មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

លោក Jack Ma

ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។

«ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។

ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។

លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន Alibaba។ ការ​បង្ហាញ​វត្តមាន​របស់​លោក Jack Ma នេះ​ គឺចំ​ពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ ក្រោយ​ពីបាន​​រឹត​បន្តឹង​វិស័យ​បច្ចេក​វិទ្យា​អស់ជា​ច្រើន​ឆ្នាំ​៕

Advertisement