កម្ពុជា ត្រៀមខ្លួនបានយ៉ាងល្អ ក្នុងដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម2023

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី32 ឆ្នាំ2023 ដែល​ហៅ​កាត់ គ.ជ.ប.អ (CAMSOC) បាន​ថ្លែងថា ការ​ប្រារព្ធ​ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជយលាភី​ស្លាក​សញ្ញា និមិត្តសញ្ញា​រូប​សត្វ​តំណាង និង​ការរាប់​ថយក្រោយ 1,000ថ្ងៃ ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី32 និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី12 ឆ្នាំ2023 គឺ​ស្ថិតនៅក្នុង​កម្មវិធី​ស៊ី​ហ្គេម2023 នេះដែរ ដែល​នេះ​ជាការ​បោះជំហាន​របស់​ក​ម្ពុ​ជា នៃ​ដំណាក់កាលនីមួយៗប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ដើម្បី​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត​នៃ​បណ្តា​ប្រទេស​អាស៊ាន​ជា​សមាជិក​ស៊ី​ហ្គេម។

ឯកឧត្តម​អគ្គលេខាធិការ បាន​បន្ថែមទៀតថា ពិធី​ដ៏​អធិកអធម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ក៏​ជា​សារ​ដ៏​សំខាន់​មួយ ក្នុងការ​ចែករំលែក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​គឺ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​រាជធានី-ខេត្ត ឱ្យ​ត្រៀមខ្លួន​ក្នុងការ​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ដឹកនាំ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ថា កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​ប្រកបដោយ​ទំនុកចិត្ត ស្វាហាប់​នៃ​ដំណាក់កាលនីមួយ។ «យើង​បាន​បំពេញ​កាតព្វកិច្ច ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ ប្រកបដោយ​ភាពកក់ក្តៅ និង​សេចក្តីថ្លៃថ្នូរ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់មាន​ប្រសាសន៍ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ ធ្វើយ៉ាងណា​ឱ្យ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​នេះ ទទួលបាន​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកចូលរួម»។

នៅ​ឆ្នាំ2021 កម្ពុ​ជាមាន​កម្មវិធី​ជាច្រើន​ទៀត ជាពិសេស គឺ​ការសម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ក្នុងការ​បម្រើ​ដល់​ការប្រកួត​កីឡា​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់។ បើកាលណា​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​រួចរាល់ គឺអ្វីៗក៏​រួចរាល់​ដូចគ្នា​ផងដែរ ដែល​នេះ​គឺជា​គោលដៅ​ធំ​នៃ​ផែនការមេ ស៊ី​ហ្គេម2023៕

Advertisement