Tag: សមុទ្រ

  • មនុស្ស​ជាតិនឹង​​អាចត្រូវ​ផុត​ពូជទាំង​ស្រុង​ក្រោយ​ពី​ជាង​ពីរ​រយ​លាន​ឆ្នាំ​ទៀត​?

    មនុស្ស​ជាតិនឹង​​អាចត្រូវ​ផុត​ពូជទាំង​ស្រុង​ក្រោយ​ពី​ជាង​ពីរ​រយ​លាន​ឆ្នាំ​ទៀត​?

    ការ​ផុត​ពូជ​ដ៏​មហា​វិនាស​របស់​ថនិកសត្វ ក្នុង​នោះ​មាន​មនុស្ស​ជាតិ​ជាដើម អាចកើត​ឡើង​ក្រោយ​រយៈ​ពេល 250 លាន​ឆ្នាំ​ទៀត​ នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​​ទាំង​ស្រុង​។

    Alexander Farnsworth ដែលជា​បុរាណ​វិទូ​ប្រចាំ​សាកល​វិទ្យាល័យ Bristol រួម​នឹង​សហការី​ ព្យាករ​ថា ថនិកសត្វ​ រួម​ទាំង​មនុស្ស​ផងដែរ អាច​នឹង​មាន​វត្តមាន​ត្រឹម​តែ​ 250 លាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ព្រោះ​​តែ​អាកាស​ធាតុ​នឹង​ប្រែ​ជា​គ្រោះ​ថ្នាក់​ ដោយ​សារ​កត្តា​ចំនួន​​បី​៖ ព្រះ​អាទិត្យ​ភ្លឺជាង​មុន ភូមិ​សាស្ត្រ​របស់​ទ្វីប​នានា​ប្រែប្រួល​ និង​ឧស្ម័ន​ CO2 កើន​ឡើង​ដល់​កំពូល។

    មុន​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្យាករ​ថា ព្រះ​អាទិត្យ​នឹង​កាន់​តែ​ភ្លឺ​ជាង​មុន​ ហើយ​ក៏​ «លេបយក» ផែនដី​បន្ទាប់​ពី​ 7.6 ពាន់​លាន​ឆ្នាំ​ទៀត​។ ប៉ុន្តែ ជីវិត​ទំនង​ជា​មិន​អាច​មាន​វត្តមាន​បាន​យូរ​ដូច​នេះ​ឡើយ​។ នៅ​ពេល​ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ច្រើន​​ជាង​មុន​ បរិយាកាស​ផែនដី​នឹង​ឡើង​កម្ដៅ​ ធ្វើ​ឱ្យ​ទឹក​ត្រូវ​ហួត​។ ទឹក​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ ដូច្នេះ​វា​នឹង​រក្សា​កម្ដៅ​កាន់​តែ​ច្រើន​។ ពីរពាន់​លាន​ឆ្នាំ​ទៀត ផែនដី​អាច​នឹង​ឡើង​កម្ដៅរហូត​ដល់​ទឹក​ក្នុង​មហា​សមុទ្រ​ត្រូវ​ពុះ​។

    ការសិក្សា​ស្រាវ​ជ្រាវ​របស់ Farnsworth ព្យាករ​ថា មហា​ទ្វីប​ថ្មី​មួយដែល​មាន​ឈ្មោះ​ថា Pangea Ultima នឹង​កើត​ឡើង​តាម​បណ្ដោយ​ខ្សែ​អេក្វាទ័រ​ក្រោយ​រយៈ​ពេល​ 250 លាន​ឆ្នាំ​ទៀត​។ Pangea Ultima នឹង​មាន​កម្ដៅ​ខ្ពស់​ជាង​ឆ្ងាយ​ធៀប​នឹង​បណ្ដា​ទ្វីប​នា​បច្ចុប្បន្ន​ ដោយ​សារ​តែ​ព្រះ​អាទិត្យ​។ រៀង​រាល់​ 110 លាន​ឆ្នាំ​កន្លង​ ថាមពល​ដែល​ព្រះ​អាទិត្យ​បញ្ចេញ​ នឹង​កើន​ឡើងបន្ថែម​​ 1%។

    មហា​ទ្វីប​ Pangea Ultima ក៏រួម​ចំណែក​ធ្វើ​ឱ្យ​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ ព្រោះ​ដី​គោក​ឡើង​កម្ដៅ​លឿន​ជាង​មហា​សមុទ្រ​ ហើយ​ក៏​ធ្វើ​ឱ្យ​អាកាស​ធាតុ​ប្រែ​ប្រួល​ខ្លាំង​ ដោយ​សារ​​ភ្នំ​ភ្លើង​បំភាយ​ CO2 មាន​​ច្រើន​ជាង​មុន​។

    Pangea Ultima នឹង​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ក្នុង​នោះ​មាន​មនុស្ស​ជា​ដើម មិន​អាច​រស់​នៅ​បាន​។ ថនិកសត្វ​ទាំង​អស់​អាច​បាត់​ខ្លួន​នៅ​ក្នុង​យុគសម័យ​ផុត​ពូជ​ដ៏​មហា​វិនាស​ ហើយ​ត្រូវ​បាន​ជំនួស​ដោយ​ប្រភេទសត្វ​ល្មូន​ឈាម​ត្រជាក់​ដែល​អាច​ស៊ូទ្រាំ​នឹង​កម្ដៅ​បាន​ល្អ​៕

  • យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

    យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

    យានអវកាស​ OSIRIS-REx បាន​ហោះ​ហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ 6.2 ពាន់​លាន​គីឡូម៉ែត្រ​ និង​នាំយក​កាប៊ីន​ផ្ទុក​សំណាកដី​របស់​អាចម៍​ផ្កាយ​ Bennu មក​ចុះ​ចត​លើ​សមុទ្រ​ខ្សាច់​នៅ​សហរដ្ឋ​អាម៉េរិក​ប្រកបដោយ​ភាពរលូន​។

    កាល​ពី​ថ្ងៃទី 24 កញ្ញា នៅ​តំបន់​ពិសោធន៍​ Dugway របស់​កងទ័ព​អាម៉េរិក​លើ​សមុទ្រ​ខ្សាច់​ Utah ក្រុម​បុគ្គលិក​របស់​ណាសា (NASA) និង​ទ័ព​អាកាស​អាម៉េរិក​ បាន​ប្រមូល​យក​កាប៊ីន​ផ្ទុក​សំណាក​ដី​ពី​អាចម៍​ផ្កាយ​ Bennu ដែល​យាន​អវកាស​ OSIRIS-REx យក​បាន​កាល​ពី​ឆ្នាំ 2020​។

    យោង​តាម Space បេសកកម្ម​នេះ​គឺជា​លើក​ដំបូង​ដែល​ណាសា​​បាន​យក​ និងបញ្ជូន​សំណាក​ដី​ពី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​។

    បន្ទាប់​ពី​ធ្វើ​ដំណើរ​ជាង 6.2 ពាន់​លាន​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាន់​ Bennu និង​ត្រលប់មក​វិញ យាន​អវកាស OSIRIS-REx បាន​ទម្លាក់​កាប៊ីន​ផ្ទុក​សំណាក​ដី​អាចម៍​​ផ្កាយ​ពី​កម្ពស់​ 101,000 គីឡូម៉ែត្រ​ខាង​លើ​ផ្ទៃ​ផែនដី​។ កាប៊ីន​អវកាស​នេះ​ផ្ទុក​ដី​ និង​វត្ថុធាតុ​ផ្សេង​ៗទម្ងន់​ 250 ក្រាម​ ដែល​យក​បាន​​ពី​អាចម៍​ផ្កាយ Bennu។ សំណាក​ដី​នេះ​អាច​ជួយ​បក​ស្រាយ​សំណួរ​សំខាន់ៗ​របស់​អ្នក​វិទ្យាសាស្ត្រ​ ទាក់​ទង​នឹង​ប្រភព​នៃ​ជីវិត​​នៅ​លើ​ផែនដី​ និង​យុគ​សម័យ​ដំបូង​ៗ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

    បេសកកម្ម​ OSIRIS-REx មាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារនេះ​​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 2016​ ហើយហោះ​​ទៅដល់​អាចម៍​ផ្កាយ​ Bennu ក្នុង​ឆ្នាំ​ 2018 និង​យក​សំណាកដី​ពី​អាចម៍​ផ្កាយ​នេះ​កាល​ពី​ឆ្នាំ 2020​។

    សំណាកដី​អាចម៍​ផ្កាយ​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ទៅ​ឱ្យ​វិទ្យាស្ថាន​ និង​ស្ថាប័ន​អវកាស​នានា​នៅ​លើ​ពិភពលោក​។ ណាសា​នឹង​រក្សា​ទុក​សំណាក់​ដី​នេះ 70% ដើម្បី​វិភាគ​នា​ពេល​ខាងមុខ​។ ក្រៅ​ពី​នេះ សំណាក់​ដី​ 25% ផ្សេង​ទៀត​នឹង​ត្រូវ​ប្រគល់​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ជាង 200 នាក់​នៅ​ស្ថាប័ន​ស្រាវ​ជ្រាវ​ចំនួន 35 ខណៈ​សំណាក​ដី​ 4% ទៀត​នឹង​ត្រូវ​ប្រគល់​ឱ្យ​ស្ថាប័ន​អវកាស​កាណាដា និង​ 0.5% សម្រាប់​ស្ថាប័ន​អវកាស​ជប៉ុន​៕

  • មនុស្ស​ស្លាប់ដោយ​សារ​ទឹក​ជំនន់​​នៅ​លីប៊ី​កើន​លើស​មួយ​ម៉ឺន​មួយ​ពាន់​នាក់​

    មនុស្ស​ស្លាប់ដោយ​សារ​ទឹក​ជំនន់​​នៅ​លីប៊ី​កើន​លើស​មួយ​ម៉ឺន​មួយ​ពាន់​នាក់​

    ក្រុម​មន្ត្រី​លីប៊ី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ទាន់​ បន្ទាប់​ពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ទីក្រុង​ជាប់​សមុទ្រ Derna កាល​ពី​ថ្ងៃទី 11 កញ្ញា​ បាន​កើន​ឡើង​ដល់ជាង 11,000 នាក់​។

    អង្គការ​អឌ្ឍចន្ទក្រហម​លីប៊ី​ កាល​ពី​ថ្ងៃទី 14 កញ្ញា​ បាន​ឱ្យ​ដឹង​ថា មនុស្ស​ 11,300 នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នេះ ក្នុង​នោះ​មាន​សាកសព​ជិត 2,000 នាក់​ត្រូវ​បាន​ទឹក​ជំនន់​គួច​ចូល​ទៅ​សមុទ្រ​។ ក្រុម​មន្ត្រី​នៅ​ទីក្រុង Derna ជឿ​ថា ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​អាច​កើន​ដល់​ 20,000 នាក់​។

    អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់​អង្គការ​សហប្រជាជាតិ​យល់​ថា ការ​បាត់បង់​ជីវិត​មនុស្ស​ដ៏​ធំធេង​អាច​ចៀស​វាង​បាន​ បើ​សិន​លីប៊ី​មាន​ស្ថាប័ន​ឧតុនិយម​ដែល​មាន​ប្រសិទ្ធភាព​។ «បើ​សិន​ស្ថាប័ន​ឧតុនិយមដំណើរ​ការ​ធម្មតា ពួក​គេ​អាច​ប្រកាស​អាសន្ន​។ ស្ថាប័ន​គ្រប់​គ្រង​ស្ថានការណ៍​បន្ទាន់​គួរ​ណាស់​តែ​បាន​ធ្វើ​ការ​ឈ្លៀស​មនុស្ស​» Petteri Taalas ប្រធាន​ WMO ថ្លែង​ដូច្នេះ​។

    ភ្លៀង​ធំ​ដែល​កើត​ឡើង​ដោយ​សារ​ព្យុះ​ Daniel កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ធ្វើ​ឱ្យ​ទំនប់​ទឹក​ចំនួន​ពីរ​នៅ​កំណាត់​ខាង​លើ​នៃ​ទន្លេ​ដែល​ហូរ​ឆ្លង​កាត់​ទីក្រុង Derna ត្រូវ​បាក់​ នាំ​ឱ្យ​ទឹក​ជំនន់​ហូរ​ចូលទីក្រុង​ដែល​មានប្រជាជន​ប្រមាណ 90,000 នាក់​ និង​បាន​បំផ្លាញ និង​កួច​យក​​ស្ទើរ​គ្រប់​អ្វីៗ​ទាំង​អស់​ទៅ​កាន់​សមុទ្រ​៕

  • យន្តហោះ​​​ប្រភេទ​ប្រណិត​ ល្បឿន​ 1,800 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

    យន្តហោះ​​​ប្រភេទ​ប្រណិត​ ល្បឿន​ 1,800 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង S-512 អាច​ហោះ​ហើរ​ក្នុង​រង្វង់ 11,500 គីឡូម៉ែត្រ ដឹក​មនុស្ស​បាន​ពី 12 ដល់ 18 នាក់​ និង​ឆ្ពោះ​ទៅ​រក​ប្រណិត​ភាព​។

    ក្រុម​ហ៊ុន​អាកាសចរណ៍ និង​អវកាស​អាម៉េរិក Spike Aerospace ប្រកាស​ថា ​ចាប់​ផ្ដើម​ទទួល​យក​ការ​បញ្ជាទិញ​ជា​មុន​សម្រាប់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​មាន​តម្លៃ​ 100 លាន​ដុល្លារ​របស់​ខ្លួន​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 កញ្ញា 2023​។

    ក្ដី​ស្រមៃ​អំពី​ការ​ហោះ​ឆ្លង​សមុទ្រ​ក្នុង​ល្បៀន​លឿន​ជាង​សំឡេង​របស់មនុស្ស​ជាតិ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ 2003 នៅ​ពេល Concorde ហោះ​ហើរ​ជា​លើក​ចុង​ក្រោយ​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​ប្រែ​ក្លាយ​ក្ដី​ស្រមៃ​នោះ​ឱ្យ​ក្លាយ​ជា​ការ​ពិត​សាជា​ថ្មី​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន Aerion និង Boom Supersonic ជា​ដើម ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​។ ដូច្នេះ ការ​ប្រកាស​ទទួល​យក​ការ​បញ្ជា​ទិញ​ជា​មុន​របស់ Spike បាន​ធ្វើ​ឱ្យ​មាន​ក្ដីសង្ឃឹម​ដែល​ថា ជើង​ហោះ​ហើរ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​នឹង​មាន​ការ​ពេញ​និយម​។

    យន្ត​ហោះល្បឿន​លឿន​ជាង​សំឡេង​របស់ Spike Aerospace មាន​ឈ្មោះ​ថា S-512 ដែល​អាច​ដឹក​មនុស្ស​បាន​ពី​ 12 ទៅ 18 នាក់​។ យន្តហោះ​នេះ​មាន​ការ​រួម​ផ្សំ​រវាង​ការ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​ និង​ប្រណិត​ភាព​ សម្រាប់​ក្រុម​អតិថិជនដែល​ជា​​អ្នក​មាន​ និង​មាន​តម្រូវ​ការ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​​។

    S-512 គ្រោង​នឹង​ផ្លាស់​ទី​ក្នុង​ល្បឿន​ Mach 1.6 (លឿន​ជាង​សំឡេង​ 1.6 ដង)​ ដែល​ប្រហាក់​ប្រហែល​នឹង​ 1,800 គីឡូម៉ែត្រ​/ម៉ោង​។ ដូច្នេះ អតិថិជន​​អាច​ធ្វើដំណើរ​លឿន​ជាង​យ៉ាង​ហោច 800 គីឡូម៉ែត្រ​/ម៉ោង​ បើ​ធៀប​នឹង​យន្តហោះ​ស៊ីវិល​បច្ចុប្បន្ន​។

    Spike Aerospace មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ច្រើន​អំពី​បច្ចេក​វិទ្យា​របស់​យន្តហោះ S-512 នៅ​ឡើយ​។ ប៉ុន្តែ យោង​តាម​គេហទំព័ររបស់​ក្រុម​ហ៊ុន​នេះ កាប៊ីន​មិន​មាន​បង្អួច​របស់​វា​រួម​ចំណែក​ក្នុង​ការ​នាំ​មក​នូវ​ជើង​ហោះ​ហើរ​ដ៏​ស្ងប់​ស្ងាត់​។ ក្រុម​ហ៊ុន​នេះ​អះអាង​ថា យន្តហោះ​របស់​ខ្លួន​នឹង​មិន​បង្ក​សំឡេង​ផ្ទុះ​នៅ​ពេល​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​។ ដូច្នេះ​វា​អាច​ហោះ​ក្នុង​ល្បឿន​លឿន​បំផុត​ទាំង​នៅ​ពី​លើ​សមុទ្រ​ ទាំង​នៅ​ពី​លើ​ដី​គោក៕

  • រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

    រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

    ភព K2-18 b មាន​ទំហំ​ធំជាង​ពីរ​ដង​ធៀប​នឹង​ផែនដី និង​គោចរ​ក្នុង​តំបន់​ដែល​អាច​រស់​នៅ​បាន​នៅ​ជុំវិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ពី​ព្រះ​អាទិត្យ​ (មួយ​ឆ្នាំពន្លឺ​មាន​ចម្ងាយ 9.46 ទ្រីលាន​គីឡូម៉ែត្រ)។

    តេឡេស្កុប​អវកាស James Webb (JWST) របស់​អាម៉េរិក បាន​រក​ឃើញ​ភស្តុតាង​ស្ដី​ពី​ម៉ូលីគុល​ដែល​មាន​ផ្ទុក​កាបូន​នៅ​ក្នុង​បរិយាកាស​របស់​ភព K2-18 b ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​មហា​សមុទ្រ​។ ភព​ K2-18 b នេះ​គឺជា​គោលដៅ​ដ៏​ទាក់​ទាញ​សម្រាប់​អ្នក​តារា​សាស្ត្រ​ ព្រោះ​ពួក​គេ​កំពុង​ស្វែង​រក​ភាវៈ​រស់​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​។ យោង​តាម​ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 កញ្ញា 2023 ការ​សិក្សា​ស្វែង​យល់ និង​សង្កេត​​ដោយ​តេឡេស្កុប​អវកាស Hubble មុន​នោះ​បង្ហើប​ឱ្យ​ដឹង​ថា ភព​ខាងលើ​នេះ​អាច​ជា​ភព​ដែល​មាន​មហា​សមុទ្រ​ទឹករាវ​។

    K2-18 b មាន​ម៉ាស​ធំជាង​ផែនដី​ប្រហែល 8.6 ដង​ និង​ស្ថិត​ក្នុង​តំបន់​ដែល​អាចរស់​នៅ​បាន​របស់​​ប្រព័ន្ធ​ផ្កាយក្រហម​ K2-18។

    ភព​នេះ​មាន​កាំ​ធំជាង​ផែនដី​ពី 2 ទៅ 3 ដង និង​មាន​ចម្ងាយ​ពី​ព្រះ​អាទិត្យ​របស់​មនុស្ស​ 120 ឆ្នាំ​ពន្លឺ​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​បង្ហាញ​ថា ដាន​របស់​កាបូន​ឌីអុកស៊ីត​ និង​មេតាន​​ក្នុង​បរិយាកាស​របស់​ភព K2-18 b និង​មិន​មាន​អាម៉ូញាក់​ បញ្ជាក់​ថា មាន​មហា​សមុទ្រ​មួយ​នៅ​ខាង​ក្រោម​បរិយាកាស​ដែល​សម្បូរ​អ៊ីដ្រូសែន​។

    JWST ហាក់​បាន​រកឃើញ​ dimethyl sulfide (DMS) ក្នុង​បរិយាកាស​របស់​ភព K2-18 b ទៀត​ផង​។ សមាស​ធាតុ​នេះ​កើត​ឡើង​តែ​ពី​ប្លង់តុង​ (plankton ​គឺ​ជា​មីក្រូ​សារពាង្គកាយ​ដែល​រស់នៅក្នុង​ស្រទាប់​លើ​នៃ​ប្រព័ន្ធ​ទឹក) លើ​ផែនដី​។ ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Cambridge ​ឱ្យ​ដឹង​ថា នឹង​បន្ត​សង្កេត K2-18 b ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​លក្ខខណ្ឌ​នៃ​បរិស្ថាន​របស់​វា​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ផ្សាយ​លើ​ទស្សនាវដ្ដី​ Astrophysical Journal Letters៕

  • ម្ចាស់​ Facebook បង្អួត​ក្បាច់​គុន​​លើ​ស្រឡាងកណ្ដាល​សាគរ

    ម្ចាស់​ Facebook បង្អួត​ក្បាច់​គុន​​លើ​ស្រឡាងកណ្ដាល​សាគរ

    Mark Zuckerberg ហាត់​គុន​លើ​ស្រឡាង​កណ្ដាល​សមុទ្រ​ជាមួយ​នឹង​ក្រុម​អ្នក​គុន​និយម ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​ច្រើន​ឆ្នាំ​មុន​។

    ក្នុងវីដេអូ​ដែល​បង្ហោះ​លើ Instagram នា​សប្ដាហ៍​នេះ​ មហា​សេដ្ឋី Mark Zuckerberg អួត​សកម្មភាព​ហាត់​គុន​ជាមួយ​នឹង​មនុស្ស​ 11 នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រដាល់​ MMA ល្បី​ឈ្មោះ​ រួម​មាន​ Israel Adesanya មក​ពី​នីហ្សេរីយ៉ា និង Alexander Volkanovski មក​ពី​អូស្ត្រាលី​​ផងដែរ។ ពួក​គេ​ប្រយុទ្ធគ្នា​លើ​ស្រឡាង​ អម​នឹង​ភ្លេង​របស់​ភាព​យន្តរឿង Mission Impossible។

    ក្រោយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​ពីរ​ថ្ងៃ​ « វីដេអូ​នេះ​ » ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជិត 200,000 លើក​ រួម​នឹង​មតិ​រាប់ពាន់​លើក​។ អ្នក​ខ្លះ​ថា ម្ចាស់​ Facebook កំពុង​តែ​បញ្ចេញ​ភាព​ខ្លាំង​ក្លា​ ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​​​ឆ្នាំ 2020​។ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​សរសេរ​រំលឹក​ដល់​រឿង​មហា​សេដ្ឋី​ Elon Musk បបួល Mark Zuckerberg ​ប្រកួត​​ប្រដាល់​លើសង្វៀន​។

    កាល​ពី​ចុង​ខែ​មិថុនា 2023 នៅ​លើ​បណ្ដាញ​សង្គម Twitter (បច្ចុប្បន្ន​គឺ X) លោក Elon Musk បាន​បបួល​លោក Zuckerberg ប្រកួត​ប្រដាល់​ ហើយ​ក្រោយ​មក CEO របស់​ Meta ក៏​យល់​ព្រម​។ អ្នកទាំង​ពីរ​ឆ្លង​ឆ្លើយ​នឹង​​គ្នា​ជា​បន្ត​បន្ទាប់​លើ​បណ្ដាញ​សង្គម​ X និង Threads ទាក់​ទិន​នឹង​ការ​ប្រកួត​នេះ​ ប៉ុន្តែ​ចុង​ក្រោយ​លោក​ Musk ក៏បាន​​ទទួល​ស្គាល់​ថា លោក​និយាយ​លេង​៕

  • ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

    ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

    ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែល​មាន​ថាមពល 16 MW និង​​ជា​ផលិត​ផល​ក្នុងស្រុក​របស់​ប្រទេស​ចិន​ ដំណើរ​ការ​នៅ​លើ​សមុទ្រ​ខេត្ត Fujian បង្កើត​បាន​កំណត់ត្រា​ថ្មី​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​ថ្ងៃទី 01 កញ្ញា​ 2023​។

    យោង​តាម​ក្រុម​ហ៊ុនចិន CTGC ​ដែល​​គ្រប់​គ្រង​​​ទួរប៊ីន​ខាងលើ​ ប្រព័ន្ធ​កង្ហារ​លើសមុទ្រ​នេះ​ដំណើរ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ផលិត​អគ្គិសនី​ក្នុងមួយ​ថ្ងៃ​បាន​រហូត​ដល់ 384,000 គីឡូវ៉ាតម៉ោង​ ស្មើ​នឹង​បរិមាណ​អគ្គិសនី​ដែល​​ប្រើ​ប្រាស់​​ក្នុង​មួយ​ថ្ងៃ​របស់​មនុស្ស​ជិត 170,000​ នាក់​។

    សូម​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​បាន​ដំឡើង​កាល​ពី​ចុង​ខែ​មិថុនា 2023 ទួរប៊ីនខ្យល់​ខាងលើ​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​ និង​ចាប់​ផ្ដើម​ផលិត​អគ្គិសនី​ពី​ថ្ងៃទី 19 កក្កដា​។

    តាម​ផែនការ​ ទួរប៊ីន​ខ្យល់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ ដែលនេះ​គឺ​​គ្រប់​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​មនុស្ស​នៅ​ក្នុង​ 36,000 គ្រួ​សារ​ដែលក្នុង​មួយ​គ្រួសារ​​មាន​សមាជិក​បី​នាក់​។ ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​នេះ​មាន​ស្លាប​ចក្រ​ដែល​វិល​ក្នុង​ផ្ទៃ​ក្រឡា​ប្រហែល 50,000 ម៉ែត្រ​ការ៉េ ស្មើ​នឹង​ទីលាន​បាល់​ទាត់​ស្ដង់ដាចំនួន​ 7 បូក​ចូល​គ្នា​។

  • យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

    យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

    យាន Dragon បាន​ចុះចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​សមុទ្រ​ Jacksonville រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​ កាល​ពី​ព្រឹក​ម្សិលមិញ​។

    យាន​អវកាស Dragon ដឹក​ក្រុម​​អវកាស​ចរ​ Crew-6 ដែល​រួម​មាន​ Stephen Bowen និង​ Warren “Woody” Hoburg (អាម៉េរិក), Sultan AlNeyadi (អេមីរ៉ាត​អារ៉ាប់រួម), Andrey Fedyaev (រុស្ស៊ី) បាន​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក នៅ​វេលា​ម៉ោង​ 11 និង 17 នាទី ថ្ងៃទី 04 កញ្ញា (ពេលវេលា​នៅ​កម្ពុជា​)​។

    «យើង​បាន​ចេញ​ដើរ​ក្នុង​អវកាស​បី​លើក ជួយ​យាន​ដឹក​ទំនិញ​ Cygnus មួយ​គ្រឿង​ចូល​ចត​នៅ​ស្ថានីយអវកាស​អន្តរជាតិ (ISS)។ យើង​ក៏​ធ្វើ​កិច្ច​ការ​ថែ​ទាំ​ជា​ច្រើន​ទៀត ហើយ​សង្ឃឹម​ថា ពេលយើង​ចាក​ចេញ ស្ថានីយ​នឹង​ប្រសើរ​ឡើង​​មុន​បន្តិច​ធៀប​នឹង​កាល​ពី​ពេល​ទើប​មក​» Warren ថ្លែង​ដូច្នេះ​។

    យាន Dragon បាន​ផ្ដាច់​ចេញ​ពី ISS កាល​ពី​វេលា​ម៉ោង 16 និង 05 នាទី ថ្ងៃទី 03 កញ្ញា​។ ការ​វិល​ត្រលប់​របស់​ក្រុម​ Crew-6 នេះ ក៏​បាន​បញ្ចប់​បេសកកម្ម​អវកាស 186 ថ្ងៃ​របស់​ពួក​គេ​។ កប៉ាល់​របស់​ SpaceX ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​ទីតាំង​ចុះចត បាន​នាំ​យក​យាន​អវកាស​ រួម​នឹង​អវកាសចរ​ឡើង​គោក​ដោយ​សុវត្ថិភាព​។

    ក្រោយ​ពី​ក្រុម​ Crew-6 ត្រលប់​មក​កាន់​ផែនដី ​លើ​ ISS ​នៅ​សល់​អវកាសចរ​ 7 នាក់​ រួម​មាន​ អ្នក​អវកាស​របស់​អាម៉េរិក អឺរ៉ុប ជប៉ុន និង​រុស្ស៊ី​។ យាន​ Soyuz MS-23 របស់​រុស្ស៊ី​គ្រោង​នឹង​ដឹក​អ្នក​អវកាស​ 3 រូប​ ត្រលប់មក​កាន់​ផែនដី​នៅ​ចុង​ខែ​កញ្ញា​ 2023​៕

  • បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ស្អែក

    បេសកកម្ម​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យត្រូវ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជើង​ហោះ​ហើរ​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បាន​ទទួល​ជោគ​ជ័យ​។ ស្ថានីយ​សង្កេត​ Aditya-L1 ត្រូវ​បាន​ដឹក​ទៅ​ដល់​ទីតាំង​បាញ់​បង្ហោះ​​លើ​កោះ Sriharikota នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​ឥណ្ឌា​ ហើយ​នឹង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី 02 ខែ​កញ្ញា​ ឆ្នាំ 2023​។

    អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​អំពី​ថ្ងៃ​បាញ់​បង្ហោះ​ខាងលើ​​នៅ​លើ​ Twitter ក្រោយ​ពី​បាន​ចែក​រំលែក​រូប​ថត​មួយ​ចំនួន​ស្ដី​ពី​​យាន​អវកាស​ Aditya-L1 (Aditya ក្នុង​ភាសា​សំស្ក្រឹត​មាន​ន័យ​ថា ព្រះ​អាទិត្យ) ​កាល​ពី​ថ្ងៃទី 13 សីហា​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​បាន និង​កំពុង​កើត​ឡើង​នៅ​លើ​ព្រះ​អាទិត្យ​ មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ និង​ពពក​ប្លាស្មា​ដ៏មហិមា​ទៅ​កាន់​ទី​អវកាស​។ល។ សហគមន៍​អ្នក​ស្រាវ​ជ្រាវ​​សង្ឃឹម​ថា Aditya-L1 នឹង​ផ្ដល់​តម្រុយ​អំពី​អាថ៌កំបាំង​នានា​នៅ​លើ​ព្រះ​អាទិត្យ​។

    យាន​ Aditya-L1 គ្រោង​នឹង​ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​មួយ​គ្រឿង​ដែល​នឹង​នាំ​វា​ទៅ​កាន់​គន្លង​គោចរ​ស្ថិរភាព​នៅ​ជុំវិញ​ផែនដី មុន​នឹង​ហោះសំដៅ​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ​ ជា​ទី​ដែល​ពុំ​មាន​ឧបសគ្គ​សម្រាប់​ចក្ខុវិស័យ​របស់​យាន​ពេល​សង្កេត​មើល​ព្រះ​អាទិត្យ​។ តំបន់​នេះ​ត្រូវ​បាន​ហៅ​ថា ចំណុច​ Lagrange ផែនដី​-ព្រះ​អាទិត្យ​ 1 ឬ L1 ហើយ​វា​ក៏​ជា​កន្លែង​ដែល​មាន​យាន​ស្រាវ​ជ្រាវ​ព្រះ​អាទិត្យ​របស់​អាម៉េរិក-​អឺរ៉ុប ដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1996​ ផងដែរ​។

    ស្ថានីយ​ Aditya-L1

    ស្ថានីយ​ Aditya-L1 មាន​តម្លៃ​ 45 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​រយៈ​ពេល 15​ ឆ្នាំ​។ Aditya-L1 គឺជា​គម្រោង​បាញ់​បង្ហោះ​សំខាន់​ទីពីរ​របស់​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ 2023 នេះ​។ មុន​នោះ យាន​អវកាស Chandrayaan-3 បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី 23 សីហា 2023​ នាំ​ឱ្យ​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​មាន​យាន​ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ឋាន​រណប​មួយ​នេះ​៕

  • ផ្កាយ​ដែល​មាន​រលកយក្ស​ល្បឿន​លឿន​​ជាង​សំឡេង​ និង​ខ្ពស់​ជាង​ព្រះ​អាទិត្យ​បី​ដង

    ផ្កាយ​ដែល​មាន​រលកយក្ស​ល្បឿន​លឿន​​ជាង​សំឡេង​ និង​ខ្ពស់​ជាង​ព្រះ​អាទិត្យ​បី​ដង

    មហា​រលក​យក្ស​កើត​ឡើង​ម្ដងៗ​មាន​កម្ពស់​ 4 លាន​គីឡូម៉ែត្រ ដែល​បោក​ខ្ទប់​លើ​ផ្ទៃ​ផ្កាយ​នេះ សុទ្ធ​តែ​បញ្ចេញ​ថាមពល​មហា​សាល​ ​គ្រប់​គ្រាន់​អាច​កម្ទេច​ផែនដី​ឱ្យ​ក្លាយ​ជា​បំណែក​រាប់​រយ​។

    ផ្កាយខ្នាត​យក្ស​មួយ​ដួង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ឆ្លងកាត់​រលក​យក្ស​ដ៏​ខ្លាំង​ក្លា​ និង​ខ្ពស់​ជាង​ព្រះ​អាទិត្យ​ 3 ដង​ បោក​ខ្ទប់​ទៅ​លើ​ផ្ទៃ​របស់​វា​។ ផ្កាយ​ដែល​មាន​រហ័សនាម​ថា «ផ្កាយ​ចង្វាក់​បេះដូង» នេះ ក៏​ជា​វត្ថុ​អវកាស​ដែល​​មាន​ពន្លឺ​​ប្រែប្រួល​ខ្លាំង​ទៅ​តាម​វដ្ដ​ នៅ​ពេល​កម្លាំង​ទំនាញ​របស់​ផ្កាយ​មួយ​ដួង​ដែល​រួម​​ដំណើរ​​ ទាញ​វា​ឱ្យទៅ​ជា​រាង​​ពង​ក្រពើ​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 15 សីហា 2023​។

    តាម​ជាក់​ស្ដែង រលកយក្ស​នៅ​លើ​​ផ្កាយ​ចង្វាក់​បេះដូង​​ កើត​ឡើង​ក្រោម​ឥទ្ធិពល​របស់​ផ្កាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ នៅ​ពេល​វា​គោចរ​ដល់​ចំណុច​ក្បែរ​បំផុត​ ទៅ​តាម​គន្លង​ដែល​មាន​រូប​រាង​ដូច​​ពង​ក្រពើ​ និង​មាន​វដ្ដ 32.8 ថ្ងៃ​។ ដូច​ទៅ​នឹង​ទំនាញ​របស់​ព្រះ​ចន្ទដែល​ជា​ប្រភព​នៃ​បាតុភូត​ទឹក​ជោរ​នាច​នៅ​លើ​ផែនដីនៅ​ពេល​វា​អូស​មហា​សមុទ្រ​ទៅ​រក​វា​ កម្លាំង​ទំនាញ​របស់​ផ្កាយ​រួម​ដំណើរក៏ទាញ​វត្ថុធាតុ​ពី​ផ្កាយ​ចង្វាក់បេះដូង​ទៅ​រក​វា​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ បង្កើត​បាន​ជា​មហា​រលក​យក្ស​ប្លាស្មា​។

    ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ខាង​លើ​មាន​ឈ្មោះ​ថា MACHO 80.7443.1718 និង​មាន​ចម្ងាយ​ពី​ផែនដី​ 169,000 ឆ្នាំ​ពន្លឺ​ ស្ថិត​ក្នុង​បណ្ដុំ​ពពក​ Magellan ធំ។ ប្រព័ន្ធ​ផ្កាយ​នេះ​រួម​មាន ផ្កាយ​ធំជាង​គេ​មាន​ម៉ាស​ធំ​ជាង​ព្រះ​អាទិត្យ​ 35 ដង​ និង​ផ្កាយ​រួម​ដំណើរ​មួយ​ដួង​ដែល​តូច​ជាង​។

    ដោយ​សារ​តែ​រូប​រាង​របស់​ផ្កាយ​ធំជាង​គេ​ក្នុង​ប្រព័ន្ធ​ MACHO 80.7443.1718 ត្រូវ​ប្រែប្រួល ពួក​វា​ប្ដូរវេន​គ្នា​បែរ​ផ្ទៃ​មុខ​ធំជាង​ និង​តូច​ជាង​តម្រង់​មក​កាន់​ផែនដី​ នាំ​ឱ្យ​ពន្លឺ​មាន​ការ​ប្រែ​ប្រួល​ចុះ​ឡើង​ដូច​ចង្វាក់​បេះដូង​។ នេះ​គឺជា​មូលហេតុ​ដែល​ MACHO 80.7443.1718 មាន​រហ័សនាម​ថា​ ផ្កាយ​ចង្វាក់​បេះដូង​។ ឱ្យ​តែ​គោចរ​បាន​ 32.8 ថ្ងៃ ផ្កាយ​នេះ​ត្រូវ​ឆ្លង​កាត់​វដ្ដ​ធម្មតា​មួយ​ដែល​មាន​ពន្លឺ​កើន​ឡើង 20% ខ្ពស់​ជាង 200 ដង បើធៀប​នឹង​ការ​ប្រែ​ប្រួល​ពន្លឺ​របស់​បណ្ដា​ផ្កាយ​ប្រភេទ​ចង្វាក់​បេះដូង​ដទៃ​។

    តារាវិទូ Morgan MacLeod និង​សហការី​នៅ​មជ្ឈមណ្ឌល​ Harvard – Smithsonian បាន​រក​ឃើញ​ថា MACHO 80.7443.1718 មិន​ត្រឹម​តែ​មាន​ផ្កាយពីរ​ដួង​ដែល​ជា​ប្រភេទ​ផ្កាយ​​ចង្វាក់បេះដូង​នោះ​ទេ តែ​មហា​រលក​យក្ស​ប្លាស្មា​​ដែល​កើត​ ​ពី​ទំនាញ​រវាង​ផ្កាយ​ទាំង​ពីរ​នេះ ក៏ខ្ពស់ និង​មាន​ថាមពល​​ខ្លាំងក្លា​ផងដែរ​។ «រលក​យក្ស​ដែល​កើត​ឡើង​ម្ដងៗ ​មាន​កម្ពស់​ 4 លាន​គីឡូម៉ែត្រ និង​បើក​ខ្ទប់​លើ​ផ្ទៃ​ផ្កាយ​នេះ សុទ្ធ​តែ​បញ្ចេញ​ថាមពល​​ច្រើន​គ្រប់​គ្រាន់​​អាច​កម្ទេច​ផែនដី​ឱ្យ​ក្លាយ​ជា​បំណែក​រាប់​រយ​»​ Morgan MacLeod ឱ្យ​ដឹង​ដូច្នេះ​។

    ​ផ្កាយ​ធំជាង​គេ​ក្នុង​ប្រព័ន្ធ MACHO 80.7443.1718 ​មាន​កាំ​​ប្រវែង​ 16.7 លាន​គីឡូម៉ែត្រ វែង​ជាង​កាំ​របស់​ព្រះ​អាទិត្យ​ 24 ដង​។ MACHO 80.7443.1718 មាន​អាយុ​ទើប​តែ​ 6 លាន​ឆ្នាំ​ ហើយ​វា​នឹង​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា​ក្រោយ​រយៈ​ពេល​តែ​ប៉ុន្មាន​លាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​៕