Tag: ធ្វើដំណើរ

  • យាន Caravan កូន​កាត់​ អាច​បរបាន​ទាំង​នៅលើ​គោក ទាំង​នៅលើ​ផ្ទៃ​ទឹក

    យាន Caravan កូន​កាត់​ អាច​បរបាន​ទាំង​នៅលើ​គោក ទាំង​នៅលើ​ផ្ទៃ​ទឹក

    (តួ​ក​គី) – ក្រុមហ៊ុន​ធុរកិច្ច​ថ្មី SealVans បង្ហាញ​យាន​គំរូ caravan ពីរ​ម៉ូ​ដែល​ដ៏​ទំនើប ដែលជា «កូនកាត់» រវាង​រថយន្ត និង​កូន​នាវា អាច​បើក​បរបាន​នៅលើ​គោក និង​លើទឹក។

    ក្រោយពី​​អភិវឌ្ឍ​បាន​ជោគជ័យ​កាលពី​ឆ្នាំ​កន្លង ក្រុមហ៊ុន SealVans កំពុង​នាំយក​យាន caravan កូនកាត់​ចូលក្នុង​ទីផ្សារ​អឺរ៉ុប។ កំណែ​​ដែល​​រួមមាន Seal 4.2 ម៉ែត្រ និង Seal 7.5 ម៉ែត្រ នេះ ផ្ដល់ជូន​អតិថិជន​ទាំងឡាយណា​ដែល​ចង់​ទទួលបាន​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ទាំង​នៅលើ​ដីគោក ទាំង​នៅលើ​ផ្ទៃ​ទឹក ដោយ​មិនបាច់​ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 04 កក្កដា។

    Seal 4.2 ម៉ែត្រ គឺជា​កំណែ​តូច​ល្មម មាន​ទម្ងន់​មិន​ដល់ 750 គីឡូក្រាម សម្រាប់​ដំណើរ​ផ្លូវ​ជិត។ ចំណែក Seal 7.5 ម៉ែត្រ អាចដាក់​បាន​មនុស្ស​ពី 3 ទៅ 4 នាក់ និង​សម្រាប់​ដំណើរ​ផ្លូវ​ឆ្ងាយ។

    Seal 7.5 ម៉ែត្រ ដំណើរការ​ដោយ​ម៉ូ​ទ័​រ​របស់ Honda កម្លាំង 50 សេះ និង​ប្រព័ន្ធ​​កម្លាំង​រុញច្រាន​ប្រើ​ថាមពល​​អគ្គិសនី អាចឱ្យ​បរ​ក្នុង​ល្បឿន 24 គីឡូម៉ែត្រ/ម៉ោង៕

  • យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Virgin Galactic បានទទួល​ជោគជ័យ​នូវ​ភារកិច្ច​ពាណិជ្ជកម្ម​ដំបូង​កាលពី​ថ្ងៃទី 29 មិថុនា 2023 ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់​មកកាន់​ផែនដី។

    ជើងហោះហើរ​ថ្មី​នេះ​បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​អវកាស Spaceport America ក្នុង​រដ្ឋ​ New Mexico នៅវេលា​ម៉ោង 21 និង 30 នាទី ថ្ងៃទី 29 មិថុនា (ពេលវេលា​នៅ​កម្ពុជា) និង​ហោះ​ឡើង​ដល់ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ក្រោយ​ការ​ធ្វើដំណើរ​បាន 58 នាទី។ ក្រោយ​ការ​អណ្ដែត​នៅលើ​កម្ពស់ 85.1 គីឡូម៉ែត្រ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែនដី​ យន្តហោះ​អវកាស VSS Unity ​ក៏បាន​ត្រលប់មក​ចុះចត​នៅ SpacePort America នា​​ម៉ោង 22 និង 42 នាទី ​ក្នុង​ថ្ងៃ​ដដែល។

    ក្រុមហ៊ុន Virgin Galactic ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស Richard Branson កាលពី​ឆ្នាំ 2014។

    Angelo Landolfi, Walter Villadei និង Pantaleone Carlucci កាន់ទង់ជាតិអ៊ីតាលី ខណៈ Colin Bennett សម្លឹងមើល អំឡុងពេលហោះហើររបស់ពួកគេនៅក្នុងយន្តហោះរ៉ុក្កែត VSS Unity របស់ Virgin Galactic

    Virgin Galactic កំពុង​អភិវឌ្ឍ​ក្រុម​យន្តហោះ​អវកាស និង​យន្តហោះ​ដឹកជញ្ជូន។ យានអវកាស​ថ្នាក់ Delta ថ្មី​របស់​ពួក​គេ​ ​អាច​ហោះ​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍។ ក្រោយពី Delta ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ 2026 Virgin Galactic អាច​នាំ​ភ្ញៀវ​ឡើងទៅ​កាន់​ទី​អវកាស​ជា​រៀងរាល់ថ្ងៃ ពី​ទីតាំង​ជាច្រើន​នៅលើ​ពិភពលោក៕

  • ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ទីក្រុង Mecca ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើ​ទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​បង្កើន​សំណើម និង​កាត់​បន្ថយកម្ដៅ​ក្នុង​បរិយាកាស​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង ឆ្នាំនេះ ទីក្រុង Mecca របស់​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត បាន​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដើម្បី​ទប់ទល់។ អាជ្ញាធរ​ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​កាត់បន្ថយ​កម្ដៅ​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ប្រព័ន្ធ​បាញ់​ទឹក​សន្សើម​នេះ​ត្រូវបាន​ដំឡើង​នៅតាម​បណ្ដោយ​ផ្លូវ​នានា​ដែល​នៅក្នុង​តំបន់​នៃ​វិហារ​អ៊ីស្លាម​ធំ ដើម្បី​ជួយ​ទល់​ស្កាត់​ផលប៉ះពាល់​ដោយសារ​កម្ដៅ។ កាលពី​ថ្ងៃទី 27 មិថុនា 2023 សីតុណ្ហភាព​របស់​ទីក្រុង​ខាងលើនេះ​បាន​ឡើងដល់ 48 អង្សា​សេ។

    អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត គ្រោង​នឹង​ទទួល​អ្នកធ្វើដំណើរ​ធម្ម​យាត្រា​ប្រហែល 2.6 លាន​នាក់​នៅក្នុង​រដូវ​បុណ្យ​ឆ្នាំនេះ។ នេះ​គឺជា​រដូវ​ធម្ម​យាត្រា​ដំបូង​រាប់​ចាប់​តាំង​ពី​ឆ្នាំ 2019 ដែល​ពុំមាន​ការហាម​ប្រាម​ដោយសារ​កូ​វីដ។

  • ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

    ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

    មន្ត្រី​ប៉ូលីស​ចំនួន 14 នាក់​របស់​រដ្ឋ Chiapas នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​​បញ្ឈប់រថយន្ត និង​ចាប់ខ្លួន​នៅលើ​ផ្លូវ​ល្បឿន​លឿន។

    ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Chiapas ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 27 មិថុនា 2023 បានឱ្យដឹងថា ប៉ូលិស​មួយ​ក្រុម​​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ចាប់ជំរិត​ពេល​កំពុងធ្វើដំណើរ​ដោយ​រថយន្ត​លើផ្លូវ​ល្បឿន​លឿន​ក្នុង​ទីរួមស្រុក Ocozocautla និង​ទីក្រុង​រដ្ឋបាល Tuxtla Gutierrez របស់​រដ្ឋ Chiapas។

    ទំព័រ Reforma ផ្សាយ​ថា ក្រុម​ប្រដាប់អាវុធ​នេះ​បាន​បញ្ឈប់រថយន្ត​ដឹក​ក្រុមប៉ូលិស រួច​ប្រមូលយក​ទូរស័ព្ទ និង​បញ្ជា​ឱ្យ​ដេក​ផ្កាប់​មុខ​លើដី។ ក្រុម​នេះ​ដោះលែង​ប៉ូលិស​ជា​ស្ត្រីភេទ និង​ចាប់ជំរិត​ប៉ូលិស​ជា​បុរស​ចំនួន 14 នាក់។ កងកម្លាំង​ប៉ូលិស​របស់​រដ្ឋ​នេះ​កំពុងបើក​ការស្រាវជ្រាវ ស្វែងរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត ក៏ដូចជា​ក្រុម​ជនល្មើស។

    ករណី​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង​អនុវត្ត​ច្បាប់ និង​ក្រុម​ជនល្មើស​នៅ Ocozocautla បាន​កើត​ឡើង​ញឹក​ញាប់​ខ្លាំង​​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ។ Ocozocautla គឺជា​តំបន់​ដែល​កើតមាន​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​​​សកម្ម​ជាងគេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

  • បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។

    រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។

    លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង​។

    រថភ្លើង CR400 Fuxing របស់​ចិន
    រថភ្លើង ICE3 របស់​អាល្លឺម៉ង់
    TGV របស់​បារាំង
    JR East E5 របស់​ជប៉ុន
    Al Boraq: 320 km/h (ម៉ារ៉ុក)
    AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង
  • មហា​សេដ្ឋី​កំពូល​សំណាង ព្រោះ​មិន​បាន​ស្លាប់​ក្នុង​​នាវាមុជ​ទឹក​ Titan

    មហា​សេដ្ឋី​កំពូល​សំណាង ព្រោះ​មិន​បាន​ស្លាប់​ក្នុង​​នាវាមុជ​ទឹក​ Titan

    Jay Bloom សប្បាយចិត្ត​នៅពេល​បង្អួត​កូនប្រុស​អំពី​គម្រោង​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក Titan ប៉ុន្តែ​សំណាងល្អ ព្រោះ​បានកូន​ព្រមាន​ទាន់ពេល។

    «មូលហេតុ​ដែល​ឪពុក​ខ្ញុំ​មិន​ទៅ​ក៏​ព្រោះតែ​ខ្ញុំ​បាន​ព្រមាន​គាត់​ថា «ប៉ា កប៉ាល់មុជទឹក​នោះ​មិនអាច​នៅ​សេ​ស​សល់​ក្នុង​ជម្រៅ​ជ្រៅ​បែបនេះ​នៅក្រោម​មហាសមុទ្រនោះ​ទេ» Sean Bloom អាយុ 20 ឆ្នាំ កូនប្រុស​របស់​មហាសេដ្ឋី Jay Bloom និយាយ​កាលពី​ថ្ងៃទី 24 មិថុនា​ដូច្នេះ។

    Sean បន្ថែមថា «ខ្ញុំ​ព្រួយបារម្ភ​ណាស់ ព្រោះ​គិតថា កូន​នាវា​នេះ​មិនអាច​ស៊ូទ្រាំ​បាន​ជាមួយនឹង​សម្ពាធ​ខ្លាំង​បែបនេះ។ វា​ក៏​មិនអាច​មុជ​ទៅ​ជ្រៅ​ដូច្នេះ»។

    Sean ចូលចិត្ត​ស្រាវជ្រាវ​អំពី Titanic ហើយ​លោក Jay ដែលជា​មហាសេដ្ឋី​ម្នាក់​ដែរនោះ​ ក៏​ចង់ឱ្យ​កូនប្រុស​ទៅជា​មួយ​ខ្លួន។ Stockton Rush ​ស្ថាបនិក និង​ជា CEO របស់ OceanGate ដែល​ក្រុមហ៊ុន​គ្រប់គ្រង​នាវា Titan បាន​ទៅ​ជួប Jay កាលពី​ខែមីនា។ ពួកគេ​បាន​ទៅ​មើល​ពិព័រណ៍ Titanic នៅ​សណ្ឋាគារ Luxor និង​បាន​ពិភាក្សាគ្នា​អំពី​ដំណើរ​ផ្សងព្រេង។

    Jay ឱ្យដឹងថា លោក Rush ជំរុញជា​បន្តបន្ទាប់ដើម្បី​​ឱ្យ​គាត់​ទិញ​សំបុត្រ​ទៅ​មើល Titanic នៅ​បាតសមុទ្រ​។ ក្នុងពេល Rush កំពុង​បញ្ចុះបញ្ចូល Jay កូន​របស់ Jay គឺ Sean និង​មិត្ត​របស់គេ​ក៏​ស្វែងយល់​បន្ថែម​អំពី Titan ហើយ​ពួកគេ​ក៏​ចាប់ផ្ដើម​ព្រួយ​ភ័យ។

    «នោះ​គឺជា​កូន​នាវា​ដ៏​តូច មនុស្ស 5 នាក់​អង្គុយ​ប្រជ្រៀត​គ្នា​នៅ​ខាងក្នុង។ វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព។ អារម្មណ៍​របស់ខ្ញុំ​រម្លឹក​ខ្ញុំ​ជានិច្ច​ថា មិនគួរ​ធ្វើដំណើរ​​លើក​នេះ» Sean និយាយ​ដូច្នេះ។

    Jay Bloom (ឆ្វេង) និងកូន​ប្រុស Sean Bloom

    នៅ​ចំពោះមុខ​ឪពុក Sean បាន​ព្រមាន និង​រៀបរាប់​អំពី​បញ្ហា​សុវត្ថិភាព​ដែល Titan អាច​ជួបប្រទះ។ ចុងក្រោយ ឪពុក និង​កូន​ក៏​យល់​ស្របគ្នា​ថា មិន​ទៅ។ Rush ក៏បាន​​ជំនួស​កៅអី​របស់ Sean និង Jay ដោយ​លក់​សំបុត្រ​ឱ្យ​មហាសេដ្ឋី​អង់គ្លេស​ដើមកំណើត​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា ពេល​កំពុង​ដឹក​មនុស្ស 5 នាក់ ធ្វើដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្រោម​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ​ជិត 4,000 ម៉ែត្រ និង​មាន​ចម្ងាយ​ពី Newfoundland របស់​កាណាដា ប្រហែល 600 គីឡូម៉ែត្រ។ ក្រុមមន្ត្រី​អាម៉េរិក និង​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 22 មិថុនា បានប្រកាស​ជា​ផ្លូវការ​ថា នាវា Titan បាន​ផ្ទុះ​បែក ហើយ​មនុស្ស 5 នាក់​ក្នុង​នាវា​បាន​បាត់បង់​ជីវិត។

  • កប៉ាល់​ទេសចរណ៍​ធំជាងគេ​បង្អស់​លើ​ពិភពលោក ជិត​ដំណើរ​ការ​ជា​ផ្លូវ​ការ

    កប៉ាល់​ទេសចរណ៍​ធំជាងគេ​បង្អស់​លើ​ពិភពលោក ជិត​ដំណើរ​ការ​ជា​ផ្លូវ​ការ

    (ហ្វាំ​ង​ឡង់) – កប៉ាល់ The Icon of the Seas ដែលមាន​បណ្ដោយ 365 ម៉ែត្រ និង​អាចដាក់​ទេសចរ​បាន​ជាង​ 7,000 នាក់ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្ហើយ​កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ មុន​ពេល​​​ចេញ​ដំណើរ​​ជើង​ដំបូង​នៅ​ខែមករា 2024។

    ដោយមាន​បណ្ដោយ​ពី​ក្បាល​ដល់​កន្ទុយ​ស្មើនឹង​ប្រវែង​របស់​ទីលាន​បាល់ទាត់​ចំនួន 3.5 ទីលានបូក​ចូល​គ្នា​ The Icon of the Seas ​​នឹង​ក្លាយជា​កប៉ាល់​ទេសចរណ៍​ធំជាងគេ​បំផុត​លើ​ពិភពលោក។

    កប៉ាល់​ទេសចរណ៍​ខាងលើ​ដែល​ត្រូវបាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Royal Caribbean ត្រូវបាន​ដាក់ឈ្មោះថា The Icon of the Seas។ កប៉ាល់​នេះ​នឹង​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​បំពាក់​បច្ចេកវិទ្យាថ្មីៗ ដែល​ជួយ​ឱ្យ​វា​ក្លាយជា​កប៉ាល់​ទំនើប​បំផុត​មួយ​នៅ​លើ​ពិភពលោក។ នេះ​បើតាម Tim Meyer នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Meyer Turku។

    The Icon of the Seas អាចដាក់​អ្នកដំណើរ​បាន 7,600 នាក់ ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជាង 1,500 នាក់​របស់​កប៉ាល់​ទេសចរណ៍ខ្នាត​យក្ស​ Titanic ដែល​បាន​លិច​កាលពី​ឆ្នាំ 1912 (111 ឆ្នាំមុន)។

    ការធ្វើដំណើរ​ជើង​ដំបូង​របស់កប៉ាល់ The Icon of the Seas នឹងមាន​រយៈពេល 7 យប់ ដោយ​ចាប់​ផ្ដើមចេញពី Miami របស់​សហរដ្ឋ​អាម៉េរិក​ នៅក្នុង​ខែមករា 2024៕

  • James Cameron ថា គ្រោះថ្នាក់​របស់ Titan ស្រដៀង​នឹង Titanic

    James Cameron ថា គ្រោះថ្នាក់​របស់ Titan ស្រដៀង​នឹង Titanic

    លោក James Cameron និយាយថា គ្រោះថ្នាក់​នាវាមុជទឹក Titan មាន​ចំណុច​ស្រដៀង​ទៅនឹង​ហេតុការណ៍​លិច​កប៉ាល់ Titanic កាលពី​ជាង 100 ឆ្នាំមុន នៅពេល​ករណី​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​ព្រមាន​ជាមុន។

    អ្នកដឹកនាំ​រឿង Titanic លោក Cameron បាន​និយាយ​ដូចខាងលើ​នៅលើ​ទំព័រ ABC នា​ថ្ងៃទី 23 មិថុនា ក្រោយពី​មន្ត្រី​អាម៉េរិក​បញ្ជាក់ថា នាវាមុជទឹក Titan បាន​បែកបាក់​ជា​បំណែក​ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត​។

    លោក Cameron ដែល​ធ្លាប់​ចុះទៅ​បាត​មហាសមុទ្រ​ចំនួន 33 លើក ដើម្បី​ស្វែងយល់​ពី​សាកសព​កប៉ាល់ Titanic បានឱ្យដឹងថា លោក​ដឹង​ច្បាស់​អំពី​ទីតាំង តំបន់​សមុទ្រ​នេះ។ លោក​ក៏​ជា​អ្នក​ដែល​បាន​ចូលរួម​តាមដាន​ការអភិវឌ្ឍ​នាវាមុជទឹក​ផងដែរ។

    ហេតុការណ៍​រន្ធត់​បាន​កើតឡើង​នៅក្នុង​ទីតាំង​តែមួយ បន្ទាប់ពី​ការព្រមាន​អំពី​សុវត្ថិភាព​ត្រូវបាន​គេ​រំលង​ចោល​។ «ខ្ញុំ​រន្ធត់​នឹង​រឿងនេះ​ណាស់» លោក Cameron ថ្លែង​ដូច្នេះ។

    អ្នក​ដឹក​រឿង​របស់​ភាព​យន្ត Titanic និយាយថា កន្លងមក សហគមន៍​អ្នក​ចូលចិត្ត​មុជទឹក​សមុទ្រ​បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​របស់​បណ្ដា​នាវាមុជទឹក​ដូច Titan។ អ្នកខ្លះ​ថែមទាំង​បាន​សរសេរ​សំបុត្រ​ផ្ញើជូន​ក្រុមហ៊ុន OceanGate ដែលជា​ម្ចាស់​នាវា Titan ដើម្បី​ប្រាប់ថា អ្វីដែល​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​គឺ​ពិត​ជាការ​ផ្សងព្រេង​ខ្លាំងណាស់។

    លោក Cameron ភ្ញាក់ផ្អើលខ្លាំង​​ចំពោះ​ភាពស្រដៀងគ្នា​រវាង​គ្រោះថ្នាក់​របស់ Titan និង Titanic។ ឆ្នាំ 1912 ប្រធាន​ក្រុម​នាវិក​របស់​កប៉ាល់ Titanic បាន​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ភ្នំ​ទឹកកក​នៅខាងមុខ​ក្នុងពេល​ធ្វើដំណើរ។ ប៉ុន្តែ នៅក្នុង​យប់​ងងឹត កប៉ាល់​នេះ​នៅតែ​ឆ្ពោះទៅមុខ​យ៉ាង​លឿន ធ្វើឱ្យ​វា​ត្រូវ​បុក​នឹង​ភ្នំ​ទឹកកក បណ្ដាលឱ្យ​លិច ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​បាត់បង់​ជីវិត។

    សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់​បាតសមុទ្រ​ដែលមាន​សាកសព​កប៉ាល់ Titanic។

    ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman ត្រូវបាន​មន្ត្រី​អាម៉េរិក​ប្រកាស​កាលពី​វេលា​ទៀប​ភ្លឹ​ថ្ងៃនេះ​ថា បាន​បាត់​បង់ជីវិត​ទាំង​អស់ ក្រោយពី​រកឃើញ​បំណែក​នានា​របស់ Titan៕

  • ស្លាប់​អស់​ហើយ​! នាវាមុជទឹក Titan ត្រូវ​ខ្ទេច​ខ្ទី​​ដោយសារ​សម្ពាធ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត

    ស្លាប់​អស់​ហើយ​! នាវាមុជទឹក Titan ត្រូវ​ខ្ទេច​ខ្ទី​​ដោយសារ​សម្ពាធ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត

    កងកម្លាំង​ល្បាត​សមុទ្រ​អាម៉េរិក បានឱ្យដឹងថា បណ្ដា​បំណែក​ដែល​ពួកគេ​ប្រមូលបាន​បង្ហាញថា នាវាមុជទឹក Titan ត្រូវ​រង​សម្ពាធ​ខ្លាំង​រហូតដល់​បែក​ខ្ទេច ធ្វើឱ្យ​មនុស្ស​ប្រាំ​នាក់​ក្នុង​នាវា​នេះ​បាត់​បង់ជីវិត។

    ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Boston រដ្ឋ Massachusetts កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 មិថុនា (ម៉ោង​នៅ​កម្ពុជា) ឧត្ដមនាវី John Mauger របស់​កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក និយាយថា ឧបករណ៍​ផ្លាស់​ទី​ស្វ័យប្រវត្ត​ក្រោម​សមុទ្រ​របស់​កាណាដា បាន​រកឃើញ​បំណែក​ពី​នាវាមុជទឹក Titan ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល 488 ម៉ែត្រ ពី​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ 4,000 ម៉ែត្រ នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង។

    យោងតាម​ក្រុម​ជំនាញ បំណែក​សំខាន់​ចំនួន​ប្រាំ​របស់​នាវាមុជទឹក​ប្រវែង 6.7 ម៉ែត្រ ត្រូវបាន​រកឃើញ​នៅក្នុង​ចំណោម​បំណែក​មួយក្រុម​ដែល​នៅសល់​បន្ទាប់ពី​នាវា​បាន​​បែក​បាក់។ «បំណែក​ទាំងនេះ​បង្ហាញថា មាន​ហេតុ​ការណ៍​រង​សម្ពាធ​ដ៏​ខ្លាំងក្លា​កើតឡើង​នៅក្នុង​កាប៊ីន​​ប្រឆាំង​សម្ពាធ» លោក Mauger ឱ្យដឹង​ដូច្នេះ។

    ចំណែក OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ក៏​ប្រកាសថា ពុំមាន​អ្នកណាម្នាក់​នៅមាន​ជីវិត​ឡើយ ក្នុងនោះ​ក៏មាន​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OeanGate លោក Stockton Rush ផងដែរ។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា ពេល​កំពុង​ដឹក​មនុស្ស 5 នាក់ ធ្វើដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្រោម​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ ជម្រៅ​ជិត 4,000 ម៉ែត្រ និង​មាន​ចម្ងាយ​ពី Newfoundland របស់​កាណាដា ប្រហែល 600 គីឡូម៉ែត្រ។

  • រកឃើញ​បំណែក​ដែក​នៅ​តំបន់​ស្វែងរក​នាវាមុជទឹក Titan

    រកឃើញ​បំណែក​ដែក​នៅ​តំបន់​ស្វែងរក​នាវាមុជទឹក Titan

    កងកម្លាំង​ល្បាត​ឆ្នេរ​អេ​ម៉េ​រិ​ក បាន​រកឃើញ​បំណែក​ជាច្រើន​នៅក្នុង​តំបន់​ស្វែងរក​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ខណៈ​ខ្យល់​អុកស៊ីសែន​ក្នុង​នាវា​នេះ​ទំនងជា​អស់រលីង​ទៅហើយ។

    «ឧបករណ៍​ផ្លាស់​ទី​ក្រោម​ទឹក​ស្វ័យប្រវត្ត (ROV) បាន​រកឃើញ​បំណែក​ជាច្រើន​នៅ​បាតសមុទ្រ​ក្នុង​តំបន់​ស្វែងរក​ក្បែរ​កប៉ាល់ Titanic។ ក្រុម​ជំនាញ​កំពុង​វាយតម្លៃ​លើ​ព័​ត៌​ពី​បំណែក​ទាំងនេះ» កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក កាលពី​ព្រលប់​ថ្ងៃទី 22 មិថុនា (ម៉ោង​នៅ​កម្ពុជា) ឱ្យដឹង​ដូច្នេះ។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា ពេល​កំពុង​ដឹក​មនុស្ស 5 នាក់ ធ្វើដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្រោម​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ជម្រៅ​ជិត 4,000 ម៉ែត្រ និង​មាន​ចម្ងាយ​ពី Newfoundland របស់​កាណាដា ប្រហែល 600 គីឡូម៉ែត្រ។

    អ្នកជំនាញ​អាម៉េរិក​សន្និដ្ឋានថា ខ្យល់​អុកស៊ីសែន​ក្នុង​នាវា Titan អាចឱ្យ​មនុស្ស 5 នាក់​ដកដង្ហើម​បាន 96 ម៉ោង រាប់​ចាប់ពី​ពេល​បាត់​ខ្លួន។ ការសន្និដ្ឋាន​នេះ​ធ្វើ​ឱ្យគេ​គណនា​ឃើញថា អុកស៊ីសែន​ក្នុង Titan ទំនងជា​អស់​នៅវេលា​ម៉ោង​ប្រហែល 07 និង 10 នាទី ថ្ងៃទី 22 មិថុនា (ប្រហែល​ម៉ោង 16 និង 10 នាទី​នៅ​កម្ពុជា)។