មនុស្ស​ស្លាប់ដោយ​សារ​ទឹក​ជំនន់​​នៅ​លីប៊ី​កើន​លើស​មួយ​ម៉ឺន​មួយ​ពាន់​នាក់​

អ្នកស្ម័គ្រចិត្តអង្គុយលើគំនរបាក់បែករបស់អគារមួយដែលត្រូវបានបំផ្លាញដោយទឹកជំនន់នៅទីក្រុង Derna ប្រទេសលីប៊ី កាលពីថ្ងៃទី 14 កញ្ញា 2023

ក្រុម​មន្ត្រី​លីប៊ី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ទាន់​ បន្ទាប់​ពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ទីក្រុង​ជាប់​សមុទ្រ Derna កាល​ពី​ថ្ងៃទី 11 កញ្ញា​ បាន​កើន​ឡើង​ដល់ជាង 11,000 នាក់​។

អង្គការ​អឌ្ឍចន្ទក្រហម​លីប៊ី​ កាល​ពី​ថ្ងៃទី 14 កញ្ញា​ បាន​ឱ្យ​ដឹង​ថា មនុស្ស​ 11,300 នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នេះ ក្នុង​នោះ​មាន​សាកសព​ជិត 2,000 នាក់​ត្រូវ​បាន​ទឹក​ជំនន់​គួច​ចូល​ទៅ​សមុទ្រ​។ ក្រុម​មន្ត្រី​នៅ​ទីក្រុង Derna ជឿ​ថា ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​អាច​កើន​ដល់​ 20,000 នាក់​។

អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់​អង្គការ​សហប្រជាជាតិ​យល់​ថា ការ​បាត់បង់​ជីវិត​មនុស្ស​ដ៏​ធំធេង​អាច​ចៀស​វាង​បាន​ បើ​សិន​លីប៊ី​មាន​ស្ថាប័ន​ឧតុនិយម​ដែល​មាន​ប្រសិទ្ធភាព​។ «បើ​សិន​ស្ថាប័ន​ឧតុនិយមដំណើរ​ការ​ធម្មតា ពួក​គេ​អាច​ប្រកាស​អាសន្ន​។ ស្ថាប័ន​គ្រប់​គ្រង​ស្ថានការណ៍​បន្ទាន់​គួរ​ណាស់​តែ​បាន​ធ្វើ​ការ​ឈ្លៀស​មនុស្ស​» Petteri Taalas ប្រធាន​ WMO ថ្លែង​ដូច្នេះ​។

ភ្លៀង​ធំ​ដែល​កើត​ឡើង​ដោយ​សារ​ព្យុះ​ Daniel កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ធ្វើ​ឱ្យ​ទំនប់​ទឹក​ចំនួន​ពីរ​នៅ​កំណាត់​ខាង​លើ​នៃ​ទន្លេ​ដែល​ហូរ​ឆ្លង​កាត់​ទីក្រុង Derna ត្រូវ​បាក់​ នាំ​ឱ្យ​ទឹក​ជំនន់​ហូរ​ចូលទីក្រុង​ដែល​មានប្រជាជន​ប្រមាណ 90,000 នាក់​ និង​បាន​បំផ្លាញ និង​កួច​យក​​ស្ទើរ​គ្រប់​អ្វីៗ​ទាំង​អស់​ទៅ​កាន់​សមុទ្រ​៕

Advertisement