RB Leipzig ឈ្នះកៅអីទៅលេងក្នុង Champions League ជាស្វ័យប្រវត្តិ

ក្រុម RB Leipzig បានប​ញ្ចប់​យុទ្ធ​នា​ការ​នៃ​ក្រប​ខ័ណ្ឌ Bundesliga ជា​លើក​ដំបូង​​របស់​ពួក​គេ​ជា​មួយ​នឹង​ការ​ឈ្នះ​​សិទ្ធិ​ជា​ស្វ័យ​ប្រវត្តិ​ទៅ​លេង​​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Timo Werner បាន​​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៤-១ លើ​ក្រុម Hertha Berlin កាល​ពី​ថ្ងៃ​សៅរ៍​។ Leipzig ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង Red Bull កាល​ពី​​ឆ្នាំ​២០០៩​នោះ ទើប​តែ​បាន​​ឈាន​ទៅ​ប្រកួត​​ក្រប​ខ័ណ្ឌ​កំពូល​របស់​អាល្លឺ​ម៉ង់ ​នៅ​ក្នុង​​រដូវ​កាល​នេះ​ប៉ុណ្ណោះ ក្រោយ​ពី​ឡើង​ផុត​ពី​ក្រប​ខ័ណ្ឌ​បួន ក្នុង​រយៈ​ពេល​៧​ឆ្នាំ​។

ពួក​គេ​​បច្ចុប្បន្ន​​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២​នៅ​លើ​តារាង និង​​មាន​ភាព​ជាក់​លាក់​ក្នុង​​​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង​៣ ដែល​​មាន​ន័យ​ថា នឹង​ត្រូវ​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូល​។ លោក Ralph Hasenhuettl គ្រូ​​បង្វឹក​របស់​ក្រុម Leipzig បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​មានមោទ​ន​ភាព​​ណាស់​។ វា​ពិត​ជា​គ្មាន​កន្លែង​ណា​ល្អ​ប្រសើរ​ជាង​នេះ​ក្នុង​ការ​អប​អរ​នៅ​ពី​មុខ​អ្នក​គាំ​ទ្រ​ដ៏ច្រើន​បែប​នេះ​​ឡើយ​»​។ ពួក​គេ​​ក្លាយ​ជា​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga ដំបូង​គេ​បើ​គិត​ចាប់​តាំង​ពីក្លិប Kaiserslautern កាល​ពីឆ្នាំ​១៩៩៨ ក្នុង​ការ​​ឈ្នះ​កៅអី​ជា​ស្វ័យ​ប្រវត្តិ​ទៅ​កាន់​ក្រប​ខ័ណ្ឌ Champions League ភ្លាម​ៗ ក្រោយ​ពី​​បាន​ឈ្នះ​សិទ្ធិ​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌកំពូល​។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺ​ម៉ង់ Werner វ័យ​២១​ឆ្នាំ បច្ចុប្បន្ន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទីក្នុង​ការ​ប្រកួត​លីក​ចំនួន​២១​គ្រាប់​នៅ​រដូវ​កាល​នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

Advertisement