Tottenham បំពេញ​ការចុះហត្ថលេខា​ជាមួយ Sanchez មកពី​ក្លិប Ajax

ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បំពេញ​ការចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ Davinson Sanchez មកពី​ក្លិប​ហូ​ឡង់ Ajax ក្នុងតម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​ចំនួន42លាន​ផោន (ស្មើនឹង53.7លាន​ដុល្លារ​អាមេរិក)។

ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​វ័យ21ឆ្នាំ​រូបនេះ​បាន​យល់ព្រម​ចុះហត្ថលេខា​រយៈពេល6ឆ្នាំ ដោយ​រូបគេ​រង់ចាំតែ​ទទួល​លិខិតអនុញ្ញាត​ឲ្យ​ធ្វើការ​ប៉ុណ្ណោះ​ដើម្បី​អាច​ចូល​លេង​នៅត្រឹម​ចុង​សប្តាហ៍​នេះ។ កំណត់ត្រា​ទិញ​ចូល​កីឡាករ​របស់ Spurs កាលពីមុន គឺមាន​ចំនួន​ទឹកប្រាក់30លាន​ផោន ដែល​ពួកគេ​បាន​ចំណាយ​ទៅ​ឲ្យ​ក្លិប Newcastle ដើម្បី​ទិញ​ខ្សែការពារ​អន្តរជាតិ​បារាំង Moussa Sissoko កាលពី​ឆ្នាំ2016។ Sanchez នឹង​ក្លាយជា​កីឡាករ​ចំណូល​ថ្មី​ទី2របស់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ​នា​រដូវក្តៅ​នេះ ក្រោយពី​អ្នកចាំទី Paulo Gazzaniga បាន​ចូលរួម​ដោយ​ការផ្ទេរ​ចេញពី​ក្លិប Southampton កាលពី​ថ្ងៃ​ពុធ។ Sanchez ទើបតែ​បាន​ចូលរួម​ជាមួយនឹង​ក្លិប Ajax កាលពី​ខែមិថុនា ឆ្នាំមុន​ប៉ុណ្ណោះ ក្នុង​កិច្ចសន្យា​រយៈពេល5ឆ្នាំ ក្រោយពី​ចាកចេញ​ពី​ក្លិប Atletico Nacional ក្នុងប្រទេស​របស់គេ។ រូបគេ​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Europa League វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន ដែល​នៅពេល​ក្រុម​របស់គេ​បាន​ចាញ់​ក្រុម Manchester United ហើយ​រូបគេ​ក៏បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ Ajax កាលពី​ខែឧសភា ផងដែរ។ សេចក្តីប្រកាស​មួយ​នៅលើ​គេហទំព័រ​របស់​ក្លិប​បានសរសេរថា៖ «យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​ប្រកាសថា Davinson Sanchez បាន​បំពេញ​ការផ្ទេរ​របស់គេ​ទៅកាន់​ក្លិប​នេះ និង​កំពុងតែ​រង់ចាំ​ទទួល​លិខិតអនុញ្ញាត​ឲ្យ​ចូលធ្វើការ​របស់គេ​នៅ​ចុង​សប្តាហ៍​នេះ»៕

ប្រភពពី៖ BBC

Advertisement