Roshan Mainam អ្នកចំបាប់ឥណ្ឌា ត្រៀមប៉ះជើងខ្លាំង MMA កម្ពុជា

កាលពីពេលថ្មីៗនេះ ស្ថាប័ន​ប្រកួត​ប្រដាល់​ក្បាច់គុន​ចម្រុះ ONE Championship បានបង្ហាញ​តម្រុយ អំពី​ការប្រកួត​បន្ទាប់​របស់​កីឡាករ​ខ្លាំង​កម្ពុជា ចាន់ រតនា ដែល​អាច​នឹង​ធ្វើឡើង នៅ​ដើមឆ្នាំ2021 ខាងមុខ ដែល​អាច​នឹង​ប៉ះ​ជាមួយនឹង​កីឡាករ​ខ្លាំង​ម្នាក់។

ទាក់ទិន​នឹង​ការផ្គូផ្គង​នេះដែរ កីឡាករ​ឥណ្ឌា Roshan Mainam ដែលជា​កីឡាករ​មិន​ធ្លាប់​ចាញ់​សោះ​នៅលើ​សង្វៀន ONE Championship កំពុងតែ​ស្ថិតនៅក្នុង​ជម្រើស​នៃ​ការផ្គូផ្គង​នេះ។ កីឡាករ​ឥណ្ឌា​រូបនេះ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ពូកែ​ខាង​ចំបាប់ ដោយ​ធ្លាប់​យកឈ្នះ​មិត្ត​រួម​សញ្ជាតិ​របស់ រតនា គឺ​កីឡាករ ខុន ស៊ី​ចាន់ ម្តង​រួចមកហើយ កាលពី​ឆ្នាំ2019 កន្លងទៅ។

ការជួបគ្នា​រវាង​អ្នក​ទាំង2 អាច​នឹង​ក្លាយជា​ការប្រកួត​ដ៏​ជក់ចិត្ត​មួយ ព្រោះ​វា​ជា​ប្រកួត​រវាង​ក្បាច់គុន​ខ្មែរ នឹង​ក្បាច់​ចំបាប់​របស់​ឥណ្ឌា។ បន្ថែម​លើ​នេះ ONE ក៏បាន​សរសើរ​ពី​ក្បាច់​ការពារ​ការចាប់​កាច់​ក្រៀក និង​ការកែ​បញ្ហា​របស់​ចាន់ រតនា​ផងដែរ។ ជាក់ស្ដែង គូប្រកួត​ដែល​ពូកែ​ខាង​ចាប់​កាច់​ក្រៀក 2នាក់​មកហើយ ដែល​បាន​ចាញ់​ចាន់ រតនា រួមមាន​ជើងឯក​ចំបាប់​គុយបា Gustavo Balart និង​ជើង​ខ្លាំង​ឥណ្ឌូនេស៊ី Rudy Agustian ផងដែរ៕

Advertisement