Neymar ជួបជាមួយលោក Jackie Chan មុននឹងទៅពិនិត្យសុខភាពជាមួយ PSG

ខ្សែប្រយុទ្ធដ៏មានឥទ្ធិពល Neymar បានបង្ហាញពីស្នាមញញឹមដ៏រីករាយ និងបានជជែកលេងជាមួយនឹងលោក Jackie Chan (ឈិន ឡុង) តាមរយៈកម្មវិធី FaceTime។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានជួបជាមួយនឹងលោក Jaycee Chan ដែលជាកូនប្រុសបង្កើតរបស់តារាសម្តែងដ៏ល្បី Jackie Chan ហើយ Neymar បានស្នើសុំថា តើ Jackie អាចបញ្ជូនការឱបរឹតដ៏កក់ក្តៅមួយទៅកាន់ឪពុករបស់ខ្លួន បានដែរឬទេ?។

អ្នកទាំងពីរបានបង្ហោះរូបរបស់ខ្លួននៅលើបណ្តាញសង្គម Instagram ខណៈដែល Neymar បានបង្ហោះរូប Selfie ជាមួយនឹងលោក Jaycee និងរូបថតដែលបង្ហាញពីរូបគេកំពុងតែជជែកជាមួយនឹងលោក Jackie Chan។ Neymar ហាក់ដូចជាស្ថិតក្នុងអារម្មណ៍ដ៏រីករាយ បើទោះបីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងអនាគតរបស់គេក៏ដោយ ខណៈដែលតារាឆ្នើមរបស់ក្លិប Barcelona រូបនេះ ត្រូវបានរំពឹងទុកថា នឹងត្រូវទៅត្រួតពិនិត្យសុខភាពរបស់គេនៅឯក្លិប PSG នៅត្រឹមសប្តាហ៍នេះ។

ក្លិបយក្ស Paris Saint-Germain របស់បារាំងពោរពេញដោយការជឿជាក់ថា ការផ្ទេររបស់ Neymar នឹងត្រូវកើតឡើងនៅត្រឹមសប្តាហ៍នេះ ក្រោយពីពួកគេបានរៀបចំផែនការជាច្រើនមុននឹងធ្វើការប្រកាសពីការចុះហត្ថលេខាជាមួយរូបគេ និងក្លិប Barcelona ក្នុងតម្លៃខ្លួន222លានអឺរ៉ូ (ស្មើនឹង262.5លានដុល្លារអាមេរិក) ដែលជាតម្លៃទិញរំលាយកិច្ចសន្យារបស់តារាឆ្នើមរូបនេះ។

កុងត្រារយៈពេល 5ឆ្នាំត្រូវបានរៀបចំរួចជាស្រេចអស់រយៈពេលជាច្រើនថ្ងៃមកហើយ និងរង់ចាំតែការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះប៉ុណ្ណោះ។ ខ្សែប្រយុទ្ធវ័យ25ឆ្នាំរូបនេះ កាលពីថ្ងៃចន្ទ បានស្ថិតក្នុងប្រទេសចិន ដើម្បីធ្វើការផ្សព្វផ្សាយឲ្យម្ចាស់ឧបត្ថម្ភមួយរបស់គេ ហើយអាចនឹងធ្វើដំណើរចេញពីទីនោះទៅកាន់ទីក្រុងដូហាដើម្បីជួបជាមួយនឹងម្ចាស់កម្មសិទ្ធិក្លិប PSG និងដើម្បីត្រួតពិនិត្យសុខភាព។

ក្លិបយក្សរបស់បារាំងមួយនេះកំពុងតែខិតខំព្យាយាមយ៉ាងខ្លាំងអស់រយៈពេល2សប្តាហ៍មកហើយ ដើម្បីបំពេញការផ្ទេរមួយនេះ ចាប់តាំងពី Neymar បានធ្វើការទាក់ទងជាមួយពួកគេ ដោយដឹងថា កីឡាកររូបនេះចង់ចាកចេញពីក្លិប Barcelona៕
ប្រភពពី៖ The Sun

Advertisement