Tag: ប្រទេស

  • ​ក្រុម​ទាហាន​សេរី​រុស្ស៊ី​គំរាមថា​នឹង​វាយប្រហារ​ចូលទៅ​ដី​រុស្ស៊ី​បន្ត​ទៀត​

    ​ក្រុម​ទាហាន​សេរី​រុស្ស៊ី​គំរាមថា​នឹង​វាយប្រហារ​ចូលទៅ​ដី​រុស្ស៊ី​បន្ត​ទៀត​

    មេបញ្ជាការ​របស់​កង​កម្លាំង​ប្រជា​ការពារ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទីក្រុង​កៀវ បានឱ្យដឹងថា ខ្លួន​នឹង​ឆ្លងដែន​ចូល​វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ក្រោយពី​បាន​វាយលុក Belgorod កាលពី​ពីរ​ខែ​មុន។

    «នឹងមាន​ការភ្ញាក់ផ្អើល​ក្នុង​ខែ​ខាងមុខ ឬ​យូរ​ជាង​នេះ​បន្តិច។ នេះ​នឹង​ជា​ប្រតិបត្តិការ​សឹក​លើក​ទី​បី​របស់​យើង បន្ទាប់មក​នឹងមាន​លើក​ទី​បួន និង​ទី​ប្រាំ» មេបញ្ជាការ​ក្រុម​ទាហាន​សេរី​រុស្ស៊ី (FRL) Caesar កាលពី​ថ្ងៃទី 08 កក្កដា បានឱ្យដឹង​ដូច្នេះ។

    FRL គឺជា​ទី​ប្រមូលផ្ដុំ​របស់​ជនជាតិ​រុស្ស៊ី​ដែល​ឈរ​ខាង​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម និង​ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​មួយ​របស់​កងទ័ព​អន្តរជាតិ​ដែល​ចូលរួម​ការពារ​អ៊ុយ​ក្រែ​ន។ ក្រុម​នេះ​បាន​វាយលុក​ចូល​ខេត្ត Belgorod នៅ​ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី​កាលពី​ខែឧសភា និង​ខែមិថុនា 2023។ កងទ័ព​រុស្ស៊ី ក្រោយមក​ក៏បាន​ប្រកាសថា បាន​វាយ​រុញច្រាន FRL ចេញពី​ទឹកដី។

    FRL មាន​ទីស្នាក់ការ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​មាន​កម្លាំង​ច្រើន​រយ​នាក់។ សារព័ត៌មាន​មួយចំនួន​ថា FRL ធ្វើ​សកម្មភាព​ក្រោម​បញ្ជា​របស់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង​កៀវ​បាន​ច្រាល​ចោល​ព័ត៌មាន​នេះ ហើយ​ថា ក្រុម​នេះ​គឺជា​ក្រុម​ឯករាជ្យ។

    Caesar ទទួលស្គាល់ថា កងទ័ព​អ៊ុយ​ក្រែ​ន​ជួយ​ក្រុម FRL ប៉ុន្តែ​ក្រុម​នេះ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​នៅពេល​សម្រុកចូល​ទឹកដី​រុស្ស៊ី។ Caesar ដែលមាន​ឈ្មោះ​ពិត​ថា Maximillian Andronnikov ធ្លាប់ជា​គ្រូបង្វឹក​ផ្នែក​កាយសម្ព័ន្ធ​នៅ​ប្រទេស​រុស្ស៊ី និង​បានមក​កាន់​ទឹកដី​អ៊ុយ​ក្រែ​ន​នៅពេល​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ 2022។ Caesar កំពុង​ត្រូវបាន​រុស្ស៊ី​តាម​ចាប់ខ្លួន​ពីបទ​ក្បត់ជាតិ និង​ទោស​ជាច្រើន​ផ្សេងទៀត៕

  • អាម៉េរិកកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ IS នៅប្រទេសស៊ីរី

    អាម៉េរិកកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ IS នៅប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិកបានឱ្យដឹងថា បានកម្ចាត់មេដឹកនាំជាន់ខ្ពស់មួយរូបរបស់អង្គការភារវកម្មរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី ក្រោយពីការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះគ្មានមនុស្សបើក (UAV)។

    ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី 07 កក្កដា បានកម្ចាត់ Osam al-Muhajer មេដឹកនាំរបស់ក្រុមដែលហៅខ្លួនឯងថា អង្គការរដ្ឋអ៊ីស្លាម (IS) នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមបញ្ជាការដ្ឋានកងទ័ពអាម៉េរិក (CENTCOM) ប្រកាសកាលពីថ្ងៃទី 09 កក្កដា 2023។

    «យើងបាននិយាយយ៉ាងច្បាស់ថា យើងនៅតែសន្យាថាកម្ចាត់ IS ទាំងអស់នៅទូទាំងតំបន់។ IS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ ប៉ុន្តែនៅឆ្ងាយជាងនេះទៅទៀត» មេដឹកនាំរបស់ CENTCOM លោក Michael Kurilla បញ្ជាក់ដូច្នេះ។

    យោងតាម CENTCOM ក្នុងការវាយប្រហារខាងលើ ពុំមានជនស៊ីវិលណាម្នាក់បានស្លាប់ ប៉ុន្តែកងកម្លាំងនេះ «កំពុង​វាយតម្លៃរបាយការណ៍អំពីការបាត់បង់ធនធានមនុស្ស»។

    CENTCOM ឱ្យដឹងថា យុទ្ធនាការវាយប្រហារត្រូវបានធ្វើឡើងដោយ UAV MQ-9 Reaper ជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលត្រូវបានយន្តហោះចម្បាំងរុស្ស៊ីរំខានជិតពីរម៉ោងមុននោះ។ រុស្ស៊ីគឺជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីស៊ីរី Bashar al-Assad។

    របាយការណ៍មួយរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈ បានឱ្យដឹងថា IS មានសមាជិក និងអ្នកគាំទ្រប្រហែលពី 5,000 ទៅ 7,000 នាក់នៅស៊ីរី និងអ៊ីរ៉ាក់ ក្នុងនោះមានជិតពាក់កណ្ដាលគឺជាខ្មាន់កាំភ្លើង។ ការគំរាមកំហែងពី IS និងសាខារបស់ក្រុមនេះចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិគឺមានខ្ពស់ខ្លាំងនៅពាក់ កណ្ដាលចុងឆ្នាំ 2022។

    កាលពីចុងឆ្នាំ 2022 IS ប្រកាសថា បានតែងតាំង Abu al-Hussein al-Husseini al-Quraishi ជាមេដឹកនាំកំពូល បន្ទាប់ពីមេដឹកនាំមុននោះត្រូវបានធ្វើឃាតនៅភាគខាងត្បូងប្រទេសស៊ីរី៕

  • BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។

    BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។

    BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។

    BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។

    BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 ដុល្លារ​អាម៉េរិក)។

    BYD លក់​រថយន្ត​អគ្គិសនី​បាន 253,046 គ្រឿងក្នុង​ខែមិថុនា កើន 88.79% ធៀប​នឹង 134,036 គ្រឿងក្នុង​ដំណាក់កាល​ដូចគ្នា​កាល​ពី​​ឆ្នាំ 2022។

  • ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

    ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

    ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan បានប្រកាស​បញ្ឈប់​រាល់​សកម្មភាព​ដោយ​មិន​កំណត់​ពេលវេលា ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។

    «យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 06 កក្កដា​ដូច្នេះ។ ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​។

    OceanGate គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan។ Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 នៅក្នុង​ដំណើរ​នាំ​មនុស្ស 5 នាក់​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់ភ្លាមៗ ក្រោយពី​នាវា Titan ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​សម្ពាធ​ទឹក។

    នាយក​ប្រតិបត្តិ​របស់ OceanGate លោក Stockton Rush គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ។ នៅលើ​នាវា Titan ក៏មាន​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស លោក Hamish Harding, អ្នក​ផ្សងព្រេង​ជនជាតិ​បារាំង Paul-Henri Nargeolet, មហាសេដ្ឋី​អង់គ្លេស​ដើមកំណើត​ប៉ា​គិ​ស្ថាន ​លោក Shahzada Dawood និង​កូនប្រុស Suleman។

    ក្រុម​អ្នកជំនាញ​បាន​ប្រមូលយក​បំណែក​សាកសព​ដែល​ត្រូវបាន​គេ​ជឿថា​ជា​របស់​មនុស្ស ពី​បំណែក​នាវា​ដែល​បាន​រកឃើញ​នៅ​បាតសមុទ្រ និង​យកទៅ​កាន់​កំពង់ផែ St. John’s នៅ​ប្រទេស​កាណាដា។ កងកម្លាំង​ល្បាត​ឆ្នេរសមុទ្រ​អាម៉េរិក និង​កាណាដា កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ៕

  • ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

    កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។

    មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។

    ផែន​ទី​ផ្លូវ 9 ខ្សែ (Nine-dash line) នៅ​សមុទ្រ​ចិន​ខាង​ត្បូង

    គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head on my shoulder និង Madam Secretary ជាដើម៕

  • កំពូល​កីឡាការិនី​បាល់ទាត់​ 10 ​រូប​នៅ World Cup នារី 2023

    កំពូល​កីឡាការិនី​បាល់ទាត់​ 10 ​រូប​នៅ World Cup នារី 2023

    ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញ​បញ្ជី​ឈ្មោះ​កំពូល​កីឡាការិនី​បាល់ទាត់​ចំនួន 10 រូប​ដែល​ត្រូវបាន​គេ​រំពឹង​ច្រើនជាងគេ​នៅ World Cup នារី 2023 ក្នុងនោះ​មាន​ទាំង Alex Morgan និង Marta ផងដែរ។

    Alex Morgan បាន​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដណ្ដើមបាន​តំណែង​ជើងឯក World Cup នារី​ចំនួន​ពីរលើក ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី​បួន​ដែល​នាង​ចូលរួម​ប្រកួត។ Alex Morgan ដណ្ដើមបាន​មេដាយមាស​នៅ​អូឡាំពិក​ចំនួន​មួយគ្រឿង និង​ជា​កីឡាការិនី​បាល់ទាត់​ដែល​ឆ្នើម​ជាងគេ​គ្រប់​សម័យកាល។ ការប្រកួត​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់នា​ពេល​ខាងមុខ​នឹង​អាចជួយ​ឱ្យ​កីឡាការិនី​រូបនេះ​មានឱកាស​បង្កើត​កំណត់ត្រា​ដណ្ដើមបាន​ជើងឯក World Cup ចំនួន​បី​ជា​បន្តបន្ទាប់ ដែល​នេះ​មិនទាន់មាន​កីឡាករ​រូប​ណា​អាចធ្វើ​បាន។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំ​រូបនេះ ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន 11 និង​ពានរង្វាន់​ជើងឯក Champions League ជាមួយនឹង​ក្លឹប Lyon។

    កំពូល​កីឡាការិនី​មួយរូប​ផ្សេងទៀត​ដែល​នឹងត្រូវ​ប្រកួត​នៅ World Cup 2023 គឺ​ខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់​​កាណាដា។ ពុំទាន់​មាន​កីឡាករ កីឡាការិនី​ណា​ម្នាក់​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ដូច Sinclair សម្រាប់​ក្រុម​ជម្រើសជាតិ។ Sinclair រកបាន 190 គ្រាប់​ក្នុងចំណោម 319 ប្រកួត ជូន​ប្រទេស​កាណាដា។ Sinclair នឹងចូលរួម​ទាត់​នៅ World Cup លើក​ទី 6 ក្នុង​អាជីព។ Sinclair ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន 8 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កាណាដា ក្នុងនោះ​មាន​ទាំង​មេដាយមាស​អូ​ឡា​ពិ​ក 2021 ផងដែរ។

    ខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់​​កាណាដា

    នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​ឆ្នាំ 2023 មាន​ខ្សែប្រយុទ្ធខ្លាំងៗជាច្រើន ប៉ុន្តែ Sam Kerr ត្រូវបាន​សង្ឃឹម​ច្រើន​ថា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡាការិនីដែល​​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ។ ខ្សែប្រយុទ្ធ​វ័យ 30 រូបនេះ​គឺជា​កីឡាការិនី​អូស្ត្រាលី​ដំបូង​គេ​ដែល​បង្កើតបាន hat-trick នៅ World Cup មិន​ថា​កីឡាករ ឬ​កីឡាការិនី។ នាង​គឺជា​ស្ដេច​កម្ទេច​​សំណាញ់​ទី​នៅ​ពានរង្វាន់​បាល់ទាត់​ទ្វីបអាស៊ី​ឆ្នាំ 2022 ដោយ​រកបាន 7 គ្រាប់ ក្លាយជា​កីឡាការិនី​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​អូស្ត្រាលី។ Sam Kerr គឺជា​កីឡាការិនី​របស់ Chelsea ដែល​ឆ្នើម​ជាងគេ​នៅ​អង់គ្លេស ក្នុង​ពីរ​រដូវ​កាល​កន្លង ដោយ​ធ្លាប់បាន​ស៊ុត​បញ្ចូល​ទី​ជួយ​ឱ្យ​ក្រុម​នេះ​ឈ្នះ Man Utd នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup។ ដោយបាន​លេង​លើ​ទីលាន​របស់​ប្រទេសខ្លួន Sam Kerr នឹង​មានឱកាស​ច្រើន​ដែល​អាចជួយ​ឱ្យ​អូស្ត្រាលី​ឡើងដល់​វគ្គ​ខ្ពស់​។

    Sam Kerr របស់​អូស្ត្រាលី

    ក្រៅពី​កីឡាការិនី​ខាងលើ World Cup នារី 2023 ក៏​នៅមាន​កំពូល​ជើង​ខ្លាំង​ជាច្រើន​ផ្សេងទៀត រួមមាន Wendie Renard របស់​បារាំង, Ada Hegerberg របស់​ន័​រ​វែ​ស, Alexia Putellas របស់​អេ​ស្ប៉ា​ញ, Marta Vieira da Silva របស់​ប្រេ​ស៊ី​ល, Debinha Miri របស់​ប្រេ​ស៊ី​ល, Alexandra Poppp របស់​អាល្លឺម៉ង់ និង Lucy Bronze របស់​អង់គ្លេស​៕

  • គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

    គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

    ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាម៉េរិក គ្រោង​ចំណាយ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ដងទង់​ដែល​ខ្ពស់ជាង​អគារ Empire State ក្នុង​បំណង​លើកកម្ពស់​ស្មារតី​មោទកភាព និង​សាមគ្គីភាព​ជាតិ។

    Morrill Worcester ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Worcester Wreath ដែលជា​ស្ថាប័ន​អភិវឌ្ឍ​គម្រោង​ដងទង់​ខាងលើ​បានឱ្យដឹងថា សំណង់​ដែលមាន​ឈ្មោះថា ដងទង់​ឧទ្យាន​សេរីភាព (Flagpole of Freedom Park) នេះ នឹង​​ត្រូវ​សាងសង់​នៅក្នុង​រដ្ឋ Maine ក្នុង​បំណង «ផ្សារភ្ជាប់​ប្រជាជន​អាម៉េរិក រម្លឹក​ពួកគេ​អំពី​ប្រវត្តិសាស្ត្រ​ការពារ​សេរីភាព និង​ផ្សារភ្ជាប់​ប្រទេសជាតិ​ដែល​ត្រូវ​ប្រេះឆា»។

    Worcester គ្រោង​នឹង​សាងសង់​ដងទង់​ដែល​កម្ពស់ 445 ម៉ែត្រ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ ហើយ​វា​នឹង​ក្លាយជា​ដងទង់​ដែល​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក។ ដងទង់​នេះ​ក៏​នឹងត្រូវ​ដំឡើង​ទង់ជាតិ​សហរដ្ឋ​អាម៉េរិក​ដែលមាន​ទំហំ​ធំ​ជាង​ទីលាន​បេ​ស្ប​ល។ ភ្ញៀវ​នឹងត្រូវ​ប្រើប្រាស់​ជណ្ដើរយោង​ដើម្បី​ឡើង​ទៅដល់​ស្ថានីយ​គយគន់​ទេសភាព​នៅ​កំពូល​ដងទង់​ ដែល​ខ្ពស់ជាង​អគារ State Empire ទៅ​ទៀត។ នៅលើ​កម្ពស់​នេះ ភ្ញៀវ​អាច​មើលទៅ​ឆ្ងាយ​រហូតដល់​ទឹកដី​កាណាដា។

    លោក Morrill ក៏​គ្រោង​នឹង​បង្កើត​ភូមិ​មួយ​ដែលមាន «សារមន្ទីរ​រស់» ជាទី​ដែល​អតីត​ទាហាន​បរិយាយ​អំពី​ប្រវត្តិសាស្ត្រ រួម​នឹង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផ្ទៃដី​ជាង 4,000 ហិកតា។

  • អាចម៍​ផ្កាយ​ខ្នាត​ធំ​មួយ​ដុំ​នឹង​​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃ​ស្អែក

    អាចម៍​ផ្កាយ​ខ្នាត​ធំ​មួយ​ដុំ​នឹង​​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃ​ស្អែក

    អាចម៍​ផ្កាយ​ 2019 LH5 ដែល​មាន​អង្កត់​ផ្ចិត​ប្រហែលជាង 400 ម៉ែត្រ នឹង​ហោះ​មក​ក្បែរ​ផែន​ដីក្នុង​គម្លាត​ 5.6 លាន​គីឡូម៉ែត្រ នៅ​វេលា​ម៉ោង 11 ថ្ងៃទី 07 កក្កដាខាងមុខ​។

    មិត្ត​អ្នក​អាន​ទាំង​ឡាយ​ដែល​ចាប់​អារម្មណ៍ អាច​តាម​ដាន​ដំណើរ​ហោះ​មក​ក្បែរ​ផែនដី​របស់​អាចម៍​ផ្កាយ​ខាងលើ​ តាម​រយៈ​គម្រោង​តេឡេស្កុប​និម្មិត (VTP) ដែល​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​នេះ​។

    តារាវិទូ Gianluca Masi នៅ VTP ថត​បាន​អាចម៍​ផ្កាយ​ 2019 LH5 ដោយ​តេឡេស្កុប​នៅ Manciano ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃទី 04 កក្កដា ពេល​វត្ថុ​អវកាស​នេះ​ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ​ពី​ផែនដី​ប្រហែល 7.2 លាន​គីឡូម៉ែត្រ​។

    2019 LH5 ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2019​។ អង្គការ​ណាសា​ឱ្យ​ដឹង​ថា 2019 LH5 មាន​ទំហំ​ធំជាង​​​កីឡដ្ឋាន​មួយ​ដោយ​​មាន​អង្កត់​ផ្ចិត​ប្រហែលពី 210 ទៅ 470 ម៉ែត្រ​។

    អាចម៍ផ្កាយ 2019 LH5 ដែលថតបានកាលពីថ្ងៃទី 04 កក្កដា 2023

    នៅ​ពេល​ហោះមក​ក្បែរ​ផែនដី​ 2019 LH5 នឹង​ផ្លាស់​ទី​ក្នុងល្បឿន​ប្រហែល 77,900 គីឡូម៉ែត្រ​/ម៉ោង​ ធៀប​នឹង​ផែនដី​។ យោង​តាម CNEOS ល្បឿន​នេះ​គឺ​លឿន​ជាង​ប្រហែល 20 ដង ធៀប​នឹង​គ្រាប់​កាំភ្លើង​​ប្រភេទ​ដូច​ AK។

    អាចម៍​ផ្កាយ 2019 LH5 ត្រូវ​ការ​ពេល​ប្រហែល​ពីរ​ឆ្នាំ​ ទើប​គោចរ​បាន​មួយ​ជុំ​ព្រះ​អាទិត្យ​។ អ្នក​វិទ្យា​សាស្ត្រ​បាន​គណនា​ឃើញ​ថា អាចម៍​ផ្កាយ​នេះ​នឹង​មិន​អាចហោះ​មក​បុក​ជាមួយ​ផែនដី​ យ៉ាង​តិច​នៅ​ក្នុង​ការ​ហោះ​មក​ក្បែរ​ចំនួន 11 លើក​នា​ពេល​ខាងមុខ​ រហូត​ដល់​ឆ្នាំ 2192​។

  • ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។

    ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។

    ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។

    គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

    លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ បន្លំ​​ខ្លួន​​ជាង 30 ឆ្នាំ ស៊ីប្រាក់​រដ្ឋ​ជាង 8 សែន​ដុល្លារ

    (សហរដ្ឋ​អាម៉េរិក) – បុរស​ម្នា​ក់នៅ California បាន​សារភាពថា បាន​លាក់បាំង​រឿង​ម្ដាយ​ស្លាប់​ជាង 30 ឆ្នាំ ដើម្បី​ទទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម និង​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ម្ដាយ។

    Randy Grossman រដ្ឋអាជ្ញា​នៅ California ខាងត្បូង បានឱ្យដឹងថា Donald Felix Zampach អាយុ 65 ឆ្នាំ រស់នៅ​តំបន់ Poway បាន​បន្លំ​ជា​ម្ដាយ​ ទទួល​ប្រាក់​មូលនិធិ​សាធារណៈ​ចំនួន 830,000 ដុល្លារ និង​ប្រាក់​ជិត 30,000 ដុល្លារ ពី​ប័ណ្ណឥណទាន ក្នុង​រយៈពេល 30 ឆ្នាំ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

    ករណីនេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ 1990 នៅពេល​ម្ដាយ​របស់ Zampach បានទទួល​មរណភាព​នៅ​ប្រទេស​ជប៉ុន។ មុនពេល​ម្ដាយ​ស្លាប់ លោក Zampach បាន​ប្ដូរ​ឈ្មោះ​កម្មសិទ្ធិ​កាន់កាប់​ផ្ទះ​របស់​ម្ដាយ​នៅ California ខាងត្បូង មកជា​ឈ្មោះ​ខ្លួន។

    ច្រើន​ឆ្នាំ​ក្រោយមក បុរស​នេះ​នៅតែ​រក្សា​គណនី​ធនាគារ​របស់​ម្ដាយ និង​បន្លំ​ហត្ថលេខា​របស់​ម្ដាយ​។ Zampach មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អំពី​ការស្លាប់​របស់​ម្ដាយ​ដើម្បីឱ្យ​រដ្ឋ​​ឈប់​ផ្ដល់​ប្រាក់ខែ និង​ប្រាក់ឧបត្ថម្ភ។ ម្ដាយ​របស់ Zampach ធ្លាប់​បម្រើការ​ក្នុង​ជួរ​កងទ័ព។

    «នេះ​គឺជា​សកម្មភាព​បោកប្រាស​ដែលមាន​ផែនការ​ក្នុង​រយៈពេល 30 ឆ្នាំ ហើយ​ត្រូវតែ​ចាត់ការ​ឱ្យបាន​ម៉ឺងម៉ាត់» Grossman ថ្លែង​ដូច្នេះ។

    Zampach បាន​សារភាព​កំហុស និង​ត្រូវបានការ​​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ។ បុរស​នេះ​នឹង​ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃទី 20 កញ្ញា​ខាងមុខ ហើយ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ 25 ឆ្នាំ។ ជននេះ​ក៏​នឹងត្រូវរដ្ឋ​​រឹបអូស​យក​ផ្ទះ​នៅ Poway ដើម្បី​ជា​សំណង 830,000 ដុល្លារ​ដែល​បាន​បន្លំ​យក។

    ក្នុង​ឆ្នាំ 2020 ពលរដ្ឋ​ជិត 70 លាន​នាក់​បានទទួល​ប្រាក់ខែ​ចូលនិវត្តន៍​នៅ​សហរដ្ឋ​អាម៉េរិក ក្នុងនោះ​មាន​ករណី​បន្លំ​ក្រោម 1%៕