធ្វើតាម​បំណង​មនុស្ស។

    សាស្ត្រាចារ្យ Inami ឱ្យដឹងថា សក្ដានុពលរ​បស់ដៃ​យន្ត​នេះ​ត្រូវបាន​ទន្ទឹងរង់ចាំ​ខ្លាំង ព្រោះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការស្វែងរក និង​ជួយសង្គ្រោះ​នាពេល​អនាគត។