ខ្សែការពារ Pique ថា Neymar នឹងបន្តនៅជាមួយក្លិប Barcelona

តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar នឹងបន្តនៅ និងលេងឲ្យក្លិប Barcelona ដដែល។ នេះបើយោងតាមមិត្តរួមក្រុមរបស់គេគឺខ្សែការពារ Gerard Pique ដែលបានបង្ហោះសារមួយតាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ។

ខ្សែការពារអន្តរជាតិអេស្ប៉ាញ Pique បានបញ្ជាក់នៅលើទំព័រគណនី Twitter របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះថា Neymar នឹងបន្តនៅកីឡដ្ឋាន Camp Nou តាមរយៈការបង្ហោះរូបថតរបស់ Neymar ជាមួយនឹងចំណងជើងថា «រូបគេនឹងបន្តនៅ»។ ការបង្ហោះសារនេះបានកើតឡើង ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយពី Neymar បានផ្តល់នូវការដាស់អារម្មណ៍មួយដល់អ្នកគាំទ្រក្រុម Barcelona ទៅលើទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទី2គ្រាប់ក្នុងពេលក្រុមយក្សរបស់អេស្ប៉ាញមួយនេះបានផ្តួលក្រុម Juventus ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។

តារាឆ្នើមអន្តរជាតិប្រេស៊ីលវ័យ25ឆ្នាំរូបនេះ កំពុងតែស្ថិតចំកណ្តាលនៃពាក្យចចាមអារ៉ាមផ្សេងៗទាក់ទងនឹងការផ្ទេររបស់គេក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន 222លានអឺរ៉ូ (ស្មើនឹង256.8លានដុល្លារអាមេរិក) ទៅកាន់ក្លិប Paris Saint-Germain។ កាសែតរបស់បារាំង Le Parisien បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យថា ការផ្ទេរ Neymar ទៅកាន់ PSG អាចនឹងត្រូវបំពេញជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

ដោយឡែក គេហទំព័ររបស់ ESPN បានចេញផ្សាយដោយបង្ហើបពីប្រភពមិនបញ្ចេញឈ្មោះមួយថា Neymar មិនដឹងពីមូលហេតុដែល Pique បានបង្ហោះពីរូបថត និងសារផ្សេងៗឡើយ។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ប្រភពជាច្រើន បានបញ្ជាក់ថា Neymar ចង់ផ្ទេរទៅកាន់ក្លិបរបស់បារាំង និងបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗទៅលើការផ្ទេរមួយរួចជាស្រេចហើយ៕
ប្រភពពី៖ The Guardian

Advertisement