ស្លាប់​អស់​ហើយ​! នាវាមុជទឹក Titan ត្រូវ​ខ្ទេច​ខ្ទី​​ដោយសារ​សម្ពាធ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត

កងកម្លាំង​ល្បាត​សមុទ្រ​អាម៉េរិក បានឱ្យដឹងថា បណ្ដា​បំណែក​ដែល​ពួកគេ​ប្រមូលបាន​បង្ហាញថា នាវាមុជទឹក Titan ត្រូវ​រង​សម្ពាធ​ខ្លាំង​រហូតដល់​បែក​ខ្ទេច ធ្វើឱ្យ​មនុស្ស​ប្រាំ​នាក់​ក្នុង​នាវា​នេះ​បាត់​បង់ជីវិត។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Boston រដ្ឋ Massachusetts កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 មិថុនា (ម៉ោង​នៅ​កម្ពុជា) ឧត្ដមនាវី John Mauger របស់​កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក និយាយថា ឧបករណ៍​ផ្លាស់​ទី​ស្វ័យប្រវត្ត​ក្រោម​សមុទ្រ​របស់​កាណាដា បាន​រកឃើញ​បំណែក​ពី​នាវាមុជទឹក Titan ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល 488 ម៉ែត្រ ពី​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ 4,000 ម៉ែត្រ នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង។

យោងតាម​ក្រុម​ជំនាញ បំណែក​សំខាន់​ចំនួន​ប្រាំ​របស់​នាវាមុជទឹក​ប្រវែង 6.7 ម៉ែត្រ ត្រូវបាន​រកឃើញ​នៅក្នុង​ចំណោម​បំណែក​មួយក្រុម​ដែល​នៅសល់​បន្ទាប់ពី​នាវា​បាន​​បែក​បាក់។ «បំណែក​ទាំងនេះ​បង្ហាញថា មាន​ហេតុ​ការណ៍​រង​សម្ពាធ​ដ៏​ខ្លាំងក្លា​កើតឡើង​នៅក្នុង​កាប៊ីន​​ប្រឆាំង​សម្ពាធ» លោក Mauger ឱ្យដឹង​ដូច្នេះ។

ចំណែក OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ក៏​ប្រកាសថា ពុំមាន​អ្នកណាម្នាក់​នៅមាន​ជីវិត​ឡើយ ក្នុងនោះ​ក៏មាន​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OeanGate លោក Stockton Rush ផងដែរ។

នាវាមុជទឹក Titan បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា ពេល​កំពុង​ដឹក​មនុស្ស 5 នាក់ ធ្វើដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្រោម​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ ជម្រៅ​ជិត 4,000 ម៉ែត្រ និង​មាន​ចម្ងាយ​ពី Newfoundland របស់​កាណាដា ប្រហែល 600 គីឡូម៉ែត្រ។

Advertisement