យាន​ស្រាវ​ជ្រាវ​របស់​ឥណ្ឌា​ទើប​តែរក​ឃើញ​ធនធាន​ដ៏មាន​តម្លៃ​លើឋាន​ព្រះ​ចន្ទ

យាន​អវកាស​ឥណ្ឌា​ ដែល​ទើប​តែ​បាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​កាល​ពី​មួយ​ខែ​មុន ប៉ុន្តែ​បាន​រួម​ចំណែក​ធំធេង​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​។

​ក្រោយពី​បេសកកម្ម​ Chadrayaan-3 របស់​ប្រទេស​ឥណ្ឌា ទទួលបាន​ជោគ​ជ័យ​ក្នុងការ​ចុះ​ចត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​នេះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​វិភាគ​ទិន្នន័យដែល​យាន​​ចុះ​ចត Vikram និង​យាន​ស្រាវ​ជ្រាវ​ Pragyan បាន​បញ្ជូន​មក​កាន់​ផែនដី​បន្ទាប់ពី​​ធ្វើ​ការ​លើឋាន​ព្រះ​ចន្ទ​បាន​មួយ​ថ្ងៃ​ (មួយ​ថ្ងៃ​ព្រះ​ចន្ទ​ស្មើ​នឹង​ 14 ថ្ងៃ​លើផែនដី)។

មក​ដល់​ពេល​នេះ Pragyan បាន​រកឃើញ​អ្វី​ៗ​ជា​ច្រើន​ដែល​មាន​តម្លៃ​ ក្នុង​នោះ​ក៏មាន​ដែក ទីតានីញ៉ូម អាលុយមីញ៉ូម និង​ពិសេស​គឺ​ ស្ពាន់ធ័រ រួម​នឹង​កំហាប់​របស់​វា​​ នៅ​ក្នុង​ដី​របស់​​ព្រះចន្ទ​។

មុន​នោះ អ្នកវិទ្យាសាស្ត្រ​បាន​ដឹង​ថា​ ស្ពាន់ព័រ​មាន​នៅ​ក្នុង​ដី និង​ថ្ម​របស់​ព្រះចន្ទ ប៉ុន្តែ​មាន​កំហាប់​ទាប​។ យាន​របស់​ឥណ្ឌា​រក​ឃើញ​ថា ស្ពាន់ធ័រ​មាន​នៅ​ក្នុង​ដី​ព្រះចន្ទ​ច្រើន​ជាង​ការ​រំពឹង​ទៅទៀត​។

ស្ពាន់ធ័រ​លើឋាន​ព្រះចន្ទ​គឺជា​ប្រភព​ធនធាន​ដ៏​មាន​តម្លៃ​ចំពោះ​បេសកកម្ម​អវកាស​រយៈ​ពេល​យូរ​។ ស្ថាប័ន​អវកាស​ជាច្រើន​កំពុង​គិត​ដល់​ការ​សាងសង់​មូលដ្ឋាន​របស់មនុស្ស​នៅ​លើឋាន​ព្រះចន្ទ​ ក្នុង​នោះ​ក៏​ត្រូវ​ការ​ស្ពាន់ធ័រ​ជា​ចាំបាច់ផងដែរ។ ដោយ​សារ​មាន​ស្ពាន់ធ័រ​លើឋាន​ព្រះចន្ទ​ស្រាប់ អ្នក​អវកាស​​​មិន​បាច់​វិល​មក​កាន់​ផែនដី​ដើម្បី​ដឹកជញ្ជូន​​វត្ថុធាតុ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ​។

អ្នក​អវកាស​អាច​ប្រើប្រាស់​ស្ពាន់ធ័រ​ដើម្បី​ផលិត​ផ្ទាំង​សូឡា និង​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​ស្ពាន់ធ័រ​ និង​ផលិត​ជា​បេតុង​សម្រាប់​ការ​សាងសង់​ជា​ដើម​។

បេតុង​ស្ពាន់ធ័រ​ល្អជាង​បេតុង​ធម្មតា​ដែល​ពេញ​និយម​លើ​ផែនដី​។ អ្នក​វិទ្យាសាស្ត្រ​បក​ស្រាយ​ថា បេតុង​ស្ពាន់ធ័រនឹង​រឹង​មក​វិញ ហើយ​មាំ​ខ្លាំង​ ដោយ​ចំណាយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ការ​ប្រើ​ប្រាស់​​ មិន​មែន​ច្រើន​សប្ដាហ៍​ និង​មាន​សមត្ថភាព​ទប់​ទល់​នឹង​ការ​សឹក​រេច​រិល​ខ្ពស់​ខ្លាំង​ជាង​ឆ្ងាយ​​បើ​ធៀប​នឹង​​បេតុង​ធម្មតា​។

ជាង​នេះ ស្ពាន់ធ័រ​ក៏​មិន​ត្រូវ​ការ​ទឹក​ដូច​បេតុង​ធម្មតា ដូច្នេះ​អ្នក​អវកាស​អាច​សន្សំ​សំចៃ​ទឹក​ដ៏​មាន​តម្លៃ​ទុក​សម្រាប់​បរិភោគ​ បង្កើត​អុកស៊ីសែន និង​ផលិត​ជា​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត​ជា​ដើម​៕

យានចុះចត Vikram និងយានស្រាវជ្រាវ Pragyan
ព្រះចន្ទ
Advertisement