មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

Advertisement