ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ត្បូងពេជ្រ Cullinan ស្ទើរតែទាំងអស់គឺជាកម្មសិទ្ធិរបស់រាជវង្សនៅអង់គ្លេស

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។

យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។

កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច Edward ទី 7 របស់​ចក្រភព​អង់គ្លេស។ ដោយសារតែ​បារម្ភ​អំពី​សុវត្ថិភាព​តាមផ្លូវ​ដឹកជញ្ជូន​ពី​ទ្វីបអាហ្វ្រិក​ទៅកាន់​ទីក្រុង​ឡុង​ដ៍របស់​អង់គ្លេស​ ស្ដេច Edward បានដាក់​ត្បូង​ពេជ្រ​ក្លែងក្លាយ​នៅលើ​កប៉ាល់ ដោយមាន​អ្នកយាម​ការពារ​ច្រើន​នាក់ ក្នុង​បំណង​បង្វែរ​ចំណាប់អារម្មណ៍ ខណៈដែល​ពេជ្រ Cullinan ពិតប្រាកដ​ត្រូវបាន​ផ្ញើ​ទៅកាន់​អង់គ្លេស​ដោយ​ដាក់​ក្នុង​ប្រអប់​សាមញ្ញ។

ដោយសារតែ Cullinan មាន​ទំហំ​ធំ​ពេក ស្ដេច Edward ក៏​ប្រគល់​ការ​ងារ​កែច្នៃ​​ទៅឱ្យ Joseph Asscher ដែលជា​ប្រធាន​ក្រុមហ៊ុន Asscher Diamond នៅ Amsterdam ។ Asscher និង​ក្រុមការងារ​បាន​ចំណាយពេល​ពិនិត្យ និង​កាត់​​ជា​ដុំ​អស់​រយៈពេល 14 ខែ ក្នុងនោះ​ពួកគេ​ត្រូវធ្វើ​ការ​ជាង​ដប់​ម៉ោង/ថ្ងៃ ហើយ​ពេលខ្លះ Asscher ក៏ត្រូវ​ដួលសន្លប់​ព្រោះតែ​អស់កម្លាំង និង​ព្រួយបារម្ភ។ ចុងក្រោយ ពេជ្រ Cullinan ក៏ត្រូវ​បាន​កាត់​ជា 9 ដុំធំៗ និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ពី Cullinan I ដល់ Cullinan IX និង​ដុំតូចៗជិត 100 ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​អាម៉េរិក។

Cullinan គឺជា​ត្បូងពេជ្រ​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក

ត្បូង​ពេជ្រ​មួយ​គ្រាប់​​ធំជាងគេ​ក្នុងចំណោម​នោះ ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា Cullinan I ឬ​ហៅថា តារា​ទ្វីបអាហ្វ្រិក មាន​ទម្ងន់ 530.2 កា​រ៉ា​ត។ ពេជ្រធំៗទាំង 9 គ្រាប់​នេះ​សុទ្ធតែជា​កម្មសិទ្ធិ​របស់​រាជវង្ស​អង់គ្លេស ហើយ​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​តុបតែង​មកុដ និង​គ្រឿងអលង្ការ​នានា។

គ្រាប់ពេជ្រ​ដែល​ធំជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក​បន្ទាប់ពី Cullinan គឺ Excelsior។ Excelsior ​ត្រូវបាន​រកឃើញ​ដោយ​កម្មករ​នៅ​អណ្ដូងរ៉ែ Jagersfontein ក្នុង​​ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ 1893។ អណ្ដូងរ៉ែ Jagersfontein ជា​កន្លែង​ដែល​បាន​រកឃើញ​ដុំ​ពេជ្រ​ចំនួន​ពីរ​ក្នុង​ចំ​ណោ​យ​ដុំ​ពេជ្រ​ទាំង​ដប់​ដែល​មាន​ទំហំ​​ធំជាងគេ​លើ​ពិភពលោក៕

Advertisement