Tag: ផ្លូវ

  • រថភ្លើង​បី​ខ្សែ​បុក​គ្នា​នៅ​ឥណ្ឌា ធ្វើឱ្យ​មនុស្ស​រាប់​រយ​​នាក់​បាត់​បង់ជីវិត

    រថភ្លើង​បី​ខ្សែ​បុក​គ្នា​នៅ​ឥណ្ឌា ធ្វើឱ្យ​មនុស្ស​រាប់​រយ​​នាក់​បាត់​បង់ជីវិត

    រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង និង​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង បាន​បុក​គ្នា​នៅ​ប្រទេស​ឥណ្ឌា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 233 នាក់​បាត់​បង់ជីវិត និង​ជាង 850 នាក់​រងរបួស។

    រថភ្លើង​ល្បឿន​លឿន​ដឹក​អ្នកដំណើរ Bengaluru – Howrah កាលពី​ព្រលប់​ថ្ងៃទី 02 មិថុនា 2023 បាន​ធ្លាក់​ពី​ផ្លូវដែក​នៅ Balasore ក្នុង​រដ្ឋ Odisha នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា។ ទូ​មួយចំនួន​របស់​រថភ្លើង​នេះ​ត្រូវ​ក្រឡាប់​ទៅលើ​ផ្លូវដែក​នៅក្បែរនោះ។

    រថភ្លើង​ល្បឿន​លឿន​ដឹក​អ្នកដំណើរ Shalimar – Chennai ពេលនោះ​កំពុងធ្វើដំណើរ​ជិត​ដល់​កន្លែងកើតហេតុ​។ ដោយសារ​ចាប់​ហ្វ្រាំង​មិនទាន់ រថភ្លើង​នេះ​ក៏​បុក​ពេញទំហឹង​ទៅលើ​ទូ​មួយចំនួន​របស់​រថភ្លើង Bengaluru – Howrah ដែល​បាន​ក្រឡាប់​មកលើ​ផ្លូវ បណ្ដាលឱ្យ​ទូ​មួយចំនួន​របស់​រថភ្លើង Shalimar – Chennai ត្រូវ​ក្រឡាប់ និង​ទះ​ទង្គិច​នឹង​រថភ្លើង​ដឹកទំនិញ​ដែល​កំពុង​ចត​នៅក្បែរ។

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​សង្គ្រោះ​ជាង 100 គ្រឿង រួម​នឹង​ក្រុម​សង្គ្រោះ 8 អង្គភាព ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ មនុស្ស​យ៉ាងតិច 233 នាក់​បាន​ស្លាប់ ហើយ​ចំនួន​នេះ​អាច​នឹង​កើនឡើង​បន្តទៀត ខណៈដែល​មនុស្ស​ប្រហែល 850 នាក់​ត្រូវ​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    នៅ​ប្រទេស​ឥណ្ឌា គុណភាព​បណ្ដាញ​ផ្លូវដែក​​កំពុង​​ទ្រុឌទ្រោមខ្លាំង​ ​ព្រោះ​តែ​ត្រូវបាន​ស្ថាបនា ប្រើប្រាស់​តាំងពី​យូរ ខណៈ​ការថែទាំ និង​ជួសជុល​ធ្វើឡើង​មិន​ពេញលេញ ដែល​នេះ​អាចជា​មូលហេតុ​មួយ​ដែលនាំឱ្យ​ឥណ្ឌា​ជួប​គ្រោះថ្នាក់​ច្រើន​ ទាក់ទង​នឹង​ផ្លូវដែក។

    កាលពី​ឆ្នាំ 2021 ប្រទេស​ឥណ្ឌា​មាន​មនុស្ស​ជាង 16,000 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ផ្លូវដែក​ជិត 18,000 ករណី៕

  • ឥណ្ឌា​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ប្លោង Agni-1

    ឥណ្ឌា​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ប្លោង Agni-1

    (ឥណ្ឌា) – បញ្ជាការដ្ឋាន​កងកម្លាំង​យុទ្ធសាស្ត្រ (SFC) បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ប្លោង​កម្រិត​មធ្យម Agni-1 ពី​កោះ Abdul Kalam ក្នុង​រដ្ឋ Odisha ខាងកើត។

    កាលពី​ថ្ងៃទី 01 មិថុនា 2023 ក្រសួងការពារជាតិ​ឥណ្ឌា បានឱ្យដឹងថា បញ្ជាការដ្ឋាន​កងកម្លាំង​យុទ្ធសាស្ត្រ (SFC) បានទទួល​ជោគជ័យ​ទាំងស្រុង​នៅក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ប្លោង​រយៈ​ចម្ងាយ​មធ្យម​យុទ្ធសាស្ត្រ Agni-1 ពី​កោះ Abdul Kalam ក្នុង​រដ្ឋ Odisha ខាងកើត។

    ប្រកាស​ខាងលើ​សង្កត់ធ្ងន់ថា «មី​ស៊ី​ល​នេះ​គឺជា​ប្រព័ន្ធ​មួយ​ដែល​ត្រូវបាន​បញ្ជាក់​រួចរាល់​ថា មាន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​កម្រិត​ខ្ពស់​ខ្លាំង»។

    ក្នុង​ពីរ​ទសវត្សរ៍​កន្លង ឥណ្ឌា​បាន​ផ្ដោតទៅលើ​ការបង្កើន​សមត្ថភាព​កំញើញ​ជា​យុទ្ធសាស្ត្រ តាមរយៈ​ការអភិវឌ្ឍ​មី​ស៊ី​ល​ប្លោង​ច្រើន​ប្រភេទ អាវុធ​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​វាយ​ចំ​គោលដៅ​កម្រិត​ខ្ពស់ និង​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ។ ប្រទេស​នេះ​ក៏បាន​អភិវឌ្ឍ​កំណែថ្មីៗជាច្រើន​ដែល​យោងទៅលើ​មី​ស៊ី​ល Agni៕

  • Toyota បង្ហាញ​រថយន្ត​​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន Mirai Sport គំរូ​ដំបូង

    Toyota បង្ហាញ​រថយន្ត​​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន Mirai Sport គំរូ​ដំបូង

    ក្រុម​ហ៊ុន​ជប៉ុន Toyota ថ្មី​ៗ​នេះ​បាន​បង្ហាញ​រថយន្ត​បែប​កីឡា​​គំរូ​ដែល​យក​លំនាំ​តាមរថយន្ត​​ Mirai នៅ​ក្នុង​​ការ​ប្រកួត​ Fuji 24 Hours នៅ​ប្រទេស​ជប៉ុន ហើយ​នេះ​គឺជា​កំណែ​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន​។

    ក្រុម​ហ៊ុន​នេះ​ពុំ​បាន​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​​​ស្ដី​ពី​រថយន្ត​ Mirai Sport ដូច្នេះ អ្វី​ដែល​យើង​អាច​ដឹង​ នោះគឺ​រូប​រាង​របស់​រថយន្ត​នេះ​​តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ និង​និយាយ​​​ជា​ភាសា​ជប៉ុន​។

    រថយន្ត​គំរូ​ Mirai Sport នេះ ​គឺ​យោង​ទៅតាម​រូប​រាង​របស់រថយន្ត Toyota Mirai ជំនាន់​ទី​ពីរ​ ដោយ​មាន​ការ​កែ​ប្រែ​ខ្លះ​ត្រង់​រូប​រាង​ខាង​ក្រៅ​ ពោល​គឺ​ថា Toyota Mirai Sport ​​មាន​លក្ខណៈ​កីឡា​ជាង​ Toyota Mirai​។

    Toyota Mirai Sport ​មាន​ប្រព័ន្ធ​ជំរុញ​ថាមពល​​​ពី​​ថ្ម​ផ្ទុក​អ៊ីដ្រូសែន​ដែល​​មាន​កម្លាំង​ 182 សេះ​ (136 គីឡូវ៉ាត់)​ និង​កម្លាំង​រមួលកង់ 300 Nm ហើយ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 647 គីឡូម៉ែត្រ ដោយ​មិន​បាច់​ចាក់ឥន្ធនៈ​។

    រថយន្ត​​ Mirai Sport គំរូ​ដំបូងដំណើរ​ការ​ដោយ​អ៊ីដ្រូសែន

    អ៊ីដ្រូសែន​ដែល​​​ត្រូវ​បាន​ផលិតពី​ទឹក និង​ថាមពល​ព្រះ​អាទិត្យ​ គេ​ហៅ​ថា អ៊ីដ្រូសែន​បាន​ពី​ព្រះ​អាទិត្យ​ (solar hydrogen)​។ ដើម្បី​បាន​អ៊ីដ្រូសែន​ប្រភេទ​នេះ គេត្រូវ​ប្រើ​រូប​មន្ត​មួយចំនួន​ ក្នុងនោះ​​ក៏​មាន​ ការធ្វើអគ្គិសនីវិភាគទឹក (Electrolysis of water) ដែល​​ប្រើ​ប្រាស់​អគ្គិសនី​ក្នុង​ថ្ម​ ឬ​អគុយ​ដែល​បាន​ពី​ផ្ទាំង​សូឡា​ផងដែរ​។

  • ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

    ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

    កាលពី​ថ្ងៃទី 30 ឧសភា​កន្លងទៅ ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​វិសាខា​បានរៀបចំ​ពិធីសូត្រមន្ដ ក្រុង​ពាលី និង​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​វិសាខា (The Dream Visakha Training Center) ដែលមាន​ទីតាំង​ក្នុងភូមិ​អក​រំដួល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ផ្លូវ​ថ្មី​ទំនប់​កប់​ស្រូវ)។

    យោងតាម​ព័ត៌មាន​ពី​ក្លឹប​វិសាខា ពិធី​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ព្រមទាំង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា រួមទាំង​គណៈ​គ្រប់គ្រង​ក្លឹប បុគ្គលិក និង​ក្រុមការងារ​គ្រូ​ផងដែរ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម ក្លឹប​នេះ​បានសរសេរថា «ពួកយើង​សង្ឃឹមថា The Dream Visakha Training Center នឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​រួមចំណែក​ផលិត​ធនធាន​កីឡាករ-កីឡាការិនី និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត»៕

  • ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

    ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​អង់គ្លេស SolarBotanic Trees អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី ដែល​អាច​ប្រមូល​កម្ដៅ​ពី​ព្រះអាទិត្យ​តាមរយៈ​ដំបូល ឬ​ស្លឹក​ដែលមាន​ផ្ទាំង​សូ​ឡា និង​រក្សា​អគ្គិសនី​នៅក្នុង​បង្គោល ឬ​ដើម​របស់​វា។

    SolarBotanic Trees ទើបតែ​ផលិត​បាន​ដើមឈើ​លោហធាតុ​គំរូ​ដំបូង​សម្រាប់​ការសាកល្បង​ដែលមាន​ទំហំ​ស្មើនឹង ½ នៃ​ទំហំ​របស់​កំណែ​ផ្លូវការ និង​កំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ ធ្វើតេស្ត​កំណែ​ពេញលេញ​នៅមុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ចុងឆ្នាំ​នេះ។ យោងតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 29 ឧសភា CEO Chris Shelley ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានទទួល​ការ​កក់​ផលិតផល​ដំបូង​ចំនួន 200 ដើម ពី Raw Charging Group។

    ដោយមាន​កម្ពស់ 4.5 ម៉ែត្រ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ។ Shelley ឱ្យដឹងថា ដំបូល ឬ​ស្លឹក​របស់​ដើមឈើ​លោហធាតុ​នេះ​ក៏​ផ្ដល់​ម្លប់​ត្រជាក់ និង​មាន​ស្រស់ស្អាត។

    ដើមឈើ​សិប្បនិម្មិត​នេះ​មាន​កម្លាំង​ផលិត​អគ្គិសនី 5 គីឡូវ៉ាត់ អាច​បញ្ចូល​ថាមពល​ពី 20% ឡើងដល់ 80% ក្នុង​រយៈពេល​ជិត 7 ម៉ោង សម្រាប់​រថយន្ត​អគ្គិសនី​ដែលមាន​ថ្ម 50 គីឡូវ៉ាត់។ ផលិតផល​របស់ SolarBotanic Trees មានតម្លៃ​ប្រហែល​ពី 22,000 ទៅ 30,000 ដុល្លារ​អាម៉េរិក/ឈុត។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​ក៏មាន​គម្រោង​ផលិត​កំណែ​ដែល​តូច​ជាង​នេះ និង​មានតម្លៃ​ទាប​ជាង​នេះ​ផងដែរ។

    ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ

    SolarBotanic Trees បញ្ជាក់ថា ចាប់ពី​ឆ្នាំ 2025 ពួកគេ​អាច​ផលិត​ដើមឈើ​ថាមពល​នេះ​បាន​យ៉ាងតិច 1,000 ដើម​ជា​រៀងរាល់ឆ្នាំ ហើយ​ដំឡើង​នៅ​អង់គ្លេស មុននឹង​ពង្រីក​ទៅកាន់​ទីផ្សារ​នានា​របស់​ទ្វីបអឺរ៉ុប និង​អាម៉េរិក​ខាងជើង៕

  • ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។

    យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។

    កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច Edward ទី 7 របស់​ចក្រភព​អង់គ្លេស។ ដោយសារតែ​បារម្ភ​អំពី​សុវត្ថិភាព​តាមផ្លូវ​ដឹកជញ្ជូន​ពី​ទ្វីបអាហ្វ្រិក​ទៅកាន់​ទីក្រុង​ឡុង​ដ៍របស់​អង់គ្លេស​ ស្ដេច Edward បានដាក់​ត្បូង​ពេជ្រ​ក្លែងក្លាយ​នៅលើ​កប៉ាល់ ដោយមាន​អ្នកយាម​ការពារ​ច្រើន​នាក់ ក្នុង​បំណង​បង្វែរ​ចំណាប់អារម្មណ៍ ខណៈដែល​ពេជ្រ Cullinan ពិតប្រាកដ​ត្រូវបាន​ផ្ញើ​ទៅកាន់​អង់គ្លេស​ដោយ​ដាក់​ក្នុង​ប្រអប់​សាមញ្ញ។

    ដោយសារតែ Cullinan មាន​ទំហំ​ធំ​ពេក ស្ដេច Edward ក៏​ប្រគល់​ការ​ងារ​កែច្នៃ​​ទៅឱ្យ Joseph Asscher ដែលជា​ប្រធាន​ក្រុមហ៊ុន Asscher Diamond នៅ Amsterdam ។ Asscher និង​ក្រុមការងារ​បាន​ចំណាយពេល​ពិនិត្យ និង​កាត់​​ជា​ដុំ​អស់​រយៈពេល 14 ខែ ក្នុងនោះ​ពួកគេ​ត្រូវធ្វើ​ការ​ជាង​ដប់​ម៉ោង/ថ្ងៃ ហើយ​ពេលខ្លះ Asscher ក៏ត្រូវ​ដួលសន្លប់​ព្រោះតែ​អស់កម្លាំង និង​ព្រួយបារម្ភ។ ចុងក្រោយ ពេជ្រ Cullinan ក៏ត្រូវ​បាន​កាត់​ជា 9 ដុំធំៗ និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ពី Cullinan I ដល់ Cullinan IX និង​ដុំតូចៗជិត 100 ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាម៉េរិក។

    Cullinan គឺជា​ត្បូងពេជ្រ​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក

    ត្បូង​ពេជ្រ​មួយ​គ្រាប់​​ធំជាងគេ​ក្នុងចំណោម​នោះ ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា Cullinan I ឬ​ហៅថា តារា​ទ្វីបអាហ្វ្រិក មាន​ទម្ងន់ 530.2 កា​រ៉ា​ត។ ពេជ្រធំៗទាំង 9 គ្រាប់​នេះ​សុទ្ធតែជា​កម្មសិទ្ធិ​របស់​រាជវង្ស​អង់គ្លេស ហើយ​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​តុបតែង​មកុដ និង​គ្រឿងអលង្ការ​នានា។

    គ្រាប់ពេជ្រ​ដែល​ធំជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក​បន្ទាប់ពី Cullinan គឺ Excelsior។ Excelsior ​ត្រូវបាន​រកឃើញ​ដោយ​កម្មករ​នៅ​អណ្ដូងរ៉ែ Jagersfontein ក្នុង​​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ 1893។ អណ្ដូងរ៉ែ Jagersfontein ជា​កន្លែង​ដែល​បាន​រកឃើញ​ដុំ​ពេជ្រ​ចំនួន​ពីរ​ក្នុង​ចំ​ណោ​យ​ដុំ​ពេជ្រ​ទាំង​ដប់​ដែល​មាន​ទំហំ​​ធំជាងគេ​លើ​ពិភពលោក៕

  • ប្ដី​ឡើងលើ​ឆាក​បោក​កម្ទេច​មកុដ​បវរកញ្ញា ​ព្រោះតែ​ប្រពន្ធ​​មិន​ទទួល​បាន​តំណែង​លេខ​មួយ

    ប្ដី​ឡើងលើ​ឆាក​បោក​កម្ទេច​មកុដ​បវរកញ្ញា ​ព្រោះតែ​ប្រពន្ធ​​មិន​ទទួល​បាន​តំណែង​លេខ​មួយ

    (ប្រេ​ស៊ី​ល) – ប្ដី​របស់​បេ​ក្ខ​នារី​មួយរូប​បាន​លោត​ឡើងលើ​ឆាក ឆក់យក​មកុដ​របស់​បវរ​កញ្ញាឯក ហើយ​បោក​ទៅ​លើ​ឆាក នៅពេល​ដឹងថា ប្រពន្ធ​មិនបាន​គ្រង​តំណែង​បវរកញ្ញា​ឯក​នៅ Miss Gay Mato Grosso 2023។

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រលង​បវរកញ្ញា​ប្ដូរ​ភេទ Miss Gay Mato Grosso 2023 នៅទីក្រុង Cuiaba របស់​ប្រេស៊ីល កាលពី​ថ្ងៃទី 27 ឧសភា 2023។ មុនពេល​កើតហេតុ បេ​ក្ខ​នាទី Nathally Becker (តំណាងឱ្យ Cuiaba) និង Emannuelly Belini (តំណាងឱ្យ Varzea Grande) បាន​ឡើងដល់ Top 2 នៃ​បេ​ក្ខ​នារី​សម្រាប់​តំណែង​បវរ​កញ្ញាឯក។

    នៅពេលដែល​គណៈកម្មកា​រ​ប្រកាសថា Belini ជា​អ្នកឈ្នះ ស្រាប់តែ​ប្ដី​របស់ Becker ឈ្មោះ Matheus Oliveira រត់ឡើង​ឆាក ឆក់យក​មកុដ​ពី​ដៃ​របស់​អ្នក​ដែល​កំពុង​ត្រៀម​បំពាក់​ឱ្យ​បវរ​កញ្ញា​ រួច​បោក​ទៅលើ​ឆាក​។ នៅ​ចំពោះមុខ​ការភ្ញាក់ផ្អើលរ​ប​ស់ទស្ស​និក Oliveira ក៏​ទាញ​សក់ និង​ប្រុង​អូស​​ប្រពន្ធ​ចាកចេញ។ ប៉ុន្តែ កម្លាំង​សន្តិសុខ​ក៏បាន​ឡើងទៅ​លើ​ឆាក និង​បាន​ប្រទាញប្រទង់​គ្នា​មុនពេល​ចាប់​ឃាត់ខ្លួន Oliveira។

    Malone Haenisch ដែលជា​អ្នករៀបចំ​កម្មវិធីប្រលង​នេះ បាន​និយាយថា «គាត់​យល់ថា លទ្ធផល​នេះ​​មិនមាន​យុត្តិធម៌ ហើយក៏​បង្ក​ហេតុនេះ​ឡើង។ យើង​គោរព​តាម​ការសម្រេច​របស់​គ​ណៈ​កម្ម​ការផ្ដល់​ពិន្ទុ ហើយក៏​មានការ​អធ្យាស្រ័យ​ចំពោះ Belini ក៏ដូចជា Becker ព្រោះថា នាង​មិនទាក់​​ទង​នឹង​សកម្មភាព​របស់​ស្វាមី​​នាង​ឡើយ​​»​។

    Emannuelly Belini ដែលជាប់ជាបវរកញ្ញាឯកនៅ Miss Gay Mato Grosso 2023

    យោងតាម Daily Mail បន្ទាប់ពី​មកុដ​ខាងលើ​បាន​បែកបាក់ Haenisch ក៏បាន​ប្រគល់​មកុដ​ថ្មី​ដល់បវរកញ្ញា​ឯក​ Belini។ អ្នកដឹកនាំ​ស្ថាប័ន Miss Gay Mato Grosso ក៏បាន​និយាយថា នឹងមាន​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​សកម្មភាព​បំផ្លិច​​បំផ្លាញ​របស់ Oliveira។ ចំណែក​បវរកញ្ញា​រង​ទីមួយ Becker វិញ មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ទង្វើ​របស់​ប្ដី៕

  • ​កុមារ​បួន​នាក់​​​វង្វេង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​មួយខែ​ក្រោយ​ពី​​យន្តហោះ​ធ្លាក់ «នៅ​មាន​ជីវិត»

    ​កុមារ​បួន​នាក់​​​វង្វេង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​មួយខែ​ក្រោយ​ពី​​យន្តហោះ​ធ្លាក់ «នៅ​មាន​ជីវិត»

    កងទ័ព​កូ​ឡុំ​ប៊ី បានឱ្យដឹងថា សប្ដាហ៍​កន្លង​ពួកគេ​បាន​រកឃើញ​ដាន​ថ្មី​របស់​កុមារ​បួន​នាក់​ដែល​វង្វេង​ក្នុងព្រៃ​ក្នុង​រយៈពេល​ជិត​មួយខែ ក្រោយពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាល​ពី​ពាក់​កណ្ដាល់​ខែ​ឧសភា​។

    កុមារ​បួន​នាក់​អាយុ 13 ឆ្នាំ, 9 ឆ្នាំ, 4 ឆ្នាំ និង 11 ខែ បាន​វង្វេង​ក្នុងព្រៃ បន្ទាប់ពី​យន្តហោះ​ពួកគេ​ជិះ​បាន​ធ្លា​ក់នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បាន​បណ្ដាលឱ្យ​អ្នកបើកបរ មេដឹកនាំ​ជនជាតិដើម និង​ម្ដាយ​របស់​ក្មេង​ទាំង​បួន​នាក់​ខាងលើ ​ត្រូវ​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 15 ឧសភា 2023។

    រូបភាព​ពី​ផ្កាយរណប​បង្ហាញ​អំពី​ផ្លូវដែល​កុមា​រទាំង​នោះបាន​ដើរ​ឆ្លងកាត់។ កម្លាំង​សង្គ្រោះបាន​រកឃើញ​វត្ថុ​មួយចំនួន​នៅ​កន្លែង​ដែល​កុមា​រទាំង​នោះបាន​ជ្រក និង​ផ្លែឈើ​ដែល​ពួកគេ​បាន​ហូប។ កាលពី​សប្ដាហ៍​កន្លង កម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ស្បែកជើង​មួយគូ និង​ខោ​ទឹកនោម​ផងដែរ​។

    មេបញ្ជាការ​ក្រុម​សង្គ្រោះ លោក Pedro Sanchez កាលពី​ថ្ងៃទី 29 ឧសភា បានឱ្យដឹងថា «យោងទៅតាម​អ្វីដែល​បាន​រកឃើញ យើង​សន្ម​ត​ថា ក្មេង​ទាំងនេះ​នៅមាន​ជីវិត។ បើសិន​ពួកគេ​បាន​ស្លាប់ នឹង​ងាយ​រកឃើញ ព្រោះ​ពួកគេ​លែង​ផ្លាស់​ទី ហើយ​សុនក​ជំនាញ​នឹង​ហិត​ដឹង​ក្លិន»។

    ទាហាន​កំពុង​ស្វែង​រក​កុមារ​បួន​នាក់​ដែល​វង្វេង​ក្នុង​ព្រៃ​

    ទាហាន និង​ជនជាតិដើម​ប្រហែល 200 នាក់​ដែល​ដឹង​ច្បាស់​ភូមិសាស្ត្រ កំពុងតែ​ស្វែងរក​នៅក្នុង​តំបន់​ព្រៃ​ទំហំ 320 គីឡូម៉ែត្រ​ការ៉េ។ Sanchez ឱ្យដឹងថា ពិតជា​ចម្លែក​ណាស់​នៅពេល​កុមារ​ទាំងនេះ​មិន​ឈប់​ផ្លាស់​ទី បើ​ទោះ​ទ័ពអាកាស​បាន​ណែនាំ​ឱ្យនៅ​មួយកន្លែង តាមរយៈ​ការទម្លាក់​ក្រដាស់​សរសេរ​ជា​ភាសា​អេ​ស្ប៉ា​ញ និង​ភាសា​ជនជាតិ​​ដើម​នៅ​មូលដ្ឋានចំនួន 10,000 សន្លឹក ទៅលើ​តំបន់​ព្រៃ​នោះ។

    ក្នុង​ក្រដាស​នោះ​ក៏​រួមមាន​ទាំង​ការណែនាំ​អំពី​របៀប​រក្សា​ជីវិត អាហារ​កញ្ចប់ និង​ទឹក​ផងដែរ។ យោងតាម​លោក Sanchez ក្រុម​សង្គ្រោះបាន​អះអាងថា ពួកគេ​ធ្លាប់​ចូលទៅ​ក្បែរ​កន្លែង​របស់​កុមារ​ទាំងនោះ​ក្នុង​រង្វង់ 100 ម៉ែត្រ ប៉ុន្តែ​ ​ភ្លៀងខ្យល់​ខ្លាំង ព្រៃ​ក៏​ក្រាស់ ភូមិសាស្ត្រ​សម្បូរ​បឹង​ភក់ បាន​រារាំង​ដំណើរ​របស់​ក្រុម​សង្គ្រោះ។

    ឪពុក​របស់​កុមារ​ទាំង​បួន​នាក់​ (ស្ដាំ) កំពុង​ពិភាក្សា​ជាមួយ​បុគ្គលិក​សង្គ្រោះ​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន

    ឧទ្ធម្ភាគចក្រ​របស់​ក​ង​ទ័ព និង​ផ្កាយរណប​កំពុង​ត្រូវបាន​ណែ​នាំឱ្យ​ស្វែងរក​ក្នុង​តំបន់​ដែលមាន​សត្វ​សាហាវ។ អ្នកផ្ទះ​បានឱ្យដឹងថា កុមារី​ដែលជា​បងស្រី​បង្អស់​ក្នុងចំណោម​ក្មេង​ទាំង​បួន​នាក់​នោះ មានការ​យល់ដឹង​ច្រើន​អំពី​របៀប​នៃ​ការរក្សា​ជីវិត​នៅក្នុង​ព្រៃ៕

  • SAIC-GM-Wuling បង្ហាញ និង​ដាក់លក់​រថយន្ត​អគ្គិសនី​ខ្នាតតូច Yep mini EV ជា​ផ្លូវការ

    SAIC-GM-Wuling បង្ហាញ និង​ដាក់លក់​រថយន្ត​អគ្គិសនី​ខ្នាតតូច Yep mini EV ជា​ផ្លូវការ

    ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​ SAIC-GM-Wuling ថ្ងៃនេះ​បានបង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​អគ្គិសនី Yep ដែលជា​ម៉ូ​ដែល​ថ្មី​បំផុត​សម្រាប់​ស៊េរី​រថយន្ត​អគ្គិសនី​ខ្នាតតូច​របស់​ក្រុមហ៊ុន​នេះ។

    Yep គឺជា​រថយន្ត​អគ្គិសនី​ខ្នាតតូច​លំដាប់​គុណភាព​ខ្ពស់​របស់ Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន SAIC-GM-Wuling។ រថយន្ត​នេះ​មាន​ពីរ​កំណែ តម្លៃ​ចាប់ពី 11,290 ដុល្លារ​អាម៉េរិក និង 12,703 ដុល្លារ​អាម៉េរិក។

    Baojun Yep មាន​ចំណុច​ខ្លះ​គឺ​ដូច​ទៅនឹង​រថយន្ត Suzuki Jimny និង​មាន​រូបរាង​ជា​ទម្រង់​ប្រអប់​បួន​ជ្រុង (Square Box) ដែល​ផ្ដោតលើ​អតិថិជន​វ័យក្មេង។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

    Baojun Yep ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។ វា​អាចឱ្យ​បញ្ចូល​ថាមពល​រហ័ស និង​អាច​បង្កើន​ថាមពល​អគ្គិសនី​​ពី 30% ឡើងដល់ 80% ក្នុងរយៈ​ពេល​ 35 នាទី។

    រថយន្ត​អគ្គិសនី Baojun Yep ក៏​បំពាក់​ប្រព័ន្ធ​បើកបរ​ឆ្លាត​វៃ Lingxi រួមមាន មុខងារ​កំណត់​អត្តសញ្ញាណ និង​ប្រតិកម្ម​ទៅនឹង​ឧបសគ្គ ក៏ដូចជា​កែសម្រួល​ល្បឿន​ប្រកបដោយ​ភាព​ឆ្លាត​វៃ​នៅពេល​រថយន្ត​បរដល់​កន្លែង​ត្រូវ​បត់។ រថយន្ត​នេះ​ក៏​អាច​ចូល​ចត​ដោយ​ស្វ័យប្រវត្ត ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ចូល​ចត​ឆ្លាត​វៃ៕

  • Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។

    ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។

    រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។

    Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។

    ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​បញ្ហា​ខាងលើ៕