Neymar សន្យាបំពេញបំណង PSG ក្រោយ​​ពី​បំពេញការ​ផ្ទេរ​ជាផ្លូវ​ការ

ការផ្ទេរក្នុង​​តម្លៃខ្លួន​ជា​កំណត់ត្រាពិភពលោក​របស់ Neymar ទៅកាន់​ក្លិប Paris Saint-Germain ត្រូវ​បាន​បំពេញ​កាលពីល្ងាច​ថ្ងៃព្រហស្បតិ៍ម្សិលមិញដែលនៅពេលនោះក្លិប​យក្ស​របស់​បារាំង​មួយនេះ បាន​ប្រកាស​ថា តា​​រាឆ្នើម​អន្តរ​​ជាតិ​​ប្រេស៊ីល Neymar បាន​ចុះហត្ថលេខា​​រយៈ​ពេល​5​ឆ្នាំ ដើម្បី​​ធ្វើ​​ ​    ​ឲ្យរូប​គេ​ទទួលបាន​ចំណូល​ប្រមាណ​ជា​30លានអឺ​រ៉ូ (ស្មើនឹង​35.5លានដុល្លារអាមេ​រិក) ក្នុង​មួយ​ឆ្នាំ​បន្ទាប់​ពីកាត់​ពន្ធរួច​។ ការ​ផ្ទេរនេះត្រូវ​បាន​ចុះ​ហត្ថ​លេខា​​ត្រឹម​រយៈ​ពេល​​តែ​ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ​ពី PSG បាន​ចំណាយ​ប្រាក់ទិញ​​រំលាយកិច្ច​សន្យា​របស់ Neymar ចំនួន​222​​លាន​អឺ​រ៉ូ (ស្មើ​នឹង​260​លានដុល្លារ​អាមេ​រិក) ទៅ​ឲ្យ​ក្លិប Barcelona​​។

ក្រោយពីបំពេញការផ្ទេរ​នេះភ្លាម​ៗ Neymar បាន​សន្យា​​ថា នឹង​ធ្វើ​រាល់​អ្វី​ទាំង​អស់​ដើម្បី​ជួយ​ឲ្យ​ក្លិប​ PSG សម្រេច​បំណង​របស់​ខ្លួន​។ តា​រាឆ្នើម​រូប​នេះ​បាន​ឲ្យ​​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ចូល​រួមជាមួយ​នឹង Paris Saint-Germain​ ចាប់​តាំងពី​ខ្ញុំ​បាន​ទៅ​ដល់​ទ្វីប​អឺ​រ៉ុប ក្លិបនេះតែង​តែ​​ជា​​ក្លិបមួយ​ដែលមានការ​ប្រកួត​ប្រជែងខ្លាំង​បំផុត ជាក្លិប​មួយមាន​មហិច្ឆ​តាធំ​បំផុត និង​មាន​ការ​ប្រជែង​ដ៏​ធំបំផុត​។ អ្វី​ដែល​​បាន​លើក​ទឹក​ចិត្ត​ខ្ញុំខ្លាំង​បំផុត​ក្នុង​ការ​ចូល​រួម​ជា​មួយ​​នឹងមិត្ត​រួមក្រុម​ថ្មី​របស់​ខ្ញុំ គឺ​ការ​ជួយ​ក្លិបនេះ​ឲ្យ​ដណ្តើម​បាន​​ពាន​ដែល​អ្នក​គាំ​ទ្រ​របស់​ពួកយើង​ចង់​បាន​»​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បានបន្ថែម​ទៀត​ថា៖ «មហិច្ឆ​តា​របស់ PSG បាន​ទាក់​ទាញ​ឲ្យ​ខ្ញុំ​ត្រូវតែមកកាន់ក្លិបនេះ រួម​ជាមួយនឹង​ការស្រេកឃ្លានជ័យជម្នះ និង​​ថាមពល​។ ខ្ញុំ​បាន​លេង​អស់​រយៈពេល​4​​រដូវកាល​នៅ​ទ្វីប​អឺ​រ៉ុប ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំបានត្រៀម​លក្ខណៈ​រួច​រាល់ហើយក្នុង​ការ​ទទួល​យកការ​ប្រជែង​មួយនេះ​។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ខ្ញុំ​នឹង​ធ្វើ​រាល់​អ្វី​ៗ​ទាំង​អស់​ដែលខ្ញុំ​អាច​ធ្វើ​បាន​​ដើម្បី​ជួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ ដើម្បី​​បើក​ជើង​មេឃ​ថ្មី​សម្រាប់ក្លិប​របស់​ខ្ញុំ និង​ដើម្បីនាំ​យក​​​ការ​រីក​រាយ​ទៅកាន់​អ្នក​គាំ​ទ្រ​រាប់​លា​ននាក់​ទូ​ទាំង​ពិភព​​លោក​»​។

PSG បានប​ញ្ជាក់​ថា Neymar នឹង​បង្ហាញមុខ​ជាផ្លូវការ​​ក្នុង​សន្និ​​សីទ​សារ​ព័ត៌​មានមួយនៅល្ងាច​ថ្ងៃ​សុក្រនេះ​ឯង៕

ប្រភពពី៖ Sky Sports

Advertisement