Tag: ជប៉ុន

  • យាន​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ​របស់ Toyota និង Mitsubishi កំពុង​ត្រូវបាន​អភិវឌ្ឍ

    យាន​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ​របស់ Toyota និង Mitsubishi កំពុង​ត្រូវបាន​អភិវឌ្ឍ

    Toyota Motor និង Mitsubishi Heavy Industries បានប្រកាស​សេចក្ដីលំអិត​អំពី​គម្រោង​អភិវឌ្ឍ​បណ្ដា​យាន​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ។

    យាន​ទាំងនេះ​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គម្រោង Artemis ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025។ នេះ​នឹង​ជា​លើកដំបូង​ដែល​មនុស្ស​ឡើងទៅ​ដើរ​លើ​ឋាន​ព្រះ​ចន្ទ រាប់​ចាប់ពី​ឆ្នាំ 1972។

    យាន​បើកបរ​លើដី​គ្រោង​នឹង​ត្រូវបាន​នាំ​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2029។ កាលពី​ថ្ងៃទី 21 កក្កដា 2023 ក្រុមហ៊ុន Toyota Motor និង Mitsubishi Heavy Industries (MHI) បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជា​មួយនឹង​ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA) នៅ​តូ​ក្យូ។ ថ្ងៃទី 21 កក្កដា ក៏​ជា​ថ្ងៃ​ដែល Apollo 11 ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាលពី 54 ឆ្នាំមុន។

    Toyota ចាប់ផ្ដើម​សហការ​ជាមួយ JAXA កាលពី​ឆ្នាំ 2019 ដើម្បី​អភិវឌ្ឍ​រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ឈ្មោះថា Lunar Cruiser។ យាន​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​បើកបរ​លើ​ភូមិសាស្ត្រ​ដែលមាន​ឧបសគ្គ​ច្រើន មានដូចជា​វាល​ខ្សាច់ និង​ផ្លូវ​នៅ​តំបន់ភ្នំ​ជាដើម។ នេះ​គឺជា​របាយការណ៍​ស្ដីពី​វឌ្ឍនភាព​ដំបូង​របស់ Toyota ទាក់ទង​នឹង​កម្មវិធី​អវកាស​របស់​ពួកគេ​នៅក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង។

    Lunar Cruiser នឹងធ្វើ​ដំណើរ​សរុប​ជាង 10,000 គីឡូម៉ែត្រ​នៅលើ​ឋាន​ព្រះ​ចន្ទ​ដើម្បី​សិក្សា​ស្រាវជ្រាវ។ Toyota ឱ្យដឹងថា​យាន​នេះ​នឹង​ត្រូវបាន​បំពាក់​មុខងារសំខាន់ៗចំនួន​បួន រួមមាន មុខងារ​ប្រើប្រាស់​ថ្ម​បង្កើត​ថាមពល​ឡើងវិញ (RCF), មុខងារ​សម្រាប់​ការបើកបរ​លើ​ភូមិសាស្ត្រ​លំបាក, មុខងារ​បើកបរ​ស្វ័យប្រវត្ត, និង​មុខងារ​បទពិសោធន៍​អ្នកប្រើប្រាស់ (UX)។

    ថ្នាក់ដឹកនាំ​របស់ MHI បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការផលិត​រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ ដែលមាន​ទម្ងន់​ប្រហែល 10 តោន ឱ្យបាន​មុន​ការបាញ់​បង្ហោះ​ពី​ពីរ​ទៅ​បី​ឆ្នាំ។

    ចំណែក Toyota វិញ ក្រៅពី​កិច្ចសហការ​ជាមួយ MHI ក្រុមហ៊ុន​នេះ​ក៏​កំពុង​ត្រៀម​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ដៃគូ​ដទៃទៀត គ្រា​ដែល​បាន និង​កំពុង​សហការ​ជាមួយ Bridgestone ដើម្បី​អភិវឌ្ឍ​សម្បក​កង់​រថយន្ត​ធ្វើ​ពី​លោហធាតុ​ដែល​អាច​បើកបរ​លើដី​នៅ​ឋាន​ព្រះ​ចន្ទ៕

  • Mbappe មិនសូវ​អើពើ​ដល់​សំណើ​ផ្ដល់​បៀវត្សរ៍​ជិត 800 លាន​ដុល្លារ​ពី​ក្លឹប​នៅ​អារ៉ាប់

    Mbappe មិនសូវ​អើពើ​ដល់​សំណើ​ផ្ដល់​បៀវត្សរ៍​ជិត 800 លាន​ដុល្លារ​ពី​ក្លឹប​នៅ​អារ៉ាប់

    ខ្សែប្រយុទ្ធ​ជនជាតិ​បារាំង Mbappe ទំនងជា​នឹង​បដិសេធ​សំណើ​បង្កើត​កិច្ចព្រមព្រៀង​មួយឆ្នាំ និង​ប្រាក់បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក ពី​ក្លឹប Al Hilal របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។

    យោងតាម​ទំព័រ Relevo នៅ​ប្រទេស​អេ​ស្ប៉ា​ញ Mbappe មិនមាន​ចេតនា​ទាត់​ឱ្យ​ក្លឹប Al Hilal។ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ ប្ដេជ្ញាចិត្ត​ទាត់​ឱ្យ PSG ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង មុននឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹប Real Madrid ទៅតាម​ទម្រង់​សេរី។

    មុន​នោះ កាលពី​ថ្ងៃទី 24 កក្កដា ក្លឹប Al Hilal បានស្នើ​ទិញ Mbappe ក្នុងតម្លៃ 330 លាន​ដុល្លារ​អាម៉េរិក។ Al Hilal ក៏បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការផ្ដល់ប្រាក់​បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក និង​សិទ្ធិ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid នៅ​ឆ្នាំ 2024 ដល់ Mbappe។

    បន្ទាប់ពី​ព័ត៌មាន​ស្ដីពី​សំណើ​របស់ Al Hilal កំពូល​តារា​បាល់បោះ​នៅ​ពានរង្វាន់ NBA លោក Giannis Antetokounmpo បាន​សរសេរ​លើ Twitter ថា «Al Hilal អ្នក​អាច​ទិញ​ខ្ញុំ​បាន។ ខ្ញុំ​មានមុខមាត់​ដូច Mbappe។

    ក្លឹប Al Hilal ឆ្លើយតប​វិញ​ថា «ស្វាគមន៍​មកកាន់​យើងខ្ញុំ​ក្នុងនាម​ជា​អ្នកគាំទ្រ, Giannis»។ ក្រោយមក Mbappe ក៏បាន​ចូល​បញ្ចេញមតិ​ក្រោម​សារ​របស់ Giannis ដោយ​ការដាក់​រូប​សើច​ចេញ​ទឹកភ្នែក។

    កិច្ចព្រមព្រៀង​រវាង Mbappe និង​ក្លឹប PSG នៅមាន​សុពលភាព​មួយឆ្នាំ​ទៀត។ ការដែល Mbappe បដិសេធ​ការពន្យារ​សុពលភាព​ដល់​ឆ្នាំ 2025 ដែល​ផ្ទុយ​ពី​គម្រោង​ដំបូង​របស់​ភាគី​ទាំងពីរ បានក្លាយ​ជា​រឿង «ទុំ​ជោរ» និង​អាច​បង្ក​ការខាតបង់​ប្រាក់​ច្រើន​ដល់ PSG។ បើសិន​មិន​លក់​នៅក្នុង​រដូវក្ដៅ​នេះ PSG នឹង​បាត់បង់​កីឡាករ​ជនជាតិ​បារាំង​រូបនេះ​ដោយទទេៗ ចាប់ពី​ខែកក្កដា​ឆ្នាំ 2024។

    Kylian Mbappe

    បន្ទាប់ពី​មិន​ទទួលបាន​ចម្លើយ​បកស្រាយ​ពី Mbappe កាលពី​ថ្ងៃទី 22 កក្កដា PSG ក៏​សម្រេចចិត្ត​ប្រកា​សលក់។ PSG ក៏​ដាក់​សម្ពោធ​លើ Mbappe ដោយ​ការមិន​បញ្ចូល​ឈ្មោះ​កីឡាករ​នេះ​ទៅក្នុង​ក្រុម​ដែល​ត្រូវ​ទៅ​ទាន់​នៅ​ប្រទេស​ជប៉ុន។ ពេលនោះ Mbappe ត្រូវបាន​គេ​ជឿថា ទំនងជា​បាន​យល់ព្រម​ធ្វើជា​កីឡាករ​បម្រុង​ពេញ​មួយ​រដូវ​កាល 2023-2024។

    បច្ចុប្បន្ន Mbappe កំពុង​កាន់កាប់​កំណត់ត្រា​ទាត់​ចូល​ទី​បាន 212 គ្រាប់​នៅក្នុង 260 ប្រកួត​សម្រាប់ PSG។ សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង Mbappe រកបាន 40 គ្រាប់ ជាប់​ចំណាត់ថ្នាក់​លេខ 5 នៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់ ដែល​នេះ​គឺ​នៅ​ទាប​ជាង 14 គ្រាប់​បើ​ធៀប​នឹង Olivier Giroud ដែលជា​កីឡាករ​នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់៕

  • ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

    ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

    ប្រទេស​ជប៉ុន​បាន​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំជា​ដើម​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស។

    ដើម្បី​ទប់ទល់​នឹង​បញ្ហា​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​ពី​បរទេស រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​គោលការណ៍​ថ្មី អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំ និង​អនុញ្ញាតឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ ស្នាក់នៅ​ប្រទេស​នេះ​ពីរ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

    ជាពិសេស ចំពោះ​កម្មវិធី​ជ្រើសរើស​អ្នក​ហាត់​ការ​ផ្នែក​បច្ចេកទេស ជប៉ុន​ក៏បាន​ជំរុញ​ និង​លើក​កម្ពស់​កម្មវិធី​ជំនាញ​ពិសេស​លេខ​មួយ ​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​អ្នក​ហាត់​ការ​បាន​ចប់​កិច្ចសន្យា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​នៅ​ប្រទេស​នេះ។

    អ្នក​ហាត់​ការដែល​បាន​ចប់​កិច្ចសន្យា​នឹង​ទ​ទូល​បាន​ភាពងាយស្រួល​នៅក្នុង​ការដាក់​ពាក្យ​ស្នើ​សូម​ទិដ្ឋាការ​ជំនាញ​ពិសេស​លេខ​មួយ ដើម្បី​ធ្វើការ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​បុគ្គលិក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូច​ពលរដ្ឋ​ជប៉ុន។

    ក្រៅពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ​ការកំណត់​នានា​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ចំពោះ​កម្លាំង​ពលកម្ម​មកពី​បរទេស​ផងដែរ៕

  • លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

    លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

    (សហរដ្ឋ​អាម៉េរិក) – បុរស​ម្នា​ក់នៅ California បាន​សារភាពថា បាន​លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ជាង 30 ឆ្នាំ ដើម្បី​ទទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម និង​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ម្ដាយ។

    Randy Grossman រដ្ឋអាជ្ញា​នៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅ​តំបន់ Poway បាន​បន្លំ​ជា​ម្ដាយ​ ទទួល​ប្រាក់​មូលនិធិ​សាធារណៈ​ចំនួន 830,000 ដុល្លារ និង​ប្រាក់​ជិត 30,000 ដុល្លារ ពី​ប័ណ្ណឥណទាន ក្នុង​រយៈពេល 30 ឆ្នាំ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

    ករណីនេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 1990 នៅពេល​ម្ដាយ​របស់ Zampach បានទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន។ មុនពេល​ម្ដាយ​ស្លាប់ លោក Zampach បាន​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​របស់​ម្ដាយ​នៅ California ខាងត្បូង មកជា​ឈ្មោះ​ខ្លួន។

    ច្រើន​ឆ្នាំ​ក្រោយមក បុរស​នេះ​នៅតែ​រក្សា​គណនី​ធនាគារ​របស់​ម្ដាយ និង​បន្លំ​ហត្ថលេខា​របស់​ម្ដាយ​។ Zampach មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អំពី​ការស្លាប់​របស់​ម្ដាយ​ដើម្បីឱ្យ​រដ្ឋ​​ឈប់​ផ្ដល់​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ។ ម្ដាយ​របស់ Zampach ធ្លាប់​បម្រើការ​ក្នុង​ជួរ​កងទ័ព។

    «នេះ​គឺជា​សកម្មភាព​បោកប្រាស​ដែលមាន​ផែនការ​ក្នុង​រយៈពេល 30 ឆ្នាំ ហើយ​ត្រូវតែ​ចាត់ការ​ឱ្យបាន​ម៉ឺងម៉ាត់» Grossman ថ្លែង​ដូច្នេះ។

    Zampach បាន​សារភាព​កំហុស និង​ត្រូវបានការ​​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ។ បុរស​នេះ​នឹង​ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី 20 កញ្ញា​ខាងមុខ ហើយ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 25 ឆ្នាំ។ ជននេះ​ក៏​នឹងត្រូវរដ្ឋ​​រឹបអូស​យក​ផ្ទះ​នៅ Poway ដើម្បី​ជា​សំណង 830,000 ដុល្លារ​ដែល​បាន​បន្លំ​យក។

    ក្នុង​ឆ្នាំ 2020 ពលរដ្ឋ​ជិត 70 លាន​នាក់​បានទទួល​ប្រាក់ខែ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាម៉េរិក ក្នុងនោះ​មាន​ករណី​បន្លំ​ក្រោម 1%៕

  • ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

    ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

    (ប្រទេស​ថៃ) – បន្ទាប់ពីបាន​​ផ្ដួល​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល 3-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ជម្រើសជាតិ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ដោយ​ការ​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទាត់ U17 ទ្វីបអាស៊ីលើក​ទី​បួន​។

    ថ្វីបើ​ត្រូវបាន​វាយតម្លៃថា មាន​សមត្ថភាព​ទាប​ជាង ប៉ុន្តែ​កូរ៉េខាងត្បូង​​លេង​ដោយ​ភាពម្ចាស់ការ និង​គ្រប់គ្រង​បាល់​បានល្អ បន្ទាប់ពី​សំឡេង​ក​ញ្ចែ​​ចាប់ផ្ដើម​ការប្រកួត។

    រហូតដល់​ចុង​តង់​ទីមួយ ទើប​ជប៉ុន​ដណ្ដើមបាន​ប្រៀប​ក្នុងការ​ប្រកួត។ របត់​សំខាន់​បានកើត​ឡើង​នៅ​នាទី​ទី 43 នៅពេល Ko Jong Huyn ទទួលបាន​កាត​លឿង​ទី​ពីរ បន្ទាប់ពី​បាន​បង្កកំហុស​លើ​កីឡាករ​ជប៉ុន។ ដោយសារ​ចំនួន​កីឡាករ​មិន​ស្មើគ្នា ក្រុម​ជប៉ុន​ក៏មាន​ប្រៀប​ជាង​ឆ្ងាយ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

    ការទា​ត់បាល់​ពិន័យ​រកបាន​មួយ​គ្រាប់​របស់ Nawata ក្រោយ​ពីកីឡាករ​​ក្រុម​កូរ៉េខាងត្បូង​ទទួលបាន​កាត​ក្រហម គឺ​ជា​របត់​ដែល​ហាក់​បាន «កម្ទេច» អស់​ក្ដីសង្ឃឹម​របស់​ក្រុម​កូរ៉េខាងត្បូង។ ចូលដល់​តង់​ទី​ពីរ ជប៉ុន​ក៏បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង និង​វាយ​សម្រុក​លើ​ទី​របស់​គូប្រកួត​ជា​បន្តបន្ទាប់។

    នាទី​ទី 67 Nawata ទទួលបាន​បាល់​ពី​មិត្ត​រួម​ក្រុម និង​បាន​យកឈ្នះ​លើ​អ្នកចាំទី​កូរ៉េខាងត្បូង ជួយ​ឱ្យ​ជប៉ុន​នាំមុខ 2-0។ ក្នុង​នាទី​ថែម​ម៉ោង Michiwaki រកបាន​មួយ​គ្រាប់ ជួយ​ឱ្យ​ជប៉ុន​ឈ្នះ 3-0។

    ជ័យជម្នះ​នេះ​ជួយ​ឱ្យ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ដណ្ដើមបាន​តំណែង​ជើងឯកលើក​ទីបួន​នៅ​ U17 ទ្វីបអាស៊ី​ ក្រោយពី​ពានរង្វាន់​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង 19 លើក រាប់​ចាប់ពី​ឆ្នាំ 1985។ U17 ជប៉ុន ដណ្ដើមបាន​តំណែង​នេះ​ក្នុង​ឆ្នាំ 1994, 2006, 2018 និង 2023។ U17 ទ្វីបអាស៊ី​ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ថៃ។

  • ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បង្កើត​រ៉ូ​បូត​មាន​ដៃ​ច្រើន​អាច​ពាក់​លើ​ខ្នង និង​ជួយ​ធ្វើ​កិច្ច​ការ​របស់​មនុស្ស​។

    ថ្មីៗនេះ ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Masahiko Inami ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អភិវឌ្ឍ​រ៉ូ​បូត​មួយ​ប្រភេទ​ដែលមាន​ដៃ​ច្រើន អាច​បំពាក់​លើ​ខ្នងមនុស្ស។ ដៃ Jizai របស់​រ៉ូ​បូត​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ដែល​អាចឱ្យ​វា​ធ្វើតាម​បំណង​មនុស្ស។

    សាស្ត្រាចារ្យ Inami ឱ្យដឹងថា សក្ដានុពលរ​បស់ដៃ​យន្ត​នេះ​ត្រូវបាន​ទន្ទឹងរង់ចាំ​ខ្លាំង ព្រោះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការស្វែងរក និង​ជួយសង្គ្រោះ​នាពេល​អនាគត។

  • បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។

    រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។

    លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង​។

    រថភ្លើង CR400 Fuxing របស់​ចិន
    រថភ្លើង ICE3 របស់​អាល្លឺម៉ង់
    TGV របស់​បារាំង
    JR East E5 របស់​ជប៉ុន
    Al Boraq: 320 km/h (ម៉ារ៉ុក)
    AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង
  • បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    លោកតា Natsuo Nakajima អាយុ 87 ឆ្នាំ បាន​ជូន​មាស​ដុំ​ទម្ងន់ 29 គីឡូក្រាម និង​ប្លា​ទីន​ទម្ងន់ 1 គីឡូក្រាម ដល់​អាជ្ញាធរ​ក្រុង Minoh ដើម្បី​ទិញ​រថយន្ត​សង្គ្រោះបន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    រដ្ឋបាល​ក្រុង Minoh ខេត្ត Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 20 មិថុនា បានរៀបចំ​ពិធី​ទទួល​ដុំ​មាស និង​ប្លា​ទីន តម្លៃ​សរុប 280 លាន​យេន (ជិត 2 លាន​ដុល្លារ​អាម៉េរិក) ពី​លោកតា Nakajima បន្ទាប់ពី​គាត់​ជូន​កាលពី​ខែឧសភា។

    «ខ្ញុំ​ចង់​ប្រគល់​ទៅវិញ​នូវ​អ្វីដែល​ខ្ញុំ​សន្សំ​បាន​នៅ Minoh ក្នុង​រយៈពេល​ជាង 50 ឆ្នាំ​កន្លងមកនេះ» លោកតា Nakajima មាន​ប្រសាសន៍​​ដូច្នេះ និង​ចង់ឃើញ​រដ្ឋអំណាច​ប្រើប្រាស់​អំណោយ​នេះ​ដើម្បី​ទិញ​រថយន្ត​​សង្គ្រោះ​បន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    អភិបាលក្រុង Minoh លោក Ueshima ប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណ និងសរសើរ ដល់លោកតា Nakajima

    លោកតា Nakajima គឺជា​ម្ចាស់​ហាង​លក់​សាច់​គោមួយ​ដែល​បើកទ្វារ​តាំងពី​ឆ្នាំ 1960 នៅ​ទីក្រុង Minoh។ បច្ចុប្បន្ន គាត់​បាន​ចូលនិវត្តន៍ និង​បានប្រគល់​មុខរបរ​នេះ​ឱ្យ​កូនចៅ​គ្រប់​គ្រង​បន្ត​។

    អភិបាលក្រុង លោក Ueshima បាន «សម្ដែង​ការគោរព​ដឹងគុណ​ចំពោះ​លោកតា Nakajima ដែល​បាន​បរិច្ចាគ​ទ្រព្យ​ដែលជា​ញើស​ជា​ឈាម​របស់ខ្លួន»។ អាជ្ញាធរ​​ក្រុង​នឹង​ប្ដូរ​មាស និង​ប្លា​ទីន​ទាំងនេះ​ទៅជា​សាច់ប្រាក់​ដើម្បី​ដាក់ចូល​ថវិកាជាតិ​សម្រាប់​ការ​ចាត់​ចែង​នា​ពេល​ខាងមុខ​៕

  • មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

    នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

    ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

    ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

    ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

  • មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។

    «ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។

    ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។

    លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន Alibaba។ ការ​បង្ហាញ​វត្តមាន​របស់​លោក Jack Ma នេះ​ គឺចំ​ពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ ក្រោយ​ពីបាន​​រឹត​បន្តឹង​វិស័យ​បច្ចេក​វិទ្យា​អស់ជា​ច្រើន​ឆ្នាំ​៕