គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

រូបភាព​នៃ​គម្រោង​ដង​ទង់​ឧទ្យាន​សេរីភាព

ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាម៉េរិក គ្រោង​ចំណាយ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ដងទង់​ដែល​ខ្ពស់ជាង​អគារ Empire State ក្នុង​បំណង​លើកកម្ពស់​ស្មារតី​មោទកភាព និង​សាមគ្គីភាព​ជាតិ។

Morrill Worcester ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Worcester Wreath ដែលជា​ស្ថាប័ន​អភិវឌ្ឍ​គម្រោង​ដងទង់​ខាងលើ​បានឱ្យដឹងថា សំណង់​ដែលមាន​ឈ្មោះថា ដងទង់​ឧទ្យាន​សេរីភាព (Flagpole of Freedom Park) នេះ នឹង​​ត្រូវ​សាងសង់​នៅក្នុង​រដ្ឋ Maine ក្នុង​បំណង «ផ្សារភ្ជាប់​ប្រជាជន​អាម៉េរិក រម្លឹក​ពួកគេ​អំពី​ប្រវត្តិសាស្ត្រ​ការពារ​សេរីភាព និង​ផ្សារភ្ជាប់​ប្រទេសជាតិ​ដែល​ត្រូវ​ប្រេះឆា»។

Worcester គ្រោង​នឹង​សាងសង់​ដងទង់​ដែល​កម្ពស់ 445 ម៉ែត្រ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ ហើយ​វា​នឹង​ក្លាយជា​ដងទង់​ដែល​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក។ ដងទង់​នេះ​ក៏​នឹងត្រូវ​ដំឡើង​ទង់ជាតិ​សហរដ្ឋ​អាម៉េរិក​ដែលមាន​ទំហំ​ធំ​ជាង​ទីលាន​បេ​ស្ប​ល។ ភ្ញៀវ​នឹងត្រូវ​ប្រើប្រាស់​ជណ្ដើរយោង​ដើម្បី​ឡើង​ទៅដល់​ស្ថានីយ​គយគន់​ទេសភាព​នៅ​កំពូល​ដងទង់​ ដែល​ខ្ពស់ជាង​អគារ State Empire ទៅ​ទៀត។ នៅលើ​កម្ពស់​នេះ ភ្ញៀវ​អាច​មើលទៅ​ឆ្ងាយ​រហូតដល់​ទឹកដី​កាណាដា។

លោក Morrill ក៏​គ្រោង​នឹង​បង្កើត​ភូមិ​មួយ​ដែលមាន «សារមន្ទីរ​រស់» ជាទី​ដែល​អតីត​ទាហាន​បរិយាយ​អំពី​ប្រវត្តិសាស្ត្រ រួម​នឹង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផ្ទៃដី​ជាង 4,000 ហិកតា។

Advertisement