ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​អាម៉េរិក​-​ចិន SAIC-GM-Wuling នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​​ម៉ូ​ដែល​ថ្មី​​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

កាលពី​ថ្ងៃទី 09 ឧសភា Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ SAIC-GM-Wuling បានប្រកាសថា ពួកគេ​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា Baojun Yep នៅ​ថ្ងៃទី 25 ឧសភា​ខាងមុខ។

Baojun បាន​បង្ហើប​ឱ្យដឹង​អំពី​ពាណិជ្ជសញ្ញា​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី 09 ឧសភា ហើយ​ថា Yep នឹង​ជា​ម៉ូ​ដែល​រថយន្ត​ដំបូង​ដែល​ប្រើប្រាស់​ពាណិជ្ជសញ្ញា​ថ្មី​នេះ។

នៅក្នុង​រូបថត​មួយចំនួន​ដែល Baojun បាន​បញ្ចេញ បង្ហាញថា រថយន្ត​អគ្គិសនី Baojun Yep មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត Jimny របស់ Suzuki។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

Baojun Yep នឹង​ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។

ក្រៅពី​កំណែ​ធម្មតា Baojun ក៏បាន​បង្ហាញ​រូបថត​ស្ដីពី​កំណែ​ភី​ក​អាប់ (រថយន្ត​ទ្រុង) ដែលមាន​ទ្វារ​ពីរ​របស់ Yep ផងដែរ។

SAIC-GM-Wuling គឺជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​រដ្ឋ​ចិន SAIC, ក្រុមហ៊ុន​អាម៉េរិក General Motors និង​ក្រុមហ៊ុន​ចិន Wuling Automobile។ SAIC-GM-Wuling មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Liuzhou ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​និរតី​នៃ​ប្រទេស​ចិន។

នៅក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បាន​បង្ហាញ​វត្តមាន​ Air EV នៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​កន្លង និង Bingo EV កាលពី​ចុងខែ​មីនា​ឆ្នាំនេះ​ផងដែរ។

SAIC-GM-Wuling ​លក់​រថយន្ត​អគ្គិសនី​បាន​​ចំនួន 77,701 គ្រឿង​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្នុងនោះ​មាន 69,842 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី Mini EV។ នេះ​បើ​តាម សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​ចិន (CPCA)៕

Advertisement