Matic ពិនិត្យ​សុខ​ភាព មុននឹង​ផ្ទេរពីក្លិប Chelsea ​ទៅ Man United

ក្លិប​បិសាចក្រហម Manchester United កំពុង​តែ​ស្ថិតយ៉ាងប្រកៀកក្នុង​ការ​ចុះហត្ថលេខា​ជាមួយនឹង Nemanja Matic ពីក្លិបតោ​ខៀវ Chelsea សម្រាប់​តម្លៃ​ខ្លួន​40លាន​ផោន (ស្មើនឹង​52.53​លានដុល្លារ​អាមេ​រិក) ក្រោយពី​ខ្សែ​បម្រើអន្តរ​ជាតិ​ស៊ែ​ប៊ី​រូប​នេះបាន​ត្រួត​ពិនិត្យ​សុខ​ភាពកាលពីថ្ងៃអាទិត្យរួចមក​។ Matic វ័យ​28​ឆ្នាំ នឹងក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​3​របស់​ក្លិប Man United នៅ​រដូវក្តៅនេះ ក្រោយពីការនាំ​យកខ្សែការពារ Victor Lindelof ពីក្លិប Benfica ក្នុង​តម្លៃ​ខ្លួន​31លានផោន និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ពីក្លិប Everton ក្នុង​តម្លៃខ្លួន​75​លាន​ផោន​។ នៅមុនពេល​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល 3-0 លើក្រុម Valerenga ក្នុង​ការ​ប្រកួតមិត្ត​ភាពមុន​បើក​រដូវកាល​របស់​ពួក​គេកាល​ពីថ្ងៃ​​អាទិត្យ លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Man United បាន​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​រង់​ចាំនូវ​ព័ត៌​មាន​ផ្សេង​ៗ​។ Matic ​ពិត​ជា​ចង់​ផ្ទេរ​​ខ្លាំង​ណាស់​។ ខ្ញុំ​គិត​ថា យើង​មាន​ឱកាស​មួយ​។ លេខ​31 គឺ​ជា​លេខ​ដែលនៅ​ទំនេរ​​»​។ ការ​​ផ្ទេរ​នេះ មានន័យ​ថា វា​គឺ​ជាលើក​ទី​2​ហើយ​ដែលលោក Mourinho បាន​ទិញ​ Matic ក្រោយ​ពី​ការ​នាំ​យក​រូបគេពីក្លិប Benfica ​ទៅកាន់​ក្លិប Chelsea ​។ Chelsea បាន​ចំណាយ​ប្រាក់​21​លានផោន កាល​ពី​ខែ​មក​រា ឆ្នាំ​2014 ទៅឱ្យក្លិប Benfica ដើម្បី​ចុះ​ហត្ថលេខា​ជាមួយនឹង Matic ជាលើក​ទី​2 នៅ​ឯ​កីឡដ្ឋាន Stamford Bridge​។ Matic មា​ន​តម្លៃ​ខ្លួន​តិច​ជាង​5​លានផោន​ប៉ុណ្ណោះ​កាល​ពី​ខែមករា ឆ្នាំ​2011 នៅពេល​ដែល​រូបគេ​បាន​ចាក​ចេញពីក្លិប Chelsea ទៅកាន់​ប្រទេស​ព័រ​ទុយហ្គាល់ ដើម្បី​បើក​ផ្លូវ​ឲ្យ​ខ្សែការ​ពារ David Luiz ទៅកាន់​ក្រុមតោ​ខៀវ​។

ខ្សែ​បម្រើ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​1​គ្រាប់ក្នុងការ​បង្ហាញខ្លួនក្នុងក្រប​ខ័ណ្ឌ Premier League ចំនួន​35​លើក អំឡុង​ពេល​រដូវកាល​ឈ្នះ​ពាន​ឆ្នាំ​2016-2017 របស់ Chelsea ប៉ុន្តែ ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ដ៏​សំខាន់​ផង​ដែរ ក្នុង​ពេលក្រុមខ្លួន​ទទួល​ជ័យ​ជម្នះ ក្នុង​ការប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ លើក្រុម Tottenham កាល​ពី​​ខែ​​មេសា​៕

ប្រភព​ពី៖ BBC

 

Advertisement