Tag: វិទ្យាសាស្ត្រ

  • ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

    ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​ប្រកាស​ថា កំពុង​អភិវឌ្ឍ​វិធីសាស្ត្រថ្មី​ដែល​ទំនើប​ ដើម្បី​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន និង​ម៉ាទឹក​កក​ ដោយ​យោង​ទៅ​តាមបច្ចេក​វិទ្យា​វ៉ាក់សាំង​។

    យោង​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 តុលា 2023​ វ៉ាក់សាំង​ឈ្មោះ Calixcoca ដែល​កំពុង​ត្រូវ​បាន​ពិសោធ​នេះ ​អាច​ដាស់​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ឱ្យទប់​ស្កាត់​សារធាតុ​កូកាអ៊ីន និងម៉ា​ទឹក​កក​ដែល​នឹង​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់បំផ្លាញ​វដ្ដ​នៃ​អាការ​ញៀន​។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​លែង​មាន​អារម្មណ៍​ត្រេក​ត្រអាល​នៅ​ពេល​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

    អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យរដ្ឋ Minas Gerais បាន​ឱ្យ​ដឹង​ថា បើ​សិន​វិធី​សាស្ត្រ​ព្យាបាល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​ដំបូង​គេ​ដែល​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន​។

    បច្ចុប្បន្ន​ វ៉ាក់សាំង​នេះ​ជិត​ចូល​ដល់​ដំណាក់​កាល​ពិសោធ​ចុង​ក្រោយ​នៅ​លើមនុស្ស​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា វ៉ាក់សាំង Calixcoca អាច​កំណត់​ឡើង​វិញ​នូវ​ការ​ព្យាបាល​អាការ​ញៀន​នឹង​គ្រឿង​ញៀន​។

    គម្រោង​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាម៉េរិក​ពី Euro Health Innovation ដែល​ឧបត្ថម្ភដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Eurofarma៕

  • ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

    Dragonfly ដែល​ជា​ដ្រូន​គំរូ​ដើម​ខ្នាត​ធំ​ ប៉ុនកូន​​រថយន្ត​ ហើយ​គ្រោង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​ចន្ទ​ធំបំផុត​របស់​ភព​សៅរ៍​ ទើបតែ​​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​បន្ទប់​ខ្យល់​។

    កន្លង​មក​ ណាសា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ហួស​ពី​គោលដៅ​នៃ​បេសក​កម្ម​ដំបូង​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ Ingenuity ហោះ​ហើរ​បាន​ 63 លើក​នៅ​លើ​ភព​អង្គារ​។ ណាសា​យល់​ដឹង​បាន​ច្រើន​ពី​ឧទ្ធម្ភាគ​ចក្រ​ដំបូង​នេះ​ និង​ត្រៀម​អនុវត្ត​ចំពោះ​យាន​ធំ​ជាង​នេះ​នៅ​លើ​ទីតាន (Titan) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​របស់​ភព​សៅរ៍​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 24 តុលា 2023​។

    ដ្រូន Dragonfly ប្រើ​ប្រាស់​ស្លាប​កង្ហារ​ចំនួន 8 និង​មាន​ទំហំ​ប៉ុន​កូន​ឡាន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Johns Hopkins រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​តេស្ត​ទៅ​លើ​ដ្រូន​គំរូ​ដើម​ដែល​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​ទំហំ​ផ្លូវ​ការ​ និង​បាន​ចែក​រំលែក​លើ​អ៊ីនធើណិត​។

    Dragonfly នឹង​ជា​បេសកកម្ម​ដំបូង​របស់​ណាសា​ ដែល​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​របស់​ «ពិភព​មហា​សមុទ្រ​» មួយ​ផ្សេង​ទៀត ក្រៅ​ពី​ផែនដី​។ ដូច​ទៅ​នឹង​ផែនដី ព្រះ​ចន្ទ​ទីតាន​មាន​ប្រព័ន្ធ​អាកាស​ធាតុ​ ទន្លេ និង​សមុទ្រ​នៅ​លើ​ផ្ទៃ​ ប៉ុន្តែ​ខុស​ត្រង់​ថា ធាតុ​រាវ​ដែល​ហូរ​នៅ​លើ​ទីតាន​មាន​ផ្ទុក​មេតាន​រាវ មិន​មែន​ទឹក​ឡើយ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿ​ថា ព្រះ​ចន្ទ​មួយ​នេះ​អាច​មាន​លាក់​ភាវៈ​រស់​។

    ដ្រូន​ថ្មី​នេះ​នឹង​ស្រាវ​ជ្រាវ​ផ្ទៃ​ខាងលើ​របស់​ព្រះចន្ទ​ទីតាន​ ជា​ទី​ដែល​មនុស្ស​ទើប​បាន​ដឹង​តិច​តួច​បំផុត​នៅ​ឡើយ​។

    តាម​គម្រោង​ Dragonfly នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ទៅ​កាន់​ទីអវកាស​នៅ​ឆ្នាំ 2027​។ បើ​សិន​អ្វី​ៗ​ដំណើរ​ការ​រលូន វា​នឹង​ទៅដល់​ព្រះចន្ទ​ទីតាន​នៅ​ឆ្នាំ ​2034​។

  • ចាប់​បាន​រលក​វិទ្យុ​​ជះ​​ពី​ 8 ពាន់​លាន​ឆ្នាំមុន និង​មាន​​ចង្វាក់​​ដូច​សំឡេង​បេះដូង

    ចាប់​បាន​រលក​វិទ្យុ​​ជះ​​ពី​ 8 ពាន់​លាន​ឆ្នាំមុន និង​មាន​​ចង្វាក់​​ដូច​សំឡេង​បេះដូង

    រលក​វិទ្យុ​ «ផ្ទុះ» ភ្លឹប​ភ្លែត​ដែល​ទើប​តែត្រូវ​បាន​រកឃើញ ​មាន​ប្រភព​ពី​ទី​ដ៏គួរ​ឱ្យ​ព្រឺ​ព្រួច​​ ជា​ពេល​ដែល​ចក្រវាល​ទើប​តែ​កកើត​ដំបូង​ៗ​។

    រលកសញ្ញា​ដ៏​​អាថ៌កំបាំង​ មាន​ឈ្មោះ​ថា FRB 20220610A ដែល​កើត​ឡើង​តាំង​ពី​ 8 ពាន់​លាន​ឆ្នាំ​មុន គឺជា​ «រលកវិទ្យុមួយចង្វាក់»។ រលកវិទ្យុ​មួយ​ចង្វាក់​គឺជា​រលក​សញ្ញា​វិទ្យុល្បឿន​លឿន​​មួយ​ប្រភេទ​ដែល​ខ្លាំងក្លា អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​អន្តរ​កាឡាក់ស៊ី។ អ្នក​ខ្លះ​ថា វា​កើត​ឡើង​ដោយ​សារ​ការ​ប៉ះ​គ្នា​រវាង​ប្រហោង​ខ្មៅ (Black Hole) ផ្កាយ​នឺរ​ត្រុង ឬ​ពី​មនុស្ស​​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

    យោង​តាម Live Science រលកវិទ្យុ​នេះ​មាន​វ័យ​ចំណាស់ និង​ឆ្ងាយ​ជាង 1.5 ដង បើ​ធៀប​នឹង​រលក​វិទ្យុ​ដែល​កាន់​កាប់​កំណត់​ត្រា​មុន​នោះ​។

    នៅ​ក្នុង​ជ្រុង​មួយ​នៃ​តេឡេស្កុប​វិទ្យុ ពន្លឺ​ជះ​ចេញ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ មាន​ល្បឿនលឿន ភ្លឹប​ភ្លែត​ទៅតាម​វដ្ដ​មួយ​ដូច​ចង្វាក់​បេះដូង​។

    លើក​នេះ​ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា ពួក​គេ​បានដឹង​អំពី​ប្រភព​របស់​វា​ នោះ​គឺ​ ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កាឡាក់ស៊ី​បុរាណ​ចំនួន​បី​។

  • រកឃើញ​ «ភ្នែក​អវកាស​» ដ៏មហិមា​ កំពុង​សម្លឹង​មក​ផែនដី

    រកឃើញ​ «ភ្នែក​អវកាស​» ដ៏មហិមា​ កំពុង​សម្លឹង​មក​ផែនដី

    តេឡេស្កុប​វិទ្យុ ASKAP នៅ​អូស្ត្រាលី​ភាគ​​ខាង​លិច​ ថត​បាន​រូប​ភាព​ដ៏​ស្រស់​ស្អាត​ស្ដីពី​រចនា​សម្ព័ន្ធ​អវកាស​មួយ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​ដ៏​ធំ លាត​សន្ធឹង​រហូត​ដល់ 60,000 ឆ្នាំពន្លឺ​។ យោង​តាម​ទំព័រ SpacePlace របស់​ណាសា មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​​ប្រមាណ​ 9 ទ្រីលាន​ (9,000,000,000,000) គីឡូម៉ែត្រ​។

    យោង​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ Monthly Notices of the Royal Astronomical Society រចនា​សម្ព័ន្ធ​អវកាស​ចម្លែក​នេះ​គឺជា​ កាឡាក់ស៊ី​ប្រភេទ Polar-ring (បកប្រែក្រៅ​ផ្លូវ​ការ​ថា «កាឡាក់ស៊ី​រង្វង់ចិញ្ចៀន») និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា NCG 4632។

    ខុស​ពី​កាឡាក់ស៊ី​ដែល​មាន​ផែនដី Milky Way កាឡាក់ស៊ី NCG 4632 មាន​ថាស​ពន្លឺ​មួយ និង​ពពក​ដ៏​មហិមា​ព័ទ្ធ​ជុំវិញ​ស្នូល​របស់​វា​។ រង្វង់​ពពក​នេះ​ភាគ​ច្រើន​គឺជា​ឧស្ម័ន​អ៊ីដ្រូសែន​ និង​ផ្អៀង​ប្រហែល​ 90 ឌឺក្រេ បើ​ធៀប​នឹង​ផ្ទៃ​របស់​កាឡាក់ស៊ី​។

    រចនាសម្ព័ន្ធ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​នេះ​អាច​មាន​ផ្ទុក​ធូលី និង​ផ្កាយ​។ រង្វង់​របស់ NCG 4632 លាត​សន្ធឹង​រហូតដល់ 60,000 ឆ្នាំ​ពន្លឺ​។ រង្វង់​ឧស្ម័ន​នៅ​ខាង​ក្រៅ បូក​រួម​នឹង​ថាស​ខាង​ក្នុង​ដែល​នៅ​ជុំវិញ​ស្នូល NCG 4632 ហាក់​ដូច​ជា​កែវ​ភ្នែក​ដ៏​ធំ​មួយ​គ្រាប់​កំពុង​សម្លឹង​មកកាន់​ផែនដី​។

    ការ​ស្វែង​យល់​អំពី​កាឡាក់ស៊ី​រង្វង់​មូល​ដូច NCG 4632 នឹង​រួម​ចំណែក​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​យល់​ដឹង​អំពី​អាថ៌កំបាំង​ដែល​មនុស្ស​មិន​ទាន់​ដឹង​ ទាក់​ទង​នឹង​របៀប​កកើត​របស់​បណ្ដា​កាឡាក់ស៊ី​ និង​ការ​វិវត្ត​របស់​ពួកវា​នៅ​ក្នុង​ចក្រវាល​។ យោង​តាម Science News មក​ដល់​បច្ចុប្បន្ន អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​នឹង​សំណួរ​ដែល​ថា «ហេតុ​អ្វី​កាឡាក់ស៊ី​មួយ​ចំនួន​មាន​រង្វង់​មូល​ ខណៈ​កាឡាក់ស៊ី​ស្ទើរ​តែ​ទាំង​អស់​បែរ​ជា​មិន​រង្វង់​បែប​នេះ​ទៅ​វិញ?»។

  • អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

    អ្នក​វិទ្យាសាស្ត្រ​ប្រើ​ប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដើម្បី​អភិវឌ្ឍ​ថ្នាំ​ព្យាបាល​ទឹក​នោមផ្អែម

    ដោយមាន​ជំនួយ​ពី​បញ្ហាសិប្បនិម្មិត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​បានបង្កើត​ឱសថ​​បញ្ចុះ​ទម្ងន់​ថ្មី​មួយ​ប្រភេទ។ ថ្នាំ​នេះ​ក៏​អាច​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​ផងដែរ​។

    យោង​តាម​សារព័ត៌មាន​ SCMP ឱសថ​ថ្មី​ដែល​​ត្រូវ​បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ឱសថ MindRank ដោយ​មាន​ជំនួយ​ពី​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត​ (AI) នេះ បាន​ឈាន​ដល់​ការ​​ពិសោធន៍​​លើ​មនុស្ស​ដំណាក់​កាល​ទីពីរ​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា ឱសថ​នេះ​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទី​ផ្សារ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ថ្នាំ​ធម្មតា​។

    ត្រូវ​បាន​ដាក់​ឈ្មោះ​ថា MDR-001 ឱសថ​នេះ​ដំណើរ​ការ​តាម​រយៈ​ការ​តភ្ជាប់​ peptide-1 ដូច​ glucaon (GLP-1-R) ដែល​ជួយ​ឱ្យ​វា​ជំរុញ​ការ​បញ្ចេញ​អាំងស៊ុយលីនពី​លំពែង​ ដើម្បី​កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​បញ្ចុះទម្ងន់​រាង​កាយ​។

    MDR-001 ទទួល​បាន​ជោគ​ជ័យក្នុង​ការ​​ពិសោធ​​លើ​មនុស្ស​ដំណាក់​កាល​ដំបូង​ ហើយ​កាល​ពី​ដើម​ខែ​កញ្ញា 2023 ក្រុម​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុងការ​ពិសោធ​ដំណាក់​កាលទីពីរ​។

    MDR-001 គឺជា​ឱសថ​ដំបូងរបស់​ក្រុម​ហ៊ុន​ចិន MindRank ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​មាន​ជំនួយ​ពី​ AI។ ការ​ប្រើប្រាស់ AI កំពុង​តែ​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃការ​អភិវឌ្ឍ កាត់​បន្ថយ​ការ​ចំណាយ​ ប៉ុន្តែ​នៅ​តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​៕

  • យាន​ស្រាវ​ជ្រាវ​របស់​ឥណ្ឌា​ទើប​តែរក​ឃើញ​ធនធាន​ដ៏មាន​តម្លៃ​លើឋាន​ព្រះ​ចន្ទ

    យាន​ស្រាវ​ជ្រាវ​របស់​ឥណ្ឌា​ទើប​តែរក​ឃើញ​ធនធាន​ដ៏មាន​តម្លៃ​លើឋាន​ព្រះ​ចន្ទ

    យាន​អវកាស​ឥណ្ឌា​ ដែល​ទើប​តែ​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​កាល​ពី​មួយ​ខែ​មុន ប៉ុន្តែ​បាន​រួម​ចំណែក​ធំធេង​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​។

    ​ក្រោយពី​បេសកកម្ម​ Chadrayaan-3 របស់​ប្រទេស​ឥណ្ឌា ទទួលបាន​ជោគ​ជ័យ​ក្នុងការ​ចុះ​ចត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​នេះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​វិភាគ​ទិន្នន័យដែល​យាន​​ចុះ​ចត Vikram និង​យាន​ស្រាវ​ជ្រាវ​ Pragyan បាន​បញ្ជូន​មក​កាន់​ផែនដី​បន្ទាប់ពី​​ធ្វើ​ការ​លើឋាន​ព្រះ​ចន្ទ​បាន​មួយ​ថ្ងៃ​ (មួយ​ថ្ងៃ​ព្រះ​ចន្ទ​ស្មើ​នឹង​ 14 ថ្ងៃ​លើផែនដី)។

    មក​ដល់​ពេល​នេះ Pragyan បាន​រកឃើញ​អ្វី​ៗ​ជា​ច្រើន​ដែល​មាន​តម្លៃ​ ក្នុង​នោះ​ក៏មាន​ដែក ទីតានីញ៉ូម អាលុយមីញ៉ូម និង​ពិសេស​គឺ​ ស្ពាន់ធ័រ រួម​នឹង​កំហាប់​របស់​វា​​ នៅ​ក្នុង​ដី​របស់​​ព្រះចន្ទ​។

    មុន​នោះ អ្នកវិទ្យាសាស្ត្រ​បាន​ដឹង​ថា​ ស្ពាន់ព័រ​មាន​នៅ​ក្នុង​ដី និង​ថ្ម​របស់​ព្រះចន្ទ ប៉ុន្តែ​មាន​កំហាប់​ទាប​។ យាន​របស់​ឥណ្ឌា​រក​ឃើញ​ថា ស្ពាន់ធ័រ​មាន​នៅ​ក្នុង​ដី​ព្រះចន្ទ​ច្រើន​ជាង​ការ​រំពឹង​ទៅទៀត​។

    ស្ពាន់ធ័រ​លើឋាន​ព្រះចន្ទ​គឺជា​ប្រភព​ធនធាន​ដ៏​មាន​តម្លៃ​ចំពោះ​បេសកកម្ម​អវកាស​រយៈ​ពេល​យូរ​។ ស្ថាប័ន​អវកាស​ជាច្រើន​កំពុង​គិត​ដល់​ការ​សាងសង់​មូលដ្ឋាន​របស់មនុស្ស​នៅ​លើឋាន​ព្រះចន្ទ​ ក្នុង​នោះ​ក៏​ត្រូវ​ការ​ស្ពាន់ធ័រ​ជា​ចាំបាច់ផងដែរ។ ដោយ​សារ​មាន​ស្ពាន់ធ័រ​លើឋាន​ព្រះចន្ទ​ស្រាប់ អ្នក​អវកាស​​​មិន​បាច់​វិល​មក​កាន់​ផែនដី​ដើម្បី​ដឹកជញ្ជូន​​វត្ថុធាតុ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ​។

    អ្នក​អវកាស​អាច​ប្រើប្រាស់​ស្ពាន់ធ័រ​ដើម្បី​ផលិត​ផ្ទាំង​សូឡា និង​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​ស្ពាន់ធ័រ​ និង​ផលិត​ជា​បេតុង​សម្រាប់​ការ​សាងសង់​ជា​ដើម​។

    បេតុង​ស្ពាន់ធ័រ​ល្អជាង​បេតុង​ធម្មតា​ដែល​ពេញ​និយម​លើ​ផែនដី​។ អ្នក​វិទ្យាសាស្ត្រ​បក​ស្រាយ​ថា បេតុង​ស្ពាន់ធ័រនឹង​រឹង​មក​វិញ ហើយ​មាំ​ខ្លាំង​ ដោយ​ចំណាយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​ប្រើ​ប្រាស់​​ មិន​មែន​ច្រើន​សប្ដាហ៍​ និង​មាន​សមត្ថភាព​ទប់​ទល់​នឹង​ការ​សឹក​រេច​រិល​ខ្ពស់​ខ្លាំង​ជាង​ឆ្ងាយ​​បើ​ធៀប​នឹង​​បេតុង​ធម្មតា​។

    ជាង​នេះ ស្ពាន់ធ័រ​ក៏​មិន​ត្រូវ​ការ​ទឹក​ដូច​បេតុង​ធម្មតា ដូច្នេះ​អ្នក​អវកាស​អាច​សន្សំ​សំចៃ​ទឹក​ដ៏​មាន​តម្លៃ​ទុក​សម្រាប់​បរិភោគ​ បង្កើត​អុកស៊ីសែន និង​ផលិត​ជា​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត​ជា​ដើម​៕

    យានចុះចត Vikram និងយានស្រាវជ្រាវ Pragyan
    ព្រះចន្ទ
  • មនុស្ស​ជាតិនឹង​​អាចត្រូវ​ផុត​ពូជទាំង​ស្រុង​ក្រោយ​ពី​ជាង​ពីរ​រយ​លាន​ឆ្នាំ​ទៀត​?

    មនុស្ស​ជាតិនឹង​​អាចត្រូវ​ផុត​ពូជទាំង​ស្រុង​ក្រោយ​ពី​ជាង​ពីរ​រយ​លាន​ឆ្នាំ​ទៀត​?

    ការ​ផុត​ពូជ​ដ៏​មហា​វិនាស​របស់​ថនិកសត្វ ក្នុង​នោះ​មាន​មនុស្ស​ជាតិ​ជាដើម អាចកើត​ឡើង​ក្រោយ​រយៈ​ពេល 250 លាន​ឆ្នាំ​ទៀត​ នៅ​ពេល​អាកាសធាតុ​ប្រែប្រួល​​ទាំង​ស្រុង​។

    Alexander Farnsworth ដែលជា​បុរាណ​វិទូ​ប្រចាំ​សាកល​វិទ្យាល័យ Bristol រួម​នឹង​សហការី​ ព្យាករ​ថា ថនិកសត្វ​ រួម​ទាំង​មនុស្ស​ផងដែរ អាច​នឹង​មាន​វត្តមាន​ត្រឹម​តែ​ 250 លាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ព្រោះ​​តែ​អាកាស​ធាតុ​នឹង​ប្រែ​ជា​គ្រោះ​ថ្នាក់​ ដោយ​សារ​កត្តា​ចំនួន​​បី​៖ ព្រះ​អាទិត្យ​ភ្លឺជាង​មុន ភូមិ​សាស្ត្រ​របស់​ទ្វីប​នានា​ប្រែប្រួល​ និង​ឧស្ម័ន​ CO2 កើន​ឡើង​ដល់​កំពូល។

    មុន​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ព្យាករ​ថា ព្រះ​អាទិត្យ​នឹង​កាន់​តែ​ភ្លឺ​ជាង​មុន​ ហើយ​ក៏​ «លេបយក» ផែនដី​បន្ទាប់​ពី​ 7.6 ពាន់​លាន​ឆ្នាំ​ទៀត​។ ប៉ុន្តែ ជីវិត​ទំនង​ជា​មិន​អាច​មាន​វត្តមាន​បាន​យូរ​ដូច​នេះ​ឡើយ​។ នៅ​ពេល​ព្រះ​អាទិត្យ​បញ្ចេញ​ថាមពល​ច្រើន​​ជាង​មុន​ បរិយាកាស​ផែនដី​នឹង​ឡើង​កម្ដៅ​ ធ្វើ​ឱ្យ​ទឹក​ត្រូវ​ហួត​។ ទឹក​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ ដូច្នេះ​វា​នឹង​រក្សា​កម្ដៅ​កាន់​តែ​ច្រើន​។ ពីរពាន់​លាន​ឆ្នាំ​ទៀត ផែនដី​អាច​នឹង​ឡើង​កម្ដៅរហូត​ដល់​ទឹក​ក្នុង​មហា​សមុទ្រ​ត្រូវ​ពុះ​។

    ការសិក្សា​ស្រាវ​ជ្រាវ​របស់ Farnsworth ព្យាករ​ថា មហា​ទ្វីប​ថ្មី​មួយដែល​មាន​ឈ្មោះ​ថា Pangea Ultima នឹង​កើត​ឡើង​តាម​បណ្ដោយ​ខ្សែ​អេក្វាទ័រ​ក្រោយ​រយៈ​ពេល​ 250 លាន​ឆ្នាំ​ទៀត​។ Pangea Ultima នឹង​មាន​កម្ដៅ​ខ្ពស់​ជាង​ឆ្ងាយ​ធៀប​នឹង​បណ្ដា​ទ្វីប​នា​បច្ចុប្បន្ន​ ដោយ​សារ​តែ​ព្រះ​អាទិត្យ​។ រៀង​រាល់​ 110 លាន​ឆ្នាំ​កន្លង​ ថាមពល​ដែល​ព្រះ​អាទិត្យ​បញ្ចេញ​ នឹង​កើន​ឡើងបន្ថែម​​ 1%។

    មហា​ទ្វីប​ Pangea Ultima ក៏រួម​ចំណែក​ធ្វើ​ឱ្យ​ស្ថាន​ភាព​កាន់​តែ​អាក្រក់​ ព្រោះ​ដី​គោក​ឡើង​កម្ដៅ​លឿន​ជាង​មហា​សមុទ្រ​ ហើយ​ក៏​ធ្វើ​ឱ្យ​អាកាស​ធាតុ​ប្រែ​ប្រួល​ខ្លាំង​ ដោយ​សារ​​ភ្នំ​ភ្លើង​បំភាយ​ CO2 មាន​​ច្រើន​ជាង​មុន​។

    Pangea Ultima នឹង​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ក្នុង​នោះ​មាន​មនុស្ស​ជា​ដើម មិន​អាច​រស់​នៅ​បាន​។ ថនិកសត្វ​ទាំង​អស់​អាច​បាត់​ខ្លួន​នៅ​ក្នុង​យុគសម័យ​ផុត​ពូជ​ដ៏​មហា​វិនាស​ ហើយ​ត្រូវ​បាន​ជំនួស​ដោយ​ប្រភេទសត្វ​ល្មូន​ឈាម​ត្រជាក់​ដែល​អាច​ស៊ូទ្រាំ​នឹង​កម្ដៅ​បាន​ល្អ​៕

  • យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

    យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

    យានអវកាស​ OSIRIS-REx បាន​ហោះ​ហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ 6.2 ពាន់​លាន​គីឡូម៉ែត្រ​ និង​នាំយក​កាប៊ីន​ផ្ទុក​សំណាកដី​របស់​អាចម៍​ផ្កាយ​ Bennu មក​ចុះ​ចត​លើ​សមុទ្រ​ខ្សាច់​នៅ​សហរដ្ឋ​អាម៉េរិក​ប្រកបដោយ​ភាពរលូន​។

    កាល​ពី​ថ្ងៃទី 24 កញ្ញា នៅ​តំបន់​ពិសោធន៍​ Dugway របស់​កងទ័ព​អាម៉េរិក​លើ​សមុទ្រ​ខ្សាច់​ Utah ក្រុម​បុគ្គលិក​របស់​ណាសា (NASA) និង​ទ័ព​អាកាស​អាម៉េរិក​ បាន​ប្រមូល​យក​កាប៊ីន​ផ្ទុក​សំណាក​ដី​ពី​អាចម៍​ផ្កាយ​ Bennu ដែល​យាន​អវកាស​ OSIRIS-REx យក​បាន​កាល​ពី​ឆ្នាំ 2020​។

    យោង​តាម Space បេសកកម្ម​នេះ​គឺជា​លើក​ដំបូង​ដែល​ណាសា​​បាន​យក​ និងបញ្ជូន​សំណាក​ដី​ពី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​។

    បន្ទាប់​ពី​ធ្វើ​ដំណើរ​ជាង 6.2 ពាន់​លាន​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាន់​ Bennu និង​ត្រលប់មក​វិញ យាន​អវកាស OSIRIS-REx បាន​ទម្លាក់​កាប៊ីន​ផ្ទុក​សំណាក​ដី​អាចម៍​​ផ្កាយ​ពី​កម្ពស់​ 101,000 គីឡូម៉ែត្រ​ខាង​លើ​ផ្ទៃ​ផែនដី​។ កាប៊ីន​អវកាស​នេះ​ផ្ទុក​ដី​ និង​វត្ថុធាតុ​ផ្សេង​ៗទម្ងន់​ 250 ក្រាម​ ដែល​យក​បាន​​ពី​អាចម៍​ផ្កាយ Bennu។ សំណាក​ដី​នេះ​អាច​ជួយ​បក​ស្រាយ​សំណួរ​សំខាន់ៗ​របស់​អ្នក​វិទ្យាសាស្ត្រ​ ទាក់​ទង​នឹង​ប្រភព​នៃ​ជីវិត​​នៅ​លើ​ផែនដី​ និង​យុគ​សម័យ​ដំបូង​ៗ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

    បេសកកម្ម​ OSIRIS-REx មាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារនេះ​​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 2016​ ហើយហោះ​​ទៅដល់​អាចម៍​ផ្កាយ​ Bennu ក្នុង​ឆ្នាំ​ 2018 និង​យក​សំណាកដី​ពី​អាចម៍​ផ្កាយ​នេះ​កាល​ពី​ឆ្នាំ 2020​។

    សំណាកដី​អាចម៍​ផ្កាយ​នេះ​នឹង​ត្រូវ​បាន​ចែក​រំលែក​ទៅ​ឱ្យ​វិទ្យាស្ថាន​ និង​ស្ថាប័ន​អវកាស​នានា​នៅ​លើ​ពិភពលោក​។ ណាសា​នឹង​រក្សា​ទុក​សំណាក់​ដី​នេះ 70% ដើម្បី​វិភាគ​នា​ពេល​ខាងមុខ​។ ក្រៅ​ពី​នេះ សំណាក់​ដី​ 25% ផ្សេង​ទៀត​នឹង​ត្រូវ​ប្រគល់​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ជាង 200 នាក់​នៅ​ស្ថាប័ន​ស្រាវ​ជ្រាវ​ចំនួន 35 ខណៈ​សំណាក​ដី​ 4% ទៀត​នឹង​ត្រូវ​ប្រគល់​ឱ្យ​ស្ថាប័ន​អវកាស​កាណាដា និង​ 0.5% សម្រាប់​ស្ថាប័ន​អវកាស​ជប៉ុន​៕

  • វត្ថុ​អវកាស​ «ពាក់​កណ្ដាល​ផ្កាយ ពាក់​កណ្ដាល​ភព» ចំនួន​ពីរ​ ត្រូវ​ថត​បាន​ដោយ​ផ្ទាល់

    វត្ថុ​អវកាស​ «ពាក់​កណ្ដាល​ផ្កាយ ពាក់​កណ្ដាល​ភព» ចំនួន​ពីរ​ ត្រូវ​ថត​បាន​ដោយ​ផ្ទាល់

    ប្រព័ន្ធ​ផ្កាយ​មួយ​ដែលមាន​​វត្ថុ​អវកាស​ចម្លែក​ចំនួន​បួន​ ទើប​តែ​ត្រូវ​បាន​ក្រុម​អ្នក​តារាសាស្ត្រ​ថត​បាន​ដោយ​ផ្ទាល់​ ក្នុង​នោះ​មាន​វត្ថុ​អវកាស​ពីរ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ពាក់​កណ្ដាល​ភព​​ ពាក់​កណ្ដាល​ផ្កាយ​។

    យោង​តាម Sci-News ប្រព័ន្ធ​ផ្កាយ​ដែល​ទើប​ត្រូវថត​បាន​ដោយ​ផ្ទាល់​នេះ​រួម​មាន​ ប្រព័ន្ធ​ផ្កាយភ្លោះ​ពីរ​ដួង​​​ដែល​មាន​ឈ្មោះ​ថា HIP 81208 និង​វត្ថុ​អវកាស​ពីរ​ទៀត​ដែល​នៅ​ក្បែរ​ មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 486 ឆ្នាំ​ពន្លឺ​ និង​នៅ​ក្នុង​កញ្ចុំ​ផ្កាយ​ Scorpius។

    នោះ​គឺជាប្រព័ន្ធ​ផ្កាយ​​ដែល​មាន​អាយុ​ទើប​តែ​ 17 លាន​ឆ្នាំ ក្នុង​នោះ​ ផ្កាយ​ដែល​ភ្លឺ​ជាង​គេ​មាន​ឈ្មោះ​ថា HIP 81208A និងកូន​ផ្កាយ​​ក្រហម HIP 81208C ដែល​វិល​ជុំ​វិញ​ផ្កាយ​មេ HIP 81208A។

    ប្រព័ន្ធ​នេះ​មិន​ទាន់​មាន​ភពពេញ​លេញ​ ប៉ុន្តែ​មានភព​ដែល​កើត​ពី​ «ផ្កាយ​បរាជ័យ» ​ដែល​មាន​ឈ្មោះ​ថា HIP 81208B ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​ A ដែលភ្លឺ​ជាង​គេ​។ HIP 81208B គឺជា​វត្ថុ​អវកាស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កូន​ផ្កាយ​ប្រផេះ។

    ក្នុង​ការ​ថត​រូប​​ផ្ទាល់​ដោយ​ឧបករណ៍​ SPHERE ដែល​បំពាក់​លើ​តេឡេស្កុប ESO នៅ​ប្រទេស​ស៊ីលី អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​វត្ថុ​អវកាស​អាថ៌កំបាំង​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ហៅ​ថា HIP 81208Cb ស្ថិត​នៅ​ក្បែរ​កូន​ផ្កាយ​ក្រហម​ និង​មាន​ម៉ាស​ធំជាង​ភពព្រហស្បតិ៍​ 15 ដង​ ធ្វើ​ឱ្យ​វាត្រូវ​បាន​ចាត់​ចូល​​ក្នុង​ប្រភេទ​ «ភព​ព្រហស្បតិ៍​យក្ស» និង​កូន​ផ្កាយ​ប្រផេះ​។

    ផ្កាយ​ប្រផេះ​គឺជា​វិធី​ហៅ​វត្ថុ​អវកាស​មួយ​ដែល​ស្ថិត​នៅ​ចន្លោះ​និយមន័យ​របស់​ផ្កាយ និង​ភព​។ ពួក​វា​តូច​ខ្លាំង​ មិន​អាច​រក្សា​ការ​​ប្រតិកម្ម​នុយក្លេអែរ​ក្នុង​ស្នូល​ដូច​ផ្កាយ​មួយ​ដួង​ ប៉ុន្តែ​ធំ​ខ្លាំង​បើ​ធៀប​នឹង​ភព​។ ពួក​វា​កើត​ចេញ​ពីពពក​ឧស្ម័ន​ធូលី​ក្នុង​​លំហ​អវកាស​ដូច​ទៅ​នឹង​ផ្កាយ​ធម្មតា​នានា ដោយ​មិនមែន​កើត​ពី​ថាស​ធូលី​របស់​ផ្កាយ ​។ ក៏ប៉ុន្តែ​ ពួក​វា​ក៏​មិន​មាន​លទ្ធភាព​ធ្វើ​ឱ្យ​ថាស​ធូលី​ដែល​នៅ​ជុំវិញខ្លួន​ កើត​ជា​​ភព​ដូច​បណ្ដា​ផ្កាយ​ដទៃ​។

    ដូច្នេះ កូន​ផ្កាយ​ប្រផេះ​ក៏​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ «ផ្កាយ​បរាជ័យ» មួយ​ដួង​ ឬ​ «ភពលំដាប់ខ្ពស់» ដែល​មាន​ភាព​ឯកា និង​អាថ៌កំបាំង​៕

  • រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

    រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

    ភព K2-18 b មាន​ទំហំ​ធំជាង​ពីរ​ដង​ធៀប​នឹង​ផែនដី និង​គោចរ​ក្នុង​តំបន់​ដែល​អាច​រស់​នៅ​បាន​នៅ​ជុំវិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ពី​ព្រះ​អាទិត្យ​ (មួយ​ឆ្នាំពន្លឺ​មាន​ចម្ងាយ 9.46 ទ្រីលាន​គីឡូម៉ែត្រ)។

    តេឡេស្កុប​អវកាស James Webb (JWST) របស់​អាម៉េរិក បាន​រក​ឃើញ​ភស្តុតាង​ស្ដី​ពី​ម៉ូលីគុល​ដែល​មាន​ផ្ទុក​កាបូន​នៅ​ក្នុង​បរិយាកាស​របស់​ភព K2-18 b ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​មហា​សមុទ្រ​។ ភព​ K2-18 b នេះ​គឺជា​គោលដៅ​ដ៏​ទាក់​ទាញ​សម្រាប់​អ្នក​តារា​សាស្ត្រ​ ព្រោះ​ពួក​គេ​កំពុង​ស្វែង​រក​ភាវៈ​រស់​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​។ យោង​តាម​ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 កញ្ញា 2023 ការ​សិក្សា​ស្វែង​យល់ និង​សង្កេត​​ដោយ​តេឡេស្កុប​អវកាស Hubble មុន​នោះ​បង្ហើប​ឱ្យ​ដឹង​ថា ភព​ខាងលើ​នេះ​អាច​ជា​ភព​ដែល​មាន​មហា​សមុទ្រ​ទឹករាវ​។

    K2-18 b មាន​ម៉ាស​ធំជាង​ផែនដី​ប្រហែល 8.6 ដង​ និង​ស្ថិត​ក្នុង​តំបន់​ដែល​អាចរស់​នៅ​បាន​របស់​​ប្រព័ន្ធ​ផ្កាយក្រហម​ K2-18។

    ភព​នេះ​មាន​កាំ​ធំជាង​ផែនដី​ពី 2 ទៅ 3 ដង និង​មាន​ចម្ងាយ​ពី​ព្រះ​អាទិត្យ​របស់​មនុស្ស​ 120 ឆ្នាំ​ពន្លឺ​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​បង្ហាញ​ថា ដាន​របស់​កាបូន​ឌីអុកស៊ីត​ និង​មេតាន​​ក្នុង​បរិយាកាស​របស់​ភព K2-18 b និង​មិន​មាន​អាម៉ូញាក់​ បញ្ជាក់​ថា មាន​មហា​សមុទ្រ​មួយ​នៅ​ខាង​ក្រោម​បរិយាកាស​ដែល​សម្បូរ​អ៊ីដ្រូសែន​។

    JWST ហាក់​បាន​រកឃើញ​ dimethyl sulfide (DMS) ក្នុង​បរិយាកាស​របស់​ភព K2-18 b ទៀត​ផង​។ សមាស​ធាតុ​នេះ​កើត​ឡើង​តែ​ពី​ប្លង់តុង​ (plankton ​គឺ​ជា​មីក្រូ​សារពាង្គកាយ​ដែល​រស់នៅក្នុង​ស្រទាប់​លើ​នៃ​ប្រព័ន្ធ​ទឹក) លើ​ផែនដី​។ ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Cambridge ​ឱ្យ​ដឹង​ថា នឹង​បន្ត​សង្កេត K2-18 b ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​លក្ខខណ្ឌ​នៃ​បរិស្ថាន​របស់​វា​។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ផ្សាយ​លើ​ទស្សនាវដ្ដី​ Astrophysical Journal Letters៕