រកឃើញ​ «ភ្នែក​អវកាស​» ដ៏មហិមា​ កំពុង​សម្លឹង​មក​ផែនដី

តេឡេស្កុប​វិទ្យុ ASKAP នៅ​អូស្ត្រាលី​ភាគ​​ខាង​លិច​ ថត​បាន​រូប​ភាព​ដ៏​ស្រស់​ស្អាត​ស្ដីពី​រចនា​សម្ព័ន្ធ​អវកាស​មួយ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​ដ៏​ធំ លាត​សន្ធឹង​រហូត​ដល់ 60,000 ឆ្នាំពន្លឺ​។ យោង​តាម​ទំព័រ SpacePlace របស់​ណាសា មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​​ប្រមាណ​ 9 ទ្រីលាន​ (9,000,000,000,000) គីឡូម៉ែត្រ​។

យោង​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ Monthly Notices of the Royal Astronomical Society រចនា​សម្ព័ន្ធ​អវកាស​ចម្លែក​នេះ​គឺជា​ កាឡាក់ស៊ី​ប្រភេទ Polar-ring (បកប្រែក្រៅ​ផ្លូវ​ការ​ថា «កាឡាក់ស៊ី​រង្វង់ចិញ្ចៀន») និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា NCG 4632។

ខុស​ពី​កាឡាក់ស៊ី​ដែល​មាន​ផែនដី Milky Way កាឡាក់ស៊ី NCG 4632 មាន​ថាស​ពន្លឺ​មួយ និង​ពពក​ដ៏​មហិមា​ព័ទ្ធ​ជុំវិញ​ស្នូល​របស់​វា​។ រង្វង់​ពពក​នេះ​ភាគ​ច្រើន​គឺជា​ឧស្ម័ន​អ៊ីដ្រូសែន​ និង​ផ្អៀង​ប្រហែល​ 90 ឌឺក្រេ បើ​ធៀប​នឹង​ផ្ទៃ​របស់​កាឡាក់ស៊ី​។

រចនាសម្ព័ន្ធ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​នេះ​អាច​មាន​ផ្ទុក​ធូលី និង​ផ្កាយ​។ រង្វង់​របស់ NCG 4632 លាត​សន្ធឹង​រហូតដល់ 60,000 ឆ្នាំ​ពន្លឺ​។ រង្វង់​ឧស្ម័ន​នៅ​ខាង​ក្រៅ បូក​រួម​នឹង​ថាស​ខាង​ក្នុង​ដែល​នៅ​ជុំវិញ​ស្នូល NCG 4632 ហាក់​ដូច​ជា​កែវ​ភ្នែក​ដ៏​ធំ​មួយ​គ្រាប់​កំពុង​សម្លឹង​មកកាន់​ផែនដី​។

ការ​ស្វែង​យល់​អំពី​កាឡាក់ស៊ី​រង្វង់​មូល​ដូច NCG 4632 នឹង​រួម​ចំណែក​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​យល់​ដឹង​អំពី​អាថ៌កំបាំង​ដែល​មនុស្ស​មិន​ទាន់​ដឹង​ ទាក់​ទង​នឹង​របៀប​កកើត​របស់​បណ្ដា​កាឡាក់ស៊ី​ និង​ការ​វិវត្ត​របស់​ពួកវា​នៅ​ក្នុង​ចក្រវាល​។ យោង​តាម Science News មក​ដល់​បច្ចុប្បន្ន អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​នឹង​សំណួរ​ដែល​ថា «ហេតុ​អ្វី​កាឡាក់ស៊ី​មួយ​ចំនួន​មាន​រង្វង់​មូល​ ខណៈ​កាឡាក់ស៊ី​ស្ទើរ​តែ​ទាំង​អស់​បែរ​ជា​មិន​រង្វង់​បែប​នេះ​ទៅ​វិញ?»។

Advertisement