Tottenham បើក​ការពិភាក្សា​ជាមួយ Ajax ជុំវិញ​ការផ្ទេរ Sanchez ក្នុងតម្លៃ​ខ្លួន40លាន​អឺ​រ៉ូ  

ក្លិប Tottenham បាន​បើក​ការពិភាក្សា​ជាមួយនឹង​ក្លិប Ajax ជុំវិញ​ការផ្ទេរ Davinson Sanchez ខណៈដែល​លោក Mauricio Pochettino ពោរពេញ​ដោយ​ការជឿជាក់​ក្នុងការ​ចុះហត្ថលេខា​ជាមួយនឹង​រូបគេ ក្រោយពី​ខ្សែការពារ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បានបញ្ជាក់​ប្រាប់​ក្លិប​ហូ​ឡង់​របស់គេ​ថា គេ​ចង់​ផ្ទេរ​ទៅកាន់​ក្លិប Spurs។

ក្រោយពី​បាន​លក់​ខ្សែការពារ Kyle Walker ទៅ​ឲ្យ​ក្លិប Manchester City ក្នុងតម្លៃ​ខ្លួន​មួយ​ដែល​អាច​នឹង​កើន​ដល់ 50លាន​ផោន (ស្មើនឹង 64.8លាន​ដុល្លារ​អាមេរិក) លោក Pochettino បាន​ស្វែងរក​កីឡាករ​ដែល​ត្រូវ​ជំនួស​ក្នុង​ក្រុម​របស់លោក និង​បានកំណត់​យក​កីឡាករ​វ័យ 21ឆ្នាំ​រូបនេះ​ ជា​កីឡាករ​ដ៏​ស័ក្តិសម​ក្នុងការ​ចាប់​ដៃគូ​ជាមួយនឹង Toby Alderweireld និង Jan Vertonghen ក្នុង​តំបន់​ការពារ​ទាំង3។ កាលពី​ចុង​សប្តាហ៍​មុន ក្លិប Tottenham បានរៀបចំ​ការពិភាក្សា​តំណាក់កាល​ទី1ជាមួយនឹង​ក្លិប Ajax ដែល​បាន​ទិញ Sanchez ពី​ក្លិប Atletico Nacional របស់​កូ​ឡុំ​ប៊ី​ក្នុងតម្លៃ​ខ្លួន 5លាន​អឺរ៉ូ កាលពី​រដូវក្តៅ​មុន បើទោះបីជា​ក្លិប​របស់​ហូ​ឡង់​មួយ​នេះ​បាន​បញ្ជាក់ថា រូបគេ​មិនមែន​សម្រាប់​លក់​ក៏ដោយ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ស្រប​ពេលដែល Sanchez ត្រូវបាន​គេ​យល់ឃើញថា បាន​ស្ថិតក្នុង​ការចាប់អារម្មណ៍​ពី​សំណាក់​លោក Pochettino ក្រោយពី​ជួប​រដូវ​កាល​ដ៏​ជោគជ័យ​មួយ​នៅឯ​ក្លិប Ajax ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Europa League ប្រភព​ជិតដិត​ជាមួយនឹង​កីឡាករ​រូបនេះ បាន​ទទួលស្គាល់ថា រូបគេ​ពិតជា​ចង់​ផ្ទេរ​ទៅកាន់​ក្លិប Spurs បើទោះបី​ទទួលបាន​ការចាប់អារម្មណ៍​ពី Chelsea ក៏ដោយ។

មន្ត្រី​របស់ Tottenham ត្រូវបាន​គេ​ជឿជាក់ថា បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Amsterdam កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បន្តធ្វើ​ការចរចាផ្សេងៗ ខណៈដែល Ajax ចង់បាន​តម្លៃ​ខ្លួន40លាន​អឺរ៉ូ (ស្មើនឹង 47លាន​ដុល្លារ​អាមេរិក) ដោយសារតែ Sanchez នៅជាប់​កិច្ចសន្យា​រយៈពេល 4ឆ្នាំ​ទៀត៕

ប្រភពពី៖ The Guardian

Advertisement