Tag: យប់

  • ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

    ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

    LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។

    ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។

    ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។

    យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។

    ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។

    សូម​បញ្ជាក់​ថា ផ្កាយ​រណប​រ៉ាដា​អាច​ថត​រូប​ភាព​នៅក្នុង​ស្ថានភាព​អាកាសធាតុ​គ្រប់​ប្រភេទ​ សូម្បី​តែ​ពេល​មាន​ពពក​ សន្សើម ​អ័ព្វ និង​ពន្លឺ​មិន​គ្រប់​គ្រាន់ជា​ដើម​។

    វៀតណាម និង​ជប៉ុន បាន​ចាប់​ផ្ដើម​សហការ​គ្នា​ក្នុង​វិស័យ​បច្ចេកវិទ្យា​អវកាស​ចាប់​ពី​ឆ្នាំ 2006​។ កន្លងមក ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​របស់​អង្គការ​អវកាស​ជប៉ុន (JAXA) បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀត​ណាម (VAST) បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ និង​ផលិត​ផ្កាយរណប​ខ្នាត​តូច​ចំនួន​បី​គ្រឿង រួម​មាន PicoDragon, Nano Dragon និង MicroDragon ហើយ​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​ដោយ​ជោគ​ជ័យ ក្រោម​ជំនួយ​ពី​ JAXA របស់​ប្រទេស​ជប៉ុន៕

  • «សេដ្ឋកិច្ច​រាត្រី​» បាន​ជួយ​​ទាញវិស័យទេសចរណ៍​ថៃឱ្យ​ងើប​ឡើង​វិញ

    «សេដ្ឋកិច្ច​រាត្រី​» បាន​ជួយ​​ទាញវិស័យទេសចរណ៍​ថៃឱ្យ​ងើប​ឡើង​វិញ

    កំណើន​នៃ​ប្រាក់ចំណូល​បាន​ពីវិស័យ​ទេសចរណ៍​ ក៏ដូច​ជា​កំណើន​នៃ​ការ​​ចំណាយរបស់​ទេសចរ​ នៅ​​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មីនៅ​ប្រទេស​ថៃ ត្រូវ​បាន​ជំរុញ​ដោយ​សកម្មភាព​កម្សាន្ត​នា​​ពេល​រាត្រី បន្ទាប់​ពី​​រាជរដ្ឋាភិបាល​ប្រទេស​នេះ​ បាន​​អូស​បន្លាយ​ពេល​វេលា​សម្រាប់​អ្នក​​រក​ស៊ី​នៅ​ពេល​យប់​។

    ចាប់​ពី​ថ្ងៃទី 15 ធ្នូ 2023 គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​សំណើមួយ​​ដែល​អនុញ្ញាត​ឱ្យ​ក្លឹប​រាត្រី បារ និង​ទីតាំង​កម្សាន្ត​ផ្សេង​ៗ​ បើក​ទ្វារ​រហូត​ដល់ម៉ោង 4 ទៀប​ភ្លឺ​ ជំនួស​ឱ្យ​ម៉ោង​ 2 ទៀប​ភ្លឺ ដើម្បី​ជំរុញ​ឱ្យ​​ទេសចរ​ចាយ​លុយ​ច្រើន​ជាង​មុន​នៅ​ពេល​រាត្រី​។

    ការ​បន្ធូរ​បន្ថយ​ពេល​វេលា​សម្រាប់​ការ​កម្សាន្ត​នៅ​ពេល​រាត្រី បាន​នាំ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​យូរ​ជាង​មុន​ និង​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន​។

    កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​រក​ចំណូល​បាន​រហូត​ដល់ 1.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​វិស័យ​ទេសចរណ៍ ត្រឹម​តែ​នៅ​ក្នុង​ខែ​ធ្នូ 2023​ ​ដែល​នេះ​បាន​កើន​ 44% បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន​នោះ។ ជោគ​ជ័យ​នេះ​ សម្រេច​បាន​ក៏​ដោយ​សារ​ការ​បន្ធូរ​បន្ថយការ​រឹត​ត្បិត​លើ​វិស័យកម្សាន្ត​នៅ​​ពេល​យប់​​៕

  • ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

    ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

    ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ដែល​នេះគឺ​ជា​ឱកាស​ល្អ​សម្រាប់​​អ្នក​ជំនួញ​​ទាំង​ឡាយ​ណា​ដែល​ចង់​ពង្រីក​​អាជីវកម្ម​ទៅ​កាន់​ខេត្ត​នេះ​។

    កាល​ពី​ថ្ងៃទី 03 មករា 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ជា​សាធារណៈ ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ក្នុង​បំណង​ស្វែង​យល់​ពី​សង្វាក់​ផលិតកម្ម​ចំណី​អាហារ សក្ដានុពល​សេដ្ឋកិច្ច កសិកម្ម ទំនាក់​ទំនង​ដៃ​គូ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នានា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។

    យោង​តាម​សេចក្ដី​ជូន​ដំណឹង​ ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​​​​នឹង​ត្រូវ​​ធ្វើ​ឡើងរយៈ​ពេល​​ពីរ​យប់​ បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024​​។ សភាពាណិជ្ជកម្ម​កម្ពុជា​ ក៏​បាន​បញ្ជាក់​ថា តម្លៃសំបុត្រ​សម្រាប់​ការ​ចូល​រួម​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​គឺ 185 ដុល្លារ​/​ម្នាក់​។

  • នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

    នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

    (ខេត្ត​ព្រះសីហនុ) – នាវា​ទេសចរណ៍ខ្នាត​ធំ Westerdam នា​ថ្ងៃ​ទី 28 ធ្នូ 2023 នេះ ត្រូវ​បានអនុញ្ញាត​ឱ្យ​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​ភ្ញៀវ​នៅ​លើ​នាវា​នេះ​ឡើង​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។ នេះ​បើ​តាម​ទំព័រ​ CPP។

    នេះ​គឺជា​ការ​ចូល​ចត​ជា​លើក​ទីពីរ​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​របស់​កម្ពុជា​ បន្ទាប់​ពី​ការ​ចូល​ចត​លើក​ទីមួយ​កាល​ពី​ឆ្នាំ 2020 ជា​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ និង​ជា​ពេល​ដែល​នាវា​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បដិសេធ​ការ​ស្នើ​សូម​ចូល​ចត​។

    ការ​ចូលចត​ជា​លើក​ទីពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 28 ខែ​ធ្នូ ឆ្នាំ 2023​ របស់​ Westerdam គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាង​ពីរ​ពាន់​នាក់​។ ដំណើរ​ចូល​ចត​ជា​ថ្មី​នេះ ត្រូវ​បាន​ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួល ក៏​ដូច​ជា​រំលឹកខួបបីឆ្នាំនៃការស្នើ​សូម​ចូល​ចតរបស់នាវា Westerdam នៅ​កម្ពុជា។

    យោង​តាម​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវជាង​ពីរ​ពាន់​នាក់​នៅ​លើ​នាវា​នេះ មាន​ភ្ញៀវ​ប្រមាណ 500 នាក់​បាន​ឡើង​មកទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ និង​​ខេត្តកែប​។

    «តាមរយៈការចូលចតជាលើកទីពីរ​របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត» រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹម​ដូច្នេះ​។

    យោង​តាម​ឯកឧត្ដម​រដ្ឋមន្ត្រី នាវា​ទេសចរណ៍​នេះ​នឹង​ចត​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​វេលាម៉ោង 9 យប់​នេះ​។

    នៅក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​​ជាង 4.91 លាន​នាក់ ក្នុង​នោះភ្ញៀវ​ពី​ប្រទេស​ថៃមាន​ចំនួន​ច្រើន​ជាង​គេ ពោល​គឺ 1.65 លាន​នាក់ ខណៈ​​ភ្ញៀវ​ពី​វៀតណាម​ច្រើន​ជាង​គេ​លំដាប់​ទីពីរ និង​​​ចិន​លំដាប់​ទីបី​​៕

  • បរិភោគ​​ក្រោយ​ម៉ោង​នេះ​ ហានិភ័យដាច់​សរសៃឈាម​ខួរក្បាលនឹង​កើន​បន្ថែម​ 28 ភាគ​រយ

    បរិភោគ​​ក្រោយ​ម៉ោង​នេះ​ ហានិភ័យដាច់​សរសៃឈាម​ខួរក្បាលនឹង​កើន​បន្ថែម​ 28 ភាគ​រយ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល 7 ឆ្នាំ និង​បាន​រកឃើញ​ថា ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេលល្ងាច អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​នាំ​ឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជាដើម។

    ក្រុម​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ​ Sorbonne Paris Nord នៃ​ប្រទេស​បារាំង បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ វាយ​តម្លៃ​ស្ថានភាព​សុខភាព​របស់​មនុស្ស​ 103,389 នាក់​ នៅ​ក្នុង​រង្វង់ 7 ឆ្នាំ​ ហើយ​​​បាន​រកឃើញ​ថា ការ​បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 20 (ម៉ោង​ 8 យប់) នឹង​ល្អ​សម្រាប់​សុខភាព​។ ក្រុម​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​កាល​វិភាគ​នៃ​ការ​បរិភោគ​​អាហារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​កត់​ត្រា​ចាប់​តាំង​ពី​ឆ្នាំ 2009 ដល់ 2022​។

    យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថានជាតិ​​ស្រាវជ្រាវ​ផ្នែកសុខាភិបាល​ និង​សុខភាព​បារាំង ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 14 ធ្នូ 2023 ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា 1/3 នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ខាងលើ បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 8 យប់ ខណៈ​ដែល 1/3 ផ្សេង​ទៀត​បរិភោគ​នៅ​ម៉ោង 9 យប់​។ ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ មាន​ប្រហែល 2,000 ករណី កើត​ជំងឺ​បេះដូង​។

    នៅពេល​ពិនិត្យ​ទៅលើ​ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​របស់​អ្នក​ដែល​កើត​ជំងឺ​បេះដូងទាំងនេះ  អ្នក​ស្រាវជ្រាវបាន​​រក​ឃើញ​ថា អ្នក​បរិភោគ​ក្រោយម៉ោង 9 យប់ មាន​ហានិភ័យ​កើត​ស្ត្រូក (ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល) ឬ​អាការ​ខ្វះឈាម​ខួរក្បាល​មួយ​រយៈ​ពេល​ខ្លី​ ខ្ពស់​ជាង​ 28% បើ​ធៀប​នឹង​អ្នក​​ដែល​បរិភោគ​អាហារ​មុន​​ម៉ោង​ 8 យប់​​៕

  • SpaceX បាញ់​បង្ហោះ​ផ្កាយរណបថ្មីជាង 20 គ្រឿង ដើម្បី​ពង្រីក​បណ្ដាញ​អ៊ីនធើរណិត​ Starlink

    SpaceX បាញ់​បង្ហោះ​ផ្កាយរណបថ្មីជាង 20 គ្រឿង ដើម្បី​ពង្រីក​បណ្ដាញ​អ៊ីនធើរណិត​ Starlink

    ក្រុម​ហ៊ុន​អាម៉េរិក SpaceX បាន​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​ នៅ​ពេល​បាញ់​បង្ហោះ​ផ្កាយ​រណប Starlink ចំនួន 23 គ្រឿង​ ឡើង​ទៅ​កាន់​គន្លង​តារាវិថី តាម​រយៈ​រ៉ុក្កែត Falcon 9​។

    រ៉ុក្កែត Falcon 9 មួយ​គ្រឿង​ បាន​នាំ​យក​ផ្កាយរណប​ Starlink ចំនួន 23 គ្រឿង ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​ Cape Canaveral Space Force Station នៅ​ Florida ទៅ​កាន់​គន្លង​តារាវិថី កាល​ពី​វេលាម៉ោង​ 12:07 នាទី​យប់ ថ្ងៃទី 07 ធ្នូ​ នៅ​ក្នុង​បេសកកម្ម​គន្លង​តារាវិថី​ទី 90 របស់ SpaceX ក្នុង​ឆ្នាំ 2023​។

    នេះ​គឺជា​ការ​បាញ់​បង្ហោះ​ជោគ​ជ័យ​លើក​ 6 នៅ​ក្នុង​រង្វង់​មួយ​សប្ដាហ៍​។ ផ្កាយរណប​ទាំង​នេះ​ នឹង​រួម​ចំណែក​នៅ​ក្នុង​បណ្ដាញ​ផ្កាយ​រណប​ Starlink ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​សេវា​អ៊ីនធើណិត គ្រប​ដណ្ដប់​ទូទាំង​សកល​លោក​។

    នៅ​ក្នុង​ការ​បាញ់​បង្ហោះ​មួយ​លើក​ៗ SpaceX បោះ​ជំហាន​កាន់​តែ​ខិត​ទៅ​ជិត​​​គោល​ដៅ​នៃ​មហិច្ឆតា​អ៊ីនធើណិត​របស់​ខ្លួន​។ ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​របស់​ SpaceX បាន​បង្ហាញ​អំពី​វឌ្ឍនភាព​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​អវកាស​​របស់​ក្រុម​ហ៊ុន​នេះ​ផងដែរ​។

    ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​លើក​នេះ​ មិន​ត្រឹម​តែ​ដើម្បី​ពង្រីក​បណ្ដាញ​ Starlink នោះ​ទេ តែ​ថែម​ទាំង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​សន្យា​របស់ SpaceX នៅ​ក្នុង​បដិវត្តន៍​បណ្ដាញ​តភ្ជាប់​សកល​ តាម​រយៈ​គម្រោង​អវកាស​ច្នៃ​ប្រឌិត​៕

  • យប់ថ្ងៃ15 កើតនេះ មានព្រឹត្តិការណ៍ពិសេសបីកើតឡើងដំណាលគ្នា

    យប់ថ្ងៃ15 កើតនេះ មានព្រឹត្តិការណ៍ពិសេសបីកើតឡើងដំណាលគ្នា

    យប់ថ្ងៃសីលពេញបូណ៌មីនេះ កើតឡើងចំព្រឹត្តិការណ៍តារាសាស្ត្រពិសេសមួយដែលត្រូវបានហៅថា មហាចន្ទពេញវង់។

    យប់ថ្ងៃសុក្រ 15 កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ 2567 ត្រូវនឹងថ្ងៃទី 29 កញ្ញា គ្រីស្តសករាជឆ្នាំ 2023 នេះ គឺជាថ្ងៃពិសេស ព្រោះថាមិនត្រឹមតែជាថ្ងៃសីលពេញបូណ៌មី និងជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិមួយចំនួននៅអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ មានដូចជា ចិន ជប៉ុន កូរ៉េ និងវៀតណាមជាដើមនោះទេ ប៉ុន្តែក៏ជាឱកាសដែលមានព្រឹត្តិការណ៍មហាចន្ទពេញវង់ផងដែរ។

    នៅយប់នេះ ព្រះចន្ទនឹងស្ថិតនៅពីមុខផែនដី និងព្រះអាទិត្យ ហើយផ្ទៃរបស់វានឹងទទួលបានពន្លឺពេញលេញពីព្រះអាទិត្យ។ ព្រឹត្តិការណ៍នេះនឹងកើតឡើងនៅវេលាម៉ោង 16:59 ម៉ោងអន្តរជាតិ ត្រូវនឹងម៉ោង 23:59 ថ្ងៃទី 29 កញ្ញានៅកម្ពុជា។ ព្រះចន្ទពេញវង់លើកនេះគឺជាមហាចន្ទពេញវង់ចុងក្រោយក្នុងចំណោមមហាចន្ទទាំងបីរបស់ឆ្នាំ 2023។ យប់នេះ ព្រះចន្ទនឹងស្ថិតនៅក្បែរផែនដីបំផុត ហើយនឹងធំជាង ភ្លឺជាងចន្ទពេញវង់ធម្មតា។

    អ្នកតារាសាស្ត្រឱ្យដឹងថា ចម្ងាយមធ្យមពីព្រះចន្ទទៅផែនដីគឺ 384,000 គីឡូម៉ែត្រ។ ប៉ុន្តែដោយសារគន្លងគោចររបស់ព្រះចន្ទមានរាងដូចពង​ក្រពើ ដូចនេះវាតែងតែមានពេលខ្លះនៅជិតខ្លាំង និងឆ្ងាយខ្លាំងធៀបនឹងចម្ងាយមធ្យម។ ជាធម្មតា រៀងរាល់ឆ្នាំតែងមានចន្ទពេញវង់មួយលើក ពីរលើក ឬអាចបីលើកដែលកើតឡើងចំពេលព្រះចន្ទកំពុងស្ថិតនៅចំណុចជិតផែនដីបំផុតនៅលើគន្លងតារាវិថីរបស់វា។ ពេលនោះ មនុស្សនៅលើផែនដីនឹងមើលឃើញព្រះចន្ទធំជាង និងភ្លឺជាងធម្មតា។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់អ្នកចូលចិត្តវិស័យតារាសាស្ត្រ និងអ្នកចូលចិត្តគយគន់ផ្ទៃមេឃពេលរាត្រី៕

  • ថ្ងៃ​នេះ​មហា​ចន្ទ​ពេញ​វង់​ «រីក» ធំជាង​គេ​បង្អស់​​ក្នុង​ឆ្នាំ​ 2023

    ថ្ងៃ​នេះ​មហា​ចន្ទ​ពេញ​វង់​ «រីក» ធំជាង​គេ​បង្អស់​​ក្នុង​ឆ្នាំ​ 2023

    បើ​សិន​អាកាសធាតុ​មាន​អំណោយ​ផល​ល្អ នៅ​​ថ្ងៃ​ទី 31 សីហា​នេះ អ្នក​ដែល​ចូល​ចិត្ត​វិស័យ​តារា​សាស្ត្រ​នឹង​មានឱកាស​គយគន់ចន្ទ​ពេញ​បូណ៌មីធំជាង​គេ​បង្អស់​នៅ​ក្នុង​ឆ្នាំនេះ​ បើធៀប​នឹង​ចន្ទ​ពេញ​វង់​ធម្មតា​។

    ឆ្នាំ​ 2023 ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឆ្នាំ​ពិសេស​សម្រាប់​វិស័យ​តារា​សាស្ត្រ​ ដោយ​សារ​មាន​បាតុភូត​ចន្ទ​ពេញ​វង់​ធំជាង​គេ​បង្ហាញ​​ខ្លួន​​ពីរ​ដង​។ បាតុភូត​ចន្ទ​ពេញ​វង់​ធំជាង​គេ​លើក​នេះគឺ​ជា​ចន្ទ​ពេញបូណ៌មី​លើក​ទីពីរ​ក្នុង​ខែ​សីហា​ឆ្នាំ 2023 និង​​ត្រូវ​បាន​គេ​ផ្ដល់​រហ័សនាម​ថា ព្រះ​ចន្ទ​ពណ៌ខៀវ។ មហា​ចន្ទ​ពេញ​វង់​លើក​នេះ​នឹង​មាន​រូប​រាង​ធំជាង​ និង​ភ្លឺ​ជាង​ប្រហែល 7%​ ធៀប​នឹង​ព្រះចន្ទ​ពេញ​វង់​ធម្មតា​។

    មហា​ចន្ទ​ពេញ​វង់​លើក​នេះ​​កើត​ឡើង​នៅ​ថ្ងៃទី 30 និង 31 ខែ​សីហា ប៉ុន្តែ​នឹង​ធំបំផុត​នៅ​វេលា​ម៉ោង 8 និង 35 នាទី ថ្ងៃ​ទី 31 សីហានៅ​កម្ពុជា។ ថ្វី​បើ​នេះ​មិន​មែន​ជា​ពេល​វេលា​ល្អ​សម្រាប់​ការ​គយគន់ ប៉ុន្តែ​ប្រជាជន​នៅ​កម្ពុជា​អាច​មើល​ព្រះ​ចន្ទ​ពេញ​វង់​ពិសេស​នេះ​នៅពេល​យប់​ តែ​ពន្លឺ​របស់​វា​នឹង​ថយ​ចុះ​បន្តិច​ធៀប​នឹង​វេលា​ខាង​លើ។

    បាតុភូតចន្ទពេញវង់ធំជាងគេលើកនេះ ត្រូវបានគេផ្ដល់រហ័សនាមថា ព្រះចន្ទពណ៌ខៀវ

    មហា​ចន្ទ​​ពេញ​វង់​កើត​ឡើង​នៅ​ពេល​ព្រះ​ចន្ទ​​ពេញ​បូណ៌មី​ និង​​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត។ ​គន្លង​តារាវិថី​​របស់​ព្រះ​ចន្ទ​ជុំវិញ​ផែនដី​មាន​រាង​ដូច​ពង​ក្រពើ​ ដូច្នេះ​ជា​រៀង​រាល់​ខែ​ ព្រះចន្ទ​តែង​តែ​គោចរ​ឆ្លង​កាត់​តំបន់​ជិត​ផែនដី​បំផុត​ និង​តំបន់​ឆ្ងាយ​ពី​ផែនដី​បំផុត​។

    ព្រះ​ចន្ទ​ពេញបូរណ៌មី​​លើក​ទី​ពីរ​ក្នុង​ខែ​សីហានេះ គឺជា​មហា​ចន្ទ​ពេញ​វង់​ទីបី​​ និង​ស្ថិត​នៅ​ជិត​ផែនដី​បំផុត​​ក្នុង​ចំណោម​មហា​ចន្ទ​​ពេញ​វង់​ទាំង​បួន​ក្នុង​ឆ្នាំ 2023​៕

  • ចន្ទពេញ​វង់​ធំជាងគេបង្អស់​​ប្រចាំឆ្នាំ​ 2023 ជិត​បង្ហាញ​ខ្លួន

    ចន្ទពេញ​វង់​ធំជាងគេបង្អស់​​ប្រចាំឆ្នាំ​ 2023 ជិត​បង្ហាញ​ខ្លួន

    ចន្ទ​ពេញ​បូណ៌មីថ្ងៃ​ទី​ 30 សីហា នឹង​ស្ថិត​នៅ​ក្បែរ​ផែនដីបំផុត​ ហើយ​បង្កើត​បាន​ជា​ចន្ទ​ពេញ​វង់​​មាន​ពន្លឺភ្លឺ​ជាង​គេ​​បង្អស់​នៅ​ក្នុង​ឆ្នាំ​ 2023​ ដែល​យើងសូម​​ហៅ​ថា «មហា​ចន្ទ»។

    ចន្ទ​ពេញ​វង់​ដ៏ធំ និង​ភ្លឺ​បំផុត​ប្រចាំ​ឆ្នាំ 2023 ដែល​នឹង​រះ​នៅយប់​​ថ្ងៃទី 30 សីហា ត្រូវ​បាន​គេ​ដាក់​​រហ័សនាម​ថា «ព្រះ​ចន្ទ​ខៀវ»។ នេះ​គឺជា​លទ្ធផល​ដែល​កើត​ឡើង​ដោយ​សារ​បាតុភូត​ព្រះ​ចន្ទ​បី​កើត​ឡើង​ក្នុង​ពេល​ដំណាល​គ្នា​។ យោង​តាម​ Live Science រហ័សនាម​ «ព្រះចន្ទ​ខៀវ» មិន​ជាប់​ទាក់ទង​នឹង​ពណ៌​របស់​ព្រះ​ចន្ទ​នោះទេ ប៉ុន្តែ​នេះ​កើត​ចេញ​ពី​ការ​ពិត​ដែល​ថា វា​ជា​ចន្ទ​ពេញ​បូណ៌មី​លើក​ទីពីរ​ក្នុង​ខែ​សីហា។ នេះ​គឺ​ជា​លើក​ទីពីរ​ដែល​មហា​ចន្ទ​​បង្ហាញ​ខ្លួន​ក្នុង​ខែ​តែ​មួយ​ (យប់​ថ្ងៃ​ទី 01 សីហា និង​ទៀបភ្លឺ​ថ្ងៃ​ទី 31 សីហា 2023)​។

    «ព្រះចន្ទ​ខៀវ» មាន​ពីរ​ប្រភេទ ក្នុង​នោះ​ មួយ​ប្រភេទ​កើត​ឡើង​ទៅ​តាម​ប្រតិទិនដែល​បង្ហាញ​ខ្លួន​ពី​ពីរ​ទៅ​បី​ឆ្នាំ​ម្ដង។ ប្រភេទ​ទីពីរ​គឺ​កើត​ឡើង​ទៅ​តាម​រដូវ​ ដោយ​​កើត​ឡើង​នៅ​ពេល​ឆ្នាំ​សូរិយាគតិ​មាន​ចន្ទ​ពេញ​វង់ 13 ដង មិន​មែន​ 12 ដង​ដូច​ធម្មតា​។

    មហា​ចន្ទ​​កើត​ឡើង​នៅ​ពេល​វា​ពេញ​បូណ៌មី​ ហើយ​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត។ ​គន្លង​តារាវិថី​​របស់​ព្រះ​ចន្ទ​ជុំវិញ​ផែនដី​មាន​រាង​ដូច​ពង​ក្រពើ​ ដូច្នេះ​ជា​រៀង​រាល់​ខែ​ ព្រះចន្ទ​តែង​តែ​គោចរ​ឆ្លង​កាត់​តំបន់​ជិត​ផែនដី​បំផុត​ និង​តំបន់​ឆ្ងាយ​ពី​ផែនដី​បំផុត​។

    ចន្ទ​ពេញបូរណ៌មី​​លើក​ទី​ពីរ​ក្នុង​ខែ​សីហា គឺជា​មហា​ចន្ទ​ទីបី​​ និង​ស្ថិត​នៅ​ជិត​ផែនដី​បំផុត​​ក្នុង​ចំណោម​មហា​ចន្ទ​ទាំង​បួន​ក្នុង​ឆ្នាំ 2023​។

  • ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

    ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។

    អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។

    មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។

    រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕