ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី និង​បារាំង ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។

យោងតាម​ព័ត៌មាន​ពី​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​នៅ​ហ្សា​ការ​តា បាន​បញ្ជា​ទិញ​ប្រព័ន្ធ​រ៉ា​ដា​បញ្ជា​បាញ់​ស្កាត់​ពី​ដី (GCI) GM-403 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Thales របស់​បារាំង​ ចំនួន 13 គ្រឿង ក្នុងតម្លៃ 354 លាន​អឺរ៉ូ (ប្រហែល​នឹង 386.23 លាន​ដុល្លារ​អាម៉េរិក)។

កាលពី​ថ្ងៃទី 28 មិថុនា 2023 លោក Edwin Adrian Sumantha ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រព័ន្ធ​រ៉ា​ដា GCI មានតម្លៃ​ប្រហែល 30 លាន​ដុល្លារ​អាម៉េរិក​/គ្រឿង។

កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ Thales និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ PT Len Industri Indonesia ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។​

ការប្រគល់ និង​ទទួល​ទំនិញ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ក្នុងអំឡុង 48 ខែ រាប់​ចាប់ពីពេល​​កិច្ចព្រមព្រៀង​មាន​សុពលភាព។

ប្រព័ន្ធ​រ៉ា​ដា GCI GM-403 ដែល​មាន​រង្វង់​ប្រតិបត្តិកា​រ 450 គីឡូម៉ែត្រ នឹង​ដើរតួនាទី​ជា​អ្នក​នាំ​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ស្ទាក់​វាយ និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក​របស់​កង​ទ័ព​ឥណ្ឌូណេស៊ី ក្នុងការ​ប្រយុទ្ធ។

កិច្ចព្រមព្រៀង​ខាងលើ​ក៏​រាប់បញ្ចូល​ទាំង​ផែនការ​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រព័ន្ធ​រ៉ា​ដា​យោធា និង​ស៊ីវិល ការថែទាំ ក៏ដូចជាការ​​អភិវឌ្ឍ​សម្រាប់​ការធ្វើ​សម​កាល​កម្ម​ប្រព័ន្ធ​រ៉ា​ដា​ជាតិ​របស់​ឥណ្ឌូណេស៊ី​ផងដែរ៕

Advertisement