Neymar ស្ថិតក្នុងភាពស្ងប់ស្ងាត់ ពេលវិលទៅកាន់ក្លិប Barcelona វិញ

តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar បានធ្វើដំណើរវិលទៅកាន់ក្លិប Barcelona វិញកាលពីល្ងាចថ្ងៃអង្គារ ខណៈដែលរូបគេបានគេចវេះមិនធ្វើការបកស្រាយណាមួយទៅលើការលើកឡើងផ្សេងៗពីការផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកទៅកាន់ក្លិប Paris Saint-Germain ឡើយ។

ខ្សែប្រយុទ្ធរបស់ក្លិប Barcelona វ័យ25ឆ្នាំរូបនេះបានធ្វើដំណើរចេញពីប្រទេសចិនវិញហើយនៅមុននេះបន្តិច រូបគេបានបង្ហោះរូបភាពវីដេអូនៅលើបណ្តាញសង្គម ដែលហាក់ចង់បង្ហាញថា រូបគេកំពុងតែចេញដំណើរពីអាកាសយានដ្ឋាននៃទីក្រុងដូហា ស្របពេលដែលមានការលើកឡើងផ្សេងៗថា រូបគេអាចនឹងចាកចេញទៅកាន់ក្លិប PSG។ រូបគេនៅតែស្ថិតក្នុងភាពស្ងប់ស្ងាត់ ស្របពេលដែលមានពាក្យចចាមអារ៉ាមជាច្រើនថា រូបគេនឹងចូលរួមជាមួយនឹងក្លិបយក្សរបស់បារាំងដែលកំពុងតែត្រៀមលក្ខណៈរួចរាល់ក្នុងការចំណាយប្រាក់222លានអឺរ៉ូ (ស្មើនឹង260លានដុល្លារអាមេរិក) ដែលជាចំនួនទឹកប្រាក់ដ៏សម្បើមមួយក្នុងការរំលាយកិច្ចសន្យារបស់គេនៅឯកីឡដ្ឋាន Camp Nou។

Neymar ដែលបានស្ថិតក្នុងប្រទសចិនកាលពីថ្ងៃចន្ទ ដើម្បីបំពេញកាតព្វកិច្ចសម្រាប់ម្ចាស់ឧបត្ថម្ភរបស់គេនោះ ក៏បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ផងដែរ ដោយសរសេរជាភាសាព័រទុយហ្គាល់ថា៖ «ញ៉ាំអាហាថ្ងៃត្រង់នៅពាក់កណ្តាលផ្លូវ»។ ក្នុងរូបភាពវីដេអូមួយផ្សេងទៀតពីក្នុងយន្តហោះដែលNeymar ហាក់បានបង្ហាញថា រូបគេពិតជាបានទៅដល់ទីក្រុង Barcelona ពិតប្រាកដមែន។ ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយនៅមុននេះថា រូបគេបានចាកចេញពីប្រទេសចិនទៅកាន់ទីក្រុងដូហា ដើម្បីជួបជាមួយនឹងម្ចាស់កម្មសិទ្ធិរបស់ក្លិប PSG និងទទួលការត្រួតពិនិត្យសុខភាព នៅមុនពេលផ្ទេរក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៕
ប្រភពពី៖ Sport24

Advertisement