សហព័ន្ធគុនខ្មែរ នឹងយកមេដាយស៊ីហ្គេម ដែលដណ្តើមបាន ទៅរក្សាទុកនៅសារមន្ទីរ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំពិធីប្រគល់ និងទទួលមេដាយជយលាភីស៊ីហ្គេម 2ជំនាន់ចុងក្រោយ គឺស៊ីហ្គេម លើកទី29 ឆ្នាំ2017 នៅម៉ាឡេស៊ី និងស៊ីហ្គេម លើកទី30 ឆ្នាំ2019 នៅប្រទេសហ្វ៊ីលីពីន ព្រមទាំងទទួលគ្រឿងឥស្សរិយយស ដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងតម្កល់ទុកក្នុងសារមន្ទីរកីឡាកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលើកឡើងថា នេះគឺជាការប្រមូលផ្តុំនូវសមិទ្ធផលជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលកីឡាករ កីឡាការិនីកម្ពុជាដណ្តើមបានជាលក្ខណៈអន្តរជាតិ ជាពិសេសគឺស៊ីហ្គេម រួមទាំងគ្រូបង្វឹកដែលដឹកនាំ ដើម្បីតម្កល់ទុកស្នាដៃ និងមេដាយទាំងអស់នៅក្នុងសារមន្ទីរកីឡា តាមការណែនាំជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ការតម្កល់ស្នាដៃនេះ មានដូចជា មេដាយ ឯកសារពាក់ព័ន្ធនឹងប្រវត្តិរូប និងរូបថត នៃស៊ីហ្គេមទាំង 2លើកនេះ។ ឯកឧត្តម បន្ថែមថា នេះគឺជាតម្លៃដ៏ថ្លៃថ្លាណាស់ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក ដែលស្នាដៃនេះនឹងមិនត្រឹមតែតម្កល់ទុកក្នុងមជ្ឈមណ្ឌលវប្បធម៌កីឡាកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែទៅថ្ងៃខាងមុខ អាចនឹងតម្កល់ទុកជាស្នាដៃនៅតាមស្ថាប័នរាជរដ្ឋាភិបាលទៀតផង។

សូមបញ្ជាក់ថា មេដាយស៊ីហ្គេម 2ជំនាន់នេះ គឺស៊ីហ្គេម2017 នៅម៉ាឡេស៊ី មានចំនួន 4គ្រឿង ក្នុងនោះមានមេដាយមាស1 ដណ្តើមបានដោយកីឡាករ ឃុន ឌីម៉ា, ប្រាក់ 1គ្រឿង ដណ្តើមបានដោយកីឡាករ ម៉ឺន សុភា និងសំរឹទ្ធ 2គ្រឿង។ ចំពោះស៊ីហ្គេម លើកទី30 នៅហ្វ៊ីលីពីន ឆ្នាំ2019 ដណ្តើមបានសំរឹទ្ធ 3គ្រឿង និងកីឡាប្រដាល់ឃីកបុកស៊ីង (Kick-Boxing) ដណ្តើមបានមេដាយសំរឹទ្ធ 3គ្រឿងដែរ៕

Advertisement