James Cameron ថា គ្រោះថ្នាក់​របស់ Titan ស្រដៀង​នឹង Titanic

លោក James Cameron និយាយថា គ្រោះថ្នាក់​នាវាមុជទឹក Titan មាន​ចំណុច​ស្រដៀង​ទៅនឹង​ហេតុការណ៍​លិច​កប៉ាល់ Titanic កាលពី​ជាង 100 ឆ្នាំមុន នៅពេល​ករណី​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​ព្រមាន​ជាមុន។

អ្នកដឹកនាំ​រឿង Titanic លោក Cameron បាន​និយាយ​ដូចខាងលើ​នៅលើ​ទំព័រ ABC នា​ថ្ងៃទី 23 មិថុនា ក្រោយពី​មន្ត្រី​អាម៉េរិក​បញ្ជាក់ថា នាវាមុជទឹក Titan បាន​បែកបាក់​ជា​បំណែក​ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត​។

លោក Cameron ដែល​ធ្លាប់​ចុះទៅ​បាត​មហាសមុទ្រ​ចំនួន 33 លើក ដើម្បី​ស្វែងយល់​ពី​សាកសព​កប៉ាល់ Titanic បានឱ្យដឹងថា លោក​ដឹង​ច្បាស់​អំពី​ទីតាំង តំបន់​សមុទ្រ​នេះ។ លោក​ក៏​ជា​អ្នក​ដែល​បាន​ចូលរួម​តាមដាន​ការអភិវឌ្ឍ​នាវាមុជទឹក​ផងដែរ។

ហេតុការណ៍​រន្ធត់​បាន​កើតឡើង​នៅក្នុង​ទីតាំង​តែមួយ បន្ទាប់ពី​ការព្រមាន​អំពី​សុវត្ថិភាព​ត្រូវបាន​គេ​រំលង​ចោល​។ «ខ្ញុំ​រន្ធត់​នឹង​រឿងនេះ​ណាស់» លោក Cameron ថ្លែង​ដូច្នេះ។

អ្នក​ដឹក​រឿង​របស់​ភាព​យន្ត Titanic និយាយថា កន្លងមក សហគមន៍​អ្នក​ចូលចិត្ត​មុជទឹក​សមុទ្រ​បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​របស់​បណ្ដា​នាវាមុជទឹក​ដូច Titan។ អ្នកខ្លះ​ថែមទាំង​បាន​សរសេរ​សំបុត្រ​ផ្ញើជូន​ក្រុមហ៊ុន OceanGate ដែលជា​ម្ចាស់​នាវា Titan ដើម្បី​ប្រាប់ថា អ្វីដែល​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​គឺ​ពិត​ជាការ​ផ្សងព្រេង​ខ្លាំងណាស់។

លោក Cameron ភ្ញាក់ផ្អើលខ្លាំង​​ចំពោះ​ភាពស្រដៀងគ្នា​រវាង​គ្រោះថ្នាក់​របស់ Titan និង Titanic។ ឆ្នាំ 1912 ប្រធាន​ក្រុម​នាវិក​របស់​កប៉ាល់ Titanic បាន​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ភ្នំ​ទឹកកក​នៅខាងមុខ​ក្នុងពេល​ធ្វើដំណើរ។ ប៉ុន្តែ នៅក្នុង​យប់​ងងឹត កប៉ាល់​នេះ​នៅតែ​ឆ្ពោះទៅមុខ​យ៉ាង​លឿន ធ្វើឱ្យ​វា​ត្រូវ​បុក​នឹង​ភ្នំ​ទឹកកក បណ្ដាលឱ្យ​លិច ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​បាត់បង់​ជីវិត។

សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់​បាតសមុទ្រ​ដែលមាន​សាកសព​កប៉ាល់ Titanic។

ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman ត្រូវបាន​មន្ត្រី​អាម៉េរិក​ប្រកាស​កាលពី​វេលា​ទៀប​ភ្លឹ​ថ្ងៃនេះ​ថា បាន​បាត់​បង់ជីវិត​ទាំង​អស់ ក្រោយពី​រកឃើញ​បំណែក​នានា​របស់ Titan៕

Advertisement