ជប៉ុន​ចាប់​ផ្ដើម​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស

ប្រទេស​ជប៉ុន​បាន​អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំជា​ដើម​ ដើម្បី​បង្កើន​ការ​ទាក់ទាញ​កម្លាំង​ពលកម្ម​​ពី​បរទេស។

ដើម្បី​ទប់ទល់​នឹង​បញ្ហា​ក្នុងការ​ទាក់ទាញ​កម្លាំង​ពលកម្ម​ពី​បរទេស រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្កើត​គោលការណ៍​ថ្មី អនុញ្ញាតឱ្យ​អ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ដាក់ពាក្យ​សូម​ប័ណ្ណ​ស្នាក់នៅ ក្រោយពី​ធ្វើការ​នៅ​ប្រទេស​នេះ​បាន​មួយឆ្នាំ និង​អនុញ្ញាតឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ ស្នាក់នៅ​ប្រទេស​នេះ​ពីរ​ឆ្នាំ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។

ជាពិសេស ចំពោះ​កម្មវិធី​ជ្រើសរើស​អ្នក​ហាត់​ការ​ផ្នែក​បច្ចេកទេស ជប៉ុន​ក៏បាន​ជំរុញ​ និង​លើក​កម្ពស់​កម្មវិធី​ជំនាញ​ពិសេស​លេខ​មួយ ​ផ្ដោត​សំខាន់​ទៅលើ​ក្រុម​គោលដៅ​ដែលជា​អ្នក​ហាត់​ការ​បាន​ចប់​កិច្ចសន្យា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​នៅ​ប្រទេស​នេះ។

អ្នក​ហាត់​ការដែល​បាន​ចប់​កិច្ចសន្យា​នឹង​ទ​ទូល​បាន​ភាពងាយស្រួល​នៅក្នុង​ការដាក់​ពាក្យ​ស្នើ​សូម​ទិដ្ឋាការ​ជំនាញ​ពិសេស​លេខ​មួយ ដើម្បី​ធ្វើការ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​បុគ្គលិក​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ដូច​ពលរដ្ឋ​ជប៉ុន។

ក្រៅពីនេះ ជប៉ុន​ក៏​កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ​ការកំណត់​នានា​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​ចំពោះ​កម្លាំង​ពលកម្ម​មកពី​បរទេស​ផងដែរ៕

Advertisement