Tag: មាន​

  • ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Aion ដែលជា​យីហោ​មួយ​របស់ GAC (Guangzhou Automobile Corporation) បាន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​ថៃ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​បំផុត​របស់​ចិន​ដែល​ធ្វើ​ដូច្នេះ។

    កាលពី​ថ្ងៃទី 28 មិថុនា GAC Aion បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​កិច្ចសហការ​ជាមួយ​តំណាង​ចែកចាយ​នៅ​ប្រទេស​ថៃ ដើម្បីនាំ​រថយន្ត​អគ្គិសនី​​ចូលមក​ទីផ្សារ​នេះ​ជា​ផ្លូវការ បើកផ្លូវ​ឱ្យ Aion ចាប់​ផ្ដើម​ធ្វើ​អន្តរ​ជាតូបនីយកម្ម​យីហោ​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​នឹង​បើក​ទីស្នាក់ការ​កណ្ដាល​នៅ​អាស៊ីអាគ្នេយ៍​លើ​ទឹកដី​ថៃ​ក្នុងឆ្នាំនេះ។

    GAC Aion ឱ្យដឹងថា ការផលិត​បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ថៃ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មមា​ញឹក។ ក្នុង​អនាគត ក្រុមហ៊ុន​នេះ​ក៏​នឹង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ផងដែរ។

    អំពី​ការលក់​រថយន្ត​អគ្គិសនី នៅ​ប្រទេស​ចិន GAC Aion ឈរ​លំដាប់​ទី​ពីរ​បន្ទាប់ពី BYD។ នេះ​បើតាម​បញ្ជី​ចំណាត់ថ្នាក់​របស់​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន (CPCA)។

  • ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ទីក្រុង Mecca ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើ​ទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​បង្កើន​សំណើម និង​កាត់​បន្ថយកម្ដៅ​ក្នុង​បរិយាកាស​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង ឆ្នាំនេះ ទីក្រុង Mecca របស់​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត បាន​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដើម្បី​ទប់ទល់។ អាជ្ញាធរ​ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​កាត់បន្ថយ​កម្ដៅ​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ប្រព័ន្ធ​បាញ់​ទឹក​សន្សើម​នេះ​ត្រូវបាន​ដំឡើង​នៅតាម​បណ្ដោយ​ផ្លូវ​នានា​ដែល​នៅក្នុង​តំបន់​នៃ​វិហារ​អ៊ីស្លាម​ធំ ដើម្បី​ជួយ​ទល់​ស្កាត់​ផលប៉ះពាល់​ដោយសារ​កម្ដៅ។ កាលពី​ថ្ងៃទី 27 មិថុនា 2023 សីតុណ្ហភាព​របស់​ទីក្រុង​ខាងលើនេះ​បាន​ឡើងដល់ 48 អង្សា​សេ។

    អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត គ្រោង​នឹង​ទទួល​អ្នកធ្វើដំណើរ​ធម្ម​យាត្រា​ប្រហែល 2.6 លាន​នាក់​នៅក្នុង​រដូវ​បុណ្យ​ឆ្នាំនេះ។ នេះ​គឺជា​រដូវ​ធម្ម​យាត្រា​ដំបូង​រាប់​ចាប់​តាំង​ពី​ឆ្នាំ 2019 ដែល​ពុំមាន​ការហាម​ប្រាម​ដោយសារ​កូ​វីដ។

  • ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បង្កើត​រ៉ូ​បូត​មាន​ដៃ​ច្រើន​អាច​ពាក់​លើ​ខ្នង និង​ជួយ​ធ្វើ​កិច្ច​ការ​របស់​មនុស្ស​។

    ថ្មីៗនេះ ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Masahiko Inami ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អភិវឌ្ឍ​រ៉ូ​បូត​មួយ​ប្រភេទ​ដែលមាន​ដៃ​ច្រើន អាច​បំពាក់​លើ​ខ្នងមនុស្ស។ ដៃ Jizai របស់​រ៉ូ​បូត​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ដែល​អាចឱ្យ​វា​ធ្វើតាម​បំណង​មនុស្ស។

    សាស្ត្រាចារ្យ Inami ឱ្យដឹងថា សក្ដានុពលរ​បស់ដៃ​យន្ត​នេះ​ត្រូវបាន​ទន្ទឹងរង់ចាំ​ខ្លាំង ព្រោះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការស្វែងរក និង​ជួយសង្គ្រោះ​នាពេល​អនាគត។

  • Elon Musk ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ដើម្បី​ឡើង​ប្រដល់​នឹង Zuckerberg

    Elon Musk ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ដើម្បី​ឡើង​ប្រដល់​នឹង Zuckerberg

    មហាសេដ្ឋី Elon Musk ដែល​ជា​ម្ចាស់ SpaceX បាន​ចាប់ផ្ដើម​ហាត់​ក្បាច់គុន​ចម្រុះ MMA ជាមួយនឹង Lex Fridman ម្ចាស់​ខ្សែក្រវាត់​ខ្មៅ Jujutsu (ជូ​ជិត​ស៊ូ) ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការឡើង​សង្វៀន​ប្រកួត​ជាមួយ​ម្ចាស់ Facebook គឺ​មហាសេដ្ឋី Mark Zuckerberg។

    «ខ្ញុំ​បានចាប់ផ្ដើម​ការហ្វឹកហាត់​ប្រកបដោយ​ការរីករាយ​តាម​ធម្មតា​ជាមួយ Elon Musk ក្នុង​រយៈពេល​ច្រើន​ម៉ោង​កាលពី​ម្សិលមិញ» Lex Fridman ម្ចាស់​ឆា​នែ​ល Lex Fridman Podcast និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​គុន​ជូ​ជិត​ស៊ូ បាន​សរសេរ​លើ Twitter កាលពី​ថ្ងៃទី 28 មិថុនា​ដូច្នេះ។

    លោក Fridman បន្តថា «ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​កម្លាំង និង​សមត្ថភាព​របស់គាត់ ទាំង​នៅលើ​ជើង​ទាំងពីរ ទាំង​នៅលើ​ដី»។

    Fridman ក៏បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ដែល​ថត​បាន​ទិដ្ឋភាព Musk ក្រៀក​ជាប់​ក និង​សង្កត់​ដៃរបស់ Fridman ហើយ​​ផ្ដួល​គូប្រកួត​បាន​យ៉ាង​ស្រួល។

    «ពិតជា​ចាប់អារម្មណ៍​នៅពេល​ឃើញ Elon និង Mark ហាត់​ក្បាច់គុន។ ប៉ុន្តែ​ខ្ញុំ​គិតថា ពិភពលោក​នឹង​ទទួលបាន​ការបម្រើ​ច្រើនជាង​នេះ​នៅពេល​ពួកគេ​ហាត់គុន ដោយ​មិន​វាយ​គ្នា​ក្នុង​ទ្រុង​ដែក។ ទោះជា​មានរឿង​អ្វី​កើតឡើង ខ្ញុំ​នៅតែ​គាំទ្រ​ពួកគេ» Fridman និយាយ​ដូច្នេះ។

    Lex Fridman

    កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

    អ្នក​គាំទ្រ​កំពុងតែ​ទន្ទឹងរង់ចាំ និង​នាំគ្នា​ភ្នាល់ ដោយ​មាន​ការ​ចែកជា​ក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករ​ថា គូប្រកួត Musk –  Zuckerberg អាចក្លាយជាការប្រកួតក្បា​ច់​គុន​មួយ​ទល់នឹង​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បំបែក​រាល់​កំណត់ត្រា​ស្ដីពី​ការលក់​សំបុត្រ​ចូល​ទស្សនា។ លោក​និយាយថា គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រហែល 100 ដុល្លារ សម្រាប់​ការ​ទស្សនា​មួយ​លើក​នៅតាម​ទូរទស្សន៍៕

  • Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    អ្នក​រចនា​នាវា​ទេសចរណ៍​ជនជាតិ​អ៊ីតាលី​ Marco Ferrari បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept កំពូល​នាវា​ទេសចរណ៍​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ ឈ្មោះ Project Neptune ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បំភាយ​ឧស្ម័ន​ពុល​។

    ដោយ​មាន​បណ្ដោយ​ប្រវែង​ 137.3 ម៉ែត្រ និង​ទម្ងន់​ប្រហែល 5,000 តោន​ Project Neptune គឺជា​នាវាទេសចរណ៍​ខ្នាត​ធំ។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 មិថុនា​ 2023​។

    ផ្នែក​ខាង​ក្រៅ​របស់​នាវា​នេះ​ធ្វើ​ពី​អាលុយមីញ៉ូម​។ នាវា​នេះ​ក៏​មាន​អាង​ហែល​ទឹល​មួយ​នៅ​ផ្នែក​កន្ទុយ និង​នៅ​ជាន់​លើ​ផងដែរ​។ ជាង​នេះ​ វា​ក៏​មាន​​កន្លែង​ចុះចត​​ចំនួន​ពីរ​សម្រាប់​ឧទ្ធម្ភាគ​ចក្រ​ទៀត​ផង​។

    Project Neptune មាន​បន្ទប់​ចំនួន​បួន​ដែល​មាន​យ៉​រៀង​ៗ​ខ្លួន​នៅ​ជាន់​ទាប​ៗ និង​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​ 6 ដែល​អាច​ដាក់​មនុស្ស​សរុប​ 22 នាក់​។ ក្រុម​នាវិក​លើ​នាវា​នេះ​នឹង​មាន​​ 50 នាក់ ក្នុង​នោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ និង​ជំនួយ​ការពេទ្យ​​ម្នាក់​ផងដែរ​។ ក្រៅ​ពី​នេះ នាវា Project Neptune ក៏​មាន​មធ្យោបាយធ្វើ​ដំណើរ​អម​ មាន​ដូច​ជា ម៉ូតូ​ទឹក ទូក​កាយ៉ាក និង​ឧបករណ៍​មុជ​ទឹក​។ល។

    អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងនេះ​គឺ​ថា នាវា​ទេសចរណ៍ Project Neptune នឹង​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន មិន​បំភាយ​ឧស្ម័ន​ពុល​៕

  • សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។

    ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។

    ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។

    ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។

    កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ M1A1 Abrams ចំនួន​ជាង 110 គ្រឿង​ពី​សហរដ្ឋ​អាម៉េរិក រួម​នឹង​ឧបករណ៍​យោធា​ជាច្រើន​ទៀត​ដែលមាន​តម្លៃ​សរុប 1.4 ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ 2022 ទីក្រុង​វ៉ា​សូវី​បាន​បញ្ជា​ទិញ​រថក្រោះ M1A2 Abrams ចំនួន 250 គ្រឿង ដែល​គ្រោង​នឹង​ទទួលបាន​ចាប់ពី​ឆ្នាំ 2025 ដល់ 2026៕

  • បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

    បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

    បំណែក​របស់​នាវាមុជទឹក Titan ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 18 មិថុនា 2023 ត្រូវបាន​ស្រង់​ឡើងគោក និង​នាំទៅ​កាន់​កំពង់ផែ​នៅ​ប្រទេស​កាណាដា ក្នុងនោះ​ក៏​អាចមាន​ផ្ទុក​បំណែក​សាកសព​រប​ស់ជន​រងគ្រោះ។

    ក្រុមហ៊ុន​អាម៉េរិក Pelagic Research ដែលមាន​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ Odysseus ដែល​​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក​នាវា Titan បានឱ្យដឹងថា បំណែក​នានា​ពី​សាកសព​នាវាមុជទឹក Titan ក្នុងនោះ​អាចមាន​ផ្នែក​ខាងមុខ និង​ឧបករណ៍​បញ្ជា ត្រូវបាន​នាំទៅ​កាន់​កំពង់ផែ St. John នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 28 មិថុនា។

    «ក្រុម​អ្នកស្វែងរក​បានធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ចំនួន 10 ថ្ងៃ នៅក្នុង​ការស្វែងរក​សា​ក​សព​​នាវា​ Titan» អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹង​ដូច្នេះ និង​បន្តថា បេសកកម្ម​ស្រង់​ឡើងគោក​របស់​ពួកគេ​ត្រូវបាន​បិទ​បញ្ចប់​។

    បំណែក​ពី​នាវា Titan នឹងត្រូវ​បាន​ដឹក​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ​បន្ថែម។ កម្លាំង​ឆ្មាំ​សមុទ្រ​អាម៉េរិក ថ្មីៗនេះ​ក៏បាន​បញ្ជាក់ថា ប្រហែលជា​បាន​រកឃើញ​បំណែក​សាកសព​របស់​ជ​ន​រងគ្រោះ​នៅក្បែរ​បំណែក​នាវា ក្នុងពេល​ស្រង់​ឡើងគោក។

    Jason Meubauer ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​ហេតុ​កាណ៍​គ្រោះថ្នាក់​នាវា Titan របស់​សហរដ្ឋ​អាម៉េរិក និយាយថា «នៅមាន​កិច្ចការ​ត្រូវធ្វើ​ជាច្រើន​ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​សោកសៅ​របស់ Titan»។

    នាវាមុជទឹក Titan បាន​ដាច់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី 18 មិថុនា 2023 ប្រហែល​ជិត​ពីរ​ម៉ោង​បន្ទាប់ពី​បាន​ចាក​ចេញពី​កប៉ាល់​មេ Polar Prince ដើម្បី​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic។ កាលពី​ថ្ងៃទី 22 មិថុនា ក្រុម​ល្បាត​សមុទ្រ​អាម៉េរិក​អះអាងថា នាវា Titan បាន​បែកបាក់​ខ្ទេច​​ខ្ទី​នៅ​បាតសមុទ្រ បណ្ដាលឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។ បំណែក​របស់ Titan ត្រូវបាន​រកឃើញ​នៅ​តំបន់​ដែលមាន​ចម្ងាយ​ពី​ក្បាល​សាកសព​កប៉ាល់ Titanic ប្រហែល 488 ម៉ែត្រ។

    មន្ត្រី​អាម៉េរិក​យល់ថា Titan ត្រូវបាន​កម្ទេច​​ដោយ​សម្ពាធ​ទឹក​ក្នុង​ជម្រៅ​ជិត 4,000 ម៉ែត្រ ធ្វើឱ្យ​ជនរងគ្រោះ​ហាក់​​ត្រូវស្លាប់ភ្លាមៗ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​ក្នុង​នាវា ឬ​ដោយសារ​មនុស្ស​ធ្វើឱ្យមាន​កំហុស៕

  • ម៉ិ​ក​ស៊ិ​កចាត់​បុគ្គលិក​សន្តិសុខ​ជាង 1,000 នាក់ ឱ្យ​តាមរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត

    ម៉ិ​ក​ស៊ិ​កចាត់​បុគ្គលិក​សន្តិសុខ​ជាង 1,000 នាក់ ឱ្យ​តាមរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត

    អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​ធ្វើ​យុទ្ធនាការ​ស្វែងរក​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​ប៉ូលិស 16 នាក់​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​បញ្ឈប់រថយន្ត និង​ចាប់​ជំរិត​នៅលើ​ផ្លូវ​ល្បឿន​លឿន។

    ប្រធានាធិបតី Andres Manuel Lopez Obrador កាលពី​ថ្ងៃទី 28 មិថុនា បានឱ្យដឹងថា បានចេញ​បញ្ជា​ឱ្យមាន​ការរំដោះ​ក្រុមប៉ូលិស​ដែល​ត្រូវបាន​គេ​ចាប់ជំរិត​នៅក្នុង​រដ្ឋ Chiapas ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពីមុន​នោះ​មួយថ្ងៃ។

    លោក Obrador ថ្លែងថា ក្រុមប៉ូលិស​នោះ​ធ្វើការ​នៅឯ​មន្ទីរ​ឃុំ​ខាំង​មួយ​នៅមិន​ឆ្ងាយ​ពី​​កន្លែងកើតហេតុ។ លោក​យល់ថា ហេតុការណ៍​នេះ​ទំនងជា​ជាប់​ទាក់ទិន​នឹង​ជម្លោះ​រវាង​បណ្ដា​ក្រុមសង្គមងងឹត។ លោក Obrador សន្យាថា នឹង​ចាត់ការ​ក្រុម​ជន​នៅ​ពីក្រោយ​ករណីនេះ​ឱ្យ​ខាង​តែ​បាន។

    មុននេះ​មួយថ្ងៃ ក្រុមមន្ត្រី​ម៉ិ​ក​ស៊ិ​ក​ប្រកាសថា ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​បាន​ចាប់ជំរិត​ប៉ូលិស 14 នាក់ ប៉ុន្តែ​ក្រោយមក​ក៏​បន្ថែម 2 នាក់​ទៀត។

    ករណី​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង​អនុវត្ត​ច្បាប់ និង​ក្រុម​ជនល្មើស​នៅ Ocozocautla បាន​កើតឡើង​ញឹកញាប់​ខ្លាំង​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ។ Ocozocautla គឺជា​តំបន់​ដែល​កើតមាន​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​សកម្ម​ជាងគេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

  • Leaf Shiro គឺជា​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​របស់ Nissan

    Leaf Shiro គឺជា​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​របស់ Nissan

    Nissan Leaf គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែលមាន​វត្តមាន​យូរ​បំផុត​លើ​ទីផ្សារ ដោយ​ស៊េរី​ជំនាន់​ដំបូង​របស់ Leaf បានបង្ហាញ​ខ្លួន​តាំងពី 13 ឆ្នាំមុន។

    បច្ចុប្បន្ន Nessan សម្រេចចិត្តថា ដល់ពេល​ត្រូវ​កែលំអ Leaf ឡើងវិញ។ រថយន្ត​រាមច្បង​របស់ Nissan Leaf Shiro គឺ Nissan Leaf N-Connecta។

    កាលពី 5 ឆ្នាំមុន Nissan Leaf នៅតែ​លក់ដាច់​ខ្លាំង ព្រោះ​មានតម្លៃ​ទាប។ បច្ចុប្បន្ន Nissan Leaf Shiro មានតម្លៃ 35,180 ដុល្លារ​អាម៉េរិក ទាប​ជាង 2,500 ដុល្លារ ធៀប​នឹង Nissan Leaf N-Connecta។

  • ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

    ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

    មន្ត្រី​ប៉ូលីស​ចំនួន 14 នាក់​របស់​រដ្ឋ Chiapas នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​​បញ្ឈប់រថយន្ត និង​ចាប់ខ្លួន​នៅលើ​ផ្លូវ​ល្បឿន​លឿន។

    ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Chiapas ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 27 មិថុនា 2023 បានឱ្យដឹងថា ប៉ូលិស​មួយ​ក្រុម​​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ចាប់ជំរិត​ពេល​កំពុងធ្វើដំណើរ​ដោយ​រថយន្ត​លើផ្លូវ​ល្បឿន​លឿន​ក្នុង​ទីរួមស្រុក Ocozocautla និង​ទីក្រុង​រដ្ឋបាល Tuxtla Gutierrez របស់​រដ្ឋ Chiapas។

    ទំព័រ Reforma ផ្សាយ​ថា ក្រុម​ប្រដាប់អាវុធ​នេះ​បាន​បញ្ឈប់រថយន្ត​ដឹក​ក្រុមប៉ូលិស រួច​ប្រមូលយក​ទូរស័ព្ទ និង​បញ្ជា​ឱ្យ​ដេក​ផ្កាប់​មុខ​លើដី។ ក្រុម​នេះ​ដោះលែង​ប៉ូលិស​ជា​ស្ត្រីភេទ និង​ចាប់ជំរិត​ប៉ូលិស​ជា​បុរស​ចំនួន 14 នាក់។ កងកម្លាំង​ប៉ូលិស​របស់​រដ្ឋ​នេះ​កំពុងបើក​ការស្រាវជ្រាវ ស្វែងរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត ក៏ដូចជា​ក្រុម​ជនល្មើស។

    ករណី​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង​អនុវត្ត​ច្បាប់ និង​ក្រុម​ជនល្មើស​នៅ Ocozocautla បាន​កើត​ឡើង​ញឹក​ញាប់​ខ្លាំង​​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ។ Ocozocautla គឺជា​តំបន់​ដែល​កើតមាន​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​​​សកម្ម​ជាងគេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។