SpaceX បាញ់​បង្ហោះ​ផ្កាយរណបថ្មីជាង 20 គ្រឿង ដើម្បី​ពង្រីក​បណ្ដាញ​អ៊ីនធើរណិត​ Starlink

ក្រុម​ហ៊ុន​អាម៉េរិក SpaceX បាន​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​ នៅ​ពេល​បាញ់​បង្ហោះ​ផ្កាយ​រណប Starlink ចំនួន 23 គ្រឿង​ ឡើង​ទៅ​កាន់​គន្លង​តារាវិថី តាម​រយៈ​រ៉ុក្កែត Falcon 9​។

រ៉ុក្កែត Falcon 9 មួយ​គ្រឿង​ បាន​នាំ​យក​ផ្កាយរណប​ Starlink ចំនួន 23 គ្រឿង ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​ Cape Canaveral Space Force Station នៅ​ Florida ទៅ​កាន់​គន្លង​តារាវិថី កាល​ពី​វេលាម៉ោង​ 12:07 នាទី​យប់ ថ្ងៃទី 07 ធ្នូ​ នៅ​ក្នុង​បេសកកម្ម​គន្លង​តារាវិថី​ទី 90 របស់ SpaceX ក្នុង​ឆ្នាំ 2023​។

នេះ​គឺជា​ការ​បាញ់​បង្ហោះ​ជោគ​ជ័យ​លើក​ 6 នៅ​ក្នុង​រង្វង់​មួយ​សប្ដាហ៍​។ ផ្កាយរណប​ទាំង​នេះ​ នឹង​រួម​ចំណែក​នៅ​ក្នុង​បណ្ដាញ​ផ្កាយ​រណប​ Starlink ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​សេវា​អ៊ីនធើណិត គ្រប​ដណ្ដប់​ទូទាំង​សកល​លោក​។

នៅ​ក្នុង​ការ​បាញ់​បង្ហោះ​មួយ​លើក​ៗ SpaceX បោះ​ជំហាន​កាន់​តែ​ខិត​ទៅ​ជិត​​​គោល​ដៅ​នៃ​មហិច្ឆតា​អ៊ីនធើណិត​របស់​ខ្លួន​។ ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​របស់​ SpaceX បាន​បង្ហាញ​អំពី​វឌ្ឍនភាព​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​អវកាស​​របស់​ក្រុម​ហ៊ុន​នេះ​ផងដែរ​។

ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​លើក​នេះ​ មិន​ត្រឹម​តែ​ដើម្បី​ពង្រីក​បណ្ដាញ​ Starlink នោះ​ទេ តែ​ថែម​ទាំង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​សន្យា​របស់ SpaceX នៅ​ក្នុង​បដិវត្តន៍​បណ្ដាញ​តភ្ជាប់​សកល​ តាម​រយៈ​គម្រោង​អវកាស​ច្នៃ​ប្រឌិត​៕

Advertisement