Lukaku ស្រេកឃ្លាន​រក​គ្រាប់​បាល់ ក្នុងពេល Man Utd ប៉ះ West Ham ថ្ងៃអាទិត្យ​នេះ

កំណត់ត្រា​នៃ​ការរក​គ្រាប់​បាល់​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់ Romelu Lukaku នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម West Ham United មានន័យថា រូបគេ​រំពឹងទុក​ថា នឹង​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី នៅពេលដែល​រូបគេ​ធ្វើការ​បង្ហាញខ្លួន​ក្នុង​ក្របខ័ណ្ឌ Premier League ជា​លើក​ទី1របស់គេ​សម្រាប់​ក្រុម Manchester United នៅ​ថ្ងៃអាទិត្យ​នេះ។

ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​វ័យ 24ឆ្នាំ​រូបនេះ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី9គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ទាំង9លើកដំបូង​របស់គេ​ពេល​ប្រកួត​ជាមួយនឹង​ក្រុម West Ham សម្រាប់​អតីត​ក្រុម​របស់គេ​គឺ Everton នៅមុន​ពេល​ក្រុម​ញញួរ​ធំ​មួយ​នេះ​បាន​រារាំង​រូបគេ​មិន​ឲ្យ​រក​គ្រាប់​បាល់​ក្នុងពេល​បញ្ចប់​ក្នុង​លទ្ធផល 0-0 កាលពី​ខែមេសា។

Lukaku បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី1គ្រាប់ ក្នុងពេល​ក្រុម Man United ចាញ់​ក្រុម Real Madrid 2-1 ក្នុង​ការប្រកួត​ដណ្តើមពាន UEFA Super Cup ក្នុង​រដ្ឋធានី Skopje ប្រទេស​ម៉ា​សេ​ដ្វា​ន កាលពី​ថ្ងៃ​អង្គារ ហើយ​មិត្ត​រួម​ក្រុម​របស់គេ​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅនឹង​ទម្រង់​លេង​របស់គេ​ក្នុងការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​នេះ។ ខ្សែការពារ​ស្លាប​ស្តាំ Antonio Valencia របស់ Man United បាន​និយាយថា៖ «Lukaku បានធ្វើ​ការងារ​ដ៏​អស្ចារ្យ​ជាមួយនឹង​ក្លិប​ដែល​រូបគេ​បាន​លេង​ឲ្យ។ ខ្ញុំ​គឺជា​ក្មេង​ដែល​នៅជាប់​ជាមួយ Romelu។ រូបគេ​គឺ​ពិតជា​កីឡាករ​ដ៏​ខ្លាំង​ម្នាក់។ ខ្ញុំ​បានឃើញ​រូបគេ​បំពេញ​កាតព្វកិច្ច​នៅលើ​ទីលាន និង​ក្នុងពេល​ហ្វឹកហាត់។ វា​ពិតជា​រឿង​ដ៏​មិនគួរ​ឲ្យ​ជឿ​ឡើយ​ក្នុងការ​មើលឃើញ​ពី​ភាពខ្លាំង ថាមពល និង​ភាព​វៃឆ្លាត​របស់គេ​ក្នុងការ​គ្រប់គ្រង​បាល់។ យើង​សង្ឃឹមថា វា​គឺជា​ឆ្នាំ​ដ៏​ល្អ​មួយ​សម្រាប់​រូបគេ និង​ក្រុម​នេះ»។

Lukaku ដែល​បាន​ផ្ទេរ​មកពី​ក្លិប Everton ក្នុងតម្លៃ​ខ្លួន 75លាន​ផោន (ស្មើនឹង97.3លាន​ដុល្លារ​អាមេរិក) នោះ​អាច​នឹង​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំង​ដែល​នឹងធ្វើ​ការបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​លី​ក​ជា​លើក​ទី1សម្រាប់​ក្រុម Man United នៅ​ថ្ងៃអាទិត្យ រួម​ជាមួយនឹង​ខ្សែការពារ Victor Lindelof និង Nemanja Matic។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង១០យប់៕

ស្ថិតិ​នៃ​ការជួបគ្នា3លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ

03.01.17   West Ham 0-2 Manchester United

01.12.16   Manchester United 4-1 West Ham

28.11.16   Manchester United 1-1 West Ham

ប្រភពពី៖ Sport24

Advertisement